en     km
en     km

ម្ដាយតារាភាពយន្ដកញ្ញាពេជ្រចរណៃសុំជំនួយដើម្បីសង្រ្គោះកូនស្រីដែលមានជំងឺបេះដូង(មានសំឡេង)

Share

ថៃ៖  តារាភាយន្ដស្រី កញ្ញា ពេជ្រ ចរណៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៃប្រទេសថៃ កំពុងស្ថិតនៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ដើម្បីធ្វើការវះកាត់បេះដែលកំពុងធ្វើទុក្ខខ្លាំង។ នេះបើតាមឱ្យដឹងពីអ្នកស្រី ឌួង សុជាតា ម្ដាយ កញ្ញា ពេជ្រ ចរណៃ ដែលបានផ្ដល់បទសម្ភាសន៍វិទ្យុស្រ្ដី FM102 នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ 

កញ្ញា ពេជ្រ ចរណៃ ដែលជាតារាភាពយន្ដស្រីក្នុងខ្សែភាពយន្ដខ្មែរខ្នាតធំប្រភេទ Action រឿង “អាគមស្បែកដាច” ពេលនេះ កំពុងស្ថិតនៅក្នុងស្ថានភាពរង់ចាំការសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យនៃប្រទេសថៃ។

អ្នកស្រី ឌួង សុជាតា ដែលត្រូវជាម្ដាយបានឱ្យវិទ្យុស្រ្ដីដឹងនៅរសៀលថ្ងៃនេះថា ស្ថានភាពជម្ងឺបេះដូងរបស់កូនស្រីគាត់ កញ្ញា ពេជ្រ ចរណៃ ពេលនេះកំពុងធ្វើទុក្ខជាខ្លាំង ហើយត្រូវការវះកាត់ជាបន្ទាន់។

អ្នកស្រី ឌួង សុជាតា ៖«គាត់ចាប់ផ្ដើមមានជម្ងឺបេះដូងពីអាយុ ៧ឆ្នាំ បានដឹងកាលណោះ គាត់កើតបេះដូងប្រហោង គាត់ឈឺ កាលណោះ ខ្ញុំយកគាត់ទៅពេទ្យកាល់ម៉ែត្រ ពេទ្យអោយខ្ញុំធ្វើការវះកាត់ តែខ្ញុំអត់មានលទ្ធភាព ព្រោះកាលនោះឱពុករបស់គាត់ក៏ស្លាប់ ហើយខ្ញុំក៏រកអីមិនបាន ទើបខ្ញុំអត់មានលទ្ធភាព»។​

តាម អ្នកស្រី ឌួង សុជាតា ផ្លូវដែលអាចជួយសង្រ្គោះកញ្ញា ពេជ្រ ចរណៃ  គឺមានតែការវះកាត់បេះដូង ដែលចំណាយថវិកាប្រមាណជាង ៣ម៉ឺនដុល្លារ។ ប៉ុន្ដែដោយសារតែអ្នកស្រី ពុំមានលទ្ធភាពគ្រប់គ្រាន់ បង់ទៅមន្ទីរពេទ្យ ទើបការវះកាត់របស់កញ្ញា ពេជ្រ ចរណៃ ត្រូវបានពន្យាពេល។

អ្នកស្រី ឌួង សុជាតា បានអំពាវនាវយ៉ាងទទូចក្នុងរឿងនេះ សុំជំនួយពីសប្បុរសជនជិតឆ្ងាយ ជួយសង្រ្គោះជីវិតកូនស្រីរបស់គាត់។

អ្នកស្រី ឌួង សុជាតា ៖ «សុំអំពាវនាវដល់សប្បុរសជនទាំងអស់ ដែលមានភាពអាណិតអាសូរដល់កញ្ញាពេជ្រ ចរណៃ ដែលត្រូវជាកូនរបស់ខ្ញុំ សុំជួយផង ដើម្បីអោយការវះកាត់នេះជោគជ័យ »។

ផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដីដែរ កញ្ញា ចៅ ពេជ្រអម្រិត អ្នកគ្រប់គ្រងផលិតកម្មទេពនិករភាពយន្ដ ថា  នាងអាណិត និងស្រឡាញ់ចំពោះកញ្ញាពេជ្រ ចរណៃ ជាខ្លាំង ហើយក៏ព្រួយបារម្ភជចំពោះស្ថានភាពជម្ងឺរបស់នាងដែរ។

អ្នកគ្រប់គ្រងផលិតកម្មទេពនិករភាពយន្ដរូបនេះ សង្ឃឹមថា ​នឹងមានសប្បុរសជនជួយឧបត្ថម្ភថវិកាទៅដល់ការវះកាត់កញ្ញាពេជ្រ ចរណៃ ។

ជុំវិញរឿងនេះដែរ ប្រធានសមាគមសិល្បៈ អ្នកនាង ចន ចន្ទលក្ខិណា បានប្រាប់ថា សមាគមសិល្បៈខ្មែរកំពុងស្វះស្វែងរកសប្បុរសជន ជួយទៅដល់កញ្ញា ពេជ្រ ចរណៃ ។

អ្នកនាង ចន ចន្ទលក្ខិណា ក៏បានអំពាវនាវដល់សប្បុរសជន ឱ្យជួយទៅដល់ការព្យាបាលជម្ងឺកញ្ញា ពេជ្រ ចរណៃផងដែរ ដើម្បីអោយតារាភាពយន្ដវ័យក្មេងដែលមានសមត្ថភាពរូបនេះ បន្ដការងារនៅក្នុងវិស័យសិល្បៈដូចដើម ។

អ្នកនាង ចន ចន្ទលក្ខិណា ៖ « សប្បុរសជនទាំងអស់យើងជួយគាត់តាមលទ្ធភាពទៅពីព្រោះចំនួននេះ ជាចំនួនដែលច្រើន និយាយអោយចំអ្នកធម្មតាមិនមានលទ្ធភាពក្នុងការព្យបាលជម្ងឺ ​ហើយយើងមើលស្ថានភាពគាត់ធ្វើទុក្ខម្ដងៗក៏យើងពិបាកភ្នែកមើលដែរ »។

កញ្ញា ពេជ្រ ចរណៃ មានអាយុ ២៣ឆ្នាំ  ។តារាភាពយន្ដវ័យក្មេងរូបនេះមានបងប្អូនប្រុសស្រី ៣នាក់ នាងជាកូនទីពីរ។ តាមម្ដាយរបស់នាង គឺនាង ជាជន្ទល់ដ៏សំខាន់សម្រាប់ក្រុមគ្រួសារ ដែលនាងតែងតែជួយផ្គត់ផ្គង់ជារឿយៗទៅដល់ម្ដាយដែលជាស្រ្ដីមេម៉ាយ និងប្អូនៗ រួមទាំងថ្លៃចំណាយផ្សេងៗនៅក្នុងគ្រួសារ។

គួរបញ្ជាក់ដែរថា កញ្ញា ពេជ្រ ចរណៃ មានជម្ងឺដាច់សរសៃប្រឹសបេះដូង ដែលជម្ងឺនេះបានកើតមានឡើងនៅលើខ្លួននាងតាំងពីក្មេង ហើយដោយសារតែពុំមានថវិកាគ្រប់គ្រាន់ក្នុងការវះកាត់ ជម្ងឺប្រឹសសរសៃបេះដូងរបស់នាង ក៏ត្រូវបានពន្យាពេលម្ដងហើយម្ដងទៀត។

កញ្ញា ពេជ្រ ចរណៃ ត្រូវបានបញ្ចូនមកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ កាលពីថ្ងៃទី ៣១ តុលា ឆ្នាំ២០១៧ ក្រោយសម្រាកព្យាបាលមួយរយៈនៅមន្ទីរក្នុងស្រុកមួយ។

តាម ម្ដាយ កញ្ញា ពេជ្រ ចរណៃ  ស្ថានភាពជម្ងឺរបស់កញ្ញា ពេជ្រ ចរណៃ ពេលនេះ មិនអាចពន្យាពេលបានទៀតនោះទេ គឺ ត្រូវការវះកាត់ជាបន្ទាន់ ដែលការវះកាត់នោះ ចំណាយថវិកា ប្រមាណជាង ៣ម៉ឺនដុល្លារ។ ប៉ុន្ដែថវិកាទាំងនោះ មិនទាន់គ្រប់គ្រាន់នៅក្នុងការវះកាត់នៅឡើយ៕

ទស្សនាវីដេអូខ្លីនៅក្នុងមន្ទីរពេទ្យទាក់ទងនិងជម្ងឺកញ្ញា ពេជ្រ ចរណៃ សូមចូលទៅកាន់៖ #chumchoukcheata ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនង កញ្ញា ចៅ ពេជ្រអម្រិត អ្នកគ្រប់គ្រងផលិតកម្មទេពនិករភាពយន្ដ តាមរយៈលេខទូរស័ព្ទ 069 56 75 23 និង អ្នកស្រី ឌួង សុជាតា ម្ដាយកញ្ញា ពេជ្រ ចរណៃ តាមរយៈលេខ +6663434 9961 !!

 

 

 

 

 

 

 

 

Share

Image
Image
Image