en     km
en     km

ម៉ៅសេទុង បិតាបដិវត្តវប្បធម៌ និង នយោបាយមហាលោតផ្លោះក្នុងអាស៊ី

Share

ស្ថាបនិកសាធារណរដ្ឋប្រជាមានិតចិន គឺលោកម៉ៅសេទុង។ ម៉ៅសេទុងម្នាក់នេះ​ ធ្វើឱ្យចិនមាននូវការផ្លាស់ប្ដូរយ៉ាងគំហុកក្រោមលទ្ធិផ្ទាល់ខ្លួនរបស់លោក។ ម៉ៅជាជនកុម្មុយនីស្ដ ជាបញ្ញាវន្ដ ជាអ្នកយុទ្ធសាស្រ្ដយោធា ដែលមួយជីវិតរបស់លោក តែងតែលេចធ្លោនឹងចេញមុខធ្វើបដិវត្តតាំងតែពីនៅជានិស្សិត។ តែបដិវត្តមួយ និង​គោលនយោបាយចម្បងរបស់រដ្ឋាភិបាល កុម្មុយនីស្ដរបស់លោកដែល គេដឹងលឺថា ជា គោលនយោបាយលោតផ្លោះ និងបដិវត្តន៍វប្បធម៌ បានសាយភាយឥទ្ធិពលជាខ្លាំងចូលក្នុងតំបន់អាស៊ី និង ធ្វើឱ្យបម្រែបម្រួលសង្គមដែលមិនធ្លាប់មាន​ ជាការគួរឱ្យភ័យព្រួយ និង​តក់ស្លុតបំផុត។

កញ្ញា ឆោម ពៅនិកា អត្ថាធិប្បាយរឿងរ៉ាវទាំងនេះ៖

 

ម៉ៅសេទុង ជនកុម្មុយនីស្ដក្រហមឆ្អិនឆ្អៅ ចេញមុខបំបែករូបមន្ដសង្គមនិយមរបស់សហភាពសូវៀត និង តម្លើងនូវមនោគ មន៍វិជ្ជាម្យ៉ាងរបស់ខ្លួនរហូតដល់មានកំណត់ត្រានូវ លទ្ធិម៉ៅនិយម ដែលអង់គ្លេសថា Maoism ។​ លោកម្នាក់នេះហើយដែលប្រជាជនហៅថាជាមេដឹកនាំរលកក្រោយដែលមានសមត្ថភាពខ្ពស់បោសសម្អាតបន្លាក្នុងកែវភ្នែកអភិវឌ្ឍន៍ចិន កសាងជាតិមាតុភូមិយ៉ាងបរិសុទ្ធ បានស្របទៅតាមការអនុវត្តគោលនយោបាយថ្មីស្រឡាងមិនគួរឱ្យជឿ​ ជាមួយនឹងបដិវត្តន៍ដ៏មហន្តរាយដល់ប្រទេសចិន ដែល មជ្ឈដ្ឋានដឹងលឺថា ជា គោលនយោបាយលោតផ្លោះ “Great Leap Forward” និង​បដិវត្តន៍វប្បធម៌ “Cultural Revolution ។ យ៉ាងណា ចិនដែលកើតពង្សវង្សជាតិបានជាមហាអំណាចលោកនៅថ្ងៃនេះ ក៏ព្រោះបុរសខ្លាំងរូបនេះបានធ្វើការបង្រួបង្រួមជាតិ និង កសាងនូវសាធារណរដ្ឋប្រជាមានិតចិនដ៏រុងរឿងផ្អែកលើកត្តាប្រជាសាស្រ្ដដែលសឹងមិនអាចទប់ស្កាត់បាន។​

ម៉ៅ ស្មារតីជាតិនិយមគុំនឹងអំពើចក្រពត្តិ

                                                            លោកប្រធាន ម៉ៅ សេទុង ថ្លែងសារទៅកាន់ប្រជាជនចិន។

 

ម៉ៅសេទុង​ បានកើតនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៨៩៣ ក្នុងគ្រួសារកសិករមួយ នៅឯ ភូមិសៅសាន ស្រុកឆាវសាន ខេត្តហ៊ូណាន ប្រទេសចិន។មួយដំណើរជីវិតរបស់លោក លោកមានប្រពន្ធបី ។​បុរសម្នាក់នេះក៏ត្រូវបានគេស្គាល់ថាជាទស្សនវិទូជាតិនិយមនិងទស្សនវិទូប្រឆាំងនឹងចក្រពត្តិនិយមរាប់តាំងពីការប្រឡូកកិច្ចការនយោបាយក្លៀវក្លា ព្រឹត្តិការណ៍នៃបដិវត្តន៍ស៊ីនហាយឆ្នាំ 1911 ដែលជាបដិវត្តន៍ទម្លាក់ រាជវង្សអធិរាជចិនចុងក្រោយ(ឈិង) និងបានបង្កើតសាធារណរដ្ឋចិន និងចលនាទី 4 ខែឧសភាឆ្នាំ 1919  ដែលយុវជនម៉ៅ ក្លាយជានិស្សិតឈានមុខគេបង្កើនចលនាប្រឆាំងនឹងចក្រពត្តិនិយមវប្បធម៌និងនយោបាយ។ កាលពីនៅរៀន យុវជនម៉ៅ ក្រេបជញ្ជក់ជាខ្លាំងនូវលទ្ធិ Marxism-Leninism រហូតដល់មានសមត្ថភាពនិងកសាងឱកាសចូលជាសមាជិកស្ថាបនិកនៃបក្សកុម្មុយនិស្តចិន (CPC) ។

ក្រោយៗមកលោកជាអ្នកដឹកនាំផ្តួលរំលំរដ្ឋាភិបាលចិន និងគណៈគ្រប់គ្រងជាតិរបស់សេនាប្រមុខ ចាងខៃជៀក (Chiang Kai-shek) ហើយបង្កបង្កើតលទ្ធិកុម្មុយនីស្តក្នុងទឹកដីចិន។ លោកម៉ៅ ក៏បានប្រកាសបង្កើតជាសាធារណរដ្ឋប្រជាមានិតចិន (People’s Republic of China) នៅថ្ងៃទី១ ខែតុលាឆ្នាំ១៩៤៩ នៅឯវិមានចតុកោណ ធានអាន់មិន ជាអ្នកធ្វើបដិវត្តន៍វប្បធម៌និងបានទទួលនូវការលើកតម្កើងក្នុងនាមជាបុគ្គលមានសមត្ថភាពបង្រួមប្រទេសចិនឲក្លាយជាមហាប្រទេសសាជាថ្មី បន្ទាប់ពីធ្លាក់ទៅក្រោមឥទ្ធិពលរបស់ជនបរទេស ចាប់ពីមាន រឿង“សង្រ្គាមអាភៀន (Opium War) ” មក។

ម៉ៅ ជាមេដឹកនាំចិនដ៏អង់អាចហានក្លាម្នាក់នេះ មានទេពកោសល្យដឹកនាំគួរឱ្យកោតខ្លាច លោកជាបញ្ញវន្តនយោបាយ អ្នកយុទ្ធសាស្ដ្រយោធា កវីនិពន្ធ និងជាជនមានទស្សនវិស័យវែងឆ្ងាយ។  អ្នកគាំទ្រផ្តល់កិត្តិយសដល់រូបលោកបំផុតប្រការដែលលោកបាន បង្រួបបង្រួមជាតិ និង ជំរុញអោយចក្រភពអង់គ្លេសចេញពីប្រទេសចិន រួច ធ្វើទំនើបកម្មប្រទេសជាតិនិងកសាងប្រទេសនេះឱ្យទៅជាមហាអំណាចដោយបង្កើននូវអាយុកាលមធ្យម ប្រជាជនចិនឱ្យបានកើនឡើងពីប្រហែល 550 លាននាក់ ដល់ជាង 900 លាននាក់ក្រោមការដឹកនាំរបស់គាត់។

វណ្ណៈអធនគឺស្អាតស្អំជាងគេក្នុងកែវភ្នែកម៉ៅ

 

សង្គមថ្មីក្រោមការដឹកនាំនៃលទ្ធិតួអង្គម៉ៅ គឺ បានផ្លាស់ប្តូរច្រើន ផ្លាស់ប្ដូរទៅលើប្រព័ន្ធអប់រំ បំបាត់ចោលសាលាចំណេះដឹងទូទៅ រៀនតាមទ្រឹស្ដីខុងជឺ និងស្នាដៃអក្សរសិល្ប៏។

ចំណែកឯគ្រូបង្រៀន និងបញ្ញវន្តត្រូវជម្លៀសឲ្យទៅរស់នៅតាមស្រែចម្ការ ដើម្បីរៀនសូត្រ និងធ្វើការអនុវត្តជាក់ស្តែងជាមួយនឹងគោលការណ៍ផ្សេងៗបី គឺ៖

 (1) បង្រៀនមនុស្សអវិជ្ជាជាច្រើនឱ្យអាននិងសរសេរ

 (2) ហ្វឹកហ្វឺនបុគ្គលិកដែលត្រូវការដើម្បីបន្តការងាររបស់អង្គការនយោបាយកសិកម្មនិងឧស្សាហកម្ម ផលិតកម្មនិងកំណែទម្រង់សេដ្ឋកិច្ច

(3) ស្តារឥរិយាបថឥរិយាបថនិងទស្សនវិស័យរបស់ប្រជាជន។ កម្មាភិបាលរាប់លាននាក់ត្រូវបានគេផ្តល់ការបណ្តុះបណ្តាលដើម្បីអនុវត្តកម្មវិធីជាក់លាក់។ មានកម្មាភិបាលសម្រាប់ការអនុវត្តច្បាប់កសិកម្ម, ច្បាប់អាពាហ៍ពិពាហ៍និងច្បាប់បោះឆ្នោត។ អ្នកខ្លះត្រូវបានបណ្តុះបណ្តាលសម្រាប់ឧស្សាហកម្មឬកសិកម្មនិងសាលាផ្សេងៗទៀតជាដើម។ វិធីសាស្រ្តនៃការបណ្តុះបណ្តារយៈពេលខ្លីនេះគឺជាលក្ខណៈនៃការអប់រំកុម្មុយនិស្តជាទូទៅ។

នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត ប្រជាជនចិនទាំងអស់ត្រូវបានគេបែងចែកជាវណ្ណៈកសិករ វណ្ណៈមធ្យម និងវណ្ណៈអភិជនម្ចាស់ដីហើយរដ្ឋាភិបាលកុម្មុយនីស្តចិនតែងតែរៀបចំឲ្យមានកិច្ចប្រជុំជាសាធារណៈ ដើម្បីបើកឲ្យវណ្ណៈកសិករធ្វើការរិះគន់ពួកអភិជនព្រមទាំងដាក់សម្ពាធឲ្យពួកគេសារភាពនូវទោសកំហុសពីអតីតកាល ឬបោះបង់នូវដីធ្លី ឬទ្រព្យសម្បត្តិផ្សេងទៀត ដើម្បីយកទៅដាក់ជាសម្បត្តិរួម។      

 ឯកសារប្រវត្តិសាស្រ្ដចិន បានឱ្យដឹងថា នៅចន្លោះពីឆ្នាំ១៩៤៩ នៅឆ្នាំ១៩៥៧ ដីធ្លីកសិកម្មទាំងអស់នៅក្នុងប្រទេសចិនត្រូវបានរដ្ឋាភិបាលកុម្មុយនីស្តរៀបចំដាក់ជាសម្បត្តិរួម ឬដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សមូហភាព ដែលគេឲ្យឈ្មោះថា “ ក្រុមសាមគ្គីបង្កបង្កើនផល ” ហើយផលដែលក្រុមសាមគ្គីផលិតបានត្រូវកាត់ឲ្យរដ្ឋពី ៥% ទៅ ១០%។

 សកម្មភាពសេដ្ឋកិច្ចនៅតាមទីក្រុងវិញក៏ត្រូវដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ដផងដែរ គ្មានឡើយនូវស្ថាប័នឯកជន អ្នកជំនួញទាំងឡាយត្រូវប្រើឋានៈជាបុគ្គលិករដ្ឋ ទើបឈានដល់មានអ្នកជំនួញមួយចំនួនភៀសខ្លួនទៅហុងកុង និង តៃវ៉ាន់។

គោលនយោបាយ មហាលោតផ្លោះ និង​បដិវត្តន៍វប្បធម៌ នាំមកនូវវិនាសកម្មសង្គមធ្ងន់ធ្ងរ

                                                                                   ការសម្លាប់ជនក្បត់បដិវត្តន៍ ម៉ៅ

 

ក្នុងឆ្នាំ១៩៥៨ ម៉ៅសេទុង ចាប់ផ្តើមអនុវត្តគោលនយោបាយ “មហាលោតផ្លោះ”ក្នុងកំណែទម្រង់នូវ វិស័យឧស្សាហកម្ម និងកសិកម្មដែលយន្តការនេះមានគោលបំណង ជម្លៀសប្រជាជនឲ្យទៅរស់នៅតាមជនបទ ដើម្បីពង្រឹងវិស័យផលិតផលឧស្សាហកម្ម និងកសិកម្ម ប៉ុន្តែលទ្ធផលចេញមកមិនល្អ ព្រោះទិដ្ឋផលបានធ្លាក់ចុះយ៉ាងខ្លាំងដែលធ្វើឲ្យម៉ៅ សេទុង បរាជ័យ ហើយចុះ ខ្សោយ ដែលធ្វើអោយគោលនយោបាយសេដ្ឋកិច្ច “មហាលោតផ្លោះ” នេះមិនទទួលបានជោគជ័យឡើយ ជាលទ្ធផលប្រជាជនរាប់លាននាក់ជួបគ្រោះទុរិ្កក្ស និងបាត់បង់ជីវិត។

ដើម្បីពង្រឹងអំណាចឡើងវិញ ម៉ៅ សេទុងបានធ្វើបដិវត្តន៍វប្បធម៌ នៅឆ្នាំ ១៩៦៦ ក្នុងគោលបំណង ដើម្បីសម្អាតប្រទេស “ធ្វើវិសុទ្ធកម្ម” និងការស្តារស្មារតីបដិវត្តន៍។ ក្នុងដំណើរបដិវត្តន៍នេះមនុស្សជាង ១លានកន្លះ បានស្លាប់ហើយសម្បត្តិវប្បធម៌អរិយធម៌ជាច្រើនត្រូវបានបំផ្លាញចោលនិងទីសក្ការៈដូចជាក្នុងសាសនាជាដើម។

នេះហើយរឿងគួរឱ្យសោកស្ដាយ គឺជនជាតិចិនបាត់បង់ជីវិតដោយសារតែការអត់ឈ្លានក្នុងរបបរបស់លោកមានដល់ទៅជាង ៧០ លាននាក់ ។ នេះចាត់ទុកថាជាការ ចំណាយជីវិតរបស់ប្រជារាស្រ្តក្នុងកំឡុងពេលគ្មានសង្រ្គាមដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្ត។លោកម៉ៅបានផ្ដួចផ្ដើមបដិវត្តវប្បធម៌ដែលជាកម្មវិធីមួយដើម្បីលុបបំបាត់ធាតុបដិវត្តន៍នៅក្នុងសង្គមចិនដែលមាន រយៈពេល 10 ឆ្នាំហើយត្រូវបានកត់សម្គាល់ដោយការតស៊ូវណ្ណៈដ៏ឃោរឃៅការបំផ្លិចបំផ្លាញនៃវត្ថុបុរាណវប្បធម៌និងការលើកកំពស់ការគោរពបូជាម៉ៅជា បុគ្គលម្នាក់ដែលមិនធ្លាប់មានពីមុនមក។

យ៉ាងហោចណាស់ប្រទេសមួយនៅអាស៊ីអាគ្នេយ៍បានទទួលយកឥទ្ធិពលមនោគមន៍វិជ្ជារបស់ម៉ៅសេទុងមកប្រើប្រាស់ ដើម្បីអនុវត្តការដឹកនាំរបស់ខ្លួន។ របបកម្ពុជាប្រជាធិបតេយ្យដែលគេហៅស្ទាត់មាត់ថា របបខ្មែរក្រហម ដែលមានប៉ុលពតជានាយករដ្ឋមន្រ្ដីហើយរបបនេះដឹកនាំដោយបក្សកុម្មុយនីស្ដបដិវត្តកម្ពុជា បានបង្កឱ្យមានការកាប់សម្លាប់ពលរដ្ឋខ្លួនឯង យ៉ាងរង្គាល។

                    កាំងហ្គេចអ៊ាវហៅឌុច ឈរក្នុងរង្វង់ក្រចកសេះក្នុងតុលារការខ្មែរក្រហម។

 

បើតាមអតីតកម្មាភិបាលខ្មែរក្រហមដែលជាប្រធានគុកទួលស្លែង​ គឺ កាំងហ្គេចអ៊ាវ​ ហៅឌុច បានប្រាប់សវនាការនៃអង្គជំនុំជម្រះក្ដីវិសាមញ្ញតុលាការកម្ពុជាថា ទ្រឹស្ដីមនោគមន៍វិជ្ជា​ម៉ៅសេទុងមានឥទ្ធិពលខ្លាំងណាស់លើបក្សកុម្មុយនីស្ដកម្ពុជាដែលមានប៉ុលពតជាអគ្គលេខាធិការបក្ស ហើយទ្រឹស្ដីនេះត្រូវប៉ុលពតយកមកអនុវត្តក្នុងជួរកម្មាភិបាលរបស់ខ្លួនដោយបោសសម្អាតផ្ទៃក្នុងបក្សហើយធ្វើឱ្យមានការប៉ះទង្គិចរហូតដល់កម្ទេចមិត្តរបស់ខ្លួនហើយចាត់ទុកថាជាសត្រូវ។

យ៉ាងណាក៏ដោយកាំងហ្គេចអ៊ាវហៅឌុចចាត់ទុកកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមអនុវត្តទ្រឹស្ដីម៉ៅ សេទុងដោយលក្ខណៈជ្រុលនិយម។ បែបនេះក្ដី មានប្រទេសច្រើនទៀត ក៏ទទួលឥទ្ធិពលទ្រឹស្ដីម៉ៅសេទុងដែរ គឺតាមរយៈបក្សកុម្មុយនីស្ដនៃប្រទេសនោះ​ដូចជាប្រទេសនេប៉ាល់ជាដើម។ ជាការកត់សម្គាល់ ប្រទេសនៅអាស៊ី បើទោះជាទទួលឥទ្ធិពលម៉ៅសេទុងក៏ដោយ ប៉ុន្ដែបក្សកុម្មុយនីស្ដនៃប្រទេសនោះមិនអាចឡើងកាន់អំណាច ឬ កាន់អំណាចបានយូរឡើយ៕

 

Share

Image
Image
Image