en     km
en     km

មេធាវី​ការពារ​ក្ដី​កញ្ញា​ ស្រី​មុំ​ ថា​ សមត្ថកិច្ច​ជំនាញ​នឹង​ស្វែង​រកមុខ​អ្នក​បង្ហោះ​ខ្សែអាត់​ច្នៃ​សំឡេង​កញ្ញា​

Share

ភ្នំពេញ៖ មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ស្រី​មុំ​ ដែល​ត្រូវ​បាន​គេ​បង្ហោះ​សំឡេង​តាម​ហ្វេ​ស​ប៊ុ​ក​ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កូនក្ដី​របស់​ខ្ឡួ​ន​បាន​ទាមទារ​អោយ​សមត្ថកិច្ច​វែកមុខ​ ជន​ដែល​បង្ហោះ​ខ្សែអាត់​សំឡេង​ដោយ​ចាត់​ទុក​ថា​ ជា​រឿងប្រឌិត​មួលបង្កាច់​។​

​ការ​ថ្លែង​របស់​លោកស្រី​មេធាវី​ គ្រី​ ឈួ​ន​ បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​លោកស្រី​បាន​អមដំណើរ​កញ្ញា​ ស្រី​មុំ​ ចូល​ទៅ​បំភ្លឺ​នៅ​ក្រសួងមហាផ្ទៃ​ ករណី​ខ្សែអាត់​សំឡេង​តាម​បណ្ដឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​បាន​បញ្ចប់​នៅ​ប្រមាណ​ម៉ោង​ ២​រសៀល​ថ្ងៃនេះ​។​

លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័ត៌មាន​នេះ ៖​

cover-Ms-Sreymom-(by-Keosokha)
មេធាវី​សមាគម​អា​ដ​ហុ​ក​ លោកស្រី​ គ្រី​ ឈួ​ន​ និយាយ​ថា​ កូនក្ដី​របស់​លោកស្រី​គឺ​កញ្ញា​ ស្រី​មុំ​ បាន​ទាមទារ​ឱ្យ​សមត្ថកិច្ច​ទប់ស្កាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ប្រឌិត​សំឡេង​ និង​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​ ដោយ​យក​សំឡេង​របស់​ កញ្ញា​ស្រី​មុំ​ ធ្វើ​ជា​ឧបករណ៍​ហើយ​បាន​ទាមទារ​រក​យុត្តិធម៌​តាម​ផ្លូវច្បាប់​ប្រឆាំង​ជន​ទុច្ចរិត​។​

​ការ​បំភ្លឺ​របស់​កញ្ញា​ ស្រី​មុំ​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ធ្វើ​ឡើង​រយៈ​ជាង​ ៤​ ម៉ោង​ កាលពី​ព្រឹក​មិ​ញ​នេះ​។​

​លោកស្រី​មេធាវី​ គ្រី​ ឈួ​ន​ដែល​បាន​អមដំណើរ​ កញ្ញា​ ស្រី​មុំ​ ទៅ​បំភ្លឺ​  បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​កូនក្ដី​របស់​លោកស្រី​ បាន​ទាមទារ​រក​ខុស​ត្រូវ​តាម​ផ្លូវ​ ជា​ពិសេស​ត្រូវ​បង្ហាញមុខ​អ្នក​ច្នៃប្រឌិត​ ខ្សែអាត់​សំឡេង​។​

លោកស្រី​ គ្រី​ ឃួ​ន​៖ «​ទី​១​ យើង​សូម​ឱ្យយ​សមត្ថកិច្ច​រក​ឱ្យឃើញ​អ្នក​ដែល​លួច​អា​ខោ​ន​របស់​កូនក្តី​ខ្ញុំ​យក​ទៅ​ប្រើប្រាស់​។​ ទី​២​ យើង​សូម​ឱ្យទប់ស្កាត់​នូវ​ការ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់កិ​ត្តិ​យស​របស់​កូនក្តី​ខ្ញុំ​ និង​ចំណុច​ទី​៣ ​គឺ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​របស់​កូនក្ដី»​។​ តាម​លោកស្រី​មេធាវី​ កញ្ញា​ ស្រី​មុំ​ ក៏​បាន​ស្នើ​សុំ​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​ជូន​កញ្ញា​ និង​គ្រួសារ​ផង​ដែរ​។​

​លោកស្រី​មេធាវី​រូប​នេះ​បន្ត​ថា​ កញ្ញា​ ស្រី​មុំ​ ក៏​បាន​បដិសេធ​ចំពោះ​បណ្តឹង​របស់​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ផង​ដែរ​ ដែល​បាន​ចោទប្រកាន់​កញ្ញា​ថា​ បាន​បរិហារកេរ្តិ៍​ក្នុង​ខ្សែអាត់​សំឡេង​ជាមួយ​លោក​ កឹ​ម​ សុខា​។​ លោកស្រី​មេធាវី​ គ្រី​ ឈួ​ន​៖​ «​កូនក្តី​ខ្ញុំ​បាន​បដិសេធ​រាល់​បណ្តឹង​ចោទប្រកាន់​ ទាំង​ក្នុង​ផ្លូវការ​និង​ក្រៅផ្លូវការ​ និង​រឿងរ៉ាវ​ផ្សេងៗ​ទៀត​»​។​

​ទាក់ទង​ក្នុង​រឿង​នេះ​ លោក​ អ៊ី​ សុខ​ឃី​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ​  បាន​ទទួល​ការ​ស្នើ​សុំ​របស់​កញ្ញា​ ស្រី​មុំ​ ដែល​ទទូច​ឱ្យ​សមត្ថកិច្ច​បន្ត​ស្វែង​ការ​ពី​ត​ ពី​ប្រភព​របស់​អ្នក​ប្រឌិត​រឿង​។​

​តែ​នៅ​ពេល​នេះ​ លោក​ អ៊ី​ សុខ​ឃី​ បាន​ បង្ហើប​ព័ត៌មាន​ថា​ ករណី​នេះ​តុលាការ​ក៏​អាច​នឹង​កោះហៅ​លោក​ កឹ​ម​ សុខា​ ឱ្យ​ចូល​បំភ្លឺ​ក្នុង​រឿង​នេះ​ផង​ដែរ​ ប្រសិនបើ​ការ​ស្រាវជ្រាវ​ពិតជា​ចាំបាច់​ការ​បំភ្លឺ​ពី​លោក​ កឹ​ម​ សុខា​ មែន​នោះ​។​ លោក​ អ៊ី​ សុខ​ឃី​៖​ «​ខ្ញុំ​គិត​ថា​ ការ​ស្រាវជ្រាវ​បើ​ចាំបាច់​ យើង​ត្រូវ​តែ​ធ្វើការ​ហៅ​មក​បំភ្លឺ​បាន​ ប៉ុន្តែ​មិនមែន​ប្រា​ដក​ថា​ហៅ​នោះ​ទេ​»​។​

​ពាក់ព័ន្ធ​ការ​ចូល​បំភ្លឺ​រឿង​ខ្សែអាត់​សំឡេង​នេះ​ វិទ្យុ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​នៅ​ថ្ងៃនេះ​។​ ចំណែក​អ្នកនាំពាក្យ​គណបក្ស​នេះ​ គឺ​លោក​ យឹ​ម​ សុវណ្ណ​ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​ ការ​ចូល​បំភ្លឺ​ឬ​មិន​ចូល​បំភ្លឺ​គឺ​អាស្រ័យ​លើ​លោក​ កឹ​ម​ សុខា​ ខ្លួនឯង​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ សារព័ត៌មាន​ជា​ច្រើន​ និង​បណ្ដាញ​សង្គម​បាន​បង្ហោះ​សារ​សំឡេង​របស់​កញ្ញា​ ស្រី​មុំ​ ដែល​សង្ស័យ​ថា​ ជា​ការ​សន្ទនា​ស្នេហា​ ជាមួយ​លោក​ កឹ​ម​ សុខា​ ជា​សាធារណៈ​។​ ខ្សែអាត់​សំឡេង​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ពលរដ្ឋ​ និង​អ្នក​សង្កេតការណ៍​នយោបាយ​នៅ​កម្ពុជា​ ហើយ​ជាមួយ​គ្នា​នេះ​ ក្រុម​យុវជន​មួយ​ក្រុម​ដែល​គេ​សង្ស័យ​ថា​ មាន​និន្នាការ​ជាមួយ​គណបក្សកាន់អំណាច​ បាន​ទារ​ទាម​ឱ្យ​លោក​ កឹ​ម​ សុខា​ បំភ្លឺ​សំឡេង​របស់​លោក​ ដែល​មាននៅ​ក្នុង​ខ្សែអាត់​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​។​ តែ​បែប​នេះ​ក្ដី​ លោក​ កឹ​ម​ សុខា​ បដិសេធ​ មិន​ឆ្លើយ​តប​ឡើយ​។​

​សូម​បញ្ជាក់​ថា​ កញ្ញា​ ស្រី​មុំ​ ដែល​ទៅ​បំភ្លឺ​នៅ​ក្រសួងមហាផ្ទៃ​ព្រឹក​មិ​ញ​នេះ​ គឺ​ធ្វើ​ឡើង​តាម​ ការ​អញ្ជើញ​របស់​ក្រសួងមហាផ្ទៃ​ និង​តប​តាម​ការ​ប្ដឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​ថា​មានការ​បរិហារកេរ្ដិ៍​៕

Share

Image
Image
Image