en     km
en     km

មេដឹកនាំកំពូល​ខ្មែរក្រហម​បដិសេធការទទួលខុសត្រូវ​ក្នុង​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ

Share

ភ្នំពេញ៖ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃសុក្រទី ២៣ មិថុនានេះ បានបិទបញ្ចប់សវនាការលើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ពិភាក្សាដេញដោលក្នុងសំណុំរឿង០០២វគ្គ២។

សំណុំរឿងនេះមានជនជាប់ចោទនួន ជា អតីតប្រធានសភាខ្មែរក្រហម និងខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម។

ក្នុងសវនាការនៅថ្ងៃនេះនួន ជា មិនបានថ្លែងការណ៍បែបណាទេ។ ប៉ុន្តែខៀវ សំផន មិនបានទទួលស្គាល់ការទទួលខុសត្រូវចំពោះការសម្លាប់ប្រជាពលរដ្ឋខ្មែរនោះទេ។

អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម ខៀវ សំផន។ ប្រភពរូបភាព៖ facebook ECCC
អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម ខៀវ សំផន។ ប្រភពរូបភាព៖ facebook ECCC

អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម ខៀវ សំផន បានច្រានចោលការទទួលខុសត្រូវចំពោះការសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរ ក្នុងអំឡុងពេលដែលខ្លួនដឹកនាំអំណាចអស់រយៈពេលជិតបួនឆ្នាំ។

នៅក្នុងសវនាការលើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ក្នុងសំណុំរឿង០០២វគ្គ២  នៅថ្ងៃសុក្រនេះជនជាប់ចោទអាយុ៨៥ឆ្នាំ ខៀវ សំផន បានឆ្លើយតបទាំងកំហឹងថាខ្លួនមិនបានដឹងពីការសម្លាប់ពលរដ្ឋកម្ពុជាក្នុងពេលដែលខ្លួនកំពុងស្ថិតក្នុងអំណាចចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩នោះទេ។

«មេដឹកនំាបក្សកម្ពុជាមិនបានសម្លាប់បប្រជាជនឯកទេ តើគេមានផលប្រយោជន៍អ្វីទៅ នេះជាមូលបង្កាច់របស់វៀតណាមថាការប្រល័យពូជសាសន៍ជាតិឯង នេះជាការឃោសនារបស់វៀតណាម»។

មានប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់បានស្លាប់និងត្រូវបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ក្នុងសវនាការរយៈពេល១១ថ្ងៃដោយរាប់គិតចាប់តាំងពីថ្ងៃទី១៣ខែមិថុនា ដល់ថ្ងៃសុក្រទី២៣ខែមិថុនានេះ ភាគីនានាបានធ្វើសចេក្តីសន្និដ្ឋានអំពីការងារដោយបង្ខំក្នុងការដ្ឋានការងារ ការធ្វើទុក្ខបុកម្នេញលើប្រជាជនចាម ការធ្វើទុក្ខបុកម្នេញ លើព្រះពុទ្ធសាសនា  ការធ្វើទារុណកម្មនៅគុកក្រាំងតាចាន់  ការប្រព្រឹត្តិលើជន ជាតិវៀតណាម និងការរៀបការដោយបង្ខំ។

លោក ខៀវ សំផន បានពន្យល់ថា ការជម្លៀប្រជាជនទៅរស់នៅជាសហករក្នុងគោលបំណង់ដើម្បីធ្វើស្រែទទួលបានស្រូវហូបគ្រប់គ្រាន់ និងសម្រាប់ផ្គត់ផ្គងទៅទ័ពប្រយុទ្ធនៅសមរភូមិមុខប៉ុណ្ណោះ។

«មិនបានដឹកអំពីការបង្ខំឲ្យរៀបការ ការរើសអើងរវាងប្រជាជនចាស់ និងប្រជាជនថ្មី ជោគវាសនាជនជាតិភាគតិច ការគោរសាសនា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យទេ»។

ក្នុងសវនាការនេះជនជាប់ចោទនួន ជា អាយុ៩០ ឆ្នាំបដិសេធធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈដោយសារនួន ជា ចាត់ទុកថាការកាត់ទោសលើរូបខ្លួនគឺជាឆាកល្ខោន។

កាលពីឆ្នាំ២០១៤ នួន ជា និងខៀវ សំផន ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្រោមបទចោទពីការជម្លៀសពរដ្ឋចេញពីក្រុងភ្នំពេញទៅកាន់តំបន់ជនបទនិងបទឃាតកម្ម។

មេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីមួយរូប លោក ហុង គឹម សួន បានសម្តែងការខកចិត្តចំពោះការបដិសេធមិនទទួលខុសត្រូវពីការសម្លាប់រង្គៀលប្រជាពលរដ្ឋខ្មែររបស់ខៀវ សំផន។

លោកចៅក្រម និល ណុន ប្រធានក្រមអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានប្រកាសបិទបញ្ចប់សវនាការ ដោយមិនទាន់កំណត់កាលបរិច្ឆេទនៃការប្រកាសសាលក្រមកំណត់ទោសនួន ជា និងខៀវ សំផន នៅឡើយ៕

Share

Image
Image
Image