en     km
en     km

មេដឹកនាំកម្ពុជានឹងទៅសុំសម្ភារៈពេទ្យពីចិនដើម្បីពង្រីកមន្ទីរពេទ្យបង្អែកតាមរោងចក្រ(មានសំឡេង)

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានប្រកាសថា សម្តេចនឹងសុំសម្ភារៈពេទ្យពីមិត្តចិន ដើម្បីពង្រាយ និងពង្រីកមន្ទីរពេទ្យបន្ថែមតាមបណ្តារោងចក្រកាត់ដេរមួយចំនួន បន្ទាប់ពីកម្មការិនីរោងចក្រជាច្រើន បានដួលសន្លប់ក្នុងពេលបំពេញការងារនៅរយៈពេលចុងក្រោយនេះ ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ!

 

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី ១១ កញ្ញានេះ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន លើកឡើងថា សម្ដេចទៅចិនថ្ងៃនេះ គឺមានកម្មវិធីជាច្រើន តែអ្វីដែលសម្ដេចគឺត្រូវការជំនួយ ពី ចិនថែមទៀត ទាក់ទិនសម្ភារៈពេទ្យពីមិត្តចិន។

សម្តេច ហ៊ុន សែន៖ «ទៅថ្ងៃនេះ គម្រោងរបស់ខ្ញុំពេលជួបមេដឹកនាំចិន ខ្ញុំក៏នឹងស្នើឱ្យមានការជំរុញបន្ថែម ក្នុងការផ្តល់សម្ភារៈបច្ចេកទេស សម្រាប់វិស័យសុខាភិបាលនេះផងដែរ។ ដោយក្នុងនោះយើងត្រូវពង្រាយច្រើនថែមទៀត នូវមន្ទីរបង្អែកតាមតំបន់រោងចក្រដែលមានកម្មករច្រើនរស់នៅទីនោះ»។

ក្នុងនាមជានាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យទូទាំងប្រទេសត្រូវយកចិត្តទុកដាក់ព្យាបាលអ្នកជម្ងឺពិសេសដល់កម្មករ ប្រកបដោយក្រមសីលធម៌ និងមានវិជ្ជាជីវច្បាស់។

ជាការកត់សម្គាល់នៅខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតចូលមកដល់នេះ នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានចេញនូវគោលការណ៍អនុគ្រោះសំខាន់ៗមួយចំនួន ដើម្បីសម្រួលដោះស្រាយដល់ជីវភាពកម្មករ-កម្មការិនីកាត់ដេរ អាចមានជីវភាពល្អប្រសើរជាងមុន។

សម្តេច​បានសន្យាផ្តល់ប្រាក់ឧបត្ថម្ភពិសេសចំពោះកម្មការិនីដែលសម្រាលបុត្រ ផ្តល់ប្រាក់ចូលនិវត្តន៍ជូនកម្មករ មិនយកប្រាក់ចំពោះកម្មករដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ពិសេសសម្តេចនាយករដ្ឋមន្រ្តីក៏បានសន្យាចុះជួបកម្មករនៅថ្ងៃសម្រាកផងដែរ ដើម្បីសួរសុខទុក្ខកម្មករ-កម្មាការរិនី។ យ៉ាងណាអ្នកវិភាគ និងមេសហជីបមួយចំនួនយល់ថា នេះជាយុទ្ធសាស្រ្តកៀគគររកសំឡេងគាំទ្រពីកម្មករ-កម្មការិនី ដែលភាគច្រើននៃពួកគេមានសមាចិត្តចំពោះគណបក្សប្រឆាំង។

ជុំវិញការសុំសម្ភារៈពេទ្យនេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) សាទរចំពោះគម្រោងនេះ ខណៈមន្ទីរពេទ្យពិតជាមានតិចតួចនៅឡើយនៅក្បែររោងចក្រ។ តែយ៉ាងណាលោក អាត់ ធន់  ចង់ឱ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់លើវិធានការ«ការការពារជាមុន»។

លោក អាត់ ធន់ ៖ «ការការពារជាមុន»មានន័យថា ជាការទប់ស្កាត់ការបង្ខំឱ្យកម្មករថែមម៉ោងជ្រុលហួសហេតុ តម្លើងប្រាក់ ខែជូនកម្មករដើម្បីឱ្យកម្មករមានលទ្ធភាពទិញអាហារហូបចុកបានគ្រប់គ្រាន់ ការដាក់ពិន័យធ្ងន់ធ្ងរចំពោះក្រុមហ៊ុនណាដែលមិនរៀបចំទៅតាមស្តង់ដាត្រឹមត្រូវ ដែលធ្វើឱ្យអាគារបាក់​ ឬមានសារធាតុពល កម្តៅ ពន្លឺខ្លាំងប៉ះពាល់អាយុជីវិត និងសុខភាពកម្មករ »។

ផែនការ«ការការពារជាមុន»ក៏តម្រូវឱ្យមន្រ្តីទទួលបន្ទុកត្រូវចុះពិនិត្យឱ្យម៉ត់ចត់ ដើម្បីបង្កបរិយាកាសសុត្ថិភាពក្នុងពេលបំពេញការងារជូនកម្មករ។

លោក អាត់ ធន់៖«ប៉ុន្តែអ្វីដែលគាត់ធ្វើក្នុងបច្ចុប្បន្ននេះ ខ្ញុំគិតថាវាត្រូវ ក្នុងស្ថានភាពនេះ ខ្ញុំគិតថាដោះស្រាយបានមួយផ្នែកហើយ បើគាត់ធ្វើបានវគ្គទី ២ នៃការការពាទុកជាមុនបានទៀត គឺវាពិតជាល្អ»។

កម្មករ-កម្មការិនីដែលបំរើការងារក្នុងវិស័យកាត់សម្លៀកបំពាក់ និងវាយនភ័ណ្ឌស្បែកជើងនៅកម្ពុជាមានចំនួនជាង១លាននាក់។ វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយនេះ ត្រូវបានគេដឹកថា ជាវិស័យអតិ្ថភាពដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យទេសចរណ៍ និងការនាំស្រូវអង្ករ ទៅបរទេស។ កម្ពុជាក៏ជាប្រទេសមានអត្ថិភាពមួយផងដែរ ក្នុងការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

របាយការណ៍ស្រាវជ្រាវរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បង្ហាញថា ចាប់តាំពីឆ្នាំ ២០១២ រហូតដល់បច្ចុប្បន្ននេះ កម្មាការិនីកាត់ដេរប្រមាណជាង ១ ពាក់នាក់ក្នុងមួយឆ្នាំៗ បានដួលសន្លប់ក្នុងពេលបំពេញការងារដោយសារការធ្វើការថែមម៉ោងជ្រុលហួសហេតុ អាហារហូបចុកខ្វះជីវជាតិទ្រទ្រង់សុខភាព បរិស្ថានរោងចក្រខ្វះផាកសុខភាព និងអនាម័យ។

ដោយឡែកនៅឆ្នាំនេះមានកម្មាការិនីយ៉ាងហោចណាស់ចំនួន៣នាក់បានស្លាប់ពេញបំពេញការងារ៕

 

Share

Image
Image
Image