en     km
en     km

មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ នឹង​រួមចំណែក​បន្ដ​និរន្ដរភាព​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដើម្បី​ជួយ​កុមារ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​

Share

​ភ្នំពេញ​ ៖​ សម្ដេច​ ហ៊ុន​ សែន​ កាលពីដើម​ខែមីនា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ បាន​ចុះហត្ថលេខា​បង្កើត​ជា​ផ្លូវការ​ នូវ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ដើម្បី​បន្ដសកម្មភាព​របស់​មន្ទីរពេទ្យ​មនុស្សធម៌​មួយ​នេះ​ ឲ្យ​មាន​វត្ដ​មាននៅ​កម្ពុជា​បន្ដ​ទៀត​ ដើម្បី​ការ​រស់រាន​របស់​កុមារ​ក្រីក្រ​រាប់​លាន​នាក់​នៅ​កម្ពុជា​។​ តំណាង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ និង​ជា​តំណាង​មូលនិធិ​គន្ធ​បុប្ផា​ របស់​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ នៃ​ប្រ​ទស​ស្វី​ស​ ប្រចាំ​នៅ​កម្ពុជា​ រំពឹង​ថា​ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​នេះ​ នឹង​រួមចំណែក​ដល់​បេសកកម្ម​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដើម្បី​ជួយ​កុមារ​កម្ពុជា​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ឥត​គិតថ្លៃ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោក ឡូរ៉ង់ ដេនីស រូបខាងស្ដាំ មុខអង្គព្រះមហាក្សត្រ និងសម្ដេច ម៉ែ រូបខាងឆ្វេង

មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ដែល​មាន​សម្ដេច​ ហ៊ុន​ សែន​ និង​សម្ដេច​ ប៊ុ​ន​ រ៉ា​នី​ហ៊ុន​សែន​ ធ្វើ​ជា​ប្រធាន​នៃ​មូលនិធិ​នេះ​ នឹង​ត្រូវ​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៨​ខាង​មុខ​។​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​ថ្លែង​ពី​ទីក្រុង​ ស៊ី​ដ​នី​ ប្រទេស​អូស្ដ្រាលី​ កាលពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៨​។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បាន​ថ្លែង​ថា​ បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដំណើរការ​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​ជា​ជំនួយ​ដ៏​ធំ​មួយ​។​ សម្ដេច​បន្ដ​ថា​ កន្លង​មក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ មាន​មូលនិធិ​នៅ​ក្រៅប្រទេស​ ហើយ​នៅ​ពេល​នេះ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ នឹង​មាន​មូលនិធិ​នៅ​ក្នុង​ប្រទេស​បន្ថែម​ទៀត​ ដើម្បី​ប្រមូល​ធនធាន​ក្នុង​ប្រទេស​ ជួយ​ដល់​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដែល​មួយ​ឆ្នាំៗ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ៤០​លាន​ដុល្លារ​។​

​សម្ដេច​ ហ៊ុន​ សែន​ ៖«​យើង​មាន​មូលនិធិ​គន្ធ​បុប្ផា​ដែល​វិ​ជ្ជ​បណ្ឌិត​ Beat​ Richner​ គាត់​បង្កើត​នៅ​ក្រៅប្រទេស​ និង​យើង​មាន​មូលនិធិ​គន្ធ​បុប្ផា​នៅ​ក្នុង​ប្រទេស​ ដែល​យើង​ប្រមូល​ធន់​ធាន​នៅ​ក្នុង​ជាតិ​របស់​យើង​ ជួយ​មន្ទីរពេទ្យ​មួយ​នេះ​ ដែល​ក្នុង​មួយ​ឆ្នាំ​ ចំណាយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ​ សម្រាប់​ព្យាបាល​កុមារ​ប្រមាណ​ជាង​ ៤០​លាន​ដុល្លារ​ យើង​បន្ដ​ការ​ខិតខំ​ទាំងអស់​គ្នា​»​។​

សម្ដេច ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានីហ៊ុនសែន

 

​ពាក់ព័ន្ធ​ពី​ការ​បង្កើត​មូលនិធិ​នេះ​ លោក​វេជ្ជបណ្ឌិត​ ឡូ​រ៉​ង់​ ដេ​នី​ស​ តំណាង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ និង​ជា​តំណាង​មូលនិធិ​គន្ធ​បុប្ផា​ របស់​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ ប្រ​ទស​ស្វី​ស​ ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​តាម​រយៈ​ការ​បកប្រែ​ របស់​លោក​សាស្ដ្រាចារ្យ​ គី​ សាន់​ទី​ ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ ក្នុង​នាម​លោក​ជា​តំណាង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ លោក​យល់​ឃើញ​ថា​ ជា​រឿង​មួយ​ដ៏​ល្អ​ ហើយ​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​មាន​និរន្ដរភាព​បន្ដដំណើរ​តទៅ​ថ្ងៃ​មុខ​។​

លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កាលពីពេលដែលលោក ពិនិត្យជំងឺកុមារ

 

​លោក​វេជ្ជបណ្ឌិត​ ឡូ​រ៉​ង់​ ដេ​នី​ស​ បន្ដ​ទៀត​ថា​ ការ​បង្កើត​មូលនិធិ​នេះ​ គឺជា​ការ​លើកទឹកចិត្ដ​យ៉ាង​ខ្លាំង​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដើម្បី​បន្ដ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​កុមារ​ក្រីក្រ​ រាប់​លាន​នាក់​នៅ​ប្រទេស​កម្ពុជា​ ឲ្យ​ទទួល​បាន​នូវ​ការ​ព្យាបាល​មួយ​ដែល​ល្អ​ ប្រកបដោយ​គុណភាព​ និង​ឥត​គិតថ្លៃ​ ។​

​លោក​ ឡូ​រ៉​ង់​ ដេ​នី​ស​ ៖«​ជា​ការ​លើកទឹកចិត្ដ​របស់​មន្ទីរពេទ្យ​ ក៏​ដ៏​ជា​សេចក្ដី​សង្ឃឹម​ របស់​កុមារ​កម្ពុជា​យើង​ទាំងអស់​គ្នា​ ទៅ​ថ្ងៃ​អនាគត​ វែង​ឆ្ងាយ​ ដែល​ទទួល​បាន​នូវ​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ ប្រកប​ទៅ​ដោយ​គុណភាព​ពី​មន្ទីរពេទ្យ​ ដោយសារ​តែ​មានការ​គាំទ្រ​ យ៉ាង​ពេញទំហឹង​ពី​សម្ដេច​នាយក​ ក្នុង​នាម​លោក​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​»​។​

លោក ឡូរ៉ង់ ដេនីស រូបខាងឆ្វេង រូបថត ខណៈតំណាងកាកបាទក្រហមកម្ពុជា ប្រគល់ថវិកាគាំទ្រដល់ មន្ទីរពេទ្យគន្ធបុប្ផា

មន្ទីរពេទ្យ​គន្ធ​បុប្ផា​ គឺជា​កេរ្ដិ៍​មរតក​របស់​លោក​ វេជ្ជបណ្ឌិត​ Beat​ Richner​ ដែល​មាន​សញ្ជាតិ​ស្វី​ស​។​ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ បាន​ចាត់​ទុក​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ ជា​ព្រះ​ដែល​បាន​ជួយ​ដល់​កុមារ​ក្រីក្រ​ នៅ​កម្ពុជា​រាប់​លាន​នាក់​។​ លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ នៅ​ឆ្នាំ​១៩៩២​ ដើម្បី​ជួយ​ព្យាបាល​កុមារ​ និង​ស្ដ្រី​កម្ពុជា​ ដែល​មាន​ជីវភាព​ ក្រីក្រ​ដោយ​ឥត​គិតថ្លៃ​។​ ក្នុង​មួយ​ថ្ងៃៗ​ មន្ទីរពេទ្យ​នេះ​ ទទួល​ព្យាបាល​កុមារ​ និង​ស្ដ្រី​ ក្រីក្រ​ មក​ពី​គ្រប់​ច្រកល្ហក​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ យ៉ាង​ហោច​ណាស់​ ១៥០​ ទៅ​ ២០០​នាក់​។​

លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កាលពីពេលដែលលោក ពិនិត្យជំងឺកុមារ

 

​យោង​តាម​របាយការណ៍​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ គឺ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩២​ រហូត​ដល់​ឆ្នាំ​២០១៦​ អ្នកជំងឺ​ដែល​មាន​ជីវភាព​ក្រីក្រ​ ពិសេស​ស្ដ្រី​ និង​កុមារ​ ប្រមាណ​ជាង​ ១៥​លាន​នាក់​ បាន​ទៅ​ទទួល​សេវា​ព្យាបាល​ ពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​មនុស្សធម៌​មួយ​នេះ​។​ គិត​មក​ដល់​ឆ្នាំ​២០១៧​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន​ ២៥០០​នាក់​។​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ បាន​ប្រកាន់ខ្ជាប់​នូវ​បទបញ្ជាផ្ទៃក្នុង​ គឺ​គ្រូពេទ្យ​ទាំងអស់​ ដាច់ខាត​មិន​ត្រូវ​ទារប្រាក់​ពី​គ្រួសារ​អ្នកជំងឺ​ឡើយ​។​ មិនតែប៉ុណ្ណោះ​ ក៏​គ្មាន​គ្រូពេទ្យ​ណា​ម្នាក់​ ឆ្លៀត​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ នៅ​គ្លីនិក​ឯកជន​នោះ​ដែរ​។​ បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​មនុស្សធម៌​នេះ​ មាន​សាខា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​ក្នុង​ខេត្តសៀមរាប​៕​

Share

Image
Image
Image