en     km
en     km

មាន​ពលរដ្ឋ​កម្ពុជា​រាប់​សែន​នាក់​ អាច​នឹង​មក​ពី​ក្រៅប្រទេស​ដើម្បី​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ នៅពេលដែលប្រទេសកម្ពុជាមិនទាន់មានប្រពន្ធ័បោះឆ្នោតតាម Online ឬបោះឆ្នោតតាមអ៊ីនធើណែត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស និងដែលមានសិទ្ធិបោះឆ្នោត ឲ្យត្រឡប់មកកាន់មាតុប្រទេសវិញដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅខែក្រោយ។

លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប

«សូមវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់»
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃអង្គារនេះបានអំពាវនាវយ៉ាងដូច្នេះដល់ក្រុម
ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបំពេញបេសកកម្ម ស្នាក់នៅឬកំពុងបំពេញការងារ ឬការរៀនសូត្រនៅក្រៅប្រទេស ដើម្បីឲ្យពួកគេរៀបចំខ្លួនចូលមកបោះឆ្នោតនៅប្រទេសកម្ពុជាវិញ។
សេចក្តីអំពាវនាវធ្វើឡើងនៅពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅសល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះ។
មានប្រជាពលរដ្ឋខ្មែរដែលជាពលករស្របច្បាប់កំពុងស្នាក់នៅក្រៅប្រទេសមានជាង ១.១៥លាននាក់ ប៉ុន្ដែចំនួននេះ មិនបានគិតពីតួលេខ ពលករដែលខុសច្បាប់ ឬក៏ចំនួននិស្សិតខ្មែរ ដែលកំពុងនៅក្រៅប្រទេសនោះទេ។ ប្រទេសដែលមានពលករកម្ពុជាទៅបំពេញការងាររួមមាន ប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី។
ក្នុងសេចក្តីអំពាវនាវនៅថ្ងៃអង្គារនេះ គ.ជ.ប បានស្នើឲ្យស្ថានទូតកម្ពុជាជួយផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋទាំងនោះ។
លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចប៉ាន់ស្មានថាតើចំនួនប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតនៅបំពេញការងារក្រៅប្រទេសចំនួនប៉ុន្មាននោះទេ។ ដំណាលគ្នានេះលោកបញ្ជាក់ថា ការអំពាវនាវពេលនេះគឺដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះប្រើសិទ្ធិក្នុងការបោះឆ្នោត។

លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យបក្សសង្រ្គោះជាតិ
លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យបក្សសង្រ្គោះជាតិ

លោក យ៉ែម ប៉ុញ្ញរិទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនមានសុទិដ្ឋិនិយមទេថា ពលរដ្ឋកម្ពុជាមានចំនួនច្រើនអាចវិលត្រឡប់មកកម្ពុជាវិញដើម្បីការបោះឆ្នោតនេះ។ ប៉ុន្តែលោកគិតថា ពលរដ្ឋទាំងនោះមានសមានចិត្តច្រើនសម្រាប់គណបក្សប្រឆាំង។
ដោយឡែកលោក ឈឹម ផលវរុណ  អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមួយរូប គាំទ្រការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

មានប្រជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិបោះឆ្នោតជិត ៨លាននាក់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៤ ខែមិថុនា។ នៅក្នុងពេលនេះ គណបក្សនយោបាយទាំង១២ ដែលបានចុះបញ្ជីចូលប្រកួតប្រជែងក្នុងការបោះឆ្នោតមូលដ្ឋាននេះ កំពុងធ្វើការឃោសនាបោះឆ្នោតឈានដល់ថ្ងៃទី៤ហើយ៕

Share

Image
Image
Image