en     km
en     km

មរណភាព​មាតា​ នៅ​ឆ្នាំ​២០១៥​ ធ្លាក់​ចុះ​ ខណៈ​ការ​ស្លាប់​នៅ​ពេល​សម្រាល​កើនឡើង​

Share

cover-Workshop-about-maternal-mortality
​កម្មវិធី​ជាតិ​សុខភាព​បន្ត​ពូជ​ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​មួយ​ ស្តី​ពី​មរណភាព​ មាតា​ នៅ​ឆ្នាំ​២០១៥​ ដោយ​រក​ឃើញ​ថា​ អា​ត្រា​មរណភាព​មាតា​ នៅ​ក្នុងឆ្នាំនេះ​មាន​ ការ​ថយ​ចុះ​។​ មន្ត្រី​ក្រសួងសុខាភិបាល​ថ្លែង​ថា​ ទោះបីជា​អា​ត្រា​មរណភាព​មាតា​បាន​ថយ​ចុះ​ក៏​ដោយ​ ក៏​ចំនួន​នេះ​ នៅ​តែ​មាន​អា​ត្រា​ខ្ពស់​ជាងគេ​។​
​កញ្ញា​ ឆេ​ង​ ណា​តា ​រាយការណ៍​ព័ត៌មាន​៖

​មន្ត្រី​ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ថា​ អត្រា​មរណភាព​មាតា​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​ នេះ​ បាន​ធ្លាក់​ចុះ​ទាប​ជាង​ឆ្នាំ​២០១៤​ កន្លង​មក​ ខណៈ​អត្រា​មរណភាព​នៅ​ពេល​សម្រាល​បាន​កើនឡើង​។​

​ប្រធាន​កម្មវិធី​ជាតិ​សុខភាព​បន្ត​ពូជ​ នៃ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត​ ឡាំ​ ភី​រុណ​ បានឱ្យ​ដឹង​បែប​នេះ​ តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​មួយ​ អំពី​លទ្ធផល​ស្រាវជ្រាវ​ស្តី​ពី​មរណភាព​មាតា​ នៅ​ឆ្នាំ​២០១៥​ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ នៅ​សណ្ឋាគារ​សាន់​វេ​។​ លោកស្រី​មាន​ប្រសាសន៍​ថា​ ក្នុង​ឆ្នាំ​២០១៥​ នេះ​ មរណភាព​មាតា​នៅ​កម្ពុជា​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​។​

​លោកស្រី​បន្ថែម​ថា​ កាលពី​ឆ្នាំ​២០១១​ មរណភាព​មាតា​មាន​១៨២​ ករណី​ ឆ្នាំ​២០១២​ មាន​១៥២​ ករណី​ ឆ្នាំ​២០១៣​ មាន​៩៦​ ករណី​ ឆ្នាំ​២០១៤​ មាន​១១៣​ ករណី​ ហើយ​ឆ្នាំ​២០១៥​នេះ​ ថយ​ចុះ​មក​១០០​ករណី​។​ លោកស្រី​បញ្ជាក់​ថា​ បើ​ទោះបី​ស្ត្រី​ដែល​ស្លាប់​នៅ​ក្រោយ​ពេល​សម្រាល​មាន​ចំនួន​ច្រើន​ក៏​ដោយ​ ក៏​ចំនួន​នេះ​មានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​ រីឯ​ករណី​ស្លាប់​ក្នុង​ពេល​សម្រាល​មានការ​កើន​ ពី​១៧%​ នៅ​ឆ្នាំ​២០១៣​ ឡើង​ដល់​៣៨%​ នៅ​ឆ្នាំ​២០១៥​។​

​លោកស្រី​បានឱ្យ​ដឹង​ទៀត​ថា​ មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​ស្ត្រី​ជា​ម្តាយ​នេះ​ ដោយសារ​ការ​ធ្លាក់ឈាម​ និង​មូលហេតុ​ផ្សេង​ទៀត​ ស្លាប់​ដោយ​ក្រឡាភ្លើង​ និង​ជំងឺ​បេះដូង​ជាដើម​។​

លទ្ធផល​ស្រាវជ្រាវ​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា​ ពី​ឆ្នាំ​២០១៣​ ដល់​ឆ្នាំ​២០១៥​ ការ​ស្លាប់​នៅ​លើ​ដៃ​ឆ្មប​បុរាណ​មានការ​ថយ​ចុះ​។​
​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ លោកស្រី​ តាន់​ វួ​ច​ឆេ​ង​ បាន​ថ្លែង​ថា​ តាម​រយៈ​លទ្ធផល​នៃ​ការ​អង្កេត​នេះ​ បាន​បញ្ជាក់​ថា​ ស្ថានភាព​ មាតា​ និង​ទារក​ មាន​ភាព​ប្រសើរ​ឡើង​ច្រើន​។​ យ៉ាងណាមិញ​លោកស្រី​ បន្ថែម​ថា​ បើ​ទោះបីជា​ លទ្ធផល​នេះ​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​កាត់​បន្ថយ​អា​ត្រា​មរណភាព​មាតា​ក៏​ដោយ​ ប៉ុន្តែ​ចំនួន​នេះ​ នៅ​តែ​មាន​អា​ត្រា​ខ្ពស់​ជាងគេ​  បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​។​

​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​រូប​នេះ​ មាន​ប្រសាសន៍​បន្ត​ថា​៖​ «​អ​ញ្ចឹ​ង​គឺថា​ យើង​ត្រូវ​ខិតខំ​ទាំងអស់​គ្នា​។​ ក្នុងឆ្នាំនេះ​ កន្លែង​ខ្លះ​មិន​ទាន់​ធ្វើ​ទៅ​តាម​ក្រឹត្យក្រម​ ទៅ​តាម​ឯកសារ​ស្រាវជ្រាវ​នេះ​ គឺ​សូម​បំពេញបន្ថែម​ទៅ​»​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ លោកស្រី​ ម៉ូ​ម៉ូ​ តា​គូ​ជី​ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងសុខាភិបាល​ ដែល​បង្កើត​ឱ្យ​មាន​មណ្ឌល​សុខភាព​យ៉ាងច្រើន​នៅ​ក្នុង​ប្រទេស​ និង​បណ្តុះបណ្តាល​ឆ្មប​ជំនាញ​ បាន​ធ្វើ​ឱ្យ​ប្រជាជន​នៅ​តាម​ជនបទ​ ជាង​៩០%​ នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ បាន​សម្រាលកូន​ដោយ​ឆ្មប​ជំនាញ​។​

​លោកស្រី​បន្ត​ថា​ ការ​ខិត​ប្រឹងប្រែង​នេះ​ បាន​នាំ​មក​នូវ​ការ​កាត់​បន្ថយ​បាន​យ៉ាងច្រើន​នូវ​អត្រា​មរណភាព​មាតា​ និង​ទារក​ ដែល​សមិទ្ធផល​នេះ​ ធ្វើ​ឱ្យ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​៤​ និង​ទី​៥៖​ «​ដើម្បី​ថែរក្សា​បាន​នូវ​ទំនុកចិត្ត​ មក​លើ​សេវា​សុខាភិបាល​ ក៏​ដូច​ជា​ការ​បន្ថែម​ទៀត​នូវ​ការ​ប្រើប្រាស់​មូលដ្ឋាន​សុខាភិបាល​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​គឺថា​យើង​ចាំបាច់​ត្រូវ​តែ​ខិតខំ​បន្ថែម​ផ្តោត​ទៀត​ ទៅ​លើ​គុណភាព​នៃ​ការ​ថែទាំ​ការ​កែ​លម្អ​គុណភាព​នៃ​ការ​ថែទាំ​។​ ការ​កែ​លម្អ​នៃ​គុណភាព​ថែទាំ​ គឺជា​ចំណុច​ផ្តោត​ថ្មី​មួយ​ នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​ថ្មី​»​។​

​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​ ដែល​បាន​បង្ហាញ​ដោយ​លោកស្រី​ ឡាំ​ ភា​រុណ​ នៅ​ព្រឹក​នេះ​ បានឱ្យ​ដឹង​ថា​ តាម​រយៈ​ការ​ចុះ​អង្កេត​ ឃើញ​មាន​ករណី​ស្លាប់​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​មានការ​កើនឡើង​ ដោយនៅ​ឆ្នាំ​២០១៣​ មាន​ត្រឹមតែ​២៣%​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៥​ កើនឡើង​ដល់​២៦%៕

Share

Image
Image
Image