en     km
en     km

មន្រ្តីបរិស្ថានខេត្តមណ្ឌលគីរីប្រើម៉ាស៊ីនស្រូបទឹកសន្សើមធម្មជាតិយ៉ាងមានប្រសិទ្ធភាព

Share

មណ្ឌលគីរី៖ មន្រ្តីបរិស្ថាននៃដែនជម្រកសត្វព្រៃស្រែពក បានបង្ហាញពីបច្ចេកវិទ្យាថ្មីមួយគឺម៉ាស៊ីនស្រូបយកទឹកសន្សើមពីបរិយាកាស យ៉ាងមានប្រសិទ្ធភាពខ្ពស់អាចទាញយកទឹកសន្សើមបានប្រមាណ ២០លីត្រក្នុងមួយថ្ងៃ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានថ្ងៃទី០៦ ឧសភានេះ។

យោងតាមក្រសួងបរិស្ថាន ម៉ាស៊ីន ឬឧបករណ៍ស្រូបយកទឹកសន្សើមនេះ ជាបច្ចេកវិទ្យាថ្មីសន្លាងមួយទៀត ដែលអាចមានសមត្ថភាពស្រូបយកទឹកមកប្រើប្រាស់ និងចាកបំពេញក្នុងថ្លុកត្រពាំង ដើម្បីឱ្យសត្វផឹកក្នុងគ្រាកំពុងមានភាពក្តៅហួតហែង។

                                                                   ក្រុមការងារកំពុងរៀបចំដំឡើងម៉ាស៊ីនស្រូបទឹកសន្សើម។

 

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ឲ្យដឹងថា នេះជាឧបករណ៍ថ្មីសន្លាងមួយទៀតដែលជាបច្ចេកវិទ្យាថ្មីដើម្បីស្រូបយកសំណើមជាតិទឹកពីបរិយាកាស ទុកសម្រាប់ឲ្យមន្រ្តីឧទ្យានុរក្សប្រើប្រាស់។ លោកថ្លែងថា «ឧបករណ៍នេះអាចស្រូបយកសំណើមជាតិទឹកពីបរិយាកាសបានប្រមាណជា២០លីត្រក្នុង១ថ្ងៃ»។ លោកបញ្ជាក់ថា ឧបករណ៍នេះ គឺជាជួយឧបត្ថម្ភគាំទ្រពីសំណាក់អង្គការ WWF ដែលជាអង្គការដៃគូ ហើយការស្រូបយកជាតិទឹកពីបរិយាកាស ឬទឹកសន្សើមនេះ គឺអ្នកជំនាញដែលរៀបចំដំឡើងបាននិងកំពុងយកទឹកដែលស្រូបយកបានទៅវិភាគសិន ដោយមិនទាន់អនុញ្ញាតឲ្យប្រើប្រាស់ឡើយ។

ទន្ទឹមគ្នានេះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសហការជាមួយអង្គការដៃគូ WWF ត្រៀមដឹកទឹកដោយប្រើស៊ីទែន យកទៅបង្ហូរចូលទៅក្នុងថ្លុកត្រពាំងមួយចំនួននៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃស្រែពក ដែលជាទីដែលសត្វព្រៃចូលចិត្តមកផឹកជាប្រចាំផងដែរ។

យោងតាមរូបភាពដែលក្រសួងបង្ហោះ ម៉ាស៊ីនស្រូបយកទឹកសន្សើមនេះមានរូបរាងជាបន្ទះៗ បួនជ្រុងស្រដៀងទៅនឹងបន្ទះសូឡាដែរ ហើយទឹកសន្សើមដែលស្រូបមកបានត្រូវទាញចូលទៅក្នុងប្រអប់រាងបួនជ្រុងស្ថិតនៅក្រោមបន្ទះនោះ៕

Share

Image
Image
Image