en     km
en     km

មន្រ្តីក្រសួងមហាផ្ទៃ៖ ការបង្កើតបក្សថ្មីដាក់ឈ្មោះលោក កែម ឡី ទំនងមិនអាចទៅរួច

Share

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃទទួលបន្ទុកផ្នែកចុះបញ្ជីគណបក្សនយោបាយ បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ២៦ កុម្ភៈនេះថា ការបង្កើតគណបក្សនយោបាយដោយប្រើប្រាស់ឈ្មោះរូបវ័ន្តបុគ្គលគឺមិនបានទៅរួ​ចនោះទេ។ នេះបើតាមការបញ្ជាក់ពីលោក សក់ សេដ្ឋា រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ។

                                                                 ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ការសុំសេចក្តីបំភ្លឺពីមន្រ្តីក្រសួងមហាផ្ទៃនេះ គឺបន្ទាប់ពីមានលោក កែម រិទ្ធិសិត ប្អូនប្រុសលោកបណ្ឌិត កែម ឡី បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី២៤ កុម្ភៈ បង្កើតគណបក្សនយោបាយមួយចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខ ដោយដាក់ឈ្មោះបណ្ឌិត កែម ឡី ជាឈ្មោះបក្សតែម្តង។

លោក សក់ សេដ្ឋា បន្ថែមថា មកទល់ពេលនេះនៅមិនទាន់ឃើញប្អូនប្រុសលោកបណ្ឌិត​ កែម ឡី គឺលោក កែម រិទ្ធិសិត មកក្រសួងមហាផ្ទៃស្នើសុំចុះបញ្ជីបក្សថ្មីនៅឡើយនោះទេ។ តាមការពន្យល់របស់លោក សក់ សេដ្ឋា ការបង្កើតគណបក្សនយោបាយមួយដោយប្រើប្រាស់ឈ្មោះរូបវ័ន្តបុគ្គលជាក់ស្តែង គណបក្ស កែម ឡី ជាដើមនេះ គឺផ្ទុយពីនីតិវិធីច្បាប់។ តែយ៉ាងណាលោក សក់ សេដ្ឋា បញ្ជាក់ថាប្រសិនបើប្អូនប្រុសលោក កែម ឡី ពិតជាមកចុះបញ្ជីបក្សថ្មីមែនលោកនឹងពិនិត្យមើលឱ្យបានល្អិតល្អន់។

 លោក សក់ សេដ្ឋា៖«អារឿងនេះអង្គភាពបច្ចេកទេសគេពិនិត្យមើល ពេលឯកសារមកដល់គេនឹងពិនិត្យមើល អានេះវាគ្រាន់តែជាព័ត៌មានអីអញ្ចឹង។ សំនួរអ្នកសារព័ត៌មាន៖ «ប៉ុន្តែជាទូទៅដាក់ឈ្មោះរូបវ័ន្តបុគ្គលជាឈ្មោះបក្សវាយ៉ាងម៉េចទៅឯកឧត្តម? ពេលបង្កើតស្របច្បាប់វាអត់នេះទេ ពេលចុះបញ្ជីដូចជាមិនបាន»។

ជុំវិញការបង្កើតគណបក្សថ្មីដោយដាក់ឈ្មោះ កែម ឡី អ្នកវិភាគដ៏ល្បីនេះត្រូវបានភរិយារបស់លោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា ប្រតិកម្មយ៉ាងខ្លាំង។ ឆ្លើយតបជាមួយអ្នកសារព័ត៌មានក្នុងស្រុកអ្នកស្រី ប៊ូ រចនា ដែលទើបទៅដល់ប្រទេសអូស្ត្រាលី បាននិយាយថា អ្នកស្រីមិនសប្បាយចិត្តដែលប្អូនថ្លៃអ្នកស្រីបង្កើតគណបក្សដោយដាក់ឈ្មោះប្តីរបស់អ្នកស្រី។​ អ្នកស្រីបន្តថា ប្តីរបស់អ្នកស្រីគឺបណ្ឌិត កែម ឡី មិនដែលមានចិត្តចង់បង្កើតគណបក្សអ្វីនោះទេ ហើយទង្វើរបស់លោក​ កែម រិទ្ធិសិត គឺផ្ទុយពីឆន្ទៈរបស់ប្តីអ្នកស្រី។

វិទ្យុបានទាក់ទងសុំការបំភ្លឺពីលោក កែម រិទ្ធិសិត តែទូរស័ព្ទរបស់លោកបានបើកដំណើរការ។ តែយ៉ាងណា លោក កែម រិទ្ធិសិត បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោក និងក្រុមការងារនិងពិចារណាដាក់ឈ្មោះគណបក្សថ្មីរបស់លោកឡើងវិញ ព្រោះការដាក់ឈ្មោះ កែម ឡី ជាឈ្មោះបក្សគឺច្បាប់ហាមឃាត់៕

Share

Image
Image
Image