en     km
en     km

មន្ត្រី​ក្រសួងយុត្តិធម៌​៖​ អ្នក​សារព័ត៌មាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​

Share

​ភ្នំពេញ៖ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ លោក​ កើត​ រិ​ទ្ធ​ បាន​មាន​ប្រសាសន៍​ថា​ អ្នក​សារព័ត៌មាន​ មាន​តួនាទី​សំខាន់​ក្នុង​ការ​រួមចំណែក​ពង្រឹង​នីតិរដ្ឋ​ ប៉ុន្តែ​ដើម្បី​ចូលរួម​នីតិរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​នោះ​អ្នក​សារព័ត៌​ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ នឹង​ត្រួ​វ​ស្វែង​យល់​ពី​ច្បាប់​ផង​ដែរ​។​

justic
វគ្គ​ស្វែង​យល់​អំពី​ «​ក្រម​ព្រ​ហ​ទណ្ឌ​ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»

ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​វគ្គ​ស្វែង​យល់​អំពី​ «​ក្រម​ព្រ​ហ​ទណ្ឌ​ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​ ដល់​អ្នក​សារព័ត៌មាន​ ព្រឹក​ថ្ងៃ​ពុធ​ ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៦​ នេះ​នៅ​ទីស្តីការក្រសួង​យុត្តិធម៌​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ព័ត៌មាន​នេះ​!

 

​អ្នក​សារព័ត៌មាន​ មាន​តួនាទី​សំខាន់​ក្នុង​ការ​ពាំនាំ​ព័ត៌មាន​ទាំង​ទ្បា​យ​ដែល​បាន​កើត​ទ្បើ​ង​ នៅ​ក្នុង​សង្គម​កម្ពុជា​ ចែក​ជូន​ទៅ​ដល់​សាធារណជន​ឱ្យ​បាន​យល់​ដឹង​ តែ​ចំណុច​នេះ​អ្នក​សារព័ត៌មាន​ត្រូវ​តែ​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ផង​ដែរ​ ដើម្បី​ឱ្យ​ព័ត៌មាន​នោះ​មាន​ភាព​ពិតប្រាកដ​ និង​មិន​លំអៀង​។​

​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ លោក​ កើត​ រិ​ទ្ធ​ បាន​ថ្លែង​ថា​អ្នក​សារព័ត៌មាន​ពិតជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ ឱ្យ​បាន​យល់​ដឹង​នូវ​រឿង​មួយ​ចំនួន​។

​លោក​ កើត​ រិ​ទ្ធ​ បន្ត​ថា​អ្នក​សារព័ត៌មាន​ក៏​ត្រូវ​គោរព​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ជា​អ្នក​សារព័ត៌មាន​ផង​ដែរ​ គឺ​មាន​ន័យ​ថា​អ្នក​សារព័ត៌មាន​មិន​ត្រូវ​មាន​និន្នាការ​លំអៀង​ទៅ​ខាង​ភាគី​ណាមួយ​នោះ​ទេ​ ព្រោះ​អ្នក​សារព័ត៌មាន​ត្រូវ​ដើរ​ផ្លូវ​កណ្តាល​ជា​ពិសេស​ ត្រូវ​ជៀសវាង​ការ​សរសេរ​ព័ត៌មាន​មិន​ពិតជា​ដើម​ដែល​ធ្វើ​ឱ្យ​ប៉ះ​ដល់​តម្លៃ​ជា​អ្នក​ព័ត៌មាន​។​

​លោក​ កើត​ រិ​ទ្ធ​៖«​អ្នក​សារព័ត៌មាន​នឹង​ពាំនាំ​នៅ​ចំណេះដឹង​ជូន​ដល់​សាធារណៈជន​ អ​ញ្ចឹ​ង​បើជា​សាធារណៈជន​គាត់​ចេះ​ គាត់​យល់​តាម​រយៈ​អត្ថបទ​សារព័ត៌មាន​ គឺ​ធ្វើ​ឱ្យ​ការ​យល់​ដឹង​មាន​គ្រប់​សព​ទាំងអស់​ អ​ញ្ចឹ​ង​តួនាទី​អ្នក​សារព័ត៌មាន​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជួយ​ចូលរួម​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​»​។​

​ចំណែក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោត​ទស្សន៍​ ក្រសួង​ព័ត៌មាន​ លោក​ ផុស​ សុវណ្ណ​ មាន​ប្រសាសន៍​ថា​វិស័យ​ព័ត៌មាន​ពិតជា​មាន​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។​ លោក​ បន្ត​ថា​ ដើម្បី​ឱ្យ​សង្គម​កាន់តែ​មាន​ប្រជាធិបតេយ្យ​ គឺ​អ្នក​សារព័ត៌មាន​ត្រូវ​សរសេរ​ព័ត៌មាន​ ស្រប​តាម​ច្បាប់​ផង​ដែរ​ ប៉ុន្តែ​បើ​អ្នក​សារព័ត៌មាន​ សរសេរ​ព័ត៌មាន​មិន​ពិត​នោះ​នឹង​ធ្វើ​ឱ្យ​សង្គម​ប្រជាធិបតេយ្យ​ខ្សោយ​ទៅៗ​។​

​លោក​ ផុស​ សុវណ្ណ​៖​ «​វិស័យ​ព័ត៌មាន​គឺជា​ផ្នែក​មួយ​សំខាន់​ណាស់​នៅ​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​ អ​ញ្ចឹ​ង​បើជា​សេចក្តី​ដំណឹង​ពិត​ បូក​ជាមួយនឹង​មានការ​អប់រំ​ទៀត​ ស្របច្បាប់​ទៀត​ មាន​វិជ្ជាជីវៈ​ទៀត​ យើង​គិត​ថា​នោះ​ពិតជា​មាន​ប្រជាធិបតេយ្យ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​យើង​សរសេរ​ដំណឹង​យើង​បំភ័ន្ត​បន្លំ​ យើង​នឹង​ធ្វើ​ឱ្យ​សង្គម​ប្រជាធិបតេយ្យ​យើង​កាន់តែ​ខ្សោយ​ទៅៗ​ ពីព្រោះ​យើង​បំភ័ន្ត​រហូត​ គេ​គ្រប់គ្រង​យើង​រហូត​យើង​មានអី​ បើ​យើង​សរសេរ​បំភ័ន្ត​គេ​មិន​គ្រប់គ្រង​យើង​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ លោក​ ប៉ែន​ បូ​ណា​ មាន​ប្រសាសន៍​ថា​ អ្នក​សារព័ត៌មាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សា​ធារ​ជន​ឱ្យ​បាន​យល់​ដឹង​ពី​ហេតុការណ៍​ដែល​បាន​កើត​ទ្បើ​ង​នៅ​ក្នុង​សង្គម​។​

​លោក​ ប៉ែន​ បូ​ណា​ បន្ត​ថា​ដើម្បី​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មាន​ភាព​ត្រឹមត្រូវ​ និង​មាន​ក្រមសីលធម៌​ប្រកបដោយ​វិជ្ជាជីវៈ​នោះ​ អ្នក​សារព័ត៌មាន​ ត្រូវ​ចេះ​ ត្រួ​វ​ដឹង​ នឹង​ត្រូវ​យល់​។​

​លោក​ ប៉ែន​ បូ​ណា​៖«​យើង​ចេះ​ យើង​ដឹង​ យើង​យល់​ មាន​ន័យ​ថា​យើង​អាច​សរសេរ​ព័ត៌មាន​មួយ​ហ្នឹង​មាន​ភាព​ច្បាស់លាស់​ការ​ពិត​ ហើយ​យើង​អាច​ឈាន​ទៅ​រក​ការ​វិភាគ​មួយ​ដែល​ត្រឹមត្រូវ​ ដូច្នេះ​ការ​ស្វែង​យល់​នេះ​ជា​រឿង​សំខាន់​គ្រប់​ជំនាញ​ទាំងអស់​វា​មិនមែន​ជា​ច្បាប់​ យើង​មិនបាច់​ទៅ​រៀន​ច្បាប់​ ៤-៥​ឆ្នាំ​នោះ​ទេ​ យក​បរិញ្ញាបត្រ​នោះ​ទេ​ តែ​យើង​គ្រាន់តែ​យក​វា​មក​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​ »​ ។​

​សូម​ជម្រាប​ថា​ វគ្គ​បណ្តុះបណ្តាល​ទៅ​ដល់​អ្នក​សារព័ត៌មាន​ស្តី​ពី​ការ​ស្វែង​យល់​អំពី​ក្រមព្រហ្មទណ្ឌ​ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ នៅ​ទី​ស្តី​ក្រសួងយុត្តិធម៌​ កាលពី​ព្រឹក​មិ​ញ​នេះ​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌​ សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​ និង​ ក្លិប​អ្នកកាសែត​កម្ពុជា​ដែល​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប​ចូលរួម​៕

Share

Image
Image
Image