en     km
en     km

មន្ត្រីឧទ្យានុរក្សព្រៃអង់តែនខេត្តកំពង់ធំត្រូវជនល្មើសកាប់ ៥ កាំបិតរងរបួសធ្ងន់

Share

(កំពង់ធំ)៖ មន្ត្រីឧទ្យានុរក្សប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ឈ្មោះ ចក់ សុជាតិ អាយុ៣០ឆ្នាំ ត្រូវជនល្មើសកាប់ត្រូវចំនួន ០៥ កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឱ្យមានរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី១៩ ខែមីនា ម្សិលមិញ។ ហេតុការណ៍នេះកើតឡើង ខណៈដែលមន្រ្តីឧទ្យានុរក្សរូបនេះ ចុះល្បាតនៅតំបន់ អូរដើមថ្កូវ ក្នុងភូមិសាស្ត្រ ឃុំក្រយា ស្រុកសន្ធុក ខេត្តកំពង់ធំ បានជួបប្រទះជនល្មើសចំនួន ០២ នាក់ កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសកាប់ឆា្ករព្រៃទន្ទ្រានយកដីព្រៃធ្វើចម្ការ។

                                                                     សកម្មភាពពេលចុះល្បាតព្រៃរបស់ក្រុមអ្នកអភិរក្ស។

 

នេះបើតាមការឱ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។

បើតាមលោក នេត្រ ភក្ត្រា ក្នុងហេតុការណ៍នេះ មន្ត្រីឧទ្យានុរក្សបានដេញចាប់ជនល្មើស តែបានទាក់ជើងដួលហើយត្រូវជនល្មើសតដៃ ដោយយកកាំបិតផ្អាក់កាប់ត្រូវមន្ត្រីឧទ្យានុរក្សឈ្មោះ ចក់ សុជាតិ តែម្តង។

សម្រាប់ហេតុការណ៍ខាងលើនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបង្ហាញការសោកស្តាយ និងថ្កោលទោសចំពោះអំពើអមនុស្សធម៌ សាហាវឃោរឃៅរបស់ក្រុមជនល្មើស ដែលប្រឆាំងនឹងក្រុមអ្នកការពារ និងអភិរក្សធនធានធម្មជាតិអំឡុងពេលចុះបំពេញបេសកកម្មក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបន្តថា បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែលរងរបួសមានស្ថានភាពធ្ងន់ធ្ងរផែ្នកលលាដ៏ក្បាល ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ លោកឱ្យដឹងថា មន្ត្រីសមត្ថកិច្ចបាននិងកំពុងស៊ើបអង្កេត ធ្វើកំណត់ហេតុ និងដាក់ពាក្យបញ្ជូនរឿងទៅកាន់តុលាការដើម្បីវែកមុខរកជនល្មើសមកផ្តន្ទាទោស។

                         លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។

 

លោក ចក់ សុជាតិ គឺជាមន្ត្រីឧទ្យានុរក្សទី ២ ហើយដែលត្រូវរងរបួសដោយការតដៃរបស់ជនល្មើស ក្នុងបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ កាលពីចុងខែមករា ឆ្នាំ ២០១៩ មន្ត្រី ឧទ្យានម្នាក់ឈ្មោះ ចេង ចាន់ធី ត្រូវបានក្រុមព្រានព្រៃយកកាំភ្លើងបាញ់ប្រហារមកលើ ធ្វើឱ្យរបួស ចំភ្លៅ អំឡុងពេលនៃការចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមសាស្ត្រនៃដែនជម្រកសត្វព្រៃស្រែពកក្នុង ខេត្តមណ្ឌលគិរី។

លោក នេត្រ ភក្ត្រា ឱ្យដឹងទៀតថាបច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២២១នាក់ដែលកំពុងតែការពារនិងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួនជិត ៦០ ដែលមានទំហំប្រមាណ ៧,៥លានហិកតា។

លោកបន្ថែមថា មន្ត្រីឧទ្យានុរក្សដែលមានតួនាទីជាមន្ត្រីយុត្តិធម៌ដែលនោះ មានតួនាទីការពារ និងអភរិក្សធនធានធម្មជាតិ និងអភិរក្ស ជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា។ មន្ត្រីឧទ្យានុរក្ស​បានលះបង់សព្វបែបយ៉ាងរួមនឹងអាយុជីវិត ដើម្បីការពារធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់។ លោក នេត្រ ភក្រ្តា សង្កត់ធ្ងរថា មិនត្រូវយកមន្ត្រីឧទ្យានុរក្សធ្វើជាសត្រូវឡើយ ព្រោះពួកគាត់បានឆ្លងកាត់ការលំបាក ព្យុះភ្លៀង និងប្រឈមការគំរាមកំហែងនានាពីជនល្មើសច្បាប់ដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាន៕

Share

Image
Image
Image