en     km
en     km

មន្ត្រីបក្សកាន់អំណាច លោកសមរង្ស៊ីនិងអ្នកវិភាគមើលឃើញខុសគ្នាអំពី​ពលរដ្ឋ​ប្រើប្រាស់​សិទ្ធិនយោបាយ

Share

ភ្នំពេញ៖ លោក សម រង្ស៊ី  ថ្លែងតាមរយៈវីដេអូមួយថាប្រជាពលរដ្ឋនៅកម្ពុជា ពិសេសគឺយុវជន មិនមានសេរីភាពក្នុងការបញ្ចេញមតិទេ ទោះធ្វើឡើងតាមរយៈហ្វេសបុកក៏ដោយ ។ តែយ៉ាងណា អ្នកវិភាគថា សេរីភាពពលរដ្ឋនៅមានកម្រិតនៅឡើយ ។ ខុសពីនេះស្រឡះ មន្ត្រីនាំពាក្យបក្សកាន់អំណាចថា សេរីភាពពលរដ្ឋមានពេញលេញ និងល្អប្រសើរ ។  

រាយការណ៍ដោយ លោក សោម លាភ

 

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងតាមរយៈវីដេអូ បង្ហោះលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួននៅថ្ងៃទី ២៩ មេសាថា យុវជននៅកម្ពុជាមិនមានសេរីភាពក្នុងការប្រមូលផ្ដុំ ឬបញ្ចេញមតិពាក់ព័ន្ធនឹងនយោបាយឡើយ ខណៈដែលយុវជននៅកម្ពុជាកូរ៉េ មានសិទ្ធិសេរីភាពពេញលេញ ។

លោកបន្ថែមថា ការចូលរួមក្នុងបាតុកម្មភ្លើងទៀននៅប្រទេសកូរ៉េ ដែលមានយុវជនជិតមួយម៉ឺននាក់ចូលរួម កាលពីថ្ងៃទី ២០ មេសា គឺជាការលើកទឹកចិត្តដល់យុវជនកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសកំណើតរបស់ខ្លួនអោយយល់អំពីអត្ថប្រយោជន៍នៃការប្រើសិទ្ធិ​របស់​​ខ្លួន។

យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា គឺមាត្រា​ ៣១​ ចែងថាព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​ស្គាល់​ និង​ គោរព​សិទ្ធិ​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ និង​ កតិកាសញ្ញា​ ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិមនុស្ស​ សិទ្ធិ​នារី​ និង សិទ្ធិ​កុមារ។

មាត្រា​ ៣៥​ វិញ ចែងថាប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ។

ចំណែកមាត្រា​ ៤១ បានបញ្ជាក់ថាប្រជាពលរដ្ឋ​ខ្មែរ​ មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ។

លោក បណ្ឌិតមាស នី អ្នកវិភាគនយោបាយ មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ២៩ មេសានេះថា សិទ្ធិក្នុងការជួបជុំ ការបង្កើតសមាគម សិទ្ធិបញ្ចេញមតិ គឺធ្វើឡើងក្រោមក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ ។

លោកបន្ថែមថា សិទ្ធិទាំងនេះ មិនមែនគ្មាននៅកម្ពុជានោះទេ គ្រាន់តែត្រូវបានរឹតបន្តឹងព្រោះស្ថានភាពវិបត្តិនយោបាយ ។

អ្នកវិភាគរូបនេះថា បើគ្រាន់តែការប្រមូលផ្ដុំ ដើម្បីជាការបញ្ចេញមតិស្ដីពីនយោបាយជារឿងដែលសមស្របនឹងបញ្ញត្តបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ។

ផ្ទុយពីនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ ថា កម្ពុជាបើកសេរីភាពដល់ប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងពេញលេញ និងពេញច្បាប់ ។

តែយ៉ាងណា លោក សុខ ឥសាន្ត បញ្ជាក់ថា លោកមិនតបជាមួយលោក សម រង្ស៊ីនោះទេ ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ  បានទទួលពានរង្វាន់ “ជើងឯកប្រជាធិបតេយ្យ នៅកម្ពុជា” ពីអង្គការកូរ៉េឈ្មោះ “វេទិកា សិទ្ធិមនុស្ស និងសន្តិភាព ទ្វីបអាស៊ី” ។ លោក សរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា លោកចែករំលែកកិត្តិយស ក្នុងការទទួលពានរង្វាន់នេះ ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាមួយពលរដ្ឋខ្មែរគ្រប់រូប ដែលកំពុងតែតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។

កន្លងមក មានការចាប់ខ្លួនមន្ត្រីអតីតគណបក្សប្រឆាំង ដែលសរសេរលើទំព័រហ្វេសបុក ដែលប៉ះពាល់ដល់កិត្តិនាមថ្នាក់ដឹកនាំកម្ពុជាជាដើម ។ ជាងនេះ រាល់ការហែក្បួនផ្សេងៗ ក៏មានការតាមដាន និងបង្រ្កាបដែរ ដែលការណ៍នេះ មន្ត្រីកម្ពុជាថា ជាការអនុវត្តច្បាប់ ។

យ៉ាងណា ថ្មីៗនេះ ក៏មានការបញ្ជាឱ្យកងកម្លាំងត្រៀមចាប់ រួមទាំងឃាត់ខ្លួនចំពោះបុគ្គលណា ដែលទៅទទួលលោកសម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ក្នុងនាមអតីតគណបក្សសង្គ្រោះជាតិ ។

លោក សម រង្ស៊ី អះអាងដដែលជាដដែលថា លោក នឹងវិលចូលកម្ពុជានៅឆ្នាំ ២០១៩ នេះ ឱ្យខានតែបាន ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image