en     km
en     km

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

Share

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន​កិច្ចនៅកម្ពុជានៅថ្ងៃទី២២​មីនានេះ​ដោយបាន​ទៅសម្ពោធការស្ថាបនាផ្លូវល្បឿនលឿនមួយខ្សែពីភ្នំពេញទៅព្រះសីហុន។ គំរោងស្ថាបនាផ្លូវដ៏ទំនើបនេះក៏មានភាគហ៊ុនវិនិយោគដ៏ធំរបស់ចិនដែរ។ ក្នុង​ឱកាស​នោះ ក៏មាន​វត្តមានសម្ដេចហ៊ុនសែនដែរ។ តែជាការកត់សម្គាល់ មន្ត្រីការទូតចិនជាន់​ខ្ពស់​នេះ បាន​ថ្លែង​អះ​អាង​ថា ការ​វិនិយោគ និងជំនួយរបស់ចិននៅកម្ពុជាមិនមែនជាអន្ទាក់នោះទេ។​ សម្រាប់​អ្នកវិភាគ​ហាក់​​ដូចយល់​ស្រប​តែលោកថាកម្ពុជាខ្លួនឯងត្រូវកុំធ្វើឱ្យខ្លួនធ្លាក់ក្នុងអន្ទាក់ចិន។

លោក នួន បូរិន រាយការណ៍៖

 

នៅចំពោះមុខ នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន និងសមាជិកជាច្រើននៃគណៈរដ្ឋកម្ពុជា លោកអនុរដ្ឋមន្ត្រីការបរទេសចិនលោក ខុង សៀនយ៉ូវ (Kong Xuanyou)  បានថ្លែងថាកន្លងមកមាន​ក្រុម​ចេត​នាមិនល្អតែងតែរិះគន់ចិន ថាមានផែនការអោយកម្ពុជា ធ្លាក់ចូលក្នុង​អន្ទាក់របស់ចិន តាម​រយៈ ការវិនិយោគ និងជំនួយរបស់ចិន។លោកបានបញ្ជាក់ទៀតថា​ ចិនគ្មានបំណងអាក្រក់​ដូចនេះ​ទេ ។ លោកថានេះជាការលាភពណ៌ឱ្យចិនដែលគ្មានមូលដ្ឋានជាក់លាក់ឡើយ។

លោកខុង សៀនយ៉ូវ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រុមចេតនាមិនល្អមួយចំនួន បានប្រែសជាខ្មៅ លាបពណ៌លើការវិនិយោគរបស់ចិនថាជាអន្ទាក់ ការពិតតែងតែឈ្នះលើការតវ៉ាដោយគ្មានមូលដ្ឋាន ការវិនិយោគរបស់ចិនមិនមែនជាអន្ទាក់ទេ រឹតតែមិនមែនជាការគំរាមកំហែង តែវាជាការជួយដ៏ស្មោះ ជាកម្លាំងជំរុញដល់សមត្ថភាពអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជាទង្វើនាំមកនូវផលប្រយោជន៍ដល់ប្រទេសកម្ពុជា»

                                                              សម្តេច ហ៊ុន សែន និងលោក ស៊ី ជីនភីង កាលពីពេលកន្លងទៅ។

 

ការវិនិយោគរបស់ចិនដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា បានរងការវាយប្រហារជាបន្តបន្ទាប់ ពីសំណាក់លោក សម រង្ស៉ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ និងអតីតថ្នាក់ដឹកនាំមួយចំនួន នៃគណបក្សប្រឆាំងដែលតុលាការរំលាយចោល។

បើទោះបី មិនបាននិយាយយោងលើក្រុមប្រឆាំងនៅកម្ពុជាក្ដីតែ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានលើកឡើងថា ក្នុងនាមជាអ្នកជិតខាតល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ ប្រទេសចិនមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។ លោកបន្តទៀតថា ភាគីចិន នឹងបន្តគោរពអធិបតេយ្យភាព និងឯករាជ្យភាពប្រទេសកម្ពុជាដូចមុនហើយភាគីចិននឹងផ្តល់ជំនួយទៅតាមលទ្ធភាពរបស់ខ្លួន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។

របាយការណ៍​របស់​មូលនីធិ​រូបិយ​វត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា IMF បាន​ឲ្យ​ដឹង​ថា ប្រទេសចិន​ជាម្ចាស់បំណុល​ធំ​បំផុត​របស់​កម្ពុជា។

​របាយការណ៍​ IMF ដែល​ចេញ​ផ្សាយ​កាល​ពី​ខែតុលា​ឆ្នាំ២០១៧ បាន​​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៦ កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប​មាន​ទំហំ​ប្រមាណ ៦,៤៥ពាន់​លានដុល្លារ​អាមេរិក ។ក្នុង​បំណុល​ទ្វេភាគី​ដែល​កម្ពុជា​ជំពាក់​បរទេស​នោះ គឺ​​ប្រទេស​ចិន​ឈរ​លំដាប់​ថ្នាក់​ទី​មួ​យ​គឺ ​​ជា​ង ​៧០​ភាគ​រយ​នៃ​បំណុលទាំង​អស់។

ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា បានបោះជំហ៊ានទៅរកចិនខ្លាំងជាងមហា​អំណាច​ដទៃទៀត ដែលនាំអោយមានការចោទសួរអំពីឥទ្ធិពលចិននៅកម្ពុជា។ ការសំរុក​មក​ដាក់​ទុនរបស់ចិន នៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុនិងកោះកុង បានក្លាយជា ប្រធាន​បទនៃភូមិសាស្ត្រនយោបាយតំបន់។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយកម្ពុជា យល់ថា បើកម្ពុជា មាននិនា្នការទៅរកចិន ដូចសព្វថ្ងៃនេះ គឺកម្ពុជា បានដើរឆ្ងាយហើយនូវពាក្យថាអព្យាក្រឹត្យ។ លោកថា កម្ពុជាដើរ​ឆ្ងាយ​ពីអាមេរិក និងសហភាពអឺរ៉ុបហើយនៅពេលនេះ។ លោកថាគេអាចមើលឃើញដូច​នេះ​តាមរយៈកម្ពុជាដកខ្លួនពីការចំណងទាក់ទងយោធាជាមួយអាមេរិក​ហើយចាប់យកចិន​ដោយ​ឯកតោភាគី។

                                     លោក ឯម សុវណ្ណារ៉ា អ្នកតាមដានស្ថានការនយោបាយ ជាតិនិងអន្តរជាតិ។

លោកថាករណីបំណុលចិនក៏ម្យ៉ាងដែរហើយទោះជាចិនមិនមានលក្ខខណ្ឌសិទិ្ធមនុស្សដូចអាមេរិកក្ដី​ឬសហភាពអឺរ៉ុបក្ដី តែមើលទៅកម្ពុជាកំពុងធ្វើខ្លួនឯងជាកូនសោរ៍របស់ចិន សម្រាប់​ភូមិ​សាស្ត្រនយោបាយតំបន់។  លោកបន្តថា បើចិនមិនទាក់កម្ពុជាក្នុងបំណុលនិងឥទិ្ធពលខ្លួន គឺកម្ពុជាខ្លួន​ឯងត្រូវប្រកាន់ជំហរកុំធ្វើខ្លួនធ្លាក់ក្នុងអន្ទាក់របស់ចិន។

តាមប្រវត្តិសាស្រ្ត នៃដើមនទសវត្ស១៩៧០​ កម្ពុជានិងចិន ក៏មានភាពស្និទ្ធស្នាលនឹងគ្នាដែរ គឺ​កាលនោះ គឺរបបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហម។ នៅក្នុងរបបសម្លាប់រង្គាលនេះ មានតែ​ទូត​ពីរឬបីប្រទេសប៉ុណ្ណោះមានវត្តមាននៅកម្ពុជា រហូតដល់របបនេះដួលរំលំនៅថៃ្ង ៧មករា ១៩៧​៩ គឺមានទូតចិននិងទូតប្រទេសកូរ៉េខាងជើង៕

 

 

 

Share

Image
Image
Image