en     km
en     km

មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺឆ្លង​៖​វីរុស​ផ្តាសាយ​បក្សី​មាននៅ​លើ​ទីផ្សារ​សាច់​បក្សី​

Share

​ភ្នំពេញ​៖​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លងឬCenter of Disease Control and Prevention ​ បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​អំពី​ការ​រីក​រាលដាល​នៃ​វីរុស​ផ្តាសាយ​បក្សី​​ក្នុង​ទីផ្សារ​សាច់សត្វ​បក្សី​នៅ​កម្ពុជា​។​

​​​​​​​​​​​​​​​​​​​​​​​                                             ក្រុមគ្រូពេទ្យពិសោធន៍លើសត្វមាន់រកវីរុសផ្តាសាយបក្សី

មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង ​Center of Disease Control and Prevention (CDC)​បាន​រក​ឃើញ​ថា​ការ​រីក​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​ផ្តាសាយ​បក្សី​ប្រភេទ​A​ H5​ H7​ និង​H9​ផ្ទុក​នៅ​ក្នុង​សាច់​ទា​មាន​រហូត​ដល់​៥១,៣​ ភាគរយ​និង​សត្វមាន់​៣៩,៦​ភាគរយ​។​វីរុស​ផ្តាសាយ​បក្សី​ H5​និង​H9​មាន​ផ្ទុក​នៅ​ក្នុង​សាច់សត្វ​ទា​០,៨​ភាគរយ​និង​៤,៥​ភាគរយ​ក្នុង​សត្វ​មាន់​។​

មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​(CDC)បន្ថែម​ថា​វីរុស​ផ្តាសាយ​បក្សី​រីក​រាលដាល​ខ្លាំង​លើ​បក្សី​រស់​ដាក់​លក់​ក្នុង​ទីផ្សារ​កម្ពុជា​នៃ​វីរុស​ផ្តាសាយ​បក្សី​ H5N1​។​វីរុស​ផ្តាសាយ​បក្សី​មាន​កម្រិត​ទាប​ប្រភេទ​A​ (H7N9)​និង​(H9N2)​ក៏​កំពុង​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​ជាស​កល​ដែល​ឥ​ទ្ធ​ពល​វីរុស​នេះ​ឆ្លង​មក​មនុស្ស​នៅ​ពេល​អ្នកជំងឺ​ប៉ះពាល់​បក្សី​ផ្ទាល់​មាន​ផ្ទុក​ជំងឺផ្តាសាយបក្សី​។​

                លោកវេជ្ជបណ្ឌិត លី សូវណ្ណ អ្នកនំាពាក្យក្រសួងសុខាភិបាលផ្តល់បទសម្ភាសន៍ដល់អ្នករាយការណ៍វិទ្យុស្រ្តី។(ឆ្វេង)

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆំាងជំងឺឆ្លងនិងជាអ្នកនាំពាក្យ​ក្រសួងសុខា​ភិបាល​​បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​ទូរទស្សន៍​បាយ័ន​កាលពី​ថ្មីៗ​នេះ​ដោយ​សម្តែង​ការ​ព្រួយបារម្ភ​ថា​ប្រសិនបើ​វីរុស​ផ្តាសាយ​បក្សី​ H5N1​ឆ្លង​មនុស្ស​គឺ​វា​វិវដ្ត​ទៅ​ជា​ធ្ងន់ធ្ងរ​លឿន​រហ័ស​។​ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ជំងឺផ្តាសាយបក្សី​ប្រភេទ​ H7N9​ដែល​ផ្ទុះ​ឡើង​នៅ​លើ​សត្វ​បក្សី​នៅ​ប្រទេស​ចិន​ងាយ​ឆ្លង​មក​មនុស្ស​។​ប៉ុន្តែ​ជំងឺផ្តាសាយបក្សី​ ប្រភេទ​H7N9​ មិន​ទាន់​កើត​មាននៅ​កម្ពុជា​នោះ​ទេ​។​«​វីរុស​ H5N1​ជា​មេរោគ​មួយ​ដែល​យើង​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​ព្រោះ​ការ​ឆ្លង​ទៅ​អាច​វិ​វត្ត​ធ្ងន់ធ្ងរ​លឿន​ហើយនឹង​ផ្តាសាយ​បក្សី​កំពុង​កើត​លើ​បក្សី​នៅ​ប្រទេស​ចិន​គឺ​ H7N9​ សត្វ​បក្សី​អាច​ភាគច្រើន​មិន​ចេញ​រោគ​សញ្ញា​ប៉ុន្តែ​ងាយ​ឆ្លង​មក​មនុស្ស​។​ប៉ុន្តែ​រហូត​មក​ដល់​ម៉ោង​នេះ​យើង​ធ្វើការ​តាមដាន​សុខភាព​មនុស្ស​យើង​ពុំ​ទាន់​រក​ឃើញ​ថា​មាន​ចម្លង​នូវ​ប្រភេទ​ផ្តាសាយ​បក្សី​ដែល​កំ​បុ​ង​ផ្ទុះ​ នៅ​ប្រទេស​ចិន​នោះ​ទេ​។​»

​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​ប្រជាជន​ជាង​១៥​លាន​នាក់​ក្នុង​នោះ​ប្រជាជន​ប្រមាណ​៧៣​ភាគរយ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។​គេ​ប៉ាន់​ប្រមាណ​ថា​កម្ពុជា​មាន​ទា​ប្រមាណ​៨​លាន​ក្បាល​និង​សត្វ​មាន់​១៨​លាន​ក្បាល​នា​ពេល​បច្ចុប្បន្ន​នេះ​។​

​ការ​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​(CDC)​ដែល​បាន​តាមដាន​ការ​លក់​បក្សី​រស់នៅ​ក្នុង​ទីផ្សារ​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​ថា​អត្រា​ខ្ពស់​បំផុត​នៃ​វិ​រុស​ផ្តាសាយ​បក្សី​ ក្នុង​ស្រុង​ ក៏​មាន​ឥទ្ធិពល​ដូច​ប​សុ​បក្សី​ជា​សកលលោក​ដែរ​។​

​ក្រុម​ជំនាញ​នៃ​មជ្ឈមណ្ឌល​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​បាន​ធ្វើការ​ពិសោធន៍​សំណាក​ចំនួន​៩៤០​គឺ​ក្នុង​នោះ​សំណាក​សត្វ​មាន់​និង​សត្វ​ទា​៣៧៦​សំណាក​និង​សំណាក​១៨៨​ពី​លាមក​សត្វ​បក្សី​ក៏​ត្រូវ​បាន​ពិសោធន៍​រក​វិ​រុស​ផ្តាសាយ​បក្សី​ដោយ​ រក​ឃើញ​ថា​សាច់សត្វ​មាន់​ផ្ទុក​វីរុស​ផ្តាសាយ​បក្សី​៣៩,៦​ ភាគរយ​សាច់​ទា​៥១,៣​ ភាគរយ​និង​ក្នុង​លាមក​បក្សី​មាន​រហូត​៩៣,១​ភាគរយ​។​

​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​(CDC)​រក​ឃើញ​វិ​រុស​ផ្តាសាយ​បក្សី​ H5​មាននៅ​ក្នុង​សាច់​មាន់​១៦,៨​ភាគរយ​ សាច់​ទា​២០,៥​ភាគរយ​និង​៧៦,៦​ភាគរយ​ក្នុង​លាមក​សត្វ​បក្សី​។​ វិ​រុស​ផ្តាសាយ​បក្សី​ H7​ មាន​០,៥​ភាគរយ​ក្នុង​សាច់​មាន់​ ១,១​ភាគរយ​ក្នុង​សាច់​ទា​និង​២,១​ភាគរយ​ក្នុង​លាមក​បក្សី​។​ចំណែក​វី​រុស​ផ្តាសាយ​បក្សី​ H9​​ផ្ទុក​ក្នុង​សាច់​មាន់​១០,៩​ភាគរយ​ ១,១​ភាគរយ​ ក្នុង​សាច់​ទា​និង​ក្នុង​លាមក​សត្វ​បក្សី​៤០,៤​ភាគរយ​។​

​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​បង្ហោះ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ បាន​ឲ្យ​ដឹង​ថា​ជំងឺផ្តាសាយបក្សី​H5N1​បាន​ផ្ទុះ​ឡើង​មួយ​ករណី​ស្ថិត​នៅ​ ស្រុក​ព្រៃឈរ​ និង​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​និង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​។​ទោះបី​យ៉ាងណា​មជ្ឈមណ្ឌល​នេះ​ អះអាង​ថា​ករណី​ជំងឺផ្តាសាយបក្សី​មិន​ទាន់​ឆ្លង​មក​មនុស្ស​ទេ​។​

​ចាប់តាំងពី​ឆ្នាំ​ ២០០៥​ ដល់​ ២០១៤​ ក្នុង​ប្រទេស​កម្ពុជា​ធ្លាប់​កើត​មាន​ជំងឺផ្តាសាយបក្សី​ ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​៥៦​ករណី​ដែល​ក្នុង​ នោះ​ ៣៧​ ករណី​ស្លាប់​ ។​ក្នុង​ឆ្នាំ​ ២០១៣​ ជំងឺផ្តាសាយបក្សី​ឆ្លង​មក​មនុស្ស​ ២៦​ករណី​ ក្នុង​នោះ​មាន​ ១៤​ករណី​ស្លាប់​ និង​ឆ្នាំ​២០១៤​ ជំងឺផ្តាសាយបក្សី​មាន​៩​ករណី​ក្នុង​នោះ​៤​ករណី​ស្លាប់​។​

​ជំងឺផ្តាសាយបក្សី​H5N1​មាន​រោគ​សញ្ញា​គ្រុនក្តៅ​លើស​ពី​៣៨​អង្សារ​សេ​ ក្អក​ឈឺ​ក​ ដកដង្ហើម​ ហត់​បន្ទាប់​ពី​មាន​ប្រវត្តិ​ប៉ះពាល់​ផ្ទាល់​ជាមួយ​បក្សី​ឈឺ​ឬ​ងាប់​អំឡុង​ពេល​៧​ថ្ងៃមុន​ចេញ​រោគ​សញ្ញា​។​បើ​មាន​ករណី​សង្ស័យ​ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ ទទួល​បានការ​ព្យាបាល​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ នៃ​ក្រសួងសុខាភិបាល​កម្ពុជា​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​ឆ្លង​ជំងឺ​នេះ​ ជា​ពិសេស​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដោយ​មិន​ត្រូវ​យក​សត្វ​មាន់​ ទា​ ឬ​សត្វ​បក្សី​ឈឺ​ ឬ​ងាប់​ មក​ធ្វើ​ជា​ម្ហូបអាហារ​ឬ​លក់​បន្ដ​នោះ​ទេ​ដោយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​មន្ដ្រី​ជំនាញ​ នៅ​ក្នុង​ករណី​មាន​សត្វ​មាន់​ សត្វ​ទា​ ឈឺ​ ងាប់​ជា​បន្ដបន្ទាប់​៕

Share

Image
Image
Image