en     km
en     km

ភាពខុសគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្សេងទៀត

Share

(ភ្នំពេញ)៖ តាមការពិត នៅក្នុងសង្គមមនុស្សមានអំពើជាច្រើនដែលត្រូវបានចាត់ទុកថាជាអំពើបង្កគ្រោះថ្នាក់ដល់សង្គម ហើយដែលច្បាប់ត្រូវតែចាត់វិធានការដោះស្រាយក្នុងគោលដៅដើម្បីរក្សាស្ថេរភាពនៃទំនាក់ទំនងបុគ្គល។ ក្រៅពីបទល្មើសព្រហ្មទណ្ឌដែលជាអំពើបង្កគ្រោះថ្នាក់ខ្លាំងក្លាជាងគេ គេឃើញមានអំពើល្មើសផ្នែករដ្ឋប្បវេណី និងអំពើល្មើសផ្នែកវិន័យ ដែលសុទ្ធសឹងតែជាអំពើបង្ហាញពីចរិតគ្រោះថ្នាក់ដល់សង្គម។ ដូច្នេះតើអំពើល្មើសទាំង២នេះមានចរិតលក្ខណៈខុសពីបទល្មើសព្រហ្មទណ្ឌយ៉ាងដូច្នេះ?

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖

បទល្មើសព្រហ្មទណ្ឌ គឺជាអំពើទាំងឡាយដែលត្រូវផ្តន្ទាទោសដោយច្បាប់ព្រហ្មទណ្ឌ ហើយជាកំហុសរបស់ចារីផ្ទាល់តែម្តង។ ផ្ទុយទៅវិញប្រសិនជាច្បាប់មិនបានចាត់ទុកអំពើណាមួយជាបទល្មើសព្រហ្មទណ្ឌទេនោះ អំពើនោះគឺមិនអាចចាត់ទុកថាជាបទល្មើសបានឡើយ ដែលនេះត្រូវបានអនុលោមតាមគោលការណ៍នីត្យានុកូលភាពដែលមានចែងនៅក្នុងមាត្រា ៣ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាយ៉ាងដូច្នេះថា មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងនៅក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន។ មានតែទោសដែលមានចែងក្នុងប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន នៅពេលដែលបទល្មើស ត្រូវបានប្រព្រឹត្តប៉ុណ្ណោះ ទើបអាចត្រូវប្រកាសបាន។ តាមការពិត នៅក្នុងសង្គមមនុស្សមានអំពើជាច្រើនដែលត្រូវបានចាត់ទុកថាជាអំពើបង្កគ្រោះថ្នាក់ដល់សង្គម ហើយដែលច្បាប់ត្រូវតែចាត់វិធានការដោះស្រាយក្នុងគោលដៅដើម្បីរក្សាស្ថេរភាពនៃទំនាក់ទំនងបុគ្គល។ ក្រៅពីបទល្មើសព្រហ្មទណ្ឌដែលជាអំពើបង្កគ្រោះថ្នាក់ខ្លាំងក្លាជាងគេ គេឃើញមានអំពើល្មើសផ្នែករដ្ឋប្បវេណី និងអំពើល្មើសផ្នែកវិន័យ ដែលសុទ្ធសឹងតែជាអំពើបង្ហាញពីចរិតគ្រោះថ្នាក់ដល់សង្គម។ ដូច្នេះតើអំពើល្មើសទាំង២នេះមានចរិតលក្ខណៈខុសពីបទល្មើសព្រហ្មទណ្ឌយ៉ាងដូច្នេះ?

១. ភាពខុសគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែករដ្ឋប្បវេណី

អំពើល្មើសផ្នែករដ្ឋប្បវេណី មានប្រភពប្រភពប្បញ្ញត្តិមកពីក្រមរដ្ឋប្បវេណី ដែលកំណត់ពីអំពើអនិត្យានុកូល ត្រង់មាត្រា ៧៤៣ កថាខណ្ឌទី១ បានចែងថា៖ បុគ្គលដែលបំពានដោយច្បាប់នូវសិទ្ធិ ឬផលប្រយោជន៍របស់ជនដ៏ទៃដោយកំហុសចេតនា និងដោយកំហុសអចេតនាត្រូវទទួលខុសត្រូវសងនូវរាល់ការខូចខាតដែលកើតឡើងដោយសារតែអំពើនោះ រីឯបទល្មើសព្រហ្មទណ្ឌវិញគឺត្រូវតែជាច្បាប់ដែលបានច្បាប់បានចែងយ៉ាងច្បាស់ថាជាបទល្មើសព្រហ្មទណ្ឌ។ សម្រាប់អំពើល្មើសផ្នែករដ្ឋប្បវេណីវិញ ព្យសនកម្មគឺជាការចាំបាច់ណាស់ដើម្បីពចារណាលើការដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្តបាន។ ផ្ទុយទៅវិញ ការបង្កើតជាបទល្មើសព្រហ្មទណ្ឌ ពុំសុទ្ធតែទាមទារឲ្យមាននូវព្យសនកម្មនោះទេដូចជាបទល្មើសព្រហ្មទណ្ឌ ពុំសុទ្ធតែទាមទារឲ្យមាននូវព្យសនកម្មនោះទេ ដូចជាបទល្មើសជួញដូរគ្រឿងញៀន ឬការបើកបរល្បឿនខុសច្បាប់ជាដើម។ ជាទូទៅ ការបង់សំណងជំងឺចិត្តជាទណ្ឌកម្មសម្រាប់អំពើល្មើសផ្នែករដ្ឋប្បវេណី និងជាទណ្ឌកម្មព្រហ្មទណ្ឌ និងមានគោលដៅចម្បងការពារសង្គមមិនត្រូវបានជាចំណូលទុកជាថវិការបស់រដ្ឋ ចំណែកឯប្រាក់សំណងជម្ងឺចិត្តវិញត្រូវបានទៅជនរងគ្រោះ។

អំពើមួយអាចចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែពុំមែនជាអំពើល្មើសផ្នែករដ្ឋប្បវេណីទេ ដូចជាការល្មើសដោយពុំព្រមឈប់ពេលភ្លើងស្តុបក្រហម និងការជួញដូរគ្រឿងញៀនជាដើម។ ទន្ទឹមនឹងនេះ អំពើល្មើសផ្នែករដ្ឋប្បវេណីខ្លះថ្វីត្បិតតែជាអំពើខុសឆ្គង ប៉ុន្តែមិនមែនជាបទល្មើសព្រហ្មទណ្ឌនោះទេ។

ត្រង់ចំណុចនេះយើងអាចទាញជាឧទាហរណ៍មួយអំពី ការបើកបរបង្កឲ្យប៉ះពារ និងរថយន្តអ្នកដ៏ទៃ ហើយបណ្តាលឲ្យខូចខាតដោយអចេតនា គឺមិនមែនជាបទល្មើសព្រហ្មទណ្ឌទេ។ ផ្ទុយទៅវិញ អំពើមួយអាចត្រូវបានចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌផង ព្រមទាំងជាអំពើល្មើសផ្នែករដ្ឋប្បវេណីផងក៏បានដែរដូចជា៖ ឃាតកម្ម ឬ អំពើហិង្សាដោយចេតនាដល់តតិយជនជាដើម។ ក្នុងករណីបែបនេះ អំពើល្មើសនាំឲ្យមានបណ្តឹង ២ គឺបណ្តឹងអាជ្ងា និងបណ្តឹងរដ្ឋប្បវេណី។

២. ភាពខុសគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែកពិន័យ

អំពើល្មើសផ្នែកវិន័យគឺជាអំពើដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សមូហភាពនៃក្រុមសង្គមណាមួយដូចជាពេទ្យ មេធាវី សារការី យោធិន និស្សិតជាដើម ដោយអំពើទាំងនោះមិនត្រូវបានកំណត់ឲ្យច្បាស់លាស់ជាទូទៅនោះទេ។

ត្រូវចំណុចនេះយើងអាចឧទាហរណ៍បានអំពីមាត្រា ៥៩ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ចុះនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ១៩៩៥ បានចែងថា ត្រូវទទួលទណ្ឌកម្មជាបទវិន័យចំពោះមេធាវីណាដែលប្រព្រឹត្តល្មើសវិធានវិជ្ជាជីវៈ ឬប្រព្រឹត្តអំពើណាមួយដែលប៉ះពាល់ដល់សីលធម៌ ឬកិត្តិយសមេធាវីទោះបីប្រព្រឹត្តក្រៅពីការប្រកបវិជ្ជាជីវៈរបស់ខ្លួនក៏ដោយ។

ការកំណត់យ៉ាងដូច្នេះពិតជាបានបង្ហាញឲ្យឃើញថា អំពើល្មើសផ្នែកវិន័យសម្រាប់វិជ្ជាជីវៈមេធាវីត្រូវបានបញ្ជាក់ឲ្យច្បាស់ជាមុន ដូចក្នុងករណីនៃបទល្មើសព្រហ្មទណ្ឌទេ ពីព្រោះថាអំពើដែលបានបង្កឲ្យប៉ះពាល់ដល់សីលធម៌ ឬកិត្តិយសមេធាវីជាសញ្ញាណមួយមានលក្ខណៈទូលំទូលាយណាស់។ ផ្ទយយទៅវិញ ទោះបីជាមានច្រើនយ៉ាងណាក៏ដោយ បទល្មើសព្រហ្មទណ្ឌសុទ្ធសឹងតែជាអំពើដែលច្បាប់បានកំណត់ទុកយ៉ាងច្បាស់លាស់ជាមុនរួចជាស្រេចអស់ហើយ បានសេចក្តីថា អំពើណាដែលច្បាប់បានចែងទុកជាមុនថាមិនមែនជាបទល្មើសព្រហ្មទណ្ឌទេនោះ អំពើនោះពុំអាចចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌបានឡើយ នេះបើផ្អែកតាមគោលការនីត្យានូកូលភាពនៃបទល្មើស។

លើសពីនេះទៅទៀតអំពើល្មើសផ្នែកវិន័យបានធ្វើឲ្យប៉ះពាល់តែផ្នែកណាមួយនៃសង្គមតែប៉ុណ្ណោះ ពោលគឺក្រុមសង្គមដែលជនប្រព្រឹត្តល្មើសស្ថិតនៅ។ ក៏ប៉ុន្តែបទល្មើសព្រហ្មទណ្ឌវិញគឺជាអំពើដែលបានបង្កនូវការប៉ះពាល់ដល់សង្គមជាទូទៅ។

ការដាក់ទណ្ឌកម្មលើអំពើល្មើសខាងវិន័យ ត្រូវធ្វើដោយស្ថាប័នពិសេសសម្រាប់ក្រុមសង្គមណាមួយ ដូចជាក្រុមប្រឹក្សាគណៈមេធាវីសម្រាប់ការដាក់វិន័យលើមេធាវី ឬឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់ការដាក់ពិន័យលើចៅក្រមជាដើម។ ចំណែកឯការដាក់ទណ្ឌកម្មផ្នែកព្រហ្មទណ្ឌវិញជាសមត្ថកិច្ចរបស់សាលាជម្រះក្តីនៃព្រះរាជាណាចក្រកម្ពុជាហើយទណ្ឌកម្មអាចមានជាលក្ខណៈធ្ងន់ធ្ងររហូតដល់ការដាក់ពន្ធធនាគារអស់មួយជីវិតទៀតផង។ ជាងនេះទៅទៀត ក៏ដូចជាបំណែងចែករវាងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្នែករដ្ឋប្បវេណីដែរ ការបែងចែករវាងអំពើល្មើសផ្នែកវិន័យ និងបទល្មើសព្រហ្មទណ្ឌឆ្លុះបញ្ចាំងឲ្យឃើញថា ក្នុងករណីខ្លះអំពើមួយត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែពុំមែនជាអំពើល្មើសផ្នែកវិន័យទេ ឧទាហរណ៍ដូចជាអំពើលួចប្រព្រឹត្តិដោយជនអនាថាម្នាក់។ ទន្ទឹមនឹងគ្នានេះ ពេលខ្លះអំពើមួយត្រូវចាត់ទុកជាអំពើល្មើសផ្នែកវិន័យ ក៏ប៉ុន្តែពុំត្រូវបានចាត់ចូលជាបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

អំពើមួយចំនួនត្រូវចាត់ចូលជាអំពើល្មើសផ្នែកវិន័យផង និងបទល្មើសព្រហ្មទណ្ឌផង ដូចជាឃាតកម្មដែលបានប្រព្រឹត្តដោយវេជ្ជបណ្ឌិតម្នាក់ទៅលើអតិថិជនរបស់ខ្លួន ឬការរំលូតកូនដោយល្មើសនឹងច្បាប់ស្តីពីការរំលូតកូន។ល។

យ៉ាងណាមិញអំពើដែលច្បាប់កំណត់ថាជាបទល្មើសមានច្រើន ហើយមិនអាចរៀបរាប់ឲ្យអស់សេចក្តីក្នុងរយៈពេលដ៏ខ្លីបានទេ ពោលគឹមិនមែនមានតែក្រមព្រហ្មទណ្ឌប៉ុណ្ណោះទេ ដែលកំណត់អំពីបទល្មើស ច្បាប់ជាច្រើនផ្សេងៗទៀតក៏កំណត់អំពើបទល្មើសដែរ ហើយជាងនេះទៅទៀត បទដ្ឋានគតិយុត្តដែលចេញដោយអង្គការនីតិប្រតិបត្តិ ក៏អាចកំណត់ជាបទលហុដែលត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់។

ដូច្នេះដើម្បីរាប់បទល្មើសទាំងអស់បាន លុះត្រាតែពិនិត្យឲ្យបានគ្រប់ច្បាប់ និងបទដ្ឋានគតិយុត្តទាំងអស់ក្នុងគ្រប់វិស័យដែលពាក់ព័ន្ធទើបអាចដឹងបាន៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image