en     km
en     km

ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​៖​ មាន​ក្រុម​ប៉ូលិស​ចង់​ចាប់​កាយ​ព្រះ​អង្គ​ ខណៈ​ព្រះ​អង្គ​កំពុង​លាក់​ព្រះ​កាយ​?

Share

ភ្នំពេញ៖ ​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដែល​ជា​សមាជិក​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ មាន​ថេរ​ដីកា​ថា​ មាន​អ្នក​ផ្ដល់​ដំណឹង​ដល់​ព្រះ​អង្គ​ថា​ សមត្ថកិច្ច​ចង់​សហការ​គ្នា​ចាប់​ព្រះ​កាយ​ព្រះ​អង្គ​ ប៉ុន្ដែ​មិនដឹង​ក្នុង​បំណង​អ្វី​ពិតប្រាកដ​នោះ​ទេ​ ។​ ជុំវិញ​រឿង​នេះ​សង្គម​ស៊ី​វិល​យល់​ថា​ ប្រសិនជា​មាន​កងកម្លាំង​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​ បង្ហាញ​សារ​ចង់​ឃាត់​ព្រះ​កាយ​ព្រះ​អង្គ​មែន​ នេះ​ជា​សញ្ញា​បំបិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​យ៉ាង​ពិតប្រាកដ​។​

​តែ​បែប​នេះ​ក្ដី​នេះ​ ទាំង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​   អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​  វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​បំភ្លឺ​ដោយសារ​មិន​លើក​ទូរស័ព្ទ​។​

 

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ។

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​បាន​ថ្លែង​ឲ្យ​វិទ្យុ​ស្ដ្រី​ FM102​ ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារិ៍​ ទី​ ២៦​ កក្កដា​ នេះ​ថា​ មាន​បុរស​ម្នាក់​ដែល​មានមុខ​ងារ​ជា​សមត្ថកិច្ច​បាន​ដាសតឿន​ព្រះ​អង្គ​ថា​ មាន​កងកម្លាំង​សមត្ថកិច្ច​កំពុង​តែ​សហការ​គ្នា​ក្នុង​បំណង​ដើម្បី​តាម​រក​ព្រះ​អង្គ​ តែ​មិនដឹង​ក្នុង​គោលបំណង​អ្វី​ពិតប្រាកដ​នោះ​ទេ​ ។​

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ បន្ដ​ថា​ បុរស​ម្នាក់​នោះ​ប្រាប់​ឲ្យ​ព្រះ​អង្គ​ភៀស​ព្រះ​កាយ​រក​កន្លែង​សុវត្ថិភាព​សិន​ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ព្រះ​អង្គ​ ។​

​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​អង្គ​នេះ​បន្ដ​ថា​ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ ព្រះ​អង្គ​មិន​បាន​ចាប់អារម្មណ៍​អ្វី​ទេ​ ហើយ​ថា​មិន​អាច​មានការ​យាយី​ធ្វើឃាត​រូប​ព្រះ​អង្គ​ឡើយ​ ។​ ប៉ុន្ដែ​ព្រះ​អង្គ​យល់​ថា​ នេះ​ជា​សារ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​អង្គ​តក់ស្លុត​ព្រះ​ទ័យ​ និង​បាក់ស្បាត​ស្មារតី​ ដែល​ព្រះ​អង្គ​បាន​បញ្ចេញមតិ​មិន​សមរម្យ​ណាមួយ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជន​ណា​ម្នាក់​ ដើម្បី​ឲ្យ​ក្រុម​ទាំងនោះ​ទម្លាក់​កំហុស​ចោទប្រកាន់​លើ​ព្រះ​អង្គ​។​

​ព្រះ​អង្គ​ប៊ុត​ ប៊ុ​ន​តិ​ញ​៖«​កាលពី​ព្រឹក​មិ​ញ​មាន​ប៉ូ​លី​ស​នៅ​ភ្នំពេញ​ទួ​រ​ស័ព្ទ​មក​ប្រាប់​តាំងពី​ម៉ោង​ ៦​ព្រឹក​ថា​ សុំ​ឲ្យ​ព្រះ​តេជគុណ​រក​កន្លែង​ណា​មាន​សុវត្ថិភាព​ទៅ​ពីព្រោះ​ ឥឡូវនេះ​មាន​ប៉ូ​លី​សអី​គេ​សហការ​គ្នា​តាម​រក​ព្រះ​អង្គ​ហើយ​ តែ​មិនដឹង​ថា​រក​ក្នុង​គោលបំណង​អី​ទេ​ សូម​តេជគុណ​រក្សា​សុវត្ថិភាព​ផង​ ហើយ​ក៏​បិត​ទួ​រ​ស័ព្ទ​ទៅ​»​។​

​វិទ្យុ​ស្ដ្រី​មិន​អាច​ទាក់​ទញ​ទៅ​កាន់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​សូម​ការ​បំភ្លឺ​ជុំវិញ​ការ​អះអាង​របស់​ព្រះ​អង្គ​ប៊ុត​ ប៊ុ​ន​តិ​ញ​ បាន​ទេ​នៅ​ថ្ងៃនេះ​។​

​ចំណែក​ អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ CHRAC​ លោក​ សួន​ ប៊ុ​ន​ស័ក​ មាន​ប្រសាសន៍​ថា​ ប្រសិនជា​អាជ្ញាធរ​បង្ហាញ​សារ​ដូច​ការ​អះអាង​របស់​ព្រះ​អង្គ​ប៊ុត​ ប៊ុ​ន​តិ​ញ​ ពិតមែន​ វា​គឺជា​រឿង​ស្ដែង​ច្បាស់​ណាស់​ថា​ ជា​សារ​គំរាម​គោលការណ៍​ប្រជាធិបតេយ្យ​ បំពាន​ច្បាប់​ ហើយ​ក៏​រំលោភ​ទៅ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ​ថែម​ទៀត​។​

លោក​ សួន​ ប៊ុ​ន​ស័ក​ បញ្ជាក់​ថា​ ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ជា​សកម្មជន​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ប្រសិនជា​អាជ្ញាធរ​រដ្ឋ​គំរាម​ព្រះ​អង្គ​ដូចនេះ​ គឺ​មិនមែន​មាន​ន័យ​ថា​ គំរាម​តែ​ព្រះ​អង្គ​តែ​មួយ​ប៉ុណ្ណោះ​ទេ​ តែ​ជា​ការ​គំរាម​ដល់​ពលរដ្ឋ​គ្រប់​រូប​ផង​ដែរ​។​ ​លោក​ សួន​ ប៊ុ​ន​ ស័ក​៖«​ព្រះ​តេជគុណ​ប៊ុត​ប៊ុ​ន​តិ​ញ​ជា​សកម្មជន​សង្គម​ស៊ី​វិល​យើង​ ទៅ​លើ​កិច្ចការ​សាធារណៈ​ហើយ​បើរ​គំរៀម​ចង់រក​ចាប់​ព្រះ​កាយ​របស់​លោក​ អានេះ​គឺជា​ការ​បញ្ជូន​សារ​ទៅ​កាន់​សាធារណៈជន​ (​ដើម្បី​បំភ័យ​)​ ហើយ​ជា​រូបភាព​នៃ​ការ​គំរៀម​គំ​ហែង​ដែល​មិន​អាច​ប្រកែក​បាន​»​។​

​ក្នុង​ឋានៈ​ជា​សមាជិក​នៃ​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មាន​ថេរ​ដីការ​ធ្ងន់ៗ​ ករណី​ឃាតកម្ម​លើ​អ្នកវិភាគ​សង្គម​ ដែល​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០​កក្កដា​ ។​

ហើយ​ជាមួយ​គ្នា​នេះ​ ព្រះ​អង្គ​ដែល​ជា​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​  ព្រះ​អង្គ​តែងតែ​ចេញ​ព្រះ​ភ័​ក្រ​សម្ដែង​មតិ​នៅ​ទី​សាធារណៈ​ស្ទើរតែ​គ្រប់ពេល​ មិន​ថា​តែ​ការ​សម្ដែង​មតិ​ជុំវិញ​បញ្ហា​សង្គម​ប៉ុណ្ណោះ​ទេ​ គឺ​ ព្រះ​អង្គ​តែង​និមន្ត​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ផង​ដែរ​៕​

Share

Image
Image
Image