en     km
en     km

ពិព័រណ៍​រូបថត​ឆ្លុះ​បញ្ចាំង​ពី​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​របស់​សហគមន៍​

Share

cover-Photo-Expo-at-BVRC

ភ្នំពេញ៖  អង្គការ​អភិវឌ្ឍន៍​សំឡេង​សហគមន៍​ បាន​ដាក់​បង្ហាញ​រូបថត​ប្រមាណ​ ៥០​ សន្លឹក​ ដែល​សុទ្ធ​សឹង​ ជា​ស្នាដៃ​របស់​
ប្រជា​សហគមន៍​ ដែល​បាន​ចុះ​ទៅ​ផ្តិត​យក​ទិដ្ឋភាព​ និង​សកម្មភាព​មួយ​ចំនួន​ ដែល​កំពុង​បំផ្លិចបំផ្លាញ​ ធនធាន​ក្នុង​សហគមន៍​របស់​ពួក​គេ​។​ កម្មវិធី​ពិព័រណ៍​រូបថត​សហគមន៍​នេះ​ នឹង​ដាក់​បង្ហាញ​នៅ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា​ រាជធានី​ភ្នំពេញ​។​ ចាប់ពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥ ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​។​

​សហគមន៍​ព្រៃឈើ​ និង​សហគមន៍​នេសាទ​ មក​ពី​ ២០​ ខេត្ត​ ក្នុង​ប្រទេស​កម្ពុជា​ បាន​ដាក់​បង្ហាញ​រូបថត​ប្រមាណ ​៥០​ សន្លឹក​ ដែល​និយាយ​ពី​ទិដ្ឋភាព​ និង​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធាន​ក្នុង​សហគមន៍​របស់​ពួក​គេ​ ដើម្បី​ជា​ឆ្លុះ​បញ្ចាំង​ពី​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​របស់​សហគមន៍​ ។​

លោកស្រី ព្រី ផល្លីភួង
លោកស្រី ព្រី ផល្លីភួង

​រូបថត​ដែល​បង្ហាញ​ពី​សកម្មភាព​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ខុសច្បាប់​ រូបភាព​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ រូបភាព​គ្រោះ​ធម្មជាតិ​ ដែល​ប្រជា​សហគមន៍​កំពុង​ជួប​ប្រទះ​ និង​រូបភាព​មួយ​ចំនួន​ទៀត​ដែល​កំពុង​ដាក់​បង្ហាញ​នេះ​ តម្រូវ​ឱ្យ​អ្នក​ដែល​បាន​ចូល​ទស្សនា​ដាក់​ពិន្ទុ​ តាម​រយៈ​ការ​គាំទ្រ​រូប​ដែល​ខ្លួន​ចូល​ចិត្ត​។​ នេះ​ជា​ការ​គូសបញ្ជាក់​ពី​អ្នកស្រី​ ព្រី​ ផ​ល្លី​ភួង​ នាយ​ការ​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​សំឡេង​សហគមន៍​។​

​លោកស្រី​បន្ថែម​ថា​ តាម​រយៈ​ការ​ដាក់​តាំងពិព័រណ៍​រូបថត​នេះ​ គឺជា​ការ​បង្ហាញ​ពី​ក្តី​កង្វល់​របស់​ប្រជា​សហគមន៍​ ដែល​បាន​ផ្តិត​យក​សកម្មភាព​នានា​ ដែល​កំពុង​កើត​មាននៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​។​ ជាង​នេះ​ទៅ​ទៀត​អ្នកស្រី​ថា​ ការ​ដាក់​តាំង​រូប​នេះ​ ក៏​មាន​បំណង​ចង់ឱ្យ​ភាគី​ពាក់ព័ន្ធ​បានដឹង​ និង​ជួយ​ដោះស្រាយ​ដល់​ប្រជា​សហគមន៍​។​

​លោកស្រី​ ព្រី​ ផ​ល្លី​ភួង​៖​ «​ពិ​ព័រ​ណ៌​រូបថត​នេះ​ គឺជា​ឪ​កាស​មួយ​បង្ហាញ​លើក​ឡើង​ពី​បទ​ពិសោធ​ឬ​ក៏​កង្វល់​អ្វីមួយ​ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ​នៅ​តាម​តំបន់​ដែល​កំពុង​រស់នៅ​ផង​ដែរ​។​ ការ​លើក​ឡើង​នៅ​បញ្ហា​ទាំង​អស់នេះ​ គឺជា​រឿង​មួយ​ល្អ​ដែល​អាច​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​យល់​ដឹង​ និង​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ពួក​កាត់​»​។​

លោក សែម សទ្ធា
លោក សែម សទ្ធា

លោក​ សែ​ម​ សទ្ធា​ រស់នៅ​ភូមិ​អូរ​ឡង់​ ឃុំ​សៀម​បូក​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​ ដែល​បាន​ដាក់​រូបថត​ប្រកួតប្រជែង​ផង​នោះ​និយាយ​ថា​  លោក​បាន​ចុះ​ទៅ​ថតរូប​ភាព​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​ឡង់​របស់​ក្រុមហ៊ុន​មួយ​ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​។​

​លោក​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​ចាប់អារម្មណ៍​រូប​យក​រូប​ទាំងនោះ​ថា​ គឺ​ដោយសារ​តែ​សកម្មភាព​កាប់​ព្រៃឈើ​ពី​សំណាក់​ក្រុមហ៊ុន​ទាំងនោះ​ គឺ​កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​យ៉ាង​ខ្លាំង​ ព្រោះ​អនុ​ផល​ព្រៃឈើ​ដែល​ប្រជា​សហគមន៍​ធ្លាប់​អាស្រ័យ​ផល​ គឺ​បាន​បាត់បង់​ទាំងស្រុង​ ចំណែកឯ​សត្វព្រៃ​ក៏​បាត់បង់​ជម្រក​ផង​ដែរ​។​

​លោក​ សែ​ម​ សទ្ធា​៖​ «​ខ្ញុំ​គិត​ថា​រូប​ហ្នឹង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​រស់នៅ​ក្នុង​សហគមន៍​ ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ ដោយ​បាត់បង់​មុខ​របប​ដូច​ជា​ បាត់បង់​ជ័រទឹក​ដែល​ជា​មុខ​របប​សំខាន់​របស់​ពួក​គាត់​  មុខ​របប​បរបាញ់​សត្វ​ បោចវល្លិ​ រក​ឱសថ​បុរាណ​ និង​ថែម​ទាំង​បាត់បង់​ជំរក​សត្វ​ទៀត​ផង​»​។​

​សូម​បញ្ជាក់​ថា​ កម្មវិធី​តាំងពិព័រណ៍​រូបថត​ដែល​ជា​ស្នាដៃ​របស់​ប្រជា​សហគមន៍​នេះ​ គឺជា​លើក​ទី​ ៣​ ហើយ​ដែល​អង្គការ​អភិវឌ្ឍន៍​សំឡេង​សហគមន៍​បាន​រៀបចំ​។​ សម​ទ្ធិ​ផល​ដែល​ទទួល​បាន​ពី​ការ​រៀបចំ​ពិព័រណ៍​រូបថត​នេះ​ គឺ​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​ហ៊ាន​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​កំពុង​កើត​មាននៅ​ក្នុង​សហគមន៍​ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ការ​តស៊ូ​មតិ​ តាម​សន្តិវិធី​ក្នុង​សកម្មភាព​ការងារ​នោះ​៕

2.-Photo-Expo-at-BVRC

Share

Image
Image
Image