en     km
en     km

ពលរដ្ឋ ៧៥នាក់ ស្រុកចិត្របុរី ពុលនំបុ័ង ខណៈពុលទឹកថ្មីៗនេះសម្លាប់មនុស្ស១៤នាក់

Share

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋជាង ៧៥ នាក់ ក្នុងមានស្រ្ដី ៣៩នាក់ និងកុមារ ៥៥នាក់ មានអាការៈពុល ក្អួត ចង្អោរ ដោយសារនំបុ័ង ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពខេត្តក្រចេះ ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ បានឱ្យដឹងថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ហើយកើតឡើងនៅចំណុចត្រពាំងត្រាំង ភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី២៦ ខែឧសភា ២០១៨នេះដដែលបានឱ្យដឹងបន្ដថា កាលពីថ្ងៃកើតហេតុ មានក្រុមហ៊ុនរបស់កូរ៉េទទួលទិញដំឡូងមីបានទៅផ្សព្វផ្សាយនៅតំបន់នោះ និងទិញនំបុ័ងទៅចែកជូនប្រជាពលរដ្ឋ។ រហូតដល់ពេលល្ងាចស្រាប់តែមានអាការៈពុល ក្អួតចង្អោរតែម្ដង។ ប្រភពដដែលបន្ដថា តាមការសាកសួរគឺបណ្ដាលមកពីហូបនំបុ័ង។

ជុំវិញរឿងនេះដែរ លោក ច្រឹង ផល្លី ស្នងការរងខេត្តក្រចេះ បានឱ្យវិទ្យុស្រ្ដីដឹងថា ករណីខាងលើនេះមានការឡើងពិតមែន ។ តែលោកបញ្ជាក់ថា ពលរដ្ឋដែលពុលនំប័ុងនេះ បានត្រឡប់ទៅផ្ទះវិញខ្លះហើយ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចបញ្ចូនទៅមន្ទីរពេទ្យបង្អែក។

លោក ច្រឹង ផល្លី៖

សូមរម្លឹកដែរថា ហេតុការណ៍ពុលនំបុ័ងកើតលើមនុស្ស ៧៥នាក់ខាលើ គឺបានកើតឡើង ខណៈដែលមានហេតុការណ៍ពុលទឹកព្រែកបានកើតឡើងនៅស្រុកចិត្របុរីខេត្តក្រចេះកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៨ បណ្ដាលឲ្យមានអ្នកស្លាប់កើនរហូត ១៤នាក់ និងប្រមាណ ៣០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ដោយឡែក ករណីនេះ កាលពីថ្ងៃទី ២៤ ខែឧសភា រដ្ឋមន្រ្ដីក្រសួងចំនួន ០៣ បានចេញសេចក្ដីប្រកាសព័ត៌មានរួមមួយ ដោយអះអាងថា ករណីពលរដ្ឋពុលទឹកស្លាប់ខាងលើ បណ្ដាលមកពីស្រាស ដែលប្រជាពលរដ្ឋក្នុងខេត្ដនេះ បានលាយសាធារតុមេតាណុលកម្រិតខ្ពស់៕

 

 

Share

Image
Image
Image