en     km
en     km

ពលរដ្ឋ​នៅ​ភ្នំពេញ​មួយ​ចំនួន​ចង់ទៅ​លេង​ស្រុក​កំណើត​ជា​ជាង​ទៅ​លេងតំបន់​ផ្សេង​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​

Share

ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែមេសា ខាងមុខនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងចាប់ផ្តើម។ ស្របពេលជាមួយគ្នានេះ ពលរដ្ឋនៅរាជធានីភ្នំពេញមួយចំនួនមានផែនការរួចហើយ។ នោះគឺពួកគាត់នឹងទៅលេងស្រុកកំណើត ជាជាងទៅដំណើរកំសាន្ដនៅកន្លែងផ្សេង។ ជាបន្ដសូមអញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំឡើងដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖

khmer-new-year

នៅសល់ប្រាំបួនថ្ងៃទៀតប៉ុណ្ណោះគឺនៅថ្ងៃទី១៤ខែមេសា ពិធីចូលឆ្នាំប្រពៃណីខ្មែរនឹងមកដល់។ ក្នុងផ្នត់គំនិតពលរដ្ឋខ្មែរភាគច្រើន ក្នុងឱកាសគឺជាពេលវេលាដែលពួកគេត្រូវទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើតមុននឹងចាប់ផ្តើមធ្វើដំណើរកំសាន្តទៅទីកន្លែងផ្សេងៗ។

នៅផ្សារ ៧មករា ខណ្ឌទួលគោក អ្នកស្រី ម៉ា លីស កំពុងអង្គុយលក់អង្ករហាក់ ដូចជា ចាប់ផ្តើមរាប់ថយក្រោយសំរាប់រង់ចាំអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ សំរាប់ អ្នកស្រី ម៉ាលីស ការជួបជុំសមាជិកគ្រួសារ និងឱពុកម្តាយ គឺជាកាតព្វកិច្ចមួយក្នុងឱកាសចូលឆ្នាំខ្មែរនេះ។

អ្នកស្រី ម៉ា លីស៖«ទៅលេងប៉ា ម៉ាក់ យកចង្ហាន់ទៅប្រគេនលោក មួយឆ្នាំមានម្ដង »។

អ្នកស្រី ម៉ាលីស មានស្រុកកំណើតនៅស្រុកគីរីវង្ស ខេត្តតាកែវ ភាគខាងត្បូងរាជធានីភ្នំពេញ។

ប្រទេសកម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំសំរាប់រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ១៦ ខែមេសា ។ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺជាថ្ងៃឈប់សំរាកសំរាប់បុគ្គលិករដ្ឋ និងបុគ្គលិកក្រុមហ៊ុនឯកជននានា ។ ប៉ុន្តែ ដោយសារការឈប់សំរាកនៃពិធីបុណ្យចូលឆ្នាំនៅថ្ងៃទី៣ ចំថ្ងៃអាទិត្យ ដូច្នេះរាជរដ្ឋាភិបាលបានសំរេចឲ្យមានការឈប់សំរាកជាផ្លូវការមួយថ្ងៃទៀតគឺនៅថ្ងៃចន្ទ ទី១៧ ខែមេសា។

ឱកាសនៃការឈប់សំរាកមិនដូចគ្នាទេសំរាប់អ្នកជំនួញផ្សេងទៀត។

លោក ហៃ ម៉េង អ្នកបើកបររថយន្តឈ្នួលចល័ត រំពឹងថា លោកនឹងទទួលបានអតិថិជនច្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលជាហេតុធ្វើឲ្យគាត់ពិបាកនឹងឆ្លៀតពេលសំរាប់ទៅលេងស្រុកកំណើតនៅឯខេត្តព្រៃវែង។

«ថ្ងៃចូលឆ្នាំរវល់ដឹកអ្នកដំណើរដែរ ប៉ុន្ដែប្រហែលទៅ(ស្រុកកំណើត) មុនចូលឆ្នាំ »។

អ្នកបើករថយន្តឈ្នួលវ័យកណ្តាលរូបនេះ មិនមានគម្រោងធ្វើដំណើរកំសាន្តនៅទីណាមួយនោះឡើយ ក្រៅពីប្រាថ្នាចង់ទៅលេងស្រុកកំណើតនោះ ។

លោក ហៃ ម៉េង ៖«មានអារម្មណ៍សប្បាយរីករាយ ស្រស់ថ្លា ដែលបានជួបជុំក្រុមគ្រួសារឱពុកម្ដាយទីមួយយើងអត់បានទៅដល់ពេលទៅសប្បាយរីករាយ ហើយបានជូនលុយកជូនកាក់គាត់ខ្លះ »។

និស្សិតសកលវិទ្យាល័យបៀលប្រាយ កញ្ញា មករា ហាក់ដូចជា មានផែនការច្បាស់លាស់មួយ  ដើម្បីអាចដើរកំសាន្តបានផង និងអាចទៅជួបជុំក្រុមគ្រួសារសាច់ញាតិផង ។ កញ្ញា មករា ត្រូវចំណាយពេលដើរកំសាន្ត រយៈបីថ្ងៃ មុននឹងត្រឡប់ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។

កញ្ញា មករា៖ «ខ្ញុំ ទៅសៀមរាបបីថ្ងៃ ទៅមុនចូលឆ្នាំ ថ្ងៃ១០ ថ្ងៃ១៣មកវិញ »។

មានប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានធ្វើដំណើរកំសាន្តផ្ទៃក្នុង និងពលរដ្ឋរាប់ពាន់នាក់ទៀតធ្វើដំណើរទៅកំសាន្តនៅក្រៅប្រទេសជារៀងរាល់ឆ្នាំ។

khmer-new-year-02

នៅពីមុខរោងកុនលុច្ស លោក ប៉ែន ប៊ុនថា កំពុងឈររង់ចាំដឹកអ្នកដំណើរ។ អ្នករត់រម៉ូតូឌុបរូបនេះ នឹងចំណាយពេលចំនួនបីថ្ងៃនៅស្រុកកំណើត នៅឯស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ប៉ែន ប៊ុនថា ៖ «ទៅលេងនឹងប្រហែលជារយៈពេល ៣ថ្ងៃ ប្រហែលជាថ្ងៃទីបួន(ថ្ងៃទី១៧ មេសា) មកវិញ»។

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាឱកាសចាយលុយរបស់ប្រជាពលរដ្ឋកម្ពុជា ។ ហេតុនេះហើយ ទំនិញនានា ថ្លៃសេវាដឹកជញ្ជូននិងផ្នែកសេវាកម្មផ្សេងៗ ដូចជា ផ្ទះសំណាក់ និងសណ្ឋាគារជាដើមតែងតែតម្លើងថ្លៃ ។ រដ្ឋាភិបាលបានអំពាវនាវជារៀងរាល់ឆ្នាំកុំឲ្យក្រុមឈ្មួញតម្លើងថ្លៃទំនិញ និងថ្លៃសេវាកម្ម។ ប៉ុន្តែការអំពាវនាវទាំងនោះមិនមានប្រសិទ្ធិភាពនោះទេ ៕

 

Share

Image
Image
Image