en     km
en     km

ពលរដ្ឋ​ខ្មែរ​ ១១​នាក់​ ត្រូវ​បាន​នាំ​មក​កាន់​កម្ពុជា​វិញ​ និង​៥​នាក់​កំពុង​រៀបចំ​ឯកសារ​

Share

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ១១​នាក់​ ត្រូវ​បាន​ស្ថាន​ឯកអគ្គរាជទូត​ និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​នៅ​ក្រៅប្រទេស​ អន្ដរាគមន៍​ ឲ្យ​បាន​វិល​មក​កម្ពុជា​វិញ​ និង​ពលរដ្ឋ​ចំនួន​ ០៥​នាក់​ផ្សេង​ទៀត​ កំពុង​រៀបចំ​ឯកសារ​ដើម្បី​ឲ្យ​បាន​មក​ដល់​កម្ពុជា​ នៅ​ដើម​ខែមេសា​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​នេះ​។

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ ពលរដ្ឋ​ខ្មែរ​សរុប​ទាំង​ ១៦​នាក់​នេះ​ គឺ​ស្ថិត​ក្នុង​ប្រទេស​ចំនួន​ ០៣​។​ ប្រទេស​ម៉ា​ឡេ​ស៊ី​ រដ្ឋ​កូ​វ៉ែត​ និង​ទីក្រុង​សៀង​ហៃ​ ប្រទេស​ចិន​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​អន្ដរាគមន៍​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ចំនួន​ ១០​នាក់​ មាន​ស្ដ្រី​ ០៣​នាក់​ ដែល​បាន​លួច​ចូល​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​នេះ​ ឲ្យ​បាន​វិល​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៨​។​ រំលង​បាន​មួយ​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋ​កូ​វ៉ែត​ បាន​អន្ដរាគមន៍​ជួយ​ដល់​ស្ដ្រី​ខ្មែរ​ម្នាក់​ អាយុ​ ២៨​ឆ្នាំ​ ដែល​កំពុង​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ អា​រ៉ា​ប៊ី​សា​អូឌីត​ ឲ្យ​បាន​វិល​មក​កម្ពុជា​វិញ​ ក្រោយ​ពី​នារី​ម្នាក់​នោះ​ មានធុរៈ​ចាំបាច់​ក្នុង​គ្រួសារ​។​

​បន្ថែម​ពី​នេះ​ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ទីក្រុង​សៀង​ហៃ​ ប្រទេស​ចិន​ បាន​អន្ដរាគមន៍​ជួយ​ដល់​ស្ដ្រី​ខ្មែរ​ចំនួន​ ០៥​នាក់​ ដែល​ត្រូវ​បាន​មេខ្យល់​បោក​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ ដើម្បី​ឲ្យ​បាន​វិល​មក​កម្ពុជា​វិញ​នៅ​ដើម​ ខែមេសា​ ខាង​មុខ​។​ ស្ដ្រី​ទាំង​ ០៥​នាក់​ មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ចាម​ ខេត្ដ​ត្បូងឃ្មុំ​ និង​ខេត្ដកណ្ដាល​។​ នៅ​ពេល​នេះ​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ បាន​ផ្ដល់​កន្លែង​ស្នាក់​នៅ​ សម្រាប់​ពួក​គេ​ រង់ចាំ​ការ​ធ្វើ​មាតុភូមិនិវត្ដន៍​៕

Share

Image
Image
Image