en     km
en     km

ពលរដ្ឋ​កម្ពុជា​ជំពាក់​បំណុល​តិច​ជាង​​​ពលរដ្ឋនៃ​ប្រទេសក្នុងតំបន់

Share

ភ្នំពេញ៖ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗជំពាក់បំណុលបរទេសជិត៤០០ដុល្លារអាមេរិក។ បំណុលនេះគឺជាបំណុលដែល រដ្ឋាភិបាលខ្ចីពីបណ្តាប្រទេសនានាសំរាប់យកមកកសាងហេដ្ឋារចនាសម្ពន្ធ័ដូចជាផ្លូវថ្នល់ ស្ពានឬគ្រឺះស្ថានអប់រំជាដើម។ អ្នកជំនាញសេដ្ឋកិច្ចពន្យល់ថាបំណុលនេះមិនទាន់ធ្ងន់ធ្ងរនៅឡើយ។

កសិករនៅឃុំព្រែកពូ ខេត្តកំពុងចាម កំពុងជួសជុលត្រាក់ទ័រ។ រូបភាព៖ គង់ សុឋានរិទ្ធ
កសិករនៅឃុំព្រែកពោធិ៍ ខេត្តកំពង់ចាម កំពុងជួសជុលត្រាក់ទ័រ។ រូបភាព៖ គង់ សុឋានរិទ្ធ

បើធៀបទៅនឹងប្រជាពលរដ្ឋនៃប្រទេសអ្នកមាននិងប្រទេសនៅក្នុងតំបន់ ប្រជាពលរដ្ឋកម្ពុជាជំពាក់បំណុលបរទេសតិច ជាងគេ។

ផ្អែកតាមឯកសារដែលដាក់បង្ហាញក្នុងវេទិកាលើកទី៧ស្តីពី«ការគ្រប់គ្រងបំណុលសាធារណៈតំបន់អាស៊ីឆ្នាំ២០១៧» ឬ បំណុលដែលរដ្ឋាភិបាលកម្ពុជាខ្ចីពីបរទេសដើម្បីយកមកអភិវឌ្ឍន៍ក្នុងក្រុងសៀមរាបដែលរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមូលនិធិរូបិយវត្ថុអន្តរជាតិ វេទិកាដែលត្រូវបិទបញ្ចប់នៅថ្ងៃព្រហស្បត្តិ៍នេះ ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗជំពាក់ បំណុលសាធារណៈឬបំណុលបរទេសចំនួន ៣៧៥ ដុល្លារអាមេរិកនៅខណៈដែលពលរដ្ឋនៃប្រទេសឡាវម្នាក់ៗ ជំពាក់ បំណុលបរទេសចំនួន ១១៤៣ ដុល្លារ និងប្រជាពលរដ្ឋវៀតណាមជាប់បំណុលបរទេសចំនួន ១២៣៨ ដុល្លារអាមេរិកក្នុង ម្នាក់ៗ។

តួលេខបំណុលរបស់ប្រជាពលរដ្ឋនៃប្រទេសឥណ្ឌូចិនទាំងបីនៅមានកម្រិតទាបជាងបំណុលរបស់ប្រជាពលរដ្ឋថៃ។ ពលរដ្ឋ ថៃម្នាក់ៗស្ពាយបំណុលបរទេសចំនួន ២៤៧៥ ដុល្លារ។

ប៉ុន្តែបើប្រៀបធៀបនឹងប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ហៅកាត់ថាអាស៊ានចំនួនប្រាំប្រទេស រួមមានកម្ពុជា វៀតណាម ឡាវ ថៃ និងប្រទេសសិង្ហបុរី  ពលរដ្ឋនៃប្រទេសចុងក្រោយនេះជាប់បំណុលបរទេសច្រើនជាងគេ។ ក្នុងពលរដ្ឋ សិង្ហបុរីម្នាក់ជំពាក់បំណុលបរទេសឬបំណុលសាធារណៈរហូតដល់៥ម៉ឺន១៩៥៧ដុល្លារ ឬស្មើនឹង៩៨ភាគរយនៃផលិតផល ដុលសរុប(GDP)របស់ប្រទេសសិង្ហបុរី។

ដោយឡែកបំណុលរបស់ពលរដ្ឋកម្ពុជាមានត្រឹមតែ៣១ភាគរយនៃGDP នៅពេលដែលបំណុលនៃប្រជាពលរដ្ឋវៀតណាម ស្មើនឹង៥៩ភាគរយនៃ GDP បំណុលនៃប្រជាពលរដ្ឋឡាវស្មើនឹង៦៤ភាគរយនៃGDP។

ថ្វីបើប្រជាពលរដ្ឋថៃជំពាក់បំណុលបរទេសរហូតដល់២៤៧៥ ដុល្លារអាមេរិក ប៉ុន្តែបំណុលនេះមានទំហំស្មើនឹង ៤៣ ភាគរយ នៃផលិតផលដុលសរុបរបស់ប្រទេសនេះតែប៉ុណ្ណោះ គឺនៅមានកម្រិតទាបជាងប្រទេសឡាវ និងវៀតណាមបើធៀបនឹង កម្រិតនៃGDP។

ប្រទេសជប៉ុនដែលជាប្រទេសមហាយក្សសេដ្ឋកិច្ចលំដាប់លេខ៣ក្នុងពិភពលោកនិងជាមហាអំណាចសេដ្ឋកិច្ចធំទី២បន្ទាប់ពីប្រទេសចិនក្នុងតំបន់អាស៊ី ប្រទេសនេះមានប្រជាពលរដ្ឋម្នាក់ជំពាក់បំណុលបរទេសរហូតដល់៨ម៉ឺន៥៨៤ដុល្លារអាមេរិក ឬស្មើនឹង២៤៨ភាគរយនៃGDP។

ដោយឡែកសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១របស់ពិភពលោកជំពាក់បំណុលបរទេសរបស់ប្រជាពលរដ្ឋអាមេរិកម្នាក់ៗ បានកើនដល់៥ម៉ឺន៩០៥៤ដុល្លារ។ បំណុលនេះស្មើនឹង១០៦ភាគរយនៃGDP។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតមកត្រឹមឆ្នាំ២០១៥ ប្រទេសកម្ពុជាជំពាក់បំណុលបរទេសសរុប ៩៣០០ លាន ដុល្លារអាមេរិក។ ក្នុងនោះរដ្ឋាភិបាលជំពាក់បំណុលបរទេសជាង ៥ ពាន់លានដុល្លារ និងបំណុលវិស័យឯកជនជំពាក់ បរទេសចំនួន ៤ ពាន់លានដុល្លារ។

លោក គី សេរីវឌ្ឍន៍ បណ្ឌិតផ្នែកសេដ្ឋកិច្ច និងមន្រ្តីស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា ពន្យល់ថា បំណុលបរទេសសំរាប់ ពលរដ្ឋកម្ពុជាម្នាក់ៗចំនួន ៣៧៥ ដុល្លារនោះមិនទាន់ជាហានិភ័យនៅឡើយទេ ដោយសារចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋ កម្ពុជាគិតជាមធ្យមប្រមាណ១០០០ដុល្លារក្នុងម្នាក់ៗ។ ដូច្នេះបំណុលរបស់ពលរដ្ឋកម្ពុជាស្មើនឹង ៣០ ភាគរយនៃប្រាក់ ចំណូលសរុបប្រចាំឆ្នាំតែប៉ុណ្ណោះ។

លោក គី សេរីវឌ្ឍន៍៖

លោក គី សេរីវឌ្ឍន៍ ជឿថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗនៅតែបន្តផ្តល់កម្ចីដល់កម្ពុជាដោយសារកម្ពុជាបានងើបផុតពី ប្រទេសកំពុងអភិវឌ្ឍន៍និង កា្លយជាប្រទេសមានចំណូលមធ្យមកំរិតទាប។

ជាមួយគ្នានេះ លោក ឃី វណ្ណដេត ប្រធានគណៈកម្មាធិការទី២ ទទួលបន្ទុកសេដ្ឋកិច្ច សវនកម្ម និងធនាគារ មកពីគណបក្ស សង្រ្គោះជាតិ និងយល់ស្របជាមួយនឹងការបកស្រាយរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។

លោក ឃី វណ្ណដេត៖

ប៉ុន្តែយ៉ាងណាក៏ដោយតំណាងរាស្ត្រគណបក្សប្រឆាំងដដែល យល់ថាបំណុលដែលរដ្ឋាភិបាលកម្ពុជាខ្ចីពីបរទេសមួយ ចំនួនប្រើមិនចំគោលដៅនោះទេ៕

Share

Image
Image
Image