en     km
en     km

ពលរដ្ឋព្រលានយន្តហោះថ្មី៩នាក់ត្រូវដោះលែងខណៈអ្នករត់គេចខ្លួនមិនទាន់ហ៊ានត្រឡប់ចូលផ្ទះ

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីចំនួន ៩នាក់ត្រូវបានដោះលែងមកវិញហើយ ប៉ុន្តែពលរដ្ឋដែលរត់គេចខ្លួនជាង ១០ នាក់ផ្សេងទៀតមិនទាន់ហ៊ានត្រឡប់ចូលផ្ទះវិញនៅឡើយទេ។ អាជ្ញាធរស្នើឱ្យអ្នករត់គេចខ្លួន គប្បីត្រឡប់មកវិញចូលខ្លួនបំភ្លឺព័ត៌មានជុំវិញព្រឹត្តិការណ៍ហិង្សានោះ ដើម្បីឈានទៅរកដំណោះស្រាយសមរម្យណាមួយ។ យ៉ាងណាសង្គមស៊ីវិលតាមដានរឿងនេះយល់ថា អាជ្ញាធរគួរបញ្ចប់រឿងត្រឹមនេះ ហើយងាកមកបន្តរកដំណោះស្រាយសមរម្យជូនពលរដ្ឋទើបជាការប្រសើរ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីចំនួន ៩ នាក់ត្រូវបានដោះលែងមកវិញហើយកាលពីថ្ងៃទី២០ ខែកញ្ញាម្សិលមិញ។ នេះជាការបញ្ជាក់ពីអ្នកស្រី ឃឹម ម៉ាលី ជាប្អូនស្រីបង្កើតអ្នកដែលត្រូវបានដោះលែងម្នាក់ក្នុងចំណោម ៩ នាក់នោះ។

អ្នកស្រីបន្តថា មុនពេលដោះលែងពលរដ្ឋទាំង ៩ រូបនោះ ត្រូវបានធ្វើកិច្ចសន្យាជាមួយមន្រ្តីសាលាស្រុកកណ្តាលស្ទឹង ដោយសន្យាត្រូវចូលរួមក្នុងកិច្ចអភិវឌ្ឍន៍និងបញ្ឈប់ការតវ៉ាហិង្សាជាមួយអាជ្ញាធរ។ ដោយឡែកការធ្វើកិច្ចសន្យាដោះដូរដី និងលក់ដីក្នុងតម្លៃ ៨ ដុល្លារជាថ្នូរនឹងការដោះលែង គឺបានធ្វើឡើងតាំងពីថ្ងៃឃាត់ខ្លួនដំបូងនៅស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១២ ខែកញ្ញាម្ល៉េះ។

អ្នកស្រី ឃឹម ម៉ាលី ដែលកំពុងគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចបានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២១ ខែកញ្ញានេះថា អ្នកស្រីគ្រងត្រឡប់ទៅផ្ទះវិញ​បន្ទាប់ពីមានដំណឹងដោះលែងអ្នកទាំង ៩ នាក់នេះ។ តែយ៉ាងណាអ្នកស្រីហាក់នៅរុញរាដោយរង់ចាំស្ថានភាពធូរស្រាលជាងនេះបន្តិច ទើបហ៊ានត្រឡប់ទៅផ្ទះវិញព្រោះត្រូវមើលថែរក្សាកូនៗនិងផ្ទះសម្បែង។

យ៉ាងណាអ្នកស្រី ឃឹម​ ម៉ាលី ដែលកំពុងគេចខ្លួនទាំងប្តីប្រពន្ធបន្ថែមថា រហូតមកទល់ពេលនេះមានពលរដ្ឋចំនួនជាង ១០នាក់ទៀតនៅបន្តគេចខ្លួន ខណៈសមត្ថកិច្ចតែងតែមកស៊ើបសួរដំណឹងរ​បស់អ្នកស្រីពីកូនៗរបស់អ្នកស្រី។ អ្នកស្រីបញ្ជាក់ជំហរថា ទោះបីមានការចាប់ខ្លួនពេលត្រឡប់ទៅផ្ទះក៏អ្នកស្រីមិនយល់ព្រមទទួលគោលការណ៍សំណងចំនួន ៨ ដុល្លារនិងការដោះដូរដីនោះដែរ។

អ្នកស្រី ឃឹម​ ម៉ាលី៖«ប្រាប់ប្តីខ្ញុំដែរថា បើគេចាប់ ចាប់ទៅ រឿងឱ្យធ្វើកិច្ចសន្យាប្តូរដីលក់ដីឱ្យខ្ញុំចេញ ខ្ញុំអត់ទេ ខ្ញុំសុខចិត្តវេទនានៅក្នុងគុកម្នាក់ខ្ញុំបានហើយ កុំឱ្យកូនខ្ញុំវេទនាទៀត។ ចុះខ្ញុំធ្វើកិច្ចសន្យាលក់ដីក្នុងតម្លៃ ៨ ដុល្លារ ចុះសួរថាកូនខ្ញុំវាស៊ីអីគេ?។ចឹងខ្ញុំថា! ចឹងមិនបាច់ទេ ទោះបីគាត់[អាជ្ញាធរ]ឈូសដីរបស់ខ្ញុំយកក៏ដោយតែប្លង់នៅខ្ញុំ ចឹងបើជីវិតខ្ញុំនៅទោះយន្តហោះហ្នឹងចុះក៏ខ្ញុំនាំបងប្អូនខ្ញុំមកស្រែនៅមុខព្រលានយន្តហោះនេះ ប្លន់ដីប្រជាជនមកធ្វើ»។

នេះជាទិដ្ឋភាពនៃការតវ៉ារបស់ក្រុមប្រជាពលរដ្ឋសុំទៅមើលដីស្រែ តែសមត្ថកិច្ចរារាំង។រូបភាពពីហ្វេសប៊ុកពលរដ្ឋមានជម្លោះ។

 

ទាក់ទងរឿងតាមចាប់ខ្លួនអ្នកកំពុងរត់គេចខ្លួននេះ លោក ឈឿន សុចិត្រ ស្នងការខេត្តកណ្តាលបដិសេធមិនឆ្លើយសំនួរនេះជាមួយវិទ្យុស្រ្តី ដោយបង្វែរសំនួរទៅសួរខាងសាលាខេត្តនិងតុលាការខេត្តកណ្តាលវិញ។

លោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យសាលាខេត្តកណ្តាលប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា ​ប្រជាពលរដ្ឋដែលរត់គេចខ្លួន គប្បីចូលខ្លួនមកបំភ្លឺនៅជាមួយអាជ្ញាធរ ដើម្បីបានដឹងពីមូលហេតុដែលពួកគេចូលរួមធ្វើតវ៉ាឈានដល់ការប្រើហិង្សាបែបនេះ។ លោកឱ្យដឹងទៀតថា អាជ្ញាធរនៅតែបន្តកិច្ចការស្វែងរកពួកគេដើម្បីនាំមកសាកសួរ ដែលអាចវាយតម្លៃឈានទៅធ្វើកិច្ចសន្យាកែប្រែ ឬក៏ត្រូវចោទប្រកាន់បន្ត។

លោក គ្រុយ ម៉ាឡែន៖«ពលរដ្ឋគួរចូលខ្លួនដើម្បីឱ្យអាជ្ញាធរយើង ពិនិត្យមើលស្ថានភាពរបស់គាត់ តើគាត់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ហ្នឹងយ៉ាងដូចម្ត៉េច តើមានដីទំនាស់នៅទីហ្នឹងឬអត់។ បើសិនជាគាត់ជាប្រជាពលរដ្ឋមានដីពិតប្រាដកមែន​ គាត់គួរចូលខ្លួនមកជួបនឹងអាជ្ញាធរដើម្បីដោះស្រាយ។ គាត់មិនត្រូវធ្វើអីខុសពីច្បាប់ ហើយក៏មិនត្រូវរត់គេចខ្លួនសមត្ថកិច្ច។ ដោយសារគាត់មានដីជាក់ស្តែងគាត់គួរតែនៅបន្តជជែកចរចា ឬក៏រកផ្លូវណាមួយស្របច្បាប់ដើម្បីដោះស្រាយ»។

ទាក់ទងក្នុងរឿងនេះដែរ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត និយាយថា សម្រាប់ពលរដ្ឋ ៩ នាក់ដែលត្រូវបានដោះលែង គឺពួកគេស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដដែរ ដែលនេះជាការដាក់សម្ភាធមួយឱ្យពលរដ្ឋមានការភ័យខ្លាច។ ដោយឡែកសម្រាប់ពលរដ្ឋដែលរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច លោក សូផាត យល់ថា អាជ្ញាធរគួរបញ្ចប់រឿងរ៉ាវត្រឹមនេះ ហើយឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋបន្តទៀត ដោយងាកមករកវិធីសាស្ត្រ ដោះស្រាយជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេទទួលបានតម្លាភាព និងភាពយុត្តិធម៌ដែលជាតួនាទីរបស់អាជ្ញាធរត្រូវធ្វើ។

លោក វណ្ណ សូផាត៖«ត្បិតតែគាត់មានសេរីភាពឡើងវិញ ប៉ុន្តែមិនមែនជាសេរីភាពពេញលេញតែម្តងទេ គឺគាត់ស្ថិតនៅក្រោមការភ័យខ្លាចនៃការចាប់ខ្លួនបន្តទៀត គាត់អត់ហ៊ានធ្វើអីតែតាមលក្ខខ័ណ្ឌរបស់តុលាការដែលបានដាក់មកនោះទេ។ហើយទី២ អ្នកដែលរត់គេចខ្លួននឹងគួរតែអាជ្ញាធរហ្នឹងបញ្ចេញសារមួយដែលអាចទុកចិត្តឱ្យពួកគាត់ត្រឡប់ជួបជុំគ្រួសារបងប្អូនវិញ ហើយប្រកបមុខរបរចិញ្ចឹមគ្រួសារ»។

កាលពីថ្ងៃទី ១២ ខែកញ្ញា ប្រជាពលរដ្ឋភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណ ១០០នាក់បានប៉ះទង្គិចជាមួយសមត្ថកិច្ចប្រដាប់ដោយខែលនិងដំបងរាប់រយនាក់ ​ដែលដាក់ប៉ាស់យាមកាមមិនឱ្យពលរដ្ឋចូលមើលដីស្រែដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន OCIC របស់ឧញ៉ា ពុង ឃាវសែ។

ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាកាលណ្ណោះ សមត្ថកិច្ចបានឃាត់ខ្លួនពលរដ្ឋចំនួន ៣០នាក់ភ្លាមៗបញ្ជូនទៅស្នងការខេត្តកណ្តាល។ តែក្រោយមកបានដោះលែងវិញចំនួន ២១នាក់ និង ៩នាក់ត្រូវបញ្ជូនទៅតុលាការ។ តុលាការខេត្តកណ្តាលសម្រេចចោទប្រកាន់អ្នកទាំង ៩ នាក់នោះពីបទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។

ជម្លោះរវាងពលរដ្ឋព្រលានយន្តហោះថ្មីនិងក្រុមហ៊ុន OCIC នេះបានអូសបន្លាយរយៈជាង ៣ ឆ្នាំមកហើយ។ ខាងប្រជាពលរដ្ឋនៅតែប្រកាន់ជំហរមិនព្រមទទួលគោលការណ៍សំណងចំនួន ៨ ដុល្លារក្នុងដីមួយម៉ែត្រការ៉េដែលដាក់ចេញដោយក្រុមហ៊ុននិងអាជ្ញាធរនោះទេ ខណៈពលរដ្ឋអះអាងថាដីនៅទីនោះហក់ឡើងជាង ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

Share

Image
Image
Image