en     km
en     km

ពលរដ្ឋពីរគ្រួសារចោទអាជ្ញាធរខណ្ឌឬស្សីកែវថាបានរុះរើផ្ទះដោយគ្មានសំណងសមរម្យ

Share

នៅ​ព្រឹក​​ថ្ងៃ​​សុក្រ​ទី​១២​ ខែ​មិថុនា​នេះ​ អាជ្ញា​ធរ​ខណ្ឌ​ឬស្សីកែវ​ ដឹកនាំ​ដោយ​លោក​ ខុយ​ សុខខន​ អភិបាល​ខ័ណ្ឌ​ឬស្សី​កែវ​ បាន​ចុះ​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង​ ​​ស្ថិត​នៅ​ភូមិ​ទួល​សង្កែ​ សង្កាត់​​​ទួល​សង្កែ​ ខណ្ឌ​ឬស្សី​កែវ​ ក្រោយ​ពី​ប្រជាពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​។ ចំណែក​ប្រជាពលរដ្ឋ​​អះអាង​ថា​ ​ការ​ផ្តល់​សំណង​គឺ​មិន​សមរម្យ​ និង​មិន​ស្នើ​ភាព​គ្នា​។

ផ្ទះ​៤​ខ្នង​ ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​លូ​ បង្ហូរ​ទឹក​ស្អុយ​ ត្រូវ​បាន​អាជ្ញា​ធរ​ចុះ​ធ្វើ​ការ​រុះ​រើ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​​ ហើយ​ក្នុង​ចំណោម​ផ្ទះ​ទាំង​​នោះ​ មាន​ផ្ទះ​២​ខ្នង​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ ដោយ​ទទួល​បាន​សំណង​ចំនួន​ ២​ពាន់​ដុល្លារ​ក្នុង​មួយ​ខ្នង​។ ចំណែក​ផ្ទះ​២​ខ្នង​ទៀត​ មិន​ត្រូវ​បា​នផ្តល់​សំណង​នោះ​ទេ​ ដោយ​សារ​តែ​ពួក​គេ​មិន​ព្រម​ទទួល​យក​ ព្រោះ​សំណង​នោះ​មិន​សមរម្យ​។

អ្នកស្រី វីន វណ្ណារី កំពុងផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៍មាន បន្ទាប់ពីផ្ទះរបស់គាត់ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវរុះរើនៅព្រឹកថ្ងៃសុក្រនេះ - រូបភាព៖ ច្រឹក ស្រីអូន
អ្នកស្រី វីន វណ្ណារី កំពុងផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៍មាន បន្ទាប់ពីផ្ទះរបស់គាត់ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវរុះរើនៅព្រឹកថ្ងៃសុក្រនេះ – រូបភាព៖ ច្រឹក ស្រីអូន

អ្នក​ស្រី​ អ៊ុន​ ហូវ​ អាយុ​៦៥​ឆ្នាំ​ ជា​ម្ចាស់​ផ្ទះ​ដែល​មិន​ព្រម​ទទួល​សំណ​ង​ពី​អា​ជ្ញារ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​អ្នក​ស្រី​មិន​ព្រម​ទទួល​យក​សំណង​ដែល​អាជ្ញាធ​រ​ផ្តល់​ឱ្យ​នោះ​ទេ​ ព្រោះ​ប្រាក់​សំណង​នេះ​ មិន​ស្នើ​ភាព​គ្នា​។ «ខ្ញុំ​មិន​ព្រម​ទទួល​យ​ក គេ​ក៏​នាំ​កម្លាំង​មក​រុះ​រើរ​ផ្ទះ​របស់​ខ្ញុំ​ ហើយ​សុំ​សម្រប​សម្រួល​ ប៉ុន្តែ​គេ​ថា​ហួស​ពេល​ហើយ​មាន​តែ​ចាប់​ដាក់​គុក​…។ គេ​ធ្វើ​អំ​ពើ​ហឹង្សា​ដល់​ថ្នាក់​ហ្នឹង​ សូម​សម្តេច​ ហ៊ុន​ សែន​ជួយ​មើល​ខុស​ត្រូវ​ផង​ បើ​គេ​ធ្វើ​បែប​នេះ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​យ៉ាង​ដូច​ម្តេច​ទៅ​..?»។ អ្នក​ស្រី​បន្ត​ថា ​ផ្ទះ​របស់​អ្នក​ស្រី​​​ប៉ះពាល់ដល់ទៅពីរខ្នង ហើយ​ការ​ប៉ះពាល់​មាន​ទំហំ​ធំ​ ប៉ុន្តែ​អាជ្ញាធរ​​ផ្តល់​​ឱ្យ​តែ​ ​៥​លាន​រៀល​​ប៉ុណ្ណោះ​ ចំណែ​ក​អ្នក​ ដែល​ប៉ះពាល់​​​តិច​តួច​អាជ្ញាធរ​​​​​​ផ្តល់​សំណង​រហូត​ដល់​ទៅ​ ​​​​២​ពាន់​ដុល្លារ​។

ស្ត្រី​វ័យ​៦៥​​ឆ្នាំ​រូប​នេះ​​​បញ្ជាក់​ទៀត​ថា​ ចំពោះ​ផល​ប៉ះពាល់​នេះ​ អ្នក​ស្រី​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ផ្តល់​សំណងជូនចំនួន៣ពាន់ដុល្លារ ទើបសមរម្យ។ ​អ្នកស្រី អ៊ុន ហូវ ​បាន​ប្រាប់​លើក​ឡើង​ផង​ដែរ​ថា​ គាត់​បាន​​រស់​នៅ​លើ​ផ្ទះ​ដែល​គេ​​រុះ​រើ​​នេះ​​តាំង​ពី​ឆ្នាំ​១៩៩០​មក​ម្ល៉េះ​ ដោយ​មាន​លិខិត​ផ្ទេរ​កម្ម​សិទ្ធ​ទទួល​ស្គាល់​និង​ចេញ​ដោយ​អាជ្ញាធរ​សង្កាត់​ទួល​សង្កែ។

ចំណែក​ អ្នក​ស្រី​ វីន​ វណ្ណារី​ ជា​ម្ចាស់​ផ្ទះ​មា្នក់ទៀត​ដែល​អាជ្ញាធរ​បាន​រុះ​រើ​ដែរ​នោះ​ បាន​និយាយ​ថា​ ​កាល​ពី​ឆ្នាំ​២០០៩​ គាត់​ធ្លាប់​ធ្វើ​សប្បទាន​ដី​ចំនួន​៦​ម៉ែត្រ​ ដើម្បី​ធ្វើ​ប្រឡាយ​បង្ហូរ​ទឹក​រួច​មកហើយ​ ដោយ​មិន​​បាន​ទទួល​​សំណង​អ្វី​ទាំង​អស់​ ។ តែ​ដោយ​មើល​ឃើញ​ ផ្ទះ​អ្នក​នៅ​ក្បែរ​គ្នា​ ប៉ះ​ពាល់​​ទំហំ​តិច​តួច​ ហើយ​ទទួល​បាន​សំណង​ច្រើន​ ទើប​គាត់​ទាម​ទា​រ​សំណង​​ឲ្យ​សមាមាត្រ​ទៅ​នឹង​ទំហំ​នៃ​ការ​ប៉ះពាល់។ ​ម្ចាស់​​ផ្ទះ​ដែល​ត្រូវ​បាន​គេ​រុះ​រើរ​រូប​នេះ​​សង្កត់​ធ្ថ​ន់​ថា​ អាជ្ញាធរ​​ផ្តល់​សំណង​ឲ្យ​មិន​យុត្តិធម៌​នោះ​ទេ​។ «វា​អត់​សម​ស្រប​ អត់​មាន​សមូហភាព​ជា​កញ្ចប់​ស្មើ​ភាព​គ្នា​ សម្រាប់​ប្រជាពល​រដ្ឋ​ទាំង​អស់​ …គេ​បាន​ពីរ​ពាន់​ដុល្លារ​ ដី​គេ​តែ​បី​ម៉ែត្រ​ទេ​ ដី​គេ​ទល់​នឹង​ផ្លូវ​រថ​ភ្លើង​ដូច​គ្នា​ ។ អ្នក​ដែល​ចុះ​មក​ពិនិត្យ​គេ​មុសា​ គេ​ថា​ដី​របស់​ខ្ញុំ​វែង​ ខ្ញុំ​អាច​ទទួល​ផល​ពី​ដី​ទាំង​នោះ​បា​ន​ទៀត​នៅ​ថ្ងៃ​ក្រោយ​»។

លោក ខុយ​ សុខ​ខន​ អភិបាល​ខ័ណ្ឌ​ឬស្សីកែវ​ និង​​ចៅ​សង្កាត់​ទួល​សង្កែ​ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​នេះ​។

ចំនែក​នាយក​​លេខាធិការដ្ឋាន​​អង្គការ​​ក្រុម​​ការ​ងារ​​ពិសេស​​សិទ្ធិ​​លំ​នៅ​ឋាន​ លោក​សៀរ​ ភារម្យ​ យល់​ឃើញ​ថា​ អាជ្ញាធរ​គួរ​តែ​ធ្វើ​ការ​ចរ​ចារ​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​អស់​ពី​លទ្ធភាព​ មុន​នឹង​​​ធ្វើ​ការ​រុះ​រើ​និង​ប្រើ​អំពើ​ហឹង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា​ ការ​ចរ​ចារ​សំណង​ខុស​ត្រូវ​គ្នា​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋឲ្យ​​បាន​​សមរម្យ​​ ព្រោះ​ពលរដ្ឋ​រស់​នៅ​ទី​តាំង​នេះ​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ព្រមទាំង​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ទៀត​ផង​៕

Share

Image
Image
Image