en     km
en     km

ពលករខ្មែរវិលមកពីថៃរងផលប៉ះពាល់ផ្លូវចិត្តខណៈចំណូលរបស់ពួកគេធ្លាក់ចុះជិត៣០ភាគរយ

Share

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ហៅកាត់ថា IOM និង UNFPA បានបញ្ចេញរបាយការណ៍វាយតំលៃនិងស្ទង់មតិ មួយនិយាយអំពី ស្ថានភាពការងារនិងប្រាក់ចំណូល របស់ពលរដ្ឋខ្មែរ បានត្រឡប់ពីប្រទេសថៃ។ តាមរបាយការបស់អង្គការអន្តរជាតិនេះ ពលករ​ខ្មែរ​មក​ពី​ប្រទេសថៃ​ មួយ​ចំនួន​ធំ​បាន​ត្អួញត្អែរ​ថា​ ពួកគេ​កំពុង​រង​នូវ​ផល​ប៉ះពាល់​ទាំង​ផ្នែក​សុខភាព​រាងកាយ​ និង​សុខភាព​ផ្លូវចិត្ត​ ក៏​ដោយសារ​ការ​បាត់បង់​ប្រាក់​ចំណូល​មួយ​ផ្នែក​របស់​ពួកគេ​ និងអ្នកខ្លះមកកម្ពុជាវិញ ពុំទាន់អាចរកការងារបានធ្វើ។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជនបានដាក់ចំណងជើងនៃរបាយការណ៍របស់ខ្លួនថា «ការវាយតម្លៃទៅលើផលប៉ះពាល់សង្គមនិងសុខភាពនៃជំងឺកូវីដ១៩ ក្នុងចំណោមពលករដែលបានវិលចូលមកកម្ពុជាវិញ»។

អង្គការអន្តរជាតិនេះបានបញ្ចេញលទ្ធផលនៃការស្ទង់មតិ វាយតម្លៃនេះ កាលពីថ្ងៃទី១៨ធ្នូចំពេលទីវា ទេសន្តរប្រវេសន៍​អន្តរជាតិ​  ដោយបង្ហាញថា ដោយការរីករាលដាលនិងការភ័យខ្លាចនៃជំងឺកូវិដ បណ្ដាលអោយ បាតបង់ ចំណូលរបស់ពលករខ្មែរដល់ទៅជិត៣០ភាគរយ ហើយជិត៦០ភាគរយ ពុំទាន់រកប្រាក់ចំណូលបានសមរម្យដើម្បីទ្រងទ្រ​ទ្រង់ជីវភាពរបស់ពួកគេនោះទេ។ តាមរបាយការណ៍នេះ គឺចាប់តាំងពីរដ្ឋាភិបាលថៃ ចាប់ផ្ដើមចាត់វិធានការប្រឆាំងជំងឺកូវិដ ហើយ ស្របពេលសកម្មភាពសេដ្ឋកិច្ច ធ្លាក់ចុះ  តាមព្រំដែន កម្ពុជា-ថៃ គឺតាំងពីខែមីនាមកនោះ ជាង១២ម៉ឺននាក់ នៃពលករខ្មែរនៅប្រទេសថៃ បានវិលចូលកម្ពុជាវិញ ។ ក្នុងចំណោមពួកគេ គឺមួយចំនួនពុំស្វែងរកការងារនៅក្នុងប្រទេសនោះទេ គឺពួកគេ រង់ចាំត្រឡប់ទៅប្រទេសថៃវិញ។ តែពលករចំណាកស្រុកទាំងនោះភាគច្រើនកំពុងជួបវិបត្តិហិរញ្ញវត្ថុ។

តាមរបាយការណ៍ ដែលបានស្ទង់មតិពលករចំនួន១១០៨នាក់ បានបង្ហាញថា ពួកគេអាចរកប្រាក់់ចំណូលជាមធ្យមត្រឹម១៦៤ដុល្លារ គឺខុសពីការរកប្រាក់ចំណូល អំឡុងពួកគេ ធ្វើការនៅប្រទេសថៃ ។ នៅក្នុងប្រទេសថៃ ពលករខ្មែរអាចរកបានជាមធ្យម ២៩៤ដុល្លារក្នុងមួយខែ។

ក្នុងចំណោមពលករ ១១០៨នាក់នោះគឺ៦៤៣នាក់ កំពុងជួបប្រទះនឹងភាពអត់ការងារធ្វើ ដែលនាំពួកគេពុំអាចរកប្រភពចំណូលចូលគ្រួសារ និងដោះបំណុលធនាគារ។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន បានអោយដឹងតាមរបាយការណ៍នេះថា បញ្ហាសុខភាព គឺពលករខ្មែរ១ភាគ៥ បង្ហាញថាពួកគេកំពុងជួបបញ្ហាសុខភាពផ្នែករាងកាយ ។ ពលករ២ភាគ៥ បង្ហាញថាពួកគេកំពុងចាប់ផ្តើមមានបញ្ហាផ្លូវចិត្ត ។ បញ្ហាចំបងគឺការធ្លាក់ចុះ ប្រាក់ចំណូល ។ ពលករខ្មែរ ធ្លាប់បានទៅធ្វើការនៅក្នុងប្រទេសថៃ ជាង១លាន២០ម៉ឺននាក់ ។ ក្រោយពីប្រទេសថៃធ្លាក់ក្នុងជំងឺកូវិដ ពួកគេមួយចំនួន បានមកវិលចូលកម្ពុជា គឺជាង១២ម៉ឺននាក់។

រយៈប៉ុន្មានថៃ្ងមកនេះ ពលករខ្មែរមួយចំនួនទៀតក៏បានមកកម្ពុជាវិញ ដោយសារខេត្តសាមុតសាខន ដែលជាជម្រករបស់ពលករខ្មែរ បានធ្លាក់ក្នុងជំងឺកូវិដ នាំអោយអាជ្ញាធរបិទ ផ្សារ បិទសាលារៀន និងបិទ ទីប្រជុំជនរបស់ខេត្តនេះមួយរយៈ។

ទោះជាយ៉ាង ​នេះគឺជាការបង្ហាញរបស់អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន ខណៈក្រសួងការងារកម្ពុជា នៅពុំទាន់ចេញ របាយការណ៍ វាយតម្លៃអំពីស្ថានភាពការងារ របស់ ពលករខ្មែរដែលវិលមកពីប្រទេសថៃនៅឡើយទេ៕

Share

Image
Image
Image