en     km
en     km

ផ្នត់គំនិតសង្គមជម្រុញឲ្យស្រ្ដីងាយធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត

Share

បញ្ហាជំងឺផ្លូវចិត្តបានកំពុងក្លាយទៅជា បញ្ហាដ៏សំខាន់មួយដែលមានការចាប់អារម្មណ៍ និងមានការយក ចិត្តទុកដាក់យ៉ាងខ្លាំងពីមជ្ឍដ្ឋានទូទៅ។ ក្នុងនោះដែរគេក៏បានសង្កេតឃើញថាបញ្ហានេះបានកើតឡើង ច្រើនតែចំពោះមនុស្សនៅក្នុងវ័យជំទង់តែប៉ុណ្ណោះ។ អ្វីជាការកត់សម្គាល់បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត យឹម សុបុត្រា​ បញ្ហាជំងឺផ្លូវចិត្តនេះភាគ ច្រើនគឺកើតឡើងតែចំពោះស្រ្ដីវ័យជំទង ដែលចំនួននេះមានច្រើនជាង២ដងបើធៀបទៅនឹងបុរស។ លោកបានឲ្យដឹងថាបញ្ហាដែលបណ្ដាលឲ្យកើតមានជំងឺផ្លូវចិត្តនេះគឺបណ្ដាលមកពីកត្តាធំៗ៣យ៉ាងគឺ សង្គមសាស្រ្ដ ជីវសាស្រ្ដ និងចិត្ដសាស្រ្ដ តែបញ្ហាដែលប្រឈមធំជាងគេនោះគឺសង្គមសាស្រ្ដ។

រាយការណ៍ដោយ កញ្ញា ហេង នីទី

ជំងឹផ្លូវចិត្ត ឬមនុស្សទូទៅតែងតែហៅថាជំងឺបាក់ទឹកចិត្ត​​ ។ជំងឺប្រភេទនេះមានសភាពធ្ងន់ធ្ងរគឺមិនថា ក្នុងផ្នែកវេជ្ជសាស្រ្ដ ឬចិត្តសាស្រ្ដក្ដីកំពុងតែមានកង្វល់ជាខ្លាំងពីបញ្ហានេះ។ ជំងឺនេះមានរយៈពេលយូរក្នុងការព្យាបាល ហើយវាមានផលប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍ ការគិត​ ដំណេក អាកប្បកិរិយា តួនាទី​ មុខងារក្នុងសង្គម និងជីវិតប្រចាំថ្ងៃ។​

មុននឹងវិវត្តន៍ទៅកាន់សភាពធ្ងន់ធ្ងរ ជំងឺប្រភេទនេះបានស្ដែងឲ្យឃើញតាមរយៈអាការៈរោគមួយចំនួន ដែលជាការឈានទៅរកជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរគឺរួមមាន អស់កម្លាំងល្ហិតល្ហៃស្ទើរគ្រប់ពេលវេលា​ ពិបាកគេង ញាំពុំបាន ស្រកទំងន់ ឈឺក្បាល ឈឺចុកចាប់សាច់ដុំស្ទើរពេញរាងកាយ ឈឺចុកផ្សាលើចុងដង្ហើម ទល់លាមក និងរដូវមកមិនទៀង មានអារម្មណ៍រសាប់រសល់នៅក្នុងចិត្ត ស្រងូតស្រងាត់ និងគិតឃើញអ្វីក៏សុទ្ធតែអវិជ្ជមានលើខ្លួនឯងជានិច្ច ។

ហើយអ្វីដែលជាការគួរឲ្យចាប់អារម្មណ៍នោះ បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត យឹមសុបុត្រា គ្រូឯកទេសផ្នែកចិត្តសាស្ត្រ បានប្រាប់ឲ្យដឹងថាជំងឺនេះភាគច្រើនគឺកើតមានឡើងច្រើនតែទៅលើយុវវ័យតែ ពោលគឺ ចំនួននេះមានច្រើនជាង២ដងបើធៀបជាមួយនឹងមនុស្ស វ័យកណ្ដាល។

–យឹម សុបុត្រា—

លោកក៏បានបន្ដអោយដឹងបន្ថែមទៀតថាជំងឺនេះគឺភាគច្រើនកើតឡើងដោយសារតែបញ្ហាសង្គម។

បញ្ហាសង្គមដែលប្រជាជនខ្មែរភាគច្រើននៅតែបន្ដប្រកាន់នូវផ្នត់គំនិត និងទំនៀមទម្លាប់តាំងតែពីយូរលង់ ណាស់មកហើយនោះ គឺការរឹតបន្ដឹងសិទ្ធិសេរីភាពចំពោះកូនស្រី។ សង្គមដែលដាក់បន្ទុកលើកូនស្រីខ្លាំងពេកអាចជាហេតុនាំឲ្យពួកគេមិនអាចនិយាយនូវអ្វីដែលពួកគេចង់បាន ឬបង្ហាញពីទុកព្រួយរបស់ពួកគេទៅខាងក្រៅ។

លោកបានលើកជាឧទាហរណ៍ ដោយប្រៀបធៀបរវាងមនុស្សប្រុស និងមនុស្សស្រី នៅពេលដែលស្ថិតនៅ ក្នុងបរិបទ ឬកាលៈទេសៈជួបនូវវិបត្តិ ឬការលំបាកនានាដូចគ្នា គឺមនុស្សប្រុសអាចទៅច្រៀងលេង ឬផឹក ប៊ៀរនៅក្នុងរង្គសាល ឬក្លឹបកំសាន្ដនានា​ដើម្បីសប្បាយ ឬបំភ្លេចទុក្ខ។ តែខុសឆ្ងាយពីមនុស្សស្រីដែលមិនអាចទៅធ្វើដូច្នេះបានឡើយដោយសារតែទំនៀមទម្លាប់ចងជាប់ជើងកូនស្រី ក្នុងន័យថាបើប្រព្រឹត្តិចាកផ្ទុយពីទំនៀមទម្លាប់ជាស្រីគឺមិនល្អ និងមានការពោលពាក្យមិនគួរគប្បី ឬមើលងាយពីសំណាក់មជ្ឈដ្ឋានជុំវិញ។

យឹម​សុបុត្រា២««««««««««««««««««««​

ដូចគ្នាដែរ នៅរាល់ពេលដែលមានវិបត្តិនៅក្នុងគ្រួសារក្ដីពួកគាត់មិនអាចបញ្ចេញ ឬរំលែកបញ្ហា សម្ពាធផ្លូវចិត្តក៏ដូចជាទុកលំបាក ទាំងនោះទៅកាន់នរណាម្នាក់បានឡើយគឺមិនថាជាសាច់ញាតិ ឬមិត្តភក្ដិ ព្រោះតែមានផ្នត់គំនិតមួយបានដក់ជាប់ ហើយថាការនិយាយពីបញ្ហាខ្លួនឯងចេញទៅ ក្រៅហាក់បី ហែកទ្រូងខ្លួនឯងឲ្យក្អែកចឹក ឬគេតែងប្រកាន់ផ្នត់គំនិតថាចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះ។ ទាំងអស់នេះហើយដែលធ្វើអោយពួកគាត់លាក់ទុកបញ្ហាជាច្រើននៅក្នុងចិត្តតែម្នាក់ឯង គ្មានអ្នកប្រឹក្សា ដោះស្រាយ ឬផ្ដល់យោបល់ ដែលជាហេតុធ្វើឲ្យស្ថានភាពជំងឺរបស់ពួកគាត់វិវត្តន៍ទៅកាន់តែច្រើន និងធំទៅៗរហូតកើតទៅជាជំងឹធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ហើយឈានទៅរកការបញ្ចប់ជីវិតខ្លួនឯងថែមទៀតផង។​

លោកស្រី រស់ សុភាព ដែលជានាយិកា​នៃ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ ​ហៅ​កាត់​ថា (GADC)  លោកស្រីក៏មានការយល់ឃើញប្រហាក់ប្រហែលនឹងលោកវេជ្ជបណ្ឌិត យឹម សុបុត្រាដែរ ។លោកស្រីមើលឃើញថា​ ស្រ្ដីហាក់ដូចជាទទួលបន្ទុកការងារច្រើនជាងបុរស​ ហើយត្រូវលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តច្រើនជាងបុរស និង ចាំបាច់មានការលើកទឹកចិត្ត។

នាយិកាអង្គការយេនឌ័ររូបនេះ នៅតែមានសង្ឃឹមថានឹងមានការផ្លាស់ប្ដូរឥរិយាបថក្នុងការជម្រុញទឹកចិត្តស្រ្ដីអោយគិតពីអនាគតខ្លួនទៅមុខជានិច្ចដោយមិនត្រូវផ្ដែកផ្ដួលនឹងការគាបសង្គមផ្លូវចិត្តនៃសង្គមឡើយ។

លោកស្រីមានប្រសាសន៍ដូចនេះថា

ជម្ងឺបាក់ទឹកចិត្តត្រូវបានអ្នកជំនាញវាយតម្លៃថា នឹងក្លាយជាឃាតករលាក់មុខដ៏សំងាត់ធំមួយ ដែលនឹងរីកសាយនាពេលអនាគតដ៏ឆាប់ ក្នុងចំណោមប្រភេទជម្ងឺ១០ទៀតនៅទូទាំងសកលលោក។ វេជ្ជបណ្ឌិតចិត្តសាស្រ្ដ បានលើកទឹកចិត្តឱ្យអ្នកជំងឺដោះស្រាយវាដោយខ្លួនឯង មុននឹងដល់ដំណាក់កាល ខានមិនបានត្រូវមករកអ្នកប្រឹក្សាផ្លូវចិត្ត ដែលនឹងមិនបណ្ដោយឱ្យក្លាយ ជារោគសញ្ញារីករាលដល់ផ្សេងៗ ទៀត។

ដោយឡែក លោកស្រីរស់សុភាពផ្ដល់ជាអនុសាសន៍ថា ស្ត្រីវ័យក្មេងដែលងាយធ្លាក់ក្នុងសម្ពាធ​នៃ​សង្គម​គឺត្រូវ តាំងចិត្តថានាពេលបច្ចប្បន្ន ស្ត្រីត្រូវបានសង្គមលើកតម្កើង​ដូច​បុរសដែរគឺ ទាំងវិស័យកិច្ចការសង្គម ការ​ពារជាតិ និង​នយោបាយជាដើម៕

 

 

 

Share

Image
Image
Image