en     km
en     km

ផលិតករ​ជនជាតិ​បារាំង​ ពន្យល់​ពី​មូលហេតុ​ ដែល​លោក​ផលិតភាព​យន្ត​ឯកសារ​អំពី​អត្ថបទ​និពន្ធ​របស់​លោក​ឃុន​ ស្រ៊ុ​ន​

Share

Khhun-srun-cover

​លោក​ឃុន​ ស្រ៊ុ​ន​ ជា​អ្នកនិពន្ធ​ ដែល​បាន​បន្សល់​ស្នាដៃ​ល្បីល្បាញ​ជា​ច្រើន​នៅ​ទសវត្សរ៍​៦០​ និង​៧០​។​ លោក​ត្រូវ​បាន​រដ្ឋការ​លន់​ ន​ល់​ ចាប់​ដាក់​ពន្ធនាគារ​ពីរ​ដង​ ដោយសារ​អត្ថបទ​និពន្ធ​បែប​រិះគន់​សង្គម​របស់​លោក​។​

លោក​ឃុន​ ស្រ៊ុ​ន​ ក៏​ជា​ជន​រង​គ្រោះ​ក្នុង​របប​វាល​ពិឃាត​ខ្មែរក្រហម​ផង​ដែរ​ ដោយ​លោក​ត្រូវ​បាន​គេ​សម្លាប់​នៅ​ចុងខែ​ធ្នូ​ឆ្នាំ​១៩៧៨​ ក្រោយ​ពេល​លោក​បាន​ចូលរួម​បម្រើ​ចលនា​ខ្មែរក្រហម​អស់​រយៈពេល​៥​ឆ្នាំ​។​

​ស្នាដៃ​និពន្ធ​របស់​លោក​ឃុន​ ស្រ៊ុ​ន​ បាន​ទាក់ទាញ​ចិត្ត​ផលិតករ​ភាពយន្ត​ជនជាតិ​បារាំង​ម្នាក់​ ឲ្យ​ដកស្រង់​ យក​ទៅ​បញ្ចូល​ក្នុង​ភាពយន្ត​ឯកសារ​ខ្នាត​វែង​របស់​ខ្លួន​ ដែល​មាន​រយៈពេល​ជាង​៦០​នាទី​ ដោយ​ដាក់​ចំណងជើង​ថា​ «​ចេតិយ​សម្រាប់​ឃុន​ ស្រ៊ុ​ន​»​។​

​នៅ​ស​ប្ដា​ហ៍​នេះ​ ខ្សែភាពយន្ត​នោះ​បាន​ដាក់​បញ្ចាំង​នៅ​រាជធានី​ភ្នំពេញ​ នា​មជ្ឈមណ្ឌល​ភាសា​បារាំង​ និង​មជ្ឈមណ្ឌល​សោត​ទស្សន៍​បុ​ផ្ផា​ណា​។​

​ចង់​ដឹង​ព័ត៌មាន​លម្អិត​ សូម​ស្ដា​ច់​សេចក្ដីរាយការណ៍​របស់​លោក​ណុ​ល​ ដា​រ៉ា​ ដូច​តទៅ​

នេះ​ជា​កំណាព្យ​មួយ​ ក្នុង​ចំណោម​កំណាព្យ​ជា​ច្រើន​ផ្សេង​ទៀត​របស់​អ្នកនិពន្ធ​ឃុន​ ស្រ៊ុ​ន​ ដែល​ជនជាតិ​បារាំង​ម្នាក់​ ជា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ភាពយន្ត​ បាន​ដកស្រង់​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ឯកសារ​របស់​លោក​ មាន​ចំណងជើង​ថា​ «​ចេតិយ​សម្រាប់​ឃុន​ ស្រ៊ុ​ន​»​។
​ខ្សែភាពយន្ត​ឯកសារ​ខ្នាត​វែង​ ដែល​មាន​រយៈពេល​ជិត​៧០​នាទី​នេះ​ បាន​ចាក់​ផ្សាយ​នៅ​មជ្ឈមណ្ឌល​ភាសា​បារាំង​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ហើយ​តាម​គម្រោង​ ខ្សែភាពយន្ត​នោះ​នឹង​ចាក់​ផ្សាយ​ពីរ​ដង​ទៀត​ នៅ​មជ្ឈមណ្ឌល​សោត​ទស្សន៍​បុ​ផ្ផា​ណា​ នៅ​ថ្ងៃអាទិត្យ​ ទី​៦​ ខែធ្នូ​ វេលា​ម៉ោង​៦​ល្ងាច​ និង​ថ្ងៃ​ចន្ទ​ ទី​៧​ ខែធ្នូ​ វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​។​

​លោក​អេ​រិ​ក​ ហ្គា​ល់​ម៉ារ​ដ៍​
​លោក​អេ​រិ​ក​ ហ្គា​ល់​ម៉ារ​ដ៍​

​លោក​អេ​រិ​ក​ ហ្គា​ល់​ម៉ារ​ដ៍​ ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ខ្នាត​វែង​នេះ​ បាន​បញ្ចូល​សម្រង់​ខ្លីៗ​ នៃ​អត្ថបទ​កំណាព្យ​ និង​រឿង​ខ្លី​របស់​លោក​ឃុន​ ស្រ៊ុ​ន​ ដែល​អត្ថបទ​ទាំងនោះ​បាន​រិះគន់​សង្គម​ដែល​លោក​ឃុន​ ស្រ៊ុ​ន​ បាន​រស់នៅ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​ និង​១៩៧០​។​

​លោក​អេ​រិ​ក​ ហ្គា​ល់​ម៉ារ​ដ៍​ ដែល​អាច​និយាយ​ភាសា​ខ្មែរ​យ៉ាង​ល្អ​ផង​នោះ​ បាន​ឲ្យ​វិទ្យុ​ស្ត្រី​FM​ 102​ដឹង​ថា​ បានជា​លោក​ជ្រើសរើស​យក​ស្នាដៃ​របស់​អ្នកនិពន្ធ​ឃុន​ ស្រ៊ុ​ន​ មក​ផលិត​ជា​ខ្សែភាពយន្ត​ឯកសារ​ខ្នាត​វែង​នេះ​ ព្រោះ​លោក​ស្រឡាញ់​ចូល​ចិត្ត​ស្នាដៃ​របស់​លោក​ឃុន​ ស្រ៊ុ​ន​ ។​ លោក​ថា​ អត្ថន័យ​នៅ​ក្នុង​អត្ថបទ​ទាំងនោះ​ ជាប់​ទាក់ទង​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​វប្បធម៌​ខ្មែរ​បុរាណ​។​

​លោក​អេ​រិ​ក​ ហ្គា​ល​ម៉ារ​ដ៍​ បន្ថែម​ថា​ តាម​លោក​យល់​ អ្នកនិពន្ធ​ឃុន​ ស្រ៊ុ​ន​ បាន​ទទួល​ឥទ្ធិពល​ច្រើន​ពី​អក្សរសិល្ប៍​ទំនើប​បារាំង​។​ លោក​បន្ត​ថា​ លោក​ចាប់អារម្មណ៍​ស្នាដៃ​និពន្ធ​របស់​លោក​ឃុន​ ស្រ៊ុ​ន​ ព្រោះ​ស្នាដៃ​នេះ​មាន​លក្ខណៈ​មិនធម្មតា​នៅ​ក្នុង​អក្សរសិល្ប៍​ខ្មែរ​៖​ «​ហើយ​ការ​សរសេរ​របស់​គាត់​ មិនមែន​ដូច​អក្សរ​សិ​ល្បិ៍​ខ្មែរ​បុរាណ​។​ ប៉ុន្តែ​នៅ​ពេល​តែ​មួយ​នោះ​ ដោយសារ​គាត់​មក​ពី​ខេត្តតាកែវ​ គាត់​មក​ពី​ជនបទ​ គាត់​ដូច​ជា​មាន​ –​ គាត់​ទាក់ទង​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​វប្បធម៌​ខ្មែរ​បុរាណ​ ហើយ​និង​អត្ថបទ​របស់​គាត់​បង្ហាញ​ថា​ គាត់​ពេញចិត្ត​ជីវភាព​នៅ​ស្រុកស្រែ​ដែរ​»​។​

​ខ្សែភាពយន្ត​ឯកសារ​ខ្នាត​វែង​របស់​លោក​អេ​រិ​ក​ ហ្គា​ល់​ម៉ារ​ដ៍​ ក្រៅពី​ការ​ដាក់​បញ្ចូល​សម្រង់​ខ្លីៗ​នៃ​អត្ថបទ​របស់​លោក​ឃុន​ ស្រ៊ុ​ន​ ដែល​បាន​រិះគន់​សង្គម​នៅ​ទសវត្សរ៍​៦០​ និង​៧០​ លោក​ក៏​ប្រៀបធៀប​នឹង​ជីវិត​ពលរដ្ឋ​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ ដែល​រង​ទុក្ខវេទនា​ដោយ​ការ​បញ្ចេញ​ចេញពី​លំនៅ​ដ្ឋា​ន​ ហើយ​ជា​ពិសេស​នោះ​ ភាពយន្ត​ឯកសារ​នេះ​ ក៏​ភ្ជាប់​ទៅ​នឹង​ជីវិត​កូនស្រី​របស់​លោក​ឃុន​ ស្រ៊ុ​ន​ផង​ដែរ​ ដែល​ជា​ក្មេង​កំព្រា​ និង​ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ​នាក់​ និង​កំពុង​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដីធ្លី​ផង​ដែរ​។​

​ការ​ប្រៀបធៀប​របស់​ខ្សែភាពយន្ត​ឯកសារ​នេះ​ អាច​ឆ្លុះ​ឲ្យ​ឃើញ​ថា​ ការ​រិះគន់​សង្គម​របស់​លោក​ឃុន​ ស្រ៊ុ​ន​ កាលពី​ទសវត្សរ៍​៦០​ និង​៧០​ នោះ​ នៅ​តែ​រស់​រវើក​ ហើយ​ស្រប​នឹង​ស្ថានភាព​សង្គម​កម្ពុ​ជានា​បច្ចុប្បន្ន​នេះ​។​

​សូម​ជម្រាប​ថា​ អ្នកនិពន្ធ​ឃុន​ ស្រ៊ុ​ន​ បាន​កើត​នៅ​ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ​ នៅ​ឆ្នាំ​១៩៤៥​ ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ ដែល​មានកូន​៧​នាក់​ក្នុង​បន្ទុក​ ។​ លោក​ឃុន​ ស្រ៊ុ​ន​ និង​បងប្អូន​៣​នាក់​ផ្សេង​ទៀត​របស់​លោក​ ត្រូវ​បាន​សម្លាប់​ក្នុង​របប​វាល​ពិឃាត​ ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​ដើមឆ្នាំ​១៩៧៩​។​

​ស្នាដៃ​និពន្ធ​របស់​លោក​ឃុន​ ស្រ៊ុ​ន​ មាន​ដូច​ជា​ គំហើញ​ទី​១​ គំហើញ​ទី​២​ និង​គំហើញ​ទី​៣​ បោះពុម្ព​នៅ​ឆ្នាំ​១៩៧០​ សៀវភៅ​សម្រស់​ជីវិត​ បោះពុម្ព​នៅ​ឆ្នាំ​១៩៧១​ សៀវភៅ​លំនៅ​ចុង​ក្រោយ​បោះពុម្ព​ឆ្នាំ​១៩៧២​ និង​សៀវភៅ​ជនជាប់ចោទ​ បោះពុម្ព​ឆ្នាំ​១៩៧៣​ ។​ ក្រៅពី​នោះ​ លោក​ឃុន​ ស្រ៊ុ​ន​ ក៏​បាន​និពន្ធ​សៀវភៅ​ជំទង់​ និង​គណិត​វិទ្យា​ថ្នាក់​ទី​៨​ ដល់​ថ្នាក់​ទី​៣​ ផង​ដែរ​។​
​លោក​ឃុន​ ស្រ៊ុ​ន​ ត្រូវ​រដ្ឋការ​លោក​សេនាប្រមុខ​លន់​ ន​ល់​ ចាប់​ដាក់​ពន្ធនាគារ​ពីរ​ដង​ នៅ​ឆ្នាំ​១៩៧១​ និង​១៩៧៣​ ដោយសារ​អត្ថបទ​រិះគន់​សង្គម​របស់​លោក​។​ លើក​ទី​១​ លោក​បាន​ជាប់​ពន្ធនាគារ​រយៈពេល​៧​ខែ​ ហើយ​លើក​ទី​២​ រយៈពេល​ពី​រស​ប្ដា​ហ៍​។​
​លោក​វេជ្ជបណ្ឌិត​ ឃុន​ ង៉ែត​ ដែល​ជា​ប្អូនប្រុស​របស់​លោក​ឃុន​ ស្រ៊ុ​ន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​សំណួរចម្លើយ​ ក្រោយ​ការ​បញ្ចាំងភាពយន្ត​នេះ​កាលពី​ថ្ងៃ​សៅរ៍​ ទី​៥​ ខែធ្នូ​ វេលា​ម៉ោង​ជិត​៧​យប់​ថា​ រដ្ឋការ​លោក​សេនាប្រមុខ​លន់​ ន​ល់​ បាន​ព្យាយាម​ទិញ​ទឹកចិត្ត​លោក​ឃុន​ ស្រ៊ុ​ន​ ដោយ​ឲ្យ​ជា​រថយន្ត​ និង​ផ្ទះ​វីឡា​ជាដើម​ ប៉ុន្តែ​លោក​ឃុន​ ស្រ៊ុ​ន​ មិន​បាន​លក់​ឧត្តមគតិ​ខ្លួន​ឡើយ​។​

​លោក​ឃុន​ ស្រ៊ុ​ន​ បាន​ចូល​ព្រៃម៉ាគី​ ដែល​ជា​ចលនា​តស៊ូ​របស់​ពួក​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៣​ ដោយ​ប្រើ​ឈ្មោះ​បដិវត្តន៍​ថា​ ភឿន​ ដូច​ឈ្មោះ​តួអង្គ​ក្នុង​រឿង​ខ្លី​របស់​លោក​ ដែល​ជា​គ្រូពេទ្យ​ចិត្តល្អ​ ជួយ​យកអាសារ​អ្នកជំងឺ​ដោយ​មិន​គិត​ពី​លុយកាក់​ជា​ធំ​។​

​តាម​ព័ត៌មាន​ថា​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ លោក​ឃុន​ ស្រ៊ុ​ន​ បាន​ធ្វើការ​នៅ​ក្រសួង​រថភ្លើង​ ហើយ​លោក​ត្រូវ​បាន​ខ្មែរក្រហម​ចាប់ខ្លួន​ និង​សម្លាប់​នៅ​ចន្លោះ​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​១៩៧៨​ គឺ​រយៈពេល​ជាង​១០​ថ្ងៃ​ មុន​កងទ័ព​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា​។​

​សូម​ជម្រាប​ដែរ​ថា​ លោក​អេ​រិ​ក​ ហ្គា​ល់​ម៉ារ​ដ៍​ ដែល​ជា​ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​នេះ​ គឺជា​សាស្ត្រាចារ្យ​បង្រៀន​ខាង​សិល្បៈ​ភាពយន្ត​នៅ​សាកលវិទ្យាល័យ​ Strasburg​ នៃ​ប្រទេស​បារាំង​ ហើយ​លោក​ធ្លាប់​បាន​រស់នៅ​ប្រទេស​អាស៊ី​ ប៉ា​ស៊ី​ហ្វិ​ក​ជា​ច្រើន​ឆ្នាំ​ ដូច​ជា​នៅ​កម្ពុជា​ ហ្វី​លី​ពី​ន​ ជប៉ុន​ និង​នៅ​កោះ​ហ្វី​ជី​ជាដើម​៕

Share

Image
Image
Image