en     km
en     km

ប្រវត្តិសាស្រ្ដ៖ ព្រះបាទច័ន្ទរាជាវាយរំដោះទឹកដីពីសៀម តែបិតាទ្រង់ខ្វល់តែការគ្រប់គ្រងរាជបល្ល័ង្កប៉ុណ្ណោះ

Share

ក្រោយព្រះបាទធម្មរាជាពឹងពាក់សៀមធ្វើជាតុលាការកាត់សេចក្ដីដើម្បីគ្រងអំណាចតែឯកឯង បានជោគជ័យ ខណៈព្រះរៀម ស្រីរាជា និង ព្រះភគិនេយ្យ(ក្មួយ) ស្រីសុរិយោទ័យត្រូវបានលួងលោមឱ្យទៅនៅអាយុធ្យា។​

រជ្ជកាលព្រះបាទធម្មរាជាគឺ ទ្រង់មានកង្វល់ធ្វើយ៉ាងណាបន្ដក្ដោបក្ដាប់អំណាច បង្កើត​​ គ្រប់​គ្រង​ផ្ទៃក្នុងឱ្យបានក្រោមកណ្ដាប់ដៃដ៏រឹងមាំ និង មានសៀមជាខ្នងបង្អែក។

ទឹកដីភាគខាងលិចកាលនោះបានរបូតទៅវិញ បន្ទាប់ពីព្រះរៀមព្រះស្រីរាជាវាយយកបានខ្លះមកវិញ។តែយ៉ាងណាកូនខុសពីឪគឺបុត្រទី២របស់ព្រះអង្គ​គឺព្រះបាទច័ន្ទរាជាបានវាយរំដោះមកវិញនិងបានពង្រីកទឹកដីថែមទៀតក្នុងឆ្នាំ១៥២៨ នៃ គ.ស។

តើដំណើរដើមទងនៃផ្ទៃរឿងរ៉ាវប្រវត្តិសាស្រ្ដខ្មែរសម័យនោះមានដូចម្ដេច?  

សូមស្ដាប់អត្ថាធិប្បាយរបស់កញ្ញា ឆោម ពៅនិកា ដូចតទៅ៖

 

ជម្លោះបីភាគីរវាងសែរាជវង្សពញាយ៉ាត បានបញ្ចប់ដោយភាពតានតឹង និង តប់ប្រមល់បំផុត។ព្រះបាទធម្មរាជា ដែលមកជាមួយនឹងព្រះរាជាសៀម បានណាត់ជួបនឹងព្រះអង្គសុរិយោទ័យ និង ព្រះស្រីរាជាដើម្បីចរចារឿងរ៉ាវរាជបល្ល័ង្គ។ ព្រះរាជាទាំងពីរអង្គបានក្លាយជាចំណាប់ខ្មាំងរបស់សៀម ដែលត្រូវនាំទៅអយុធ្យាជាមួយស្ដេចសៀម ហើយដែនដីចតុមុខកម្ពុជាទាំងមូលស្ថិតក្នុងកណ្ដាប់ដៃព្រះបាទធម្មរាជាយ៉ាងណែន។ តែដែនដីមួយភាគខាងលិចមួយចំនួនត្រូវបានសៀមស្នើយកទៅវិញ ក្រោយពីការដណ្ដើមបានយ៉ាងមុះមុតកន្លងមកដោយព្រះរៀមរបស់​ព្រះអង្គ គឺព្រះបាទស្រីរាជា។

ក្នុងដំណើរដ៏វែងឆ្ងាយពីលង្វែកឆ្ពោះទៅអយុធ្យា ព្រះស្រីរាជា ឬ ព្រះរាមាធិបតី បានសុគតនៅតំបន់ទល់ដែន។ ឯកសារប្រវត្តិសាស្រ្ដ អាដេម៉ារ ឡឺក្លែរថា កាលណោះ ទ្រង់ប្រកែកមិនសោយ​​អាហារ​មិនស្រង់ទឹករហូតធ្លាក់ខ្លួនប្រឈួនរួចសុគតដោយទុក្ខសោកសង្រេង។ ចំណែក ក្មួយរបស់ព្រះអង្គ ព្រះសុរិយោទ័យ គង់នៅអាយុធ្យាបានត្រឹម១៥ថ្ងៃប៉ុណ្ណោះក៏សុគតបាត់ទៅ។​

តំណាលពីរជ្ជកាលព្រះបាទធម្មរាជាវិញ រាជពង្សាវតាបានលើកឡើងអំពីព្រះអង្គថាជាក្សត្រដឹកនាំកម្ពុជាប្រកបដោយយុត្តិធម៌ ទ្រង់កសាងសាលាឆទាន លើកតម្កើនព្រះពុទ្ធសាសាន ទ្រង់យាងមកចែកអំណោយឱ្យប្រជាជនក្រីក្រជារឿយៗ។ ព្រះអង្គសុគតក្នុងជន្មាយុ៥៧ព្រះវស្សាដោយបន្សល់នូវបុត្រាពីរអង្គ គឺព្រះបាទស្រីសុគន្ធបទជាមួយមហេសីវតីស្រីធីតា និង ព្រះបាទចន្ទរាជាមួយនឹងមហេសីទី២ ព្រះមយោទេពបុប្ផា។

សន្ដិភាពនិយមរបស់ព្រះស្រីសុគន្ធបទ និង គំនិតស្នេហាជាតិរបស់ព្រះបាទចន្ទរាជា

                                                                                                            ​រូបតំណាង

 

ព្រះស្រីសុគន្ធបទដែលជាបុត្រច្បងត្រូវបានឡើងស្នងរាជ្យជំនួសព្រះបិតា។ តែយ៉ាងណាឯកសារប្រវត្តិសាស្រ្ដមួយចំនួនលើកអំពី គំនិតបះបោររបស់ព្រះចន្ទរាជានៅក្រុងចតុមុខកាលដែលឃើញព្រះរៀមខ្លួនឡើងសោយរាជ្យបែបនេះ តែស្ថានភាពអាចត្រឡប់ស្ងប់មកវិញបាន។ បន្ទាប់មកព្រះស្រីសុគន្ធបទក៏បានរើរាជធានីពីលង្វែកទៅកាន់ទួលបាសាន ហើយក៏ជាប់ចិត្តប្រតិព័ទ្ធនឹងបុត្រីពិជ័យនាគ និង ម៉ែបាននៅស្រុកនោះរួចអភិសេកឡើងជាស្នំឯក។ ក្រោយតមកព្រះអង្គក៏មានការតែងតាំង ផ្លាស់ប្ដូរតួនាទីមុខមន្រ្ដីជាច្រើនតំណែង។

សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដសំបូម៉ាណ្ណារ៉ាបានហៅព្រះស្រីសុគន្ធបទថាជាសេ្ដចសន្ដិភាពនិយម ចូលចិត្តសប្បាយ និង មានការបង្កើតកំហុសមួយចំនួនក្នុងការលើកខ្លៅប្រដៅខ្លាំង ដែលធ្វើឱ្យខ្លួនមានការវិនាស។​

ថ្វីបើជាស្ដេចសន្ដិភាពនិយម តែព្រះបាទស្រីសុគន្ធបទមានការបារម្ភច្រើនជុំវិញស្ថេរភាពនៃការដឹកនាំខ្លួន ដូចជារាត្រីនៃថ្ងៃចូលឆ្នាំទី២ នៃ ខែចេត្រឆ្នាំ១៥០៨ ទ្រង់សុបិនឃើញមាននាគពាំស្វេតច្ឆត្រ ហើយក៏កើតចិត្តចងកំហឹងនឹងអ្នកយកកំណើតឆ្នាំរោង ជាពិសេសហោរាទំនាយចំឃុនហ្លួនដែលជាប្អូនថ្លៃទ្រង់។

លោកសាស្រ្ដាចារ្យបញ្ជាក់ថា ស្ដេចសុគន្ធបទសោយរាជ្យក្នុងរជ្ជកាលដែលមិនមានការឈ្លាន​ពាន ស្របពេលដែលព្រះអង្គជាស្ដេចស្រលាញ់អបាយ។ ដូច្នេះគំនិតស្នេ​ហា​ជាតិរបស់ទ្រង់កើតមានតិចតួចអាចដោយសារ កត្តាកាលៈទេសៈមិនទាញទៅ កត្តាបំពេញសេចក្ដីសុខខ្លួនពេកណ្ដោយឱ្យជាតិខាងក្នុងភ័យព្រួយរហូតដល់មានសង្រ្គាមអូសបន្លាយ៧ឆ្នាំ ហើយទីបំផុតទ្រង់ត្រូវសុគតដោយចាញ់ល្បិចកលសត្រូវបន្លំចូលធ្វើឃាតក្នុងព្រះពន្លានៅស្ទឹងសែន។

ក្រៅពីព្រះស្រីសុគន្ធបទ មានតែអនុជ ព្រះបាទចន្ទរាជាមួយអង្គគត់ ដែលជាក្សត្រអាចសោយរាជ្យស្របច្បាប់បាន ពោលក្រោយពីភៀសព្រះកាយទៅសៀម ព្រះអង្គបានបើកយុទ្ធសាស្រ្ដមកដកហូតរាជ្យពីស្ដេចកនដែលគេហៅថាជាស្ដេចជ្រែករាជ្យ។ព្រះអង្គក៏បានឡើងគង់រាជបល្ល័ង្កបាំងក្លស់នៅក្នុងគ្រិស្ដសករាជ១៥១៦ នាខេត្តពោធិ៍សាត់ មុនឆ្នាំ១៥  ២៩ដែលទ្រង់រើរាជធានីមកកាន់លង្វែកដែលមានឬស្សីក្រាស់ឃ្មឹកជាសំណង់បន្ទាយដ៏រឹងមាំចេញអំពីការយាយីពីសំណាក់សៀម។

តាមពិតរាជវង្សសៀមនឹងទ្រង់នៅតែមានចម្ងាយនៃសែលោហិតជាមួយគ្នា។ តែសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដហៅការវាយដណ្ដើមយកទឹកដីរបស់សៀមដោយព្រះបាទចន្ទរាជាថាជាឆន្ទៈស្នេហាជាតិខ្មែរនៃដែនដីបុព្វបុរសខ្លួនដ៏ខ្ពង់ខ្ពស់ដែលតម្កល់សន្ដិភាពបានស្មើនឹងការមិនឱ្យមានការឈ្លានពានពីបរទេស និង​ការបានត្រឡប់មកវិញនូវអ្វីដែលបាត់បង់។​

ព្រះបាទចន្ទរាជា ជាវីរៈជនបានរំដោះដីពីសៀម ខុសពីបិតាដែលសម្ងំស្ងៀមដើម្បីរាជបល្ល័ង្ក

                                                                                                  ​​​​​​រូបតំំណាង

 

ដោយមើលឃើញពីភាពទន់ខ្សោយនៃសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯងបាញ់ច្រាបប្រឹថពីកម្ពុជា ហើយទន្ទឹមនឹងសៀមតែងចាត់ទុកខ្មែរជានគរចំណុះអធិរាជភាពរបស់គេ សៀមស្មានថា ដល់រាជ្យស្ដេចចន្ទរាជា នៅតែខ្លួនមានឥទ្ធិពល ក៏បញ្ជាឱ្យទ្រង់យកដំរីសរបស់ខ្លួនប្រគល់ឱ្យសៀមដូចកាតព្វកិច្ចស្ដេចមុនៗ។តែសម្រាបព្រះបាទច័ន្ទរាជាគឺខុសពីស្ដេចមុនៗ ព្រះអង្គ បានច្រានចោលនូវទំនៀមទម្លាប់របស់ស្ដេចនគរសៀម ដែលធ្លាប់តែថា បើនគរខ្មែរមិនចំណុះឱ្យសៀម ស្ដេចគឺសៀមខ្ញាល់ហើយក៏បង្កទ័ពវាយចូលទឹកដីខ្មែរតាមព្រំដែន។ ក្រោមការដឹកនាំទ័ពផ្ទាល់របស់ព្រះអង្គ ទ្រង់ធ្វើឱ្យសៀមបរាជ័យ ចាប់បានឈ្លើយសង្គ្រាម១ម៉ឺននាក់មកពោធិ៍សាត់ហើយ​វាយយកទឹកដីជាច្រើនមកកាន់កាប់វិញ។

ជាមួយខ្សែប្រវត្តិសាស្រ្ដដ៏អស្ចារ្យនៃនគរចតុមុខ​និង លង្វែក  លោកសាស្រ្ដាចារ្យសំបូរ ម៉ាណ្ណរ៉ា បញ្ចេញទស្សនៈប្រវត្តិសាស្រ្ដថា ព្រះអង្គមានគុណសម្បត្តិបួនធំៗគួរឱ្យកត់សម្គាល់។

រវាងគុណសម្បត្តិបួន គឺស្នាព្រះហស្ថដែលទ្រង់យកទឹកដីមកវិញពីសៀម លោកសាស្រ្ដាចារ្យបន្ដថា ព្រះអង្គទ្រង់បានទាញសេណា រីយ៉ូពីប្រជាជនត្រង់ចំណុចនេះ បន្ទាប់ពីទ្រង់បានច្បាំងនឹងខ្មែរទាំងឡាយដែលក្បត់ជាតិ ហើយកសាងការពារប្រទេសឡើងវិញ។​ យ៉ាងណា បិតារបស់ទ្រង់ព្រះបាទធម្មរាជា ដែលមានឈាមជ័រពាក់កណ្ដាលជាសៀម គិតតែពីសេណារីយ៉ូគ្រប់គ្រង គិតពីរាជបល្ល័ង្កជាងខ័ណ្ឌសីមា ដូចកាលដែលទ្រង់អំពល់ចិត្តរឿងព្រះរៀមទៅច្បាំងយកដីពីសៀម ហើយកាក់មិនឱ្យត្រឡប់មកសោយរាជ្យវិញ។​ហេតុនេះសាស្រ្ដាចារ្យថា ទឹកព្រះទ័យស្នេហាជាតិរបស់បុត្រទ្រង់ព្រះបាទ ចន្ទរាជា និង ព្រះបាទធម្មរាជា គឺមានភាពខុសគ្នាឆ្ងាយ។

ព្រះបាទធម្មរាជាដែលជាបិតាស្ដេចល្បីក្នុងប្រវត្តិសាស្រ្ដទាំងពីរអង្គ ទោះបីទ្រង់ជាមេដឹកនាំមួយរូបដែលមិនបានគិតគូរពីអធិបតេយ្យភាពនៃព្រំដែនសីមាក៏ដោយក្ដី តែសង្គមជាតិក្រោមការដឹកនាំរបស់ទ្រង់មាននូវស្ថេរភាព សម្បូរសប្បាយ យុត្តិធម៌ និង សន្ដិភាព។​ដោយឡែកព្រះស្រីសុគន្ធបទជាស្ដេចដែលពោរពេញដោយសត្រូវក្នុងរាជវាំង ព្រោះអំពើដែលទ្រង់ធ្វើប្រកបដោយអបាយ និង​ចំណង់ រហូតដល់ធ្លាក់ខ្លួនក្នុងអន្លង់នៃសេចក្ដីមរណៈយ៉ាងឆាប់រហ័ស។

ទឹកដីខ្មែរភាគខាងលិចក្រោយអាណាចក្រអង្គរ មានការប្រទាញប្រទង់គ្នាទៅមកជាមួយនឹងសៀម​យ៉ាងខ្លាំង តែស្ដេចណាក៏ដោយដែលប្រឹងជម្នះសង្គ្រាមវាយយកមកវិញ តែងត្រូវបាន​ចារ​ក្នុងក្រាំង​មាសនៃប្រវត្តិសាស្ដ្រគឺជាមហាបុរសជាតិខ្មែរដូចជាព្រះបាទច័ន្ទរាជាជាដើម៕

អត្ថបទដោយ ឆោម ពៅនិកា

 

Share

Image
Image
Image