en     km
en     km

ប្រវត្តិសាស្រ្ដ៖ ជម្លោះរាជវង្សខ្មែរបង្កឱ្យមានអបគមន៍គ្រងអំណាចនគរបី

Share

សម័យអង្គរគឺជាយុគមាសនៃអរិយធម៌ឈានដល់កម្រិតកំពូលលើគ្រប់វិស័យបានក្លាយជានគរចក្រព័ត្រក្នុងតំបន់ដែលគេហៅស្ដេចសម័យនោះថា Imperial King ។តែ​​​​អាណាចក្រដ៏មហាអស្ចារ្យនេះ បានរស់រានត្រឹមជាង៦​សតវត្សប៉ុណ្ណោះ។ ​យ៉ាងណាសាវតារប្រវត្តិសាស្ត្រ កម្ពុជា​ក្រោយសម័យអង្គរមានភាពស្មុគស្មាញដល់ចំណុចកំពូលដូចគ្នា។​

ក្រោយពីការផ្លាស់រាជធានីមកកាន់ចតុមុខ និងបន្ទាប់ពីសោយទិវង្គតនៃព្រះបាទពញា​​យ៉ាតតរួចមក គេមើល​ឃើញនូវវិបត្តិនយោបាយក្នុងស្រទាប់រាជវង្សដែលឈានដល់ការពុះចែកទឹកដីគ្នាគ្រប់គ្រងរហូតដល់ទៅបីតំបន់។

ដើម្បី ជ្រាប ! សូមស្ដាប់អត្ថាធិប្បាយរបស់កញ្ញា ឆោម ពៅនិកាដូចតទៅ 

 

សឹកសង្គ្រាមវាយលុកពីសំណាក់នគរអយុធ្យាមកលើរាជធានីអង្គរបានស្រាកស្រាន្ដបន្តិចក្នុងរយៈពេលមួយ។ ស្ថានភាពបណ្ដោះអាសន្ននៅតែបង្កជាកង្វល់ រយៈចម្ងាយនៃអយុធ្យាដែលជាកន្លែងបង្កទ័ពរបស់សៀមមិនឆ្ងាយប៉ុន្មានទេពីក្រុងអង្គរ។ ខេត្តភាគខាងលិចមួយចំនួនសៀមក៏បានដណ្ដើមយករួចស្រេច។ ចំណែកចំនួនប្រជាជនក៏ត្រូវបានសៀមកៀរយកមិនតិចដែរ ពេលនោះ ខ្មែរបាត់បង់ជីវិតក៏ច្រើន ពលកម្មនិង កម្លាំងចិត្តស្រុតចុះស្ទើរតែកើតជម្ងឺបាក់ស្បាតទៅហើយ។ ក្នុងស្ថានភាពនោះ អង្គរដ៏ធំល្វឹងល្វើយធ្លាប់ជារាជធានីដ៏រុងរឿងជៀសមិនផុតពីការបោះបង់ចោល។ ស្ដេចពញាយ៉ាតដែលជាស្ដេចវាយបានអង្គរមកវិញ ក៏ជាប់ឈ្មោះជាព្រះរាជាមួយអង្គដែលសុខចិត្តចាកចោលរាជធានីបរមវិស្ណុលោកដ៏រុងរឿងនេះ រួចមកតាំងទីនៅទួលបាសាន ឬព្រះវាំងថ្មី ក្នុងឆ្នាំ១៤៣១ ដែលឯកសារខ្លះថា ឆ្នាំ១៤៣៣នៃ គស។ មិនយូរប៉ុន្មានស្ថានភាពភូមិសាស្រ្ដមិនសូវអំណោយផល មាននូវគ្រោះទឹកជំនន់នៅទួលបាសាននោះ ព្រះអង្គក៏បង្គាប់ឱ្យសាងសង់រាជវាំងតាំងនៅទន្លេច្រាបឈាមដែលជាជ័យភូមិប្រណីត។ក្នុងសាវតារជាតិ ព្រះបាទពញាយ៉ាតមានបុត្របីអង្គ ប្រសូតចេញពីឧទរអ្នកម្នាងបីផ្សេងគ្នា ដែលក្នុងនោះ ព្រះបាទនរាយណ៍រាជាជាបុត្រព្រះអង្គជាមួយនឹងអ្នកម្នាងទេវី បុត្រាទី២ គឺអង្គស្រីរាជាជាមួយនឹងអ្នកម្នាងបទុមកេសរ និង បុត្រាចុងក្រោយគឺព្រះបាទធម្មរាជា ដែលមានឈាមក្លាយពីអ្នកម្នាង ស៊ីសាងាម ដែលជាជាតិសាសន៍សៀម។ ៤២ឆ្នាំនៃការសោយរាជ្យ អង្គពញាយ៉ាតបានដឹកនាំប្រទេសប្រកបដោយទសពិធរាជធម៌ និង សុខសន្ដិភាពចាកឆ្ងាយអំពីការប៉ុនប៉ងទន្រ្ទានពីខ្មាំងសត្រូវ ដោយ រក្សាបានស្ថេរភាពនយោបាយក្នុងប្រទេសហើយកិត្យានុភាពនៃការដឹកនាំក៏ល្បីរន្ទឺ។ មុនព្រះអង្គយាងចូលទិវង្គតក្នុងឆ្នាំ១៤៦៦ នៃគ.ស គឺឆ្នាំ១៤៦៣ ព្រះអង្គបានអភិសេករាជ្យឱ្យបុត្រច្បងគឺព្រះបាទនរាយណ៍រាជា។ តែគួរឱ្យអនិច្ចា៦ឆ្នាំក្រោយព្រះអង្គ នរាយណ៍រាជាបានចូលទិវង្គត ហើយព្រះអនុជដែលជាមហាឧបរាជក៏ត្រូវបាននាម៉ឺនមុខមន្រ្ដីជាន់ខ្ពស់សព្វព្រះទ័យឱ្យលើកសោយរាជ្យបន្ដ។

ព្រឹត្តិការណ៍រាជបល្ល័ង្គបីនៃដំណាក់កាលវាយយកខេត្តពីសៀមមកវិញ

ទឹកព្រះទ័យពុះកញ្រ្ជោលក្នុងការដណ្ដើមកវិញខាងតែបាននូវវិសាលភាពទឹកដីមហានគរពីមុនដក់ជាប់ក្នុងដួងហឬទ័យព្រះបាទស្រីរាជាតាំងពីមិនទាន់សោយរាជ្យមកម្ល៉េះ។ ក្រោយរាជ្យព្រះអង្គរយៈពេល៦ឆ្នាំ ព្រះអង្គសច្ចាវាយយកមកវិញនូវទឹកដីភាគខាងលិចទាំងឡាយដែលបាត់បង់ទៅដោយការទន្រ្ទានពីសំណាក់សៀម។ឆ្លៀតក្នុងឱកាស២ឆ្នាំនៃការជាប់ដៃប្រយុទ្ធក្នុងសមរភូមិ ព្រះបាទសុរិយោទ័យដែលជាក្មួយរបស់ព្រះអង្គស្រីរាជា បានទៅបង្ករាជ្យនិងរៀបចំរាជវាំងដើម្បីគ្រប់គ្រងអំណាចដាច់ដោយឡែកមួយគឺនៅស្រុកសឈរ ចំពេលដែលព្រះបាទស្រីរាជាបានបញ្ជាឱ្យឧកញ៉ាចក្រីកែវមនោមេត្រីអឹម និង ចៅហ្វាយខេត្តបាត់ដំបងត្រូវស្ទាក់ការសម្រុកមកវិញនេះទ័ពសៀម។ ជាមួយគ្នានឹងសម្ដេចចៅហ្វ៊ាទឡ្ហះកែវត្រូវតែរក្សាខេត្តដែលនៅជាប់ឆ្នេរ។ ចំណែកទ្រង់ផ្ទាល់លើកទ័ពឆ្លងទន្លេសាបមកបោះបន្ទាយនៅកំពង់សៀមត្រៀមលក្ខណៈគ្រប់គ្រាន់ប្រយុទ្ធជាមួយនឹងទ័ពរបស់ក្មួយ។

កាលព្រះអង្គឃ្លាតឆ្ងាយពីនគរចតុមុខអស់កាលតែបីឆ្នាំសោះ ក្នុងឆ្នាំ១៤៧៨ អនុជពៅ ព្រះអង្គធម្មរាជា បានថ្វាយសារទៅកាន់ព្រះអង្គស្រីរាជាថាខ្លួនឡើងអភិសេកគ្រងរាជ្យនៅរាជធានីចតុមុខហើយ គឺមានទាំងបន្ទាយដ៏រឹងមាំសម្រាប់ទប់ទល់នូវចេតនាសង្គ្រាមណាមួយពីខាងព្រះរៀម ឬ ព្រះភាគិនេយ្យ(ក្មួយ)។

ជម្លោះក្នុងរាជវង្សខ្មែរដណ្ដើមរាជ្យគ្នាទីបំផុតសម័យចតុមុខគឺជាសម័យមួយដែលត្រូវសម្គាល់ដិតដាមក្នុងភាពជាអបគមន៍តំបន់នគរបី រាជបល្ល័ង្គបី ស្ដេចបីព្រះអង្គមានខ្សែលោហិតដើមជាមួយគ្នាទាំងស្រុង។

សៀវភៅប្រវត្តិសាស្រ្ដត្រឹងងា រៀបរាប់ថា អាណាចក្រខាងជើងគ្រប់គ្រងដោយព្រះបាទស្រីរាជាមានរាជធានីនៅកំពង់សៀម រួមមានខេត្តចំណុះតាំងពីខេត្តលង្វែក រលាប្អៀរ អម្រាគិរីបូណ៍ ក្រគរ គ្រងពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមាមង្គលបូរី រយ៉ង សុរិន្ទ ស្រឹង្គារ ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេពព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប ម្លូព្រៃជាំក្សាន្ត ត្នោត គោកខ័ណ្ឌ ទឹកជោររៀងដែលស្ថិតនៅទៅទល់ដែនសៀម។

ដោយឡែកនាភូមិភាគអាណាចក្រខាងកើតគ្រប់គ្រងដោយ ព្រះស្រីសុរិយោទ័យ មានរាជធានីនៅស្រីសឈរនិងមានខេត្តចំណុះដូចជា ៖ ខេត្តសៀមបូកសម្បុកសម្បូរណ៍ ក្រចេះ ឆ្លូង ត្បូងឃ្មុំ បាសានទទឹងថ្ងៃ ព្រៃវែង បាភ្នំ រំដួលស្វាយទាប រោងដំរី ព្រៃនគរ លង់ហោ ជើងបាដែង ដល់ខេត្តដូនណាយរៀងទៅទល់នឹងនគរចាម។

 ​រីព្រះបាទធម្មរាជា គ្រប់គ្រងមួយភាគធំនាភាគខាងត្បូងប្រទេសរាប់ពី​សំរោងទង ថ្ពង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ បារៀ កំពត កំពង់សោមព្រះត្រពាំង ក្រមួនស ចាប់ពីកោះស្លាកែតដល់ពាមកញ្ជើរ ។

ស្ថានភាពបែបនេះមិនគួរឱ្យមានយូរនោះទេ ពុំនោះសោតវិបត្តិសង្គម នយោបាយ ក៏ដូចជាសេដ្ឋកិច្ចនឹងរាំងស្ទះ។ ១០ឆ្នាំដែលនគរបីមាននៅក្នុងប្រវត្តិកម្ពុជា កើតមាននូវ គ្រោះទុរ្ភិក្ស ចោរកម្ម ឆក់ប្លន់ សម្លាប់  គុំគួនគ្នា ក្នុងជាតិសាសន៍តែមួយ។

ប្រយោជន៍និង ការខាតបង់ដោយសារអន្ដរាគមន៍នៃប្រទេសជិតខាង

ឆ្នាំ១៤៨៥ ព្រះបាទធម្មរាជាបានធ្វើនយោបាយការទូតនឹងសៀមខ្លាំងឡើងដើម្បីស្វែងរកភាពឯករាជ្យក្នុងគ្រប់គ្រងទឹកដីតែម្ដងឯង។ ព្រះចៅមហាចក្រពត្រាធិរាជ ស្ដេចសៀម សព្វព្រះទ័យជាខ្លាំងទទួលទូតខ្មែរយ៉ាងកក់ក្ដៅ ហើយយល់ព្រមតាមសំណើ ក៏បញ្ជូនទ័ពហែរក្បួនយ៉ាងគគ្រឹកគគ្រេងមក ក្រុងចតុមុខ ថែមទាំងរៀបចំសេនាបតី ខ្មែរ-សៀម ត្រៀមកំទេច ស្រីរាជានិងស្រីសុរិយោទ័យ។ តែក្រោយមកឧកញ៉ាក្រឡាហោម មឹង ដែលជាមេទ័ពរបស់ ព្រះបាទស្រីរាជា បានមកជួបព្រះបាទធម្មរាជា ហើយបានទូលពីបំណងម្ចាស់របស់ខ្លួនសុំចងមេត្រីភាព។​ ស្ដេចនៃរាជវាំងចតុមុខមង្គល បានកោះអញ្ជើញព្រះភាគិនេយ្យឱ្យយាងមកជុំបីភាគីនៅឧត្តុង តែព្រះស្រីសុរិយាទ័យ មានបំណងបដិសេធ និងចង់ធ្វើសង្រ្គាមបន្តទៀត យ៉ាងណា ព្រះអង្គត្រូវបានមេទ័ពជាច្រើនរូបជំទាស់ចំពោះចលនាបញ្ឆេះសង្គ្រាមរវាងរាជវង្សឯងមិនអស់មិនហើយ គឺចាប់ពីពេលនោះហើយ នគរបីត្រូវបានបង្រួបបង្រួម។

ព្រះបាទធម្មរាជាក្លាយជាស្ដេចគ្រប់គ្រងនគរតែមួយ

ជំនួយផ្នែកយុត្តិធម៌ពីខាងភាគីសៀម បានធ្វើឱ្យស្ដេចសៀមមានប្រៀបក្នុងការស្នើយកខេត្តដែលព្រះបាទស្រីរាជា វាយដណ្ដើមបានកាលពីមុន ដោយត្រូវប្រគល់អោយ ទៅសៀមវិញ រួមមានខេត្តនគររាជសីមា បស្ចឹមបុរី រយ៉ង ចន្ទបុរី និងខេត្តសៀមភាគខាងត្បូងមួយចំនួនទៀត ។ ស្ដេចសៀមបាននាំព្រះបាទស្រីរាជា និងព្រះស្រីសុរិយោទ័យ រួមទាំងរាជវង្សខ្មែរមួយចំនួន យាងទៅ ក្រុងអយុធ្យា ដើម្បីឱ្យរាជបល្ល័ង្គនេះគ្រប់គ្រងដោយព្រះបាទធម្មរាជាតែមួយអង្គឯង។ព្រះអង្គទាំងពីរបានសោយទិវង្គតនៅក្រុងអយុធ្យាដោយមិនដឹងមូលហេតុច្បាស់លាស់ហើយ ហើយ​បន្សល់នូវបុត្ររបស់ព្រះបាទស្រីរាជា គឺព្រះបាទពញាអុង ត្រូវបានស្ដេចសៀមចិញ្ចឹម។

យ៉ាងណាខេត្តមួយចំនួនដែលធ្លាក់នៅក្រោមអយុធ្យា ឬ សៀម ត្រូវបានវាយដណ្ដើមយកមកវិញដោយព្រះបាទចន្ទរាជាជាបុត្ររបស់ព្រះបាទធម្មរាជា។ព្រះបាទចន្ទរាជាបានឡើយសោយរាជ្យក្រោយពីទម្លាក់ស្ដេចកនពីអំណាច។ពេលនេះនគរខ្មែរគ្មានបែងចែកការគ្រប់គ្រងទៀតឡើយ។

អត្ថបទ ដោយ ឆោមពៅនិកា​ និង ឯកសារពិគ្រោះចងក្រងឡើងវិញដោយ យុវនិស្សិត ស្រេងចាន់ណារ៉ាស្រង់ពីសៀវភៅប្រវត្តិសាស្រ្ដខ្មែរ ត្រឹងងា៕

Share

Image
Image
Image