en     km
en     km

ប្រវត្តិសាស្រ្ដខ្មែរ៖ព្រះរាជសម្ភារសុគត ដោយចាញ់ដៃស្នេហា

Share

ស្នេហាគឺជាពាក្យពីរម៉ាត់យ៉ាងខ្លីមានន័យស៊ីជម្រៅនិងគ្មានសត្វលោកណាហែលឆ្លងផុតឡើយ។ ស្នេហា​នេះនាំឱ្យមានការប្រយុទ្ធតស៊ូ ការការពារ ការថ្នាក់ថ្នម ការយោគយល់ ចិត្តគ្នា ដើម្បីឈានរកសុភមង្គលមួយនៃត្រើយអនាគត ។ ព្រោះតែប្រយុទ្ធក្នុងរឿងស្នេហា ព្រះបាទ ធម្មរាជា ជាព្រះរាជា និង​ជាកវីនិពន្ធ មួយអង្គ កើតមានរឿងអាស្រូវស្នេហា ត្រីកោណ ទល់ព្រះបិតុលាខ្លួនពេញកម្ពុជរដ្ឋក្នុងសតវត្សទី១៧។ ទីបំផុត ព្រះរាជាត្រូវបាន សុគតដោយស្នាដៃបរទេសនៅកម្ពស់ចុងត្នោត ដែលជឿជាក់ថាចាញ់ដៃស្នេហា។

កញ្ញា ឆោម ពៅនិកា អត្ថាធិប្បាយសាវតារឿងនេះ៖

យើងសន្មតពីលើឯកសារប្រវត្តិសាស្រ្ដដែលហាក់គ្មានភាពចុះសម្រុះអំពីព្រះរាជាសម្ភារថាតើទ្រង់មានព្រះនាមអ្វីយ៉ាងពិតប្រាកដនោះ យើងរកឃើញភាពរួមទៅវិញនៃប្រវត្តិសាស្រ្ដ អំពីទ្រង់ថា  ទ្រង់ជាបុត្រច្បងនៃព្រះបាទជ័យជេដ្ឋា មាតា គឺអ្នកម្នាង សុខ ឬ សុន ។ កាលនៅជាកុមារ ទ្រង់មាននាមថា ពញាតូ ឬ ពញាសូ ហើយចេញសាងព្រះផ្នួស នៅពេលមានព្រះជន្ម ២១ ឬ ២២ ព្រះវស្សា នៅនគរវត្ត ឬ វត្តសុគន្ធមានបុណ្យ ។ ព្រះរាជាក៏លាចាកសិក្ខាបទ បន្ទាប់មកឡើងគ្រងរាជ្យបន្តពីព្រះឧទ័យជាម្ចាស់មា នៅព្រះជន្ម២៦ ព្រះវស្សា ហើយត្រូវបានគេថ្វាយព្រះនាមថា “ព្រះបាទសម្តេច ស្តេចព្រះរាជឱង្ការព្រះស្រីធម្មោរាជាធិរាជ រាមាធិបតី” ប៉ុន្តែពង្សាវតារកំណត់ ព្រះនាមទ្រង់ត្រឹមតែ “ព្រះស្រីធម្មោរាជា” ប៉ុណ្ណោះ។

កាលទ្រង់នៅវ័យក្មេងពេកនោះ ព្រះបិតុលាត្រូវបានប្រគល់កិច្ចការព្រះនគរ ទាំងអស់ឱ្យចាត់ចែងហើយទ្រង់ត្រូវបានបញ្ចូនទៅសូត្ររៀននៅកោះឃ្លោក។ ព្រះរាជសម្ភារមាននិស្ស័យខាងរឿងសាសនា និង​អក្សរសាស្រ្ដណាស់។  ព្រះអង្គទ្រង់ចេះស្ទាត់នូវព្រះត្រៃបិដក ជំនាញទាំងគតិលោក និង គតិធម៌ ហើយបានបន្សល់ទុកនូវស្នាដៃប្រកបដោយគតិបណ្ឌិត សម្រាប់​ជាតិខ្មែរ។ តាមរយៈឯកសារប្រវត្តិសាស្រ្ដនានា ត្រូវបានក្រុមអ្នកចងក្រង យកមកវេញឱ្យឃើញថា ទ្រង់បានបន្សល់នូវស្នាព្រះហស្ថកំណាព្យមួយចំនួនដូចជា គឺ៖

លិខិតផ្ញើទៅព្រះម៉ែ យួរវតី កំណាព្យ សរសើរហេមន្តមាស កំណាព្យ កន្លង់មាសមង្គលថ្លៃ កំណាព្យ ព្រលឹងមាសអើយ កំណាព្យ កាព្យនិរាស្ត្រ ច្បាប់ព្រះរាជសម្ភារ ឬ ច្បាប់រាជនេតិ ច្បាប់ហៃសាធុជន ឬ ច្បាប់ត្រីនេត្រ កំណាព្យ ចារឰដ៏ចុងត្នោត មុនពេលទ្រង់ចូលទីវង្គត។ល។

ត្រង់កំណាព្យចារព្ធដ៏ចុងត្នោតនេះ ហើយគឺសំដៅលើកឡើងអំពីភយន្ដរាយអបាយមុខ នៃអំពើស្នេហាដែលឯកសារប្រវត្តិសាស្រ្ដ ក៏ដូចជាសៀវភៅស្ដីអំពីព្រះរាជាសម្ភារ កវីរាជសតវត្សទី១៧របស់លោក លាងហាប់អាន  និង ប្រលោមលោកប្រវត្តិសាស្រ្ដ ចំណងជើង ព្រះរាជសម្ភាររបស់លោកគង្គប៊ុនឈឿន ថាព្រះបិតុលាបានកើតចម្បាំង ដណ្ដើមយកបេះដូងស្រីព្រះនាងភវតី នឹងព្រះរាជសម្ភារ។ តែជាអកុសលទ្រង់រាជសម្ភារត្រូវសុគតព្រោះស្នេហាមោហ៍បាំងមួយនេះ។

មានការតំណាលថា ព្រះរាជសម្ភារឬ ព្រះរាជកុមារពញាតូ ត្រូវបានបិតា គឺព្រះបាទជ័យជេដ្ឋា ផ្សំផ្គុំជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រីយ៍ អង្គវត្តីឬ ព្រះម៉ែយួរវត្តី  ជាបុត្រី របស់ព្រះបាទជ័យជេដ្ឋា និងអ្នកម្នាងទង ។ ហេតុនេះ រាជកុមារ ពញាតូ និង រាជធីតា អង្គវត្តី គឺជាព្រះរាម និង កន្និដ្ឋា ដែលមាតាទីទៃពីគ្នា។ ពេលព្រះរាជាចម្រើន លូតលាស់បន្ដិចទ្រង់បានបួសរៀនជាបព្វជិត លុះ

បិតាព្រះអង្គ គឺព្រះបាទជ័យជេដ្ឋា ចូលទីវង្គតនៅ គ.ស. ១៦២៨ ក្នុងព្រះជន្មាយុ ៥២ ព្រះវស្សា ហើយកិច្ចការនគរ ត្រូវបានប្រគល់ទៅឱ្យព្រះអនុជរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ឧទ័យ ជំនួសទ្រង់ដែលជាបុត្រដែលនឹងស្នងជាទាយាទ។

ព្រះរាជពង្សាវតារសរសេរដៃ នៅពុទ្ធសាសនបណ្ឌិត្យ ខ្សែ៤ បានចារថា ការទាក់ទងគ្នារវាង ព្រះរាជានុសិទ្ធ ឧទ័យ និង ព្រះនាង អង្គវត្តី បានកើតមានឡើងកាលព្រះបាទជ័យជេដ្ឋា បានព្រះជន្ម៤១វស្សា គឺនៅខែកត្តិក ឆ្នាំ ឆ្លូវ នព្វស័ក ទ្រង់អាពាធ(ឈឺ) ហើយព្រះអង្គ ម្ចាស់ ឧទ័យ ចូលទៅថែព្រះរាជរោគព្រះរាជា ដែលជាព្រះរៀមជារៀងរាល់ថៃ្ង ជាហេតុនាំឱ្យ បានជួបនឹងព្រះនាងអង្គវត្តីហើយកើតក្តីប្រតិព័ទ្ធ ចំពោះព្រះនាង ដែលជាភគិនេយ្យ បង្កើតខ្លួន។

ការដែលឃ្លាតឆ្ងាយណាយក្ដីនឹករលឹកនោះហើយ ឯកសារដដែលនេះបានបន្ថែមថា ព្រះនាង អង្គវត្តី ក៏បានព្រមព្រៀងនឹងរាជានុសិទ្ធឧទ័យ ដោយពុំមានក្តីអាល័យចំពោះ ព្រះរាជទាយាទ ជាគូកំណាន់របស់ខ្លួន ដែលកំពុងទ្រង់បព្វជានិងដោយមានការផ្សំ ផ្គុំពីបិតា ហើយក៏ពុំមានការដឹងឮពីសេនាមុខមន្ត្រីឡើយ។ ក្រោយបន្ដិចមក ព្រះអង្គម្ចាស់ឧទ័យ បានថ្នមថែ នឹងរៀបអភិសេកព្រះនាងអង្គវត្តី ជាទេពី ទី២ របស់ព្រះអង្គ។ តែយ៉ាងណា សេចក្ដីវិវត្តនៃស្នេហាតាមឯកសារប្រវត្តិសាស្រ្ដហាក់ នៅតែខ្វែងគំនិតនៅឡើយ ឯកសារខ្លះអះអាងថា ខត្តិយពង្សទាំងទ្វេអង្គាដែលជា អតីតគូស្នេហ៍ និងជាគូដណ្តឹងផងនេះ បានជួបគ្នានៅនគរវត្ត នៅពេលដែលរាជានុសិទ្ធឧទ័យ នាំរាជវង្សានុវង្សទៅទទួលព្រះរាជទាយាទ ពេលដែលបណ្ឌិតពុទ្ធសាសនិកអង្គនេះ លាចាកសិក្ខាបទ។ តែឯកសារខ្លះថា ទ្រង់ទាំអពីរជួបគ្នានៅនគរវត្តគឺករ្ោយពីព្រះរាជសម្ភារ ត្រឡប់ពី ធ្វើសង្គ្រាមជាមួយសៀមវិញ។ ដោយឡែក ឯកសារខ្លះទៀតនិយាយថា ទ្រង់ទាំងពីរជួបគ្នានៅរាជវាំងឧដុង្គ បន្ទាប់ពីព្រះអង្គលាចាកសិក្ខាបទ ឡើងសោយរាជ្យ រួចហើយព្រះឧទ័យមានជំងី ទើបព្រះចៅ ពញាតូ យាងទៅមើលព្រះបិតុលា ក៏បានជួបព្រះនាងអង្គវត្តី ជាអតីតគូកំណាន់ ដែលបានក្លាយជាព្រះទេពី របស់ព្រះឧទ័យទៅហើយនោះ នាំឱ្យរោគស្នេហ៍ចាស់រើឡើងវិញ នៅក្នុងដួងហឫទ័យ នៃខត្តិយពង្សទាំងទ្វេ។រហូតដល់មានឯកសារប្រវត្តិសាស្រ្ដមួយចំនួនថា អាការៈស្នេហ៍នេះបានបណ្ដាលឱ្យព្រះអង្គវតីបោះបង់ចោល ព្រះស្វាមីចាស់ ព្រះឧភយោរាជទៅគង់នៅរាជវាំងនឹងព្រះរាជសម្ភារជាស្មន់។

ព្រឹត្តិការណ៍កក្រើកពេញរាជវាំងចាប់ផ្ដើម មានមតិពីរលើកឡើងថា ក្មួយដណ្ដើមប្រពន្ធ ពីមា ខ្លះថា មាទេដណ្ដើមយកគូស្នេហាពីក្មួយ។ ភ្លើងសង្គ្រាមព្រោះថរឿងស្នេហាចេញ ពីរង្វង់គ្រួសារបានធ្វើឱ្យព្រះរាជានីមួយៗកេណ្ឌទ័ពតែសព្វៗខ្លួន។ គេដឹងថាចុងក្រោយទ័ព ព្រះរាជាចាញ់សន្ធឹក។ ព្រះរាជាដឹកដៃព្រះអង្គវតីរត់គេចឆ្វេចឆ្វាចរហូតដល់ខែត្រកញ្ជរ តែក៏ត្រូវទ័បព្រះឧភយោឬាជតាមទាន់ ក៏សុគតទាន់ហន់ដោយត្រូវគ្រាប់កាំភ្លើង មាសរបស់កងទ័ពពួកហូឡង់របស់ព្រះរាជឧទ័យ បាញ់មកកាន់ចុងត្នោតដែលទ្រង់ ឡើងបង្កប់ខ្លួនតែងលិខិតបណ្តាំដល់បច្ឆាជន (ជនជំនាន់ក្រោយ) ។ ព្រះរាជសម្ភារ សុគតក្នុងជន្មាយុទាន់ហន់ និងវ័យក្មេងបំផុតត្រឹម២៩វស្សាខណៈទ្រង់សោយរាជ្យ បានតែមួយឆ្នាំប៉ុណ្ណោះ។​ ពង្សាវតារថា សូម្បីព្រះអង្គវតីក៏ត្រូវបានបាញ់ប្រហារក្នុងគ្រានោះ ដែរ ក្រោមការចោទថាអំពើផិតក្បត់។ កំណាព្យជាស្នាព្រះហស្ថចុងក្រោយនៃសោកដនាកម្ម ស្នេហាប្រហារដល់ចុងត្នោងនោះ មានឈ្មោះដូចរៀបរាប់ខាងដើមថា កំណាព្យចារឰដ៏ចុងត្នោត។​កំណាព្យនេះមានខ្លឹមសារយ៉ាងដូច្នេះថា៖

សាធុសម្ទាយ កុំបីរាយមាយ នឹងក្តីកាមា តែឱ្យវង្វេង ក្នុងវដ្តសង្សារ ស្លាប់ទៅកាលណា បានសោយតែទុក្ខ ។

ហេតុតែក្សត្រី នាំឱ្យអប្រីយ៍ ដូចត្រីក្នុងភក់ បើបុរសផង ចង់ឆ្លងនរក កុំធ្វើវីវក់ ដូចអញច្នេះណា។

ពីព្រោះកាមេ ឥឡូវទាល់តែ ក្សិណក្ស័យមរណា សូវស្លាប់ទៅគាប់ ឱ្យជាប់ធម្មា សូមអស់ទេវា ជួយជាទិព្វញ្ញាណ។

សូមព្រះភូមិ-ន្ទ្រាធិបតិន ទ្រង់អធិដ្ឋាន ពីនេះទៅមុខ ខ្ញុំសូមឱ្យបាន ជាព្រះពុទ្ធញ្ញាណ នាំសត្វទាំងឡាយ។

ឱ្យអ្នកទាំងពួង ជាទាហានហ្លួង នាំយកទៅថ្វាយ ព្រះបិតុច្ឆា ទ្រង់ជ្រាបអធិប្បាយ កុំទ្រង់រាយមាយ នឹងក្តីកាមេ៕

ចំណុចខ្លះនៃអត្ថបទស្រង់ចេញពី ឯកសារ លោក វ៉ាន់ឌីកាអុន

Share

Image
Image
Image