en     km
en     km

ប្រវត្តិសាស្ត្រ៖បើព្រះបាទជ័យវរ្ម័នទី៧មិនក្លាហានមិនស្មោះត្រង់នឹងជាតិគឺមិនអាចរំដោះនគរពីចាមបានឡើយ

Share

 MC ៖ប្រទេសចាម្ប៉ាឬចាមដែលគេស្គាល់ថា ជារដ្ឋត្រឹមត្រូវគឺកើតឡើងនៅសតវត្សរ៍ទី២ នៃ គ.ស និងរីកចំរើន ដល់កំពូលនៅសតវត្សរ៍ទី ៩ ដែលនៅពេលនោះ ចាម្ប៉ាគ្រប់គ្រងដែនដីពីតំបន់វ៉េ ភាគកណ្ដាលខ្ពង់រាបអាណ្ណាម ដល់តំបន់ដីសណ្ដរទន្លេមេគង្គ នៅកូសាំងស៊ីន។

តាមសិលាចារឹកខ្មែរ និង កំណត់ឯកសារប្រវត្ដិសាស្រ្ដ មានការកត់សំគាល់ថា ប្រទេសខ្មែរតែងតែជួបប្រទះនៃការធ្វើសង្គ្រាមតទល់ជាមួយនឹងនគរចាម្ប៉ា ជាញឹកញាប់ ពីព្រោះនៅអាស៊ីអាគ្នេយ៍ក្នុងសម័យនោះ កំលាំង ឬ ជាតិសាសន៍ ដែលប្រឈមមុខគ្នា មានតែខ្មែរ និងចាមប៉ុណ្ណោះ។ សង្គ្រាមនោះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពលក្នុងតំបន់។

 

កំណើតនគរចាម្ប៉ា

ជនជាតិចាម មានដើមកំណើតចេញមកពីជនជាតិជ្វា ឬ ម៉ាឡេ និង ប៉ូឡេនេស៊ី ដែលរស់នៅក្នុងភូមិភាគប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១ នៃគ.ស. ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះជួរភ្នំអាណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើង ជាប់នឹងទឹកដីខេត្ដតុងកឹង និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោមបច្ចប្បន្នគឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ នៃជួរភ្នំអាណ្ណាម ឃាំងជាប់នៅទិសខាងលិច និងបែកខាងកើត នៃសមុទ្រចិន។

បុព្វហេតុ ដែលចាម្ប៉ាឈ្លានពានខ្មែរ

                                      គំនូរការកសាងប្រាសាទអង្គរវត្ត កាលរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧

 

ដោយទឹកដីខ្លួនចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើង ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិចមានជញ្ជាំងជួរភ្នំអាណ្ណាម យ៉ាងខ្ពស់ស្កឹមស្កៃ មិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះក្រោមឡើយ។
ស្ថានភាពដូចនេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទឹកដីចុះមកក្រោម ឬខាងត្បូងសំដៅនគរខ្មែរ។ ដំបូង ការចុះតំរង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារ ឬជាសង្រ្គាមទេ។ ពួកក្រុមចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរ វាយប្រហារដេញសំលាប់កំទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាត អោយរស់នៅលើទឹកដីខ្មែរ ដើម្បីបំរើនយោបាយ និងផលប្រយោជន៍ខ្មែរ។
ប៉ុន្ដែចូលមកដល់គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដោយមានស្ដេចចាមមួយអង្គមានឈ្មោះថាពោរ ជាមេទ័ពធំនៃ នគរចំប៉ាបានលើកពលសេនាយោធាយ៉ាងគគ្រឹកគគ្រេង ចូលមកវាយប្រហារនគរខ្មែរ ។តែកងទ័ពចាមត្រូវវាយអោយបរាជ័យ បាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់ ។វិបត្ដិរវាងខ្មែរ និងចាម ក៏ចេះតែរីកធំឡើងជាលំដាប់ តាមកាលវេលា។ 
ក្នុងគ.ស ៩៤៥ – ៩៤៦ វិវាទខ្មែរ-ចាម មានកំរិតយ៉ាងខ្ពស់ខ្លាំងក្លា ផ្ទុះជាសង្រ្គាម។ កងទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជឥន្រ្ទវរ្ម័ន បានវាយរុញច្រានកំចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសំរុកដល់ នគរចំប៉ា។

-សង្រ្គាមខ្មែរ-ចាម

សង្គ្រាមខ្មែរចាមបានឆាបឆេះខ្លាំងក្លាបំផុត ចាប់ពីគ.ស. ១១៦៥ ទៅ គ.ស. ១១៧៧។ តែទ័ពចាម្ប៉ាមិនទាន់ដណ្ដើមយកជ័យជំនះលើខ្មែរបានទេ។
ស្ដេចចាមក៏សំរេចចិត្ដលើកទ័ពតាមផ្លូវទឹក ឡើងតាមទន្លេមេគង្គ ចូលមកដល់បឹងទន្លេសាបដើម្បីចូលវាយប្រហារខ្មែរ ដោយដល់មហានគរ ដែលជាបេះដូងនគរខ្មែរតែម្ដង។ កងទ័ពជើងទឹកខ្មែរពុំមានលទ្ធភាពអាចទប់ទល់ នឹងខ្មាំងបានឡើយ ហើយត្រូវកងទ័ពចាមវាយកំទេចបំផ្លាញខូចខាតវិនាសអស់។ ដោយមិនបានប្រុងប្រៀបរៀបចំគ្រោងការទុកជាមុន មហានគរត្រូវធ្លាក់ក្នុងកណ្ដាប់ដៃស្ដេច និងកងទ័ពចាម។ ធនធានទ្រព្យសម្បត្ដិភោគផលខ្មែរទាំងប៉ុន្មាន ត្រូវចាមលួចប្លន់ដឹកជញ្ជូនយកអស់គ្មានសេសសល់។ ប្រាង្គប្រាសាទខ្មែរ ផ្ទះសំបែងភូមិស្ថាន ត្រូវចាមរុករានទន្រ្ទានទី ដុតបំផ្លាញគ្មានប្រណីដែរ។ ឯប្រជានុរាស្រ្ដ ក៏ត្រូវកងទ័ពចាមកាប់សំលាប់ ធ្វើទុក្ខបុកម្នេញ ចាប់ចង កៀរកេណ្ឌធ្វើជាឈ្លើយសឹកដែរ។

មហានគរត្រូវចាមវាយប្រហារបំផ្លិចបំផ្លាញ ដណ្ដើមយកបាននៅ គ.ស. ១១៧៧ ។ ស្ដេចខ្មែរជ្រែករាជ ព្រះបាទត្រីភុវ័នអាទិត្យ បានស្នើសុំចរចាដើម្បីសន្ដិភាព នឹងស្ដេចចាមដែរ តែស្ដេចនគរចម្ប៉ាមិនយល់ព្រម ហើយក៏បានធ្វើគត់ព្រះអង្គក្នុងគ្រានោះទៅ។ នគរចាម្ប៉ាក៏បានចាប់ផ្ដើមកាន់កាប់ត្រួតត្រានគរខ្មែរពីថ្ងៃនោះមក។

ស្ដេចខ្មែរអង្គណា ក្លាយជាវិរជនដែលវាយកំទេចចាមចេញពីក្រុងអង្គរ?

                                                                                                        ​រូបតំណាង

 

សភាព​ការណ៍នៃសង្រ្គាមចាប់ផ្ដើម​ប្រែ​ប្រួល​​។ ក្នុង​ឆ្នាំ​១១៧៧​ ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ទាហាន​ចិន​រត់​ចោល​ជួរ​ម្នាក់​ កង​សំពៅ​ចាម​បាន​វាយ​ប្រយុទ្ធ​តាម​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​មេគង្គ​និង​ពី ​ភ្នំពេញ​ ត្រង់​ទន្លេ​ចតុមុខ​។ ពួក​គេ​បាន​កាន់​កាប់​ក្រុង​អង្គរ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ ព្រម​ទាំង​បាន​ចូល​ឆក់​ប្លន់​ទ្រព្យ​សម្បត្ដិ​និង​បំផ្លិច​បំផ្លាញ​ទីក្រុងស្ទើរគ្មានសល់។

អំឡុងឆ្នាំ១១៦០គឺគ្រានោះព្រះបាទធរនិន្ទ្រវរ្ម័នទី២ចូលទីវង្គត ហើយព្រះបាទយសោវរ្ម័នទី២បានឡើងសោយរាជ្យជំនួស។ ក្នុងគ្រានេះ ព្រះបាទជ័យវរ្ម័នទី៧ កំពុងតែធ្វើសង្រ្គាមនឹងចាម្ប៉ានៅឬចាមនៅឡើយ។ ថ្វីត្បិតព្រះអង្គទទួលដំណឹងថាព្រះបិតាសុគតទៅហើយក្តី ក៏ស្ដេចអង្គនេះ នៅតែតាំងព្រះទ័យ បំពេញភារកិច្ចជាតិ បន្ដធ្វើសង្រ្គាមវាយកងទ័ពចាម្ប៉ា។

នៅឆ្នាំ១១៦៥ មន្ត្រីជាន់ខ្ពស់ម្នាក់បានប៉ុនប៉ងធ្វើគត់ព្រះបាទយសោវរ្ម័នទី២ ដើម្បីឡើងសោយរាជ្យ។ស្ដេចជ្រែករាជ្យនេះដាក់ព្រះនាមខ្លួនឯងថា «ត្រីភូវនាទិត្យវរ្ម័ន» ។ អំពើបះបោរនេះហើយដែលព្រះបាទជ័យវរ្ម័នទី៧ កំពុងគង់នៅចាម្ប៉ា បានទទួលដំណឹងថាមានមន្ត្រីក្បត់បានធ្វើឃាតស្តេចខ្លួនឯង ព្រះអង្គ ក៏យាងត្រឡប់មកប្រទេសកម្ពុជាវិញ ​ដើម្បីជួយព្រះបាទយសោវរ្ម័នទី២ តែយឺតពេលទៅហើយ ព្រោះព្រះបាទយសោវរ្ម័នទី២បានសុគត ហើយព្រះរាជបុត្រព្រះអង្គ ព្រះស្រីឥន្រ្ទកុមារក៏អស់សង្ខារក្នុងគ្រានោះផងដែរ។

ព្រះបាទជ័យវរ្ម័នទី៧ គឺជាមេទ័ព ដែលមានយុទ្ធសាស្ត្រប្រយុទ្ធត្រឹមត្រូវនិងម៉ត់ចត់ ព្រះអង្គត្រូវសម្ងំលាក់ព្រះកាយមួយរយៈ គឺរហូតដល់ឆ្នាំ១១៧៧ទើបព្រះអង្គរៀបចំក្បួនប្រយុទ្ធគឺចំពេល ពួកចាម្ប៉ាចូលមកលុកលុយ កាន់កាប់ និងផុតបំផ្លាញរាជធានីអង្គរ ហើយបានធ្វើគត់ព្រះបាទត្រីភូវនាទិត្យវរ្ម័ន នាំឱ្យរាជបល្ល័ង្កនៅទំនេរ។ ពេលនោះហើយដែលព្រះអង្គមានកាតព្វកិច្ចចាំបាច់ត្រូវកំចាត់ទ័ពចាម្ប៉ាឈ្លានពានឲ្យអស់ពីទឹកដីខ្មែរ។

ព្រះអង្គបានកែណ្ឌកងទ័ព ដើម្បីវាយកម្ចាត់ទ័ពចាម្ប៉ា។ ប្រជារាស្ត្រខ្មែរ នៅគ្រប់ទិសទី ត្រូវបានផ្ដុំគ្នាជាក្រុមស្ម័គ្រចិត្តចូលរួមធ្វើជាកងទ័ព ជួយសង្រ្គោះជាតិ ។ ក្នុងឋានៈនិងតួនាទីជាមេទ័ព ព្រះបាទជ័យវរ្ម័នទី៧ឈ្វេងយល់ថា កំលាំង និងចំនុចខ្សោយរបស់នគរចាម្ប៉ាគឺ ស្ថិតនៅលើកងនាវាចរ ទើបព្រះអង្គរៀបចំ ពង្រឹងកងទ័ពជើងទឹកមួយយ៉ាងសំខាន់ ដើម្បីទប់ទល់ និងវាយកំទេចទូកចាម្ប៉ា។ កងទ័ពជើងទឹកនេះបានវាយកំទេច បំផ្លាញកងទ័ពនាវាចាម្ប៉ា។

ជាសក្ខីភាពនៃចម្បាំងនេះ គេបានឆ្លាក់ជាប់នៅនឹងលើជញ្ជាំងថែវប្រាសាទបាយ័ន ដោយពណ៌នាអំពីទិដ្ឋភាពយ៉ាងអង់អាចក្លាហាននៃកងទ័ពខ្មែរ តាមទូកសំពៅលើទន្លេច្បាំងតទល់នឹងកងទ័ពចាម្ប៉ា។

សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារ ក៏បានចារអធិប្បាយ ពីព្រឹត្ដិការណ៍ចម្បាំង និងជ័យជំនះយ៉ាងអស្ចារ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ទៅលើស្ដេចចាម្ប៉ានេះដែរ។

នៅឆ្នាំ១១៨១ កងទ័ពចាម្ប៉ាត្រូវបានវាយកំទេច បាក់ទ័ពរត់ប្រសាចគ្មានទិសដៅ ខ្លះត្រូវកងទ័ពខ្មែរកាប់សម្លាប់ និងខ្លះទៀតត្រូវចាប់ធ្វើជាឈ្លើយសឹក។ ព្រះអង្គរំដោះដណ្ដើមយកមហានគរមកវិញបាន ហើយទឹកដីខ្មែរក៏បានសុខសន្តិភាព រួចពីការគ្រប់គ្រងនៃប្រទេសចម្ប៉ាក្នុងគ្រានោះ។

ជីវៈសង្ខេបនៃប្រវត្តិព្រះបាទជ័យវរ្ម័នទី៧

                                                                                                 ​រូបព្រះបាទជ័យវរ័ន្មទី៧

 

-ព្រះបាទជ័យវរ្ម័នទី៧ មានព្រះនាមដើម ជ័យវធ៌ន ប្រសូតនៅឆ្នាំ១១២០ ឬ ឆ្នាំ១១២៥ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ។ ព្រះមាតារបស់ព្រះអង្គ គឺព្រះនាមចូឌាមណីដែលជាព្រះរាជបុត្រីព្រះបាទហសិវរ្ម័នទី៣។ បិតាព្រះអង្គព្រះនាម ធរនិន្រ្ទវរ្ម័នទី២ ដែលជាក្សត្រសោរាជ្យបន្ទាប់ពីព្រះបាទសុរិយាវរ្ម័នទី២។  ព្រះបាទជ័យវរ្ម័នទី៧ ត្រូវជាអនុជរួមអយ្យិកានឹងព្រះបាទ សូរ្យវរ្ម័នទី២។ ​តាមរយៈមាតា គឺព្រះអង្គជាប់ស្រឡាយនៃ ព្រះរាជវង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុនអង្គរ។

នៅវ័យប្រមាណ២៥វស្សា ក្នុងរាជព្រះបិតាព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី៧ត្រូវបានតែងតាំងជាមេទ័ពធំកំពូលដឹកនាំកងទ័ពខ្មែរ ធ្វើសង្គ្រាមតទល់នឹងកងទ័ពប្រទេសចាម្ប៉ានៅតំបន់ស្រីវិជ័យ។

ក្នុងអំឡុងពេលនោះ ព្រះអង្គបានរៀបអភិសេករួចទៅហើយជាមួយព្រះនាង ជ័យរាជទេវី ហើយប្រហែលឆ្នាំ១១៤៥ ព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គព្រះនាម ស្រីឥន្រ្ទកុមារ។

ព្រះអង្គបានរៀបអភិសេកនឹង ព្រះនាង ឥន្ទ្រទេវី ក្រោយពីព្រះនាង ជ័យរាជទេវី ដែលជាព្រះអនុជរបស់ព្រះនាង ឥន្ទ្រទេវី សោយទិវង្គតទៅ។

តាមអ្នកប្រវតិ្តសាស្ត្រ ដូចជាសាស្រ្តាចារ្យ សំបូរម៉ាណ្ណារ៉ានិង សាស្ត្រាចារ្យវង់សុធារ៉ា  ចាត់ទុកព្រះបាទជ័យវរ្ម័នទី៧ជាស្តេចសឹក ប្រកបដោយទេពកោសល្យខ្ពស់ ព្រះអង្គជាមេទ័ពពូកែដែលបានសង្គ្រោះប្រទេសជាតិពីការវាតទីនិយមរបស់ចម្ប៉ា។ មិនត្រឹមតែប៉ុណ្ណោះ ទ្រង់ជាស្ថាបនិក ក្នុងការកសាង អភិវឌ្ឍជាតិប្រកបដោយអនុភាពយ៉ាងគួរឱ្យស្ញប់ស្ញែញបំផុត។ នៅឆ្នាំ១១៨១-១២០១  ក្នុងរាជ្យព្រះអង្គ ប្រទេសខ្មែរមានការរីកចំរើនយ៉ាងខ្លាំក្លាហើយក្លាយជាចក្រភពធំមួយកាលសម័យនោះ។

ព្រះបាទជ័យវរ្ម័នតី៧ បានធ្វើពលិកម្ម លះបង់ព្រះកាយពល ចិត្ត គំនិត ប្រាជ្ញាស្មារតី រហូតដល់បាត់បង់បុត្រាព្រះអង្គផ្ទាល់ទៀតផង ដើម្បីការពារជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។

ការលះបង់ដ៏ធំធេងរបស់ព្រះអង្គ បានធ្វើឱ្យកូនខ្មែរគ្រប់ជំនាន់មានការកោតស្ងប់ស្ញែងបំផុតហើយចងចាំព្រះអង្គដោយកត់ត្រានាមព្រះអង្គជាមហាបុរសខ្មែរដ៏អង់អាចក្លាហាននិងស្នេហាជាតិបំផុត៕

អត្ថបទដោយ នួន បូរិន ។ កំណត់ត្រាប្រវត្តិសាស្ត្រនេះ ចងក្រងនិងស្រាវជ្រាវពីឯកសារប្រវត្តិខ្មែរ របស់អ្នកនិពន្ធ ត្រឹងងា  អ្នកនិពន្ធ អាដេម៉ាឡឺក្លេ រ៉េស៊ីដង់បារាំងប្រចាំនៅកម្ពុជា ឯកសារប្រវត្តិសាស្ត្រចាមនិងសៀវភៅប្រវត្តិសាស្ត្រមហាបុរសខ្មែរ។   

 

Share

Image
Image
Image