en     km
en     km

ប្រពន្ធ​ជួយ​លក់​ទឹកត្នោត​ប្តី​

Share

នៅ​ចំ​កណ្តាល​ទីធ្លា​ប្រាសាទអង្គរវត្ត​ដែល​ជាទី​ប្រមូលផ្តុំ​នៃ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ស្ត្រី​មក​ពី​ ខេត្ត​ផ្សេង​បាន​ចាប់​យកមុខ​របរ​លក់​ទឹកត្នោត​។​ មុខរបរ​នេះ​ធ្វើ​ឲ្យ​គាត់​អាច​ចិញ្ចឹម​គ្រួសារ​តូច​របស់​ពួក​គាត់​បាន​។​
​កញ្ញា​ ជាតា​ ជូន​បទ​យកការណ៍​ពី​ខេត្តសៀមរាប​ ដូច​តទៅ​៖ 

 

women-ok-02

​សៀមរាប​ ៖​ នា​ពេល​រសៀល​ថ្ងៃ​រាប​លិច​ ក្រុម​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ចាប់ផ្តើម​រៀបចំ​ខ្លួន​ចាក​ចេញពី​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ស្កឹមស្កៃ​ដើម្បី​វិល​ត្រឡប់​ទៅ​កាន់​ទីស្នាក់អាស្រ័យ​របស់​ពួក​គេ​វិញ​។​ រីឯ​ស្ត្រី​លក់​ទឹកត្នោតផ្អែម​ក្នុង​បរិវេណ​ប្រាសាទបុរាណ​នេះ​ ហាក់ដូចជា​ប្តូ​រវេ​ណ​គ្នា​ចាកចេញ​ម្នាក់​ម្តងៗ​។​ ស្ត្រី​ទាំងនេះ​សុទ្ធតែ​មាន​ស្វាមី​ជា​អ្នក​ឡើងត្នោត​។​

​រែក​បំពង់​ទឹកត្នោត​ នៅ​លើ​ស្មា​ខាងស្ដាំ​ អ្នកស្រី​ ឃាង​ អាន​ ទើបតែ​បាន​ចេញ​ផុត​ពី​បរិវេណ​ប្រាសាទបុរាណ​នេះ​បាន​ប្រមាណ​ជា​១០​ ទៅ​ ២០​ម៉ែត្រ​តែ​ប៉ុណ្ណោះ​។​ ស្ដ្រី​វ័យ​៣០​ឆ្នាំ​ផ្លា​យ​រូប​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។​

អ្នកស្រី​ ឃាង​ អាន​៖​ «​លក់​អស់ហើយ​ ចេញ​ទៅ​ហើយ​ ទៅ​ផ្ទះ​វិញ​» ​។​

មាន​សំបុរ​ស្រអែម​ ឃាង​ អាន​ លក់​ទឹកត្នោត​នៅ​ទី​នេះ​អស់​រយៈពេល​១៥​ឆ្នាំ​មក​ហើយ​។​ដើរ​បណ្ដើរ​រែក​ទឹកត្នោត​បណ្ដើរ​ ស្ត្រី​កូន​បី​រូប​នេះ​ពោល​ទាំង​មាន​ស្នាមញញឹម​ថា​ជា​រៀងរាល់ថ្ងៃ​  នាង​ក្រោក​មក​លក់​ទឹកត្នោត​ចាប់តាំងពី​ម៉ោង​ ៥​ទាប​ភ្លឺ​ម្ល៉េះ​។​នាង​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ពី​ផ្ទះ​នាង​ចម្ងាយ​ប្រមាណ​ ១​គីឡូ​ ទៅ​ ២​គីឡូម៉ែត្រ​។​

ជា​រៀងរាល់ថ្ងៃ​អ្នកស្រី​ ឃាង​ អាន​ អា​ចរក​កម្រៃ​បាន​ពី​៥​ម៉ឺន​ ទៅ​៦​ម៉ឺន​រៀល​។​

អ្នកស្រី​ ឃាង​ អាន​៖«​លក់ដាច់​ជាងគេ​ត្រឹម​ថ្ងៃ​សុក្រ​ ថ្ងៃ​សៅរ៍​ ថ្ងៃអាទិត្យ​ ហើយ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ចិត្ត​ ញ៉ាំ​ទឹកត្នោត​ច្រើន​ជាងគេ​ ចិន​ វៀតណាម​ អឺរ៉ុប​ គ្រប់​សាសន៍​ ប៉ុន្ដែ​ភាគច្រើន​គឺ​ចិន​ ខ្មែរ​យើង​មួយៗ​»​។​

​ការ​លក់​ទឹកត្នោត​របស់​អ្នកស្រី​ ឃាង​ អាន​ ហាក់ដូចជា​មុខរបរ​រក​មួយ​ថ្ងៃ​សំរាប់​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។​ប៉ុន្តែ​គឺជា​មុខរបរ​ដែល​មិន​អាច​ខ្វះ​បាន​សំរាប់​នាង​។​
​អ្នកស្រី​ ឃាង​ អាន​៖ «​ប្ដី​ខ្ញុំ​អ្នក​ឡើងត្នោត​ ខ្ញុំ​មានកូន​ ៣​នាក់​រៀន​ទាំងអស់​ មិន​ចង់​ផ្លាស់​មុខរបរ​ទេ​ និយាយ​រួម​ទៅ​មិនដឹង​ធ្វើ​អី​ រៀន​ក៏​បាន​តិចតួច​មិនដឹងរ​កអី​ក្រៅ​តែ​ពី​ទឹកត្នោត​ »​។​

​នៅ​ខាងឆ្វេង​ដៃ​ អ្នកស្រី​ឃាង​ អាន​ គឺ​ស្ដ្រី​អ្នកលក់​ទឹកត្នោត​ម្នាក់​ទៀត​។ ​អ្នកស្រី​ ឃុន ​ហាក់ដូចជា​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​។​

​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​វាល​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ អ្នកស្រី​ឃុន​ មាន​ដើម​កំណើត​បាន​មក​ពី​ខេត្តកំពុងចាម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ មុខរបរ​លក់​ទឹកត្នោតផ្អែម​ហាក់ដូចជា​កំប៉ិកកំប៉ុក​ ប៉ុន្តែ​គឺជា​មុខរបរ​ចិញ្ចឹម​ឆ្នាំង​ចាំបាច់​ដែល​អ្នកស្រី​មិន​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ​។​
​ស្ដ្រី​វ័យ​ជាង​ ៤០​ ឆ្នាំ​រូប​នេះ​ពោល​ទាំង​អ​ម្រែ​ក​ទឹកត្នោត​នៅ​លើ​ស្មា​។​

​អ្នកស្រី​ ឃុន៖​ «​ផ្ទះ​បង​ (​ខ្ញុំ​)​ នៅ​កំពង់ចាម​ ខ្ញុំ​អត់​ចង់ទៅ​រកស៊ី​កំពង់ចាម​វិញ​ ព្រោះ​អី​មុខរបរ​នៅ​ទី​នេះ​ស្រួល​រក​លុយ​ជាង​»​។​

​តាម​អ្នកស្រី​ ឃុន​ មុខរបរ​លក់​ទឹកត្នោតផ្អែម​មិន​ប្រើ​លុយកាក់​ជា​ដុំ​កំភួន​សំរាប់​ធ្វើ​ជាដើម​ទុន​នោះ​ទេ​ ហើយ​ក៏​ជា​មុខរបរ​មួយ​ដែល​មិន​តម្រូវ​ឲ្យ​មានចំណេះ​ដឹង​ច្រើន​នោះ​ដែរ​។​
​ ​អ្នកស្រី​ ឃុន៖ «​ពិបាក​ដែរ​នឹង​អូន​អើយ​ ហេតុតែ​យើង​មិន​ចេះអក្សរ​ ណាមួយ​យើង​នៅ​ស្រុកស្រែ​មិនដឹង​ធ្វើ​អី​»​។​

​កាលពី​ឆ្នាំ​២០១៦​ មាន​ទេសចរ​បរទេស​ចំនួន​ជាង​២​លាន​នាក់​បាន​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប​។​

នៅ​ម៉ោង​ប្រមា​ន​៦​កន្លះ​ល្ងាច​ ភ្ញៀស​ទេសចរ​ជាតិ​ និង​អន្ដរជាតិ​ បាន​ធ្វើ​ដំណើរ​ចេញពី​បរិវេណ​ប្រាសាទ​អង្គ​វត្ត​បណ្ដើរៗ​។​ ភ្ញៀវ​បរទេស​ចរ​ ចិន​ និង​វៀតណាម​ ហាក់ដូចជា​មាន​ចំនួន​ច្រើន​ជាងគេ​ ។​

អ្នកស្រី ​ប៉ក់​ ដុំ​ គឺជា​ស្ដ្រី​អ្នកលក់​ទឹកត្នោត​ម្នាក់​ទៀត​។​ នៅ​ពេល​នេះ​នាង​រែក​បំពង់​ទឹកត្នោត​នៅ​ស្មា​ស្តាំ​ឆ្ពោះទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​វាល​  សង្កាត់​គោក​ចក​  ក្រុង​សៀមរាប​។​ ​អ្នកស្រី​ប៉ក់​ ដុំ​ បាន​បោះបង់​ការងារ​រោងចក្រ​នៅ​ខ​ណ្ឌ័​ស្ទឹង​មាន​ជ័យ​ក្រុងភ្នំពេញ​ ដើម្បី​មក​ប្រកប​មុខរបរ​ជា​អ្នកលក់​ទឹកត្នោត​នៅ​ក្នុង​ប្រាសាទអង្គរវត្ត​វិញ​។​

អ្នកស្រី ​ប៉ក់​ ដុំ៖​ «​និយាយ​រួម​ទៅ​ឆ្អែត​ហ្មង​ ហត់នឿយ​ តិច​ទៅ​ស្ទឹង​មាន​ជ័យ​ តិច​ទៅ​ចំការ​ដូង​ ចឹ​ង​តែ​ដូរ​កន្លែង​នៅ​រហូត​ព្រោះ​អត់​មាន​កន្លែង​នៅ​ ទៅ​នៅផ្ទះ​ជួល​ថ្លៃ​ពេក​»​។​

នៅ​ពេល​ដើរ​ប្រហែលជា​ ១​គីឡូ​ដី​ ពី​បរិវេណ​ប្រាសាទ​អង្គរ​ និង​ចំណាយពេល​អស់​រយៈពេល​ ជិត​១០​នាទី​ អ្នកស្រី​  ប៉ក់​ ដុំ​ បាន​ទៅ​ដល់​ផ្ទះ​របស់​គាត់​។​
​ផ្ទះ​របស់​អ្នកស្រី​ប៉ក់​ ដុំ​ មាន​ដំបូល​ប្រក់​ដោយ​ធាងត្នោត​។​ នៅ​ពីមុខ​ផ្ទះ​របស់​អ្នកស្រី​មាន​គ្រែ​ចំនួន​ ២​ និង​មាន​ពាងទឹក​នៅ​ពី​ចំហៀង​ផ្ទះ​ផង​ដែរ​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ ចិន​ ផល្លា​ ដែល​ត្រូវជា​ស្វាមី​របស់​អ្នកស្រី​ប៉ក់​ ដុំ​ លើក​ឡើង​ដែរ​ របរ​លក់​ទឹកត្នោត​ វា​មិន​ងាយស្រួល​នោះ​ទេ​។​
លោក​ ចិន​ ផល្លា៖ «​និយាយ​រួម​ទៅ​ ការ​ឡើងត្នោត​អាស្រ័យ​ទៅ​លើ​ធម្មជាតិ​ ជីវិត​យើង​មិន​ទៀងទេ​ ពេល​ខ្លះ​ឡើង​ទៅ​រន្ទះ​មក​ក៏​មាន​ដែរ​…»​។​

​បើ​ទោះបីជា​ត្អូញត្អែ​បែប​នេះ​ក្តី​ លោក​ចិន​ ផល្លា​ នៅ​តែ​មិន​ទាន់​មាន​បំណង​ណាមួយ​បោះបង់​ចោល​នូវ​របរ​លក់​ទឹកត្នោត​នេះ​ទេ​។​
«​ឱ្យ​ផ្លាស់​មុខរបរ​ណាមួយ​ បើ​អត់​មាន​ជំនាញ​អី​ផង​ យើង​ផ្លាស់​ទៅ​ណា​កើត​ យើង​អត់​មាន​ជំនាញ​ដូច​គេ​ យើង​ចេះ​តែ​ឡើងត្នោត​»៕

Share

Image
Image
Image