en     km
en     km

ប្រធាន​សហ​ជីព​មួយ​ ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ជា​លើក​ទី​០២​តែ​ពុំ​ទាន់​ទទួល​បទ​ចោទ​អ្វី​ឡើយ​🔊

Share

ភ្នំពេញ៖ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក​ ប៉ាវ​ ស៊ី​ណា​ បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​និង​បណ្តឹង​ឈ្មោះ​ គង់​ សុភ​ក្ត្រ័​ ជា​មេធាវី​តំណាង​ឱ្យ​ក្រុមហ៊ុនកាត់ដេរ​ សៅ​លី​ន​ ដែល​ប្តឹង​លោក​ពី​បទ​ក្លែង​លិខិត​ និង​ផ្តល់​ព័ត៌មាន​មិន​ពិត​។​

Pav-Sina
​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក​ ប៉ាវ​ ស៊ី​ណា​

​លោក​ ប៉ាវ​ ស៊ី​ណា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​តាម​រយៈ​ខ្សែ​ទូរស័ព្ទ​ បន្ទាប់​ពី​លោក​បញ្ចប់​ការ​សាកសួរ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ លោក​បាន​ផ្តល់​ចំលើយ​ទៅ​នឹង​ការ​សាកសួរ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ ជុំវិញ​បណ្តឹង​របស់​មេធាវី​តំណាង​ដែល​ឱ្យ​ក្រុមហ៊ុន​សៅ​លី​ន​។​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថា​ សំនុំរឿង​នៅ​បន្ត​ស៊ើបអង្កេត​នៅឡើយ​។​ លោក​ ជួន​សា​រ៉េ​ត​ មាន​សេចក្ដីរាយការណ៍​៖

 

​នៅ​ក្នុង​បទ​សម្ភាសន៍​នេះ​  លោក​ ប៉ាវ​ ស៊ី​ណា​ បាន​ប្រាប់​ថា​ក្រោយ​ពី​លោក​បង្ហាញ​ភស្តុ​តាង​មួយ​ចំនួន​ ដល់​តំណាង​អយ្យការ​ជុំវិញ​ការ​ប្តឹង​នោះ​ ខាង​តំណាង​អយ្យការ​មិន​ទាន់​សម្រេចការ​ចោទប្រកាន់​ទៅ​លោក​នៅ​ទ្បើ​យ​នោះ​ទេ​។​ ប៉ុន្តែ​លោក​ថា​អយ្យការ​នឹង​កោះហៅ​ក្រុមការងារ​របស់​លោក​បន្ថែម​ទៀត​ រួម​ទាំង​កោះហៅ​កម្មករ​៣​រូប​ដែល​ជា​តំណាង​សហជីព​ប្រចាំ​នៅ​រោងចក្រ​សៅ​លី​ន​ឱ្យ​ចូល​បំភ្លឺ​នៅ​ពេល​ខាង​មុខ​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ ពន្យល់​ថា​ដើមចម​បង្ក​ឱ្យ​មានការ​ប្តឹង​រូប​លោក​នោះ​ ដោយសារ​តែ​កម្មករ​ដែល​ជា​សមាជិក​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​សៅ​លី​ន​ យល់​ថា​សហជីព​ក្នុង​ក្រុមហ៊ុន​មួយ​នេះ​មិន​បានការ​ពារ​ផលប្រយោជន៍​កម្មករ​ ហើយ​សហជីព​នោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ថៅកែ​ក្រុមហ៊ុន​។​ លោក​បញ្ជាក់​ថា​ករណី​នេះ​ នាំ​ឱ្យ​មានការ​ប៉ះ​ទ​ង្គិច​ ហើយ​ឈាន​ដល់​ការ​ប្ដឹងប្ដល់​គ្នា​ ប្ដឹង​លោក​ពី​សំណាក់​ក្រុមហ៊ុន​ ពី​បទ​ក្លែង​លិខិត​ និង​ផ្ដល់​ព័ត៌មាន​មិន​ពិត​។​

​លោក​ ប៉ាវ​ ស៊ី​ណា​៖​ «​ខ្ញុំ​យល់​ថា​ទាំង​អស់នេះ​វា​ជា​ចេតនា​របស់​រោងចក្រ​ដែល​គាត់​ រើសអើង​សហជីព​ ហើយ​ជា​ពិសេស​ជា​ការ​ប្រឆាំង​ទៅ​នឹង​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​បង្កើត​ សហជីព​របស់​ពួក​គេ​ដែល​ជា​អ្នកធ្វើការ​នៅ​ក្នុង​រោងចក្រ​របស់​ពួក​គេ​ ហ្នឹង​ក្នុង​ការ​បង្កើត​សហជីព​ឯករាជ្យ​មួយ​ដើម្បី​ការពារ​សិទ្ធិ​និង​លក្ខ​ណ្ឌ​ការងារ​រួម​ទាំង​ផលប្រយោជន៍​របស់​ពួក​គេ​ ដូច្នេះ​ទាំងអស់​ជា​គោលបំណង​ទ​ប​ស្កាត់​របស់​ថៅកែ​…»​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​បន្ថែម​ពី​ខាង​តំណាង​ក្រុមហ៊ុន​សៅ​លីន​ បាន​នៅ​ទ្បើ​យ​នោះ​ទេ​នៅ​ថ្ងៃនេះ​។​

​តែ​សម្រាប់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈ​ការ​ផ្ញើរ​សា​អេ​ទ្បិ​ច​ត្រូ​និ​ច​ Telegram​ ថា​ព្រះរាជអាជ្ញា​រង​ លោក​ ខាំ​ សុ​ផា​រី​ ទទួល​ចាត់ការ​រឿង​របស់​លោក​ ប៉ាវ​ ស៊ី​ណា​។​ លោក​ លី​ សុ​ផា​ណា​ បន្ត​ថា​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​បន្ត​ចំណាត់ការ​ស៊ើបអង្កេត​ទៅ​លើ​រឿង​ក្តី​នេះ​។​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ អយ្យការ​នឹង​កោះហៅ​ដើមបណ្តឹង​ឱ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ពេល​ណា​នៅ​ទ្បើ​យ​នោះ​ទេ​។​

​សូម​រំលឹក​ថា​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​លោក​ ប៉ាវ​ ស៊ី​ណា​ លោក​ធ្លាប់​បាន​ពន្យារពេល​ការ​ចូល​បំភ្លឺ​ លើ​បណ្តឹង​ ក្លែង​លិខិត​ និង​ផ្ដល់​ព័ត៌មាន​មិន​ពិត​នេះ​ ចំនួន​ពីរ​លើក​រួច​មក​ហើយ​។​

​លើក​ទី​មួយ​ គឺ​ស្នើ​តុលាការ​ឲ្យ​ពន្យារពេល​ការ​កោះហៅ​ ក្រោម​ហេតុផល​ថា​ ដីកា​កោះហៅ​នោះ​ ខុស​នីតិវិធី​។​ លើក​ទី​ពីរ​ កាលពី​ថ្ងៃ​ទី​៧​ខែមេសា​ ឆ្នាំ​២០១៦​ ត្រូវ​ចូលខ្លួន​បំភ្លឺ​ទៀត​ តែ​លោក​ជាប់រវល់​ ទើប​ស្នើ​ពន្យារពេល​ចូល​បំភ្លឺ​មក​ក្រោយ​ចូល​ឆ្នាំ​វិញ​ គឺ​នៅ​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៦​ ហើយ​លោក​ចូលខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​លើក​ទី​០២​ នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​៕

Share

Image
Image
Image