en     km
en     km

ប្រធានស្តីទីCNRP ជម្រុញឱ្យសម្ដេចហ៊ុន​ សែន បន្ថែមច្បាប់ដាក់ទោសពលរដ្ឋមានចិត្តគាំទ្រលោក

Share

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ប្រាប់ទៅអ្នកប្រឹក្សារា​ប់រយអ្នករបស់សម្ដេច ហ៊ុន សែន ឱ្យពន្យល់អំពីការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយបន្ថែមទៀត ។ លោក សម រង្ស៊ី ថាវិសោធនកម្មនោះ គួរបញ្ចូលបញ្ញត្តិស្ដីពីការហាមឃាត់ និងដាក់ទោសប្រជាពលរដ្ឋដែលស្រឡាញ់ និងគាំទ្រលោក ទោះបីក្នុងចិត្ត ។ យ៉ាងណា មន្ត្រីបក្សកាន់អំណាចឆ្លើយតបថា សម្ដីលោក សម រង្ស៊ី មិនចាំបាច់ត្រូវគិត និងពិចារណាតាមនោះទេ ។​ អ្នកច្បាប់ថា ការធ្វើវិសោធនកម្មច្បាប់លុះត្រាណាមិនបន្ថែមបន្ទុកដល់ប្រជាពលរដ្ឋទូទៅ ។

លោក សោម លាភ រាយការណ៍

កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់លោក នូវខ្លឹមសារពន្យល់ឱ្យនាយករដ្ឋមន្ត្រីកម្ពុជាបន្ថែមធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដោយបន្ថែមបញ្ញត្តិមិនឱ្យពលរដ្ឋគាំទ្រ និងគោរពស្រឡាញ់លោក សូម្បីតែក្នុងចិត្ត ។ លោកបន្ថែមថា រាល់ពលរដ្ឋណា ដែលល្មើសនឹងបញ្ញតិ្តនោះ ត្រូវជាប់ទោសទាំងអស់។

លោក សម រង្ស៊ី មានជំនឿចិត្តថា ពលរដ្ឋ ១៦ លាននាក់ គឺជាអ្នកដែលគាំទ្រ និងស្រឡាញ់លោក ។

ជាក់ស្ដែង លោកថា «តែអ្នកធ្វើច្បាប់បែបនេះ ហើយ លោក ហ៊ុន សែន ខ្លួនឯង មិនទាន់ដឹងទេថា ៖ គាបសង្កត់ប្រជាពលរដ្ឋកាន់តែខ្លាំង ហើយដាក់បម្រាមកាន់តែតានតឹង នឹងអាចនាំឲ្យចំនួនទណ្ឌិតឡើងដល់ ១៦ លាននាក់ នៅប្រទេសកម្ពុជា»

លោក សម រង្ស៊ីបន្ថែមថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ធ្វើឡើងកាលពីឆ្នាំ ២០១៧ គឺសម្ដៅទៅលើលោកផ្ទាល់ ។

ជាក់ស្ដែងលោកសរសេរថា «ច្បាប់នេះ ក្រោយពីវិសោធនកម្មធ្វើឡើងក្នុងឆ្នាំ ២០១៧ សំដៅមកលើរូបខ្ញុំរួចហើយ ដោយហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យផ្តល់តំណែងនយោបាយឲ្យខ្ញុំ មិនឲ្យបញ្ចេញឈ្មោះខ្ញុំ មិនឲ្យបង្ហាញរូបថតខ្ញុំ មិនឲ្យចាក់ផ្សាយសម្លេងខ្ញុំ ពីព្រោះត្រូវដឹងថា សូម្បីតែស្រមោលខ្ញុំ ក៏លោក ហ៊ុន សែន ខ្លាចដែរ»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលចាប់អារម្មណ៍ចំពោះមតិរបស់លោក សម រង្ស៊ី នោះទេ ។

លោក ផៃ ស៊ីផាន៖ យើងមិនដែលចាប់អារម្មណ៍នឹងទណ្ឌិតនឹងផង ជាមនុស្សបុគ្គលរត់ចោលស្រុក បុគ្គលដែលមិនគោរពពីច្បាប់របស់ខ្មែរ ជាបុគ្គលមិនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ។ យើងមិនយកចិត្តទុកដាក់ យើងមិនដែលតែច្បាប់ដើម្បីរារាំងសិទ្ធិពលរដ្ឋនោះទេ ក៏ប៉ុន្តែសកម្មភាពទណ្ឌិតសម រង្ស៊ី អាចប្រឈមនឹងច្បាប់ ប្រឈមនឹងការកាត់ក្ដីរបស់តុលាការរួចស្រេចទៅហើយ

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ក្នុងសង្គមប្រជាធិបតេយ្យ គឺមានអ្នកគាំទ្រ និងអ្នកប្រឆាំង ដោយឡែកនៅកម្ពុជាមិនមែនពលរដ្ឋទាំងអស់គាំទ្រ តែលោក សម រង្ស៊ី តែម្នាក់នោះទេ សូម្បីតែអ្នកគាំទ្រ និងមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិទៀតផង ។

ដោយឡែក អ្នកច្បាប់កម្ពុជាម្នាក់ គឺលោក មេធាវី គង់ សំអុន មានប្រសាសន៍ថា ច្បាប់មិនមែនចែងឡើងដើម្បីឱ្យស្អប់បុគ្គលណាម្នាក់នោះទេ ។

មេធាវី គង់ សំអុន៖ អត់ទេ! និយាយទៅគេមិនអាចធ្វើច្បាប់ ជាលក្ខណៈឱ្យស្អប់បុគ្គលទេ នឹងហើយ បើថាបុគ្គលម្នាក់ធ្វើខុស អានឹងវាត្រូវទទួលទោសអីតាមច្បាប់អីចឹងទៅណាស ។ នឹងហើយ ក៏ប៉ុន្តែ បើនិយាយអំពីភាពស្អប់ខ្ពើម រៀបរាប់ថាឱ្យស្អប់បុគ្គលម្នាក់ជាសាធារណៈអីនឹង អានឹងវាមិនអាចធ្វើកើតទេបាទ!

ការបង្កើតច្បាប់គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងដើម្បីជាប្រយោជន៍ដល់មជ្ឈដ្ឋានទូទៅ ។

បើទោះជាបែបនេះក្ដី លោកមេធាវី គង់ សំអុន បន្ថែមទៀតថា ថ្វីត្បិតតែការបង្កើតច្បាប់ដើម្បីមនុស្សទាំងអស់គ្នាមែន ប៉ុន្តែច្បាប់មិនអាចបំពេញចិត្តមនុស្សទាំងអស់គ្នាបានទេ ។

មេធាវី គង់ សំអុន៖   ពាក្យថាច្បាប់នឹងវាមានឆន្ទៈជារួមហើយ  ពីព្រោះច្បាប់វាមិនមែនច្បាប់ឯកជនទេ ច្បាប់ប្រើសម្រាប់ផលប្រយោជន៍ប្រទេស ផលប្រយោជន៍ជាតិអីចឹង បាទ! វាជាឆន្ទៈរួមអ៊ីចឹងអានេះវាបង្ហាញឆន្ទៈរួមនឹងតាមរយៈរដ្ឋសភានឹងហើយ ពីព្រោះប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសរដ្ឋសភា ។ តែទោះជាយ៉ាងណាក្ដី ច្បាប់មិនអាចតម្រូវចិត្តមនុស្ស ១០០% ទេ វាអាចមានអ្នកទាស់ មានអ្នកពេញចិត្ត ។

លោក សម រង្ស៊ី បញ្ជាក់ថា លោកបានប្តឹងទៅអង្គការអន្តរជាតិនានា ដែលឃ្លាំមើលស្ថានការណ៍នៅប្រទេសកម្ពុជា ដើម្បីបន្ថែមការដាក់សម្ពាធបន្ថែមមកលើកម្ពុជា ។

លោក សម រង្ស៊ី ត្រូវបានលាលែងពីដំណែងប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពេលដែលច្បាប់សី្តពីគណបក្សនយោបាយ ចូលជាធរមាន ដែលតម្រូវថា អ្នកដែលមានទោសមិនអាចដឹកនាំគណបក្សបានទេ ។ ការលាលែងពីដំណែងនេះ ធ្វើឡើងដើម្បីបញ្ចៀសកុំឱ្យមានការរំលាយគណបក្សសង្គ្រោះជាតិ។

តែយ៉ាងណា គណបក្សសង្គ្រោះជាតិ នៅតែត្រូវបានតុលាការកំពូលកម្ពុជារំលាយកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តាមរយៈបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ។

មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះចំនួន ១១៨ ក៏ត្រូវបានតុលាការកំពូលសម្រេចចេញដីកាហាមឃាត់មិនឱ្យធ្វើសកម្មភាពទាក់ទងនឹងនយោបាយរយៈពេល ៥ ឆ្នាំ ។

អស់រយៈពេលជាងមួយឆ្នាំ រដ្ឋសភាកម្ពុជាបានសើរើស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយលើមាត្រា ៤៥ ថ្មី តាមរយៈការស្នើរបស់សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ក្រោមសម្លេង ៨៧ លើ ១២៥។

មកដល់ព្រឹកថ្ងៃទី ២៥ ខែ ធ្នូនេះ ព្រឹទ្ធសភាកម្ពុជាបានអនុម័តសេចក្តី ស្នើវិសោធនកម្ម មាត្រ៤៥ថ្មី (ស្ទួន) ដែលបើកផ្លូវ ឲ្យអតីតមន្រ្តីគណបក្ស ប្រឆាំង ចូលរួមធ្វើនយោបាយឡើងវិញ ជាឯកច្ឆ័ន្ទដោយសំឡេង ៥៦ នៃសមាជិកទាំងមូល៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image