en     km
en     km

ប្រធានគ.ជ.ប៖គ.ជ.ប កម្ពុជានឹងក្លាយជាសមាគម គ.ជ.ប ពិភពលោកនៅពេលខាងមុខ

Share

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ស៊ិក ប៊ុនហុក កាលពីថ្ងៃអង្គារបានជួបពិភាក្សាការងារជា មួយលោកអគ្គលេខាធិការសមាគមនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភពលោក ក្នុងគោលបំណងដើម្បីឱ្យការបោះឆ្នោតក្នុងប្រទេសនីមួយៗ ក៏ដូចជាប្រទេសកម្ពុជាប្រព្រឹត្តទៅឱ្យកាន់តែមានសុក្រឹត្យភាព និងតម្លាភាព។ អ្នកជំនាញកិច្ចការបោះឆ្នោតមួយសាទរ។

 

បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានអំណាចសាលដីកាតុលាការកំពូលរំលាយនាពេលកន្លងមកនេះ ជាលើកទីមួយហើយ ដែល ប្រធាន គ.ជ.ប  លោក ស៊ិក ប៊ុនហុក បានជួបពិភាក្សាការងារមួយជាមួយអគ្គលេខាធិការសមាគម នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិ ភពលោក លោក គីម យ៉ុងហ៊ី (Kim yonghi)។

ក្នុងជំនួបនេះធ្វើទ្បើងក្នុងគោលបំណងដើម្បីឱ្យការបោះឆ្នោតក្នុងប្រទេសនីមួយៗ ក៏ដូចជាប្រទេសកម្ពុជាប្រព្រឹត្តទៅឱ្យកាន់តែមានសុក្រឹត្យភាព និងតម្លាភាព។

តាមទំព័រហ្វេសប៊ុករបស់ គ.ជ.ប  គឺជំនួបនេះធ្វើទ្បើងដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពី សមាគម នៃគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតពិភពលោក ដែលហៅកាត់ថា (A-WEB) និងការបញ្ចុះបញ្ចូល គ.ជ.បកម្ពុជា ឱ្យក្លាយជាសមាជិកនៃ សមាគម នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភពលោក។

ក្នុងកិច្ចពិភាក្សាការងារនេះអគ្គលេខាធិការសមាគម នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភពលោក លោក គីម យ៉ុងហ៊ី បានឱ្យដឹង ថា A-WEB មានសមាជិកចំនួន ១០៩ មកពី ១០៣ប្រទេស ដែលកំពុងធ្វើការងារយ៉ាងច្រើន ដើម្បីធ្វើយ៉ាងណាសហការគ្នា ក្នុងគោលបំ ណងឱ្យការបោះឆ្នោតក្នុងប្រទេសនីមួយៗប្រព្រឹត្តិទៅឱ្យកាន់តែមានសុក្រឹត្យភាព និងតម្លាភាព។

ឆ្លើយតបនឹងការលើកទ្បើងនេះ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានសង្កត់ធ្ងន់ថា អ្វីដែល A-WEB កំពុងតែធ្វើ ក៏ដូចជាទស្សនវិស័យរបស់អង្គការនេះ គឺមិនខុសពីការចង់បានរបស់ គ.ជ.ប កម្ពុជានោះទេ។ លោក បញ្ជាក់ដែរថា គ.ជ.ប បានរៀបចំការបោះឆ្នោតជាច្រើនលើកច្រើនសារមកហើយ។ ជាពិសេសនាពេលកន្លងមកនេះ ការបោះឆ្នោតជ្រើសររើសក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នំា ២០១៧ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ស្របពេលនៃជំនួបពិភាក្សាការងាររវាង គ.ជ.ប កម្ពុជា ជាមួយសមាគម គ.ជ.ប ពិភពលោកនេះ កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសព្យួរជំនួយមក គ.ជ.ប។

ចំពោះការប្រកាសព្យួរជំនួយនេះ លោក ស៊ិក ប៊ុនហុក ថ្លែងប្រាប់ លោក គីម យ៉ុង ហ៊ី ថា គ.ជ.ប នៅតែបន្តការងាររបស់ខ្លួនជាប្រក្រតី ហើយភាគីជាច្រើនរួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង និងរុស្ស៊ី ហើយជាពិសេស អង្គការ JICA ដែលពីមុន នឹងបច្ចុប្បន្ន​ នៅតែបន្តការងារជួយ  គ.ជ.ប ទៀតក្នុងការងារបច្ចេកទេសនិងថវិកា ដោយមិនលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់ គ.ជ.ប នោះទេ។ 

លោក ស៊ិក ប៊ុនហុក បន្តថា គ.ជ.ប នឹងសហការជាមួយ A-WEB ជាជំហ៊ានៗមុនឹងក្លាយខ្លួនជាសមាជិកនៃសមាគមនេះ។

អគ្គលេខាធិការ A-WEB លោក គីម​ យ៉ុងហ៊ី ថា ខ្លួននឹងរង់ចំាសហការជាមួយ គ.ជ.ប។

ជុំវិញរឿងនេះ អ្នកអង្កេតការជាន់ខ្ពស់ពាក់ព័ន្ធការបោះឆ្នោតនៃអង្គការខុមហ្រ្វែល លោក កង សាវង្ស បានផ្តល់បទសម្ភាស ឱ្យវិទ្យុស្រ្តីដឹងនាថ្ងៃទី២០ ធ្នូ នេះថា ប្រសិនបើកម្ពុជាអាចចូលជាសមាជិក របស់ A-WEB គឺជារឿងល្អប្រសើរ ព្រោះសមាគមមួយនេះមានប្រទេសច្រើនជាសមាជិកហើយសមាគមនេះក៏មានលក្ខខណ្ឌច្បាស់លាស់ក្នុងជួយរៀបចំការបោះឆ្នោត

លោក កង សាវង្ស៖ «បើសិនជាបានចូលមែនក៏វាជាចំណុចកិត្តិយសមួយ ចំណុចល្អប្រសើរមួយផងដែរ ។ធម្មតាកាលណាប្រទេស ស្ថាប័នដែលរៀបចំការបោះឆ្នោតដែលមានជាងចំនួន១០០ប្រទេសចូលរួមគេមានលក្ខណ្ឌ គេមានគោលការណ៍គេច្បាស់លាស់ អញ្ចឹងបើយើងបានចូលនៅក្នុងហ្នឹងហើយអនុវត្តទៅតាមគោលការណ៍ដែលមានចែងជាសកលហ្នឹង អាហ្នឹងវាជាការល្អប្រសើរហើយសម្រាប់ការយល់ឃើញរបស់ខ្ញុំ»។

ចំណែក លោក ស៊ិក ប៊ុនហុក បានវាយតម្លៃខ្ពស់ចំពោះសមាគមមួយនេះដែលលោកថា សមាគមនេះបានចែងយ៉ាងច្បាស់ក្នុងធម្មនុញរបស់ខ្លួនថា ជាសមាគមមិនធ្វើនយោបាយ មានស្វ័យភាព និងឯករាជ្យដែលរួមបញ្ចូលសមាជិកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភព​លោក និងគ្មានឆន្ទៈលូកដៃចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសជាសមាជិកនោះទេ៕

Share

Image
Image
Image