en     km
en     km

ប្រតិភូសហភាពអឺរ៉ុបមកកម្ពុជាជួបមន្ត្រីកម្ពុជានិងមន្ត្រីគ.ជ.ប. ចំពេលស្ថានការនយោបាយ​តានតឹង

Share

គណៈប្រតិភូសហភាពអឺរ៉ុបដែលជាក្រុមស្វែងរកការពិតអំពីស្ថានការតានតឹងផ្នែកនយោបាយនៅកម្ពុជា បានមកជួបមន្រ្តីកម្ពុជា និងមន្ត្រីគ.ជ.ប. នៅថ្ងៃអង្គារ៍ ទី៣១ តុលានេះ។ អ្នករាយការណ៍ពត៌មានរបស់វិទ្យុស្រ្តីអេហ្វអឹម⁣ បានឲ្យដឹងថា ជំនួបបិទទ្វារជិតរវាងមន្ត្រីគណៈប្រតិភូសហភាពអឺរ៉ុប និងមន្ត្រីគ.ជ.ប. បានប្រព្រឹត្តទៅនៅរសៀលថ្ងៃនេះនៅឯទីស្ដីការរបស់គ.ជ.ប. ប៉ុន្តែមិនមានការធ្វើសន្និសិទ្ធិសារពត៌មាន ឬក៏ធ្វើសេចក្ដីរាយការពត៌មានដូចសព្វដងនោះទេ។

ទាក់ទិននឹងជំនួបមន្ត្រីគ.ជ.ប.នេះ វិទ្យុស្រ្តីបានសុំទាក់ទងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. ប៉ុន្តែលោកមិនបានទទួលទូរស័ព្ទ។

គណៈប្រតិភូសហភាពអឺរ៉ុប ដែលមកកាន់កម្ពុជានៅពេលនេះ បានមកដល់កាលពីថ្ងៃម្សិលមិញ បានជួបរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក⁣ ប្រាក់ សុខុន និង​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

ក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា គណៈប្រតិភូសហភាពអឺរ៉ុប​ បានលើកឡើងអំពីស្ថានការណ៍នៅកម្ពុជា អំពីបញ្ហានយោបាយ។​

លោកប្រាក់ សុខុន បានអះអាងថា ករណីគណបក្សប្រឆាំង គឺជារឿងរបស់កម្ពុជាដែលកម្ពុជាត្រូវអនុវត្តច្បាប់របស់ខ្លួន។​

សូមជម្រាបថា គណៈប្រតិភូសហភាពអឺរ៉ុប មកកាន់កម្ពុជានៅពេលនេះ បន្ទាប់ពីអនុរដ្ឋការបរទេសជប៉ុន បានមកកាន់កម្ពុជា ហើយបានចោទសួរលោក ប្រាក់ សុខុន អំពីករណីលោកកឹម សុខា ការបិទការិយាល័យ NDI និងករណីកាសែត Cambodia Daily។​

សហភាពអឺរ៉ុបបានប្រកាសថា​ ខ្លួនមិនអាចទទួលយកបានឡើយ បើគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ ដោយចាត់ទុកថា ជាការបំបិទសំឡេងក្រុមប្រឆាំង៕

 

Share

Image
Image
Image