en     km
en     km

ប្រជាពលរដ្ឋ​សម្តែង​ការ​មិន​ពេញចិត្ត​ ខណៈ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ត្រូវ​បាន​ផ្អាក​

Share

រូបភាព៖ ហ្វេសប៊ុក

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ និង​មានការ​សោកស្តាយ​ទៅ​នឹង​ការ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ ដែល​ជា​បុណ្យប្រពៃណី​ជាតិ​របស់​ខ្មែរ​។​ ពួក​គេ​លើក​ទ្បើ​ង​ថា​ ការ​ផ្អាក​នេះ​ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខរបរ​អាជីវកម្ម​ ជា​ពិសេស​គឺ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី​ជាតិខ្មែរ​។​

​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ បាន​មក​ពី​បណ្តា​ខេត្ត​ ដើម្បី​មក​ជួបជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ចូលរួម​ពិធីបុណ្យ​អំ​ទូក​ ដោយឡែក​នៅ​ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​ខកចិត្ត​ដែល​រាជរដ្ឋាភិបាល​ចេញ​សារាចរ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​អំ​ទូក​។​

​អាជីវករ​មួយ​រូប​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ គឺ​អ្នកស្រី​ សំ​ ពៅ​ មាន​អាយុ​៥០​ឆ្នាំ​ បាន​និយាយ​ថា​ ការ​ដែល​ផ្អាក​ប្រារព្ធ​ពិធីបុណ្យ​អំ​ទូក​ បណ្តែត​ ប្រទីប​ សំពះ​ព្រះ​ខែ​នៅ​ឆ្នាំ​នេះ​ ធ្វើ​ឱ្យ​ខកចិត្ត​ជា​ខ្លាំង​ ពីព្រោះ​ពិធីបុណ្យ​អំ​ទូក​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​តែងតែ​ប្រារព្ធ​ពី​ធី​នេះ​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។​

​អ្នកស្រី​បន្ត​ថា​ការ​ផ្អាក​ពិធីបុណ្យ​អំ​ទូក​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​មុខរបរ​របស់​អ្នកស្រី​ ពីព្រោះ​ថា​ នៅ​ពេល​ដែល​ផ្អាក​ដូច្នេះ​នឹង​មិនសូវ​មាន​ប្រជាពលរដ្ឋ​មក​លេង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ​ ប្រាកដជា​ពលរដ្ឋ​ត្រឡប់​ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ​ ព្រោះ​នៅ​តាម​បណ្តា​ខេត្ត​នានា​ នៅ​តែ​បន្ត​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​អុំទូក​នេះ​ ដដែល​។​ ជាង​នេះ​ទៀត​ អ្នកស្រី​បន្ថែម​ទៀត​ថា​ ការ​ផ្អាក​ប្រារព្ធ​ពិធីបុណ្យ​អំ​ទូក​នេះ​ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ផង​ដែរ​។​

​ដូច​គ្នា​នេះ​ដែរ​ ប្រជា​កសិករ​មួយ​រូប​ដែល​មក​ពី​ខេត្តស្វាយរៀង​គឺ​ លោក​ តូច​ អុល​ ក៏​បាន​សម្តែង​អារម្មណ៍​សោកស្តាយ​ផង​ដែរ​ ចំពោះ​ការ​ផ្អាក​ប្រារព្ធ​ពិធីបុណ្យ​អំ​ទូក​នៅ​ឆ្នាំ​នេះ​ ដោយ​លោក​ថា​ ពិធីបុណ្យ​អំ​ទូក​នេះ​មិន​គួរ​រំលង​ចោល​នោះ​ទេ​ ព្រោះ​វា​ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ជា​យូរ​មក​ហើយ​។​

​ផ្ទុយ​ទៅ​វិញ​ យុវតី​ ងួ​ន​ ស៊ី​ថា​ បាន​និយាយ​ថា​ ដែល​ជា​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ ការ​ផ្អាក​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា​ពិធីបុណ្យ​អំ​ទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ អកអំបុក​ នៅ​តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរមរាជវាំង​ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ ២៤-២៥​ និង​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ ត្រូវ​បាន​ផ្អាក​ការ​រៀបចំ​វិញ​ដោយ​យោង​ទៅ​លើ​ សារាចរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ចេញ​កាលពី​ថ្ងៃ​ ទី​៣១​ ខែតុលា​។​  ការ​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នៅ​ឆ្នាំ​នេះ​ ដោយ​មូល​ហេតុផល​ ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក​ ហើយ​ចំពោះ​មុខ​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​និង​កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​។​

​ទាក់ទង​នឹង​ការ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​ដែរ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សំណេះ​ជាមួយ​យុទ្ធ​ជន​ពិការ​ និង​ប្រជាពលរដ្ឋ​ នៅ​ស្រុក​ឈូក​ ខេត្តកំពត​ នៅ​ថ្ងៃ​ទី​ ១​ខែ​ វិច្ឆិកា​នេះ​ថា​ រាជរដ្ឋាភិបាល​បាន​បង្វែរ​ថវិកា​សម្រាប់​រៀបចំ​ពិធីបុណ្យ​អុំទូក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ទៅ​ជា​ថវិកា​សម្រាប់​ទិញ​ប្រេង​បូមទឹក​ដាក់​ស្រែ​ ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទឹក​ធ្វើស្រែ​ នៅ​តាម​បណ្តា​ខេត្ត​វិញ​។​

​ទោះជា​រដ្ឋាភិបាល​បាន​លុប​ចោលការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​ក៏​ដោយ​ ប៉ុន្តែ​នៅ​តាម​បណ្តា​ខេត្ត​នានា​ នៅ​តែ​បន្ត​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ ជា​ធម្មតា​ដដែល​៕​

Share

Image
Image
Image