en     km
en     km

បែកធ្លាយ​ច្បាប់​របស់​អា​មេ​រិ​ក​ត្រៀម​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ករណី​លោក​កឹ​ម​សុខា​

Share

​ភ្នំពេញ​៖​ឯកសារ​នៃ​សេចក្តីព្រាងច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​ លើ​មន្ត្រី​កម្ពុជា​ ត្រូវ​បាន​ បង្ហោះ​ លើ​ បណ្ដាញ​សង្គម​​របស់​កូនស្រី​ម្នាក់​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ឃុំខ្លួន​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​។​សេចក្ដីព្រាងច្បាប់​នេះ​ដាក់​លក្ខខណ្ឌ​ទៅ​នឹង​ការ​ដោះ​លែង​មេ​បក្ស​ប្រឆាំង​និង​ការ​ហាម​មិន​ឲ្យ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចូល​ទឹកដី​។​ យ៉ាងនេះ​ក្ដី​មន្ត្រី​កម្ពុជា​ ហាក់​មិន​ភ្ញាក់ផ្អើល​ឡើយ​។​

​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ កឹ​ម​ មនោ​វិទ្យា​កូនស្រី​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​ថា​៖«​លក្ខខណ្ឌ​ជំនួយ​របស់​អា​មេ​រិ​កមក​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨​រួម​មានការ​ដោះ​លែង​មេ​បក្ស​ប្រឆាំង​ពី​ពន្ធនាគារ​និង​ការ​ហាម​មិន​ឲ្យ​មន្ត្រី​កម្ពុជា​ដែល​រំលោភសិទ្ធិ​មនុស្ស​ចូល​ទឹកដី​សហរដ្ឋអាមេរិក​»​។​

​កញ្ញា​ កឹ​ម​ មនោ​វិទ្យា​ អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​បន្ត​ថា​«​ខ្ញុំ​បាន​ធ្វើការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក​ដាក់​លក្ខខណ្ឌ​នឹង​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​លទ្ធិប្រជាធិបតេយ្យ​ដែល​ជួប​ពិភាក្សា​ជាមួយ​ស្ថាប័ន​អា​មេ​រិ​ក​ដូច​ជា​ក្រសួងការបរទេស​ គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃ​ព្រឹទ្ធសភា​និង​សភា​ គណៈកម្មាធិការ​ការ​បរទេស​នៃ​ព្រឹទ្ធសភា​និង​សភា​និង​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​»​។​

​យ៉ាងណា​ក៏​ដោយ​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ផ្ទៀងផ្ទាត់​ពី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ​ ចំពោះ​ ការ​បែកធ្លាយ​សេចក្ដីព្រាងច្បាប់​ ដែល​បង្ហោះ​លើ​ទំព័រ​កូនស្រី​របស់​លោក​កឹ​ម​សុខា​។​

​រដ្ឋាភិបាល​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Donald​ Trum​ គ្រោង​នឹង​កាត់​ជំនួយ​អភិវឌ្ឍន៍​មក​កម្ពុជា​ប្រមាណ​៧០​ភាគរយ​នៅ​ឆ្នាំ​ក្រោយ​នេះ​។​នេះ​បើ​តាម​លោក​ អ៊ុ​ច​ បូរ​រិ​ទ្ធិ​ រដ្ឋ​ម​មន្ត្រី​ស្តីទី​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ចំពោះ​លក្ខខណ្ឌ​ជំនួយ​អា​មេ​រិ​ក​នេះ​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​មិន​ជឿ​នោះ​ទេ​។​«​ខ្ញុំ​យល់​ថា​អត់​មាន​ទេ​ ព្រឹទ្ធសភា​គ្រាន់តែ​ថា​គាត់​មិន​ទាន់​ព្រៀង​ទេ​។​ហើយ​បើ​ទោះជា​ព្រៀង​គាត់​ម្នាក់​ឯក​ គាត់​មិន​មាន​កម្លាំង​ មា​នំ​ឡេ​ង​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ព្រឹទ្ធសភា​អា​មេ​រិ​ក​យក​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ទេ​»​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ជាង​១​ពាន់​លាន​ដុល្លារ​តាម​រយៈ​អង្គការ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ហៅ​កាត់​ថា​USAID​ក្នុង​កម្មវិធី​លើកកម្ពស់​សុខភាព​ វិស័យ​អប់រំ​ និង​ការ​កែ​លម្អ​ វិស័យ​កសិកម្ម​ ការ​ការពារ​បរិស្ថាន​ និង​សិទ្ធ​មនុស្ស​។​

​អ្នកនាំពាក្យ​រង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​លោក​ David​ Josar​ ធ្លាប់​ប្រាប់​វិទ្យុ​ស្ត្រី​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​កញ្ចប់​ថវិកា​សហព័ន្ធ​រដ្ឋាភិបាល​អា​មេ​រិ​ក​នៃ​សារពើ​ព័ន្ធ​សម្រាប់​ឆ្នាំ​២០១៨​សភា​អា​មេ​រិ​ក​មិន​ទាន់​ចប់​សព្វគ្រប់​និង​កំពុង​ពិភាក្សា​នៅឡើយ​។​

​ទាក់ទង​រឿង​កម្ពុជា​ សភា​អឺរ៉ុប​បាន​ព្រមាន​អំពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា​អំពី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​និង​អំពាវនាវ​ឲ្យ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ និង​កុំ​ឲ្យ​រំលាយ​គណ​ បក្ស​សង្គ្រោះ​ជាតិ​។​

​លោក​ Ted​ Cruz​ សម​ជិ​ក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ព្រមាន​អំពី​ការ​បិទ​ទិ​ដ្ឋ​ការ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ចូល​ទឹកដី​អា​មេ​រិ​កដោយ​ទុក​ឱ​សា​វាទ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​លោក​ កឹ​ម​ សុខា​ មុន​ថ្ងៃ​ទី​ ៩​ ខែវិច្ឆិកា​ខណៈ​សមាជិក​សភា​និង​ព្រឹទ្ធសភា​ជា​ច្រើន​រូប​ទៀត​ក៏​មាន​ជំរុញ​ឱ្យ​រដ្ឋការ​របស់​លោក​ត្រាំ​ឆាប់​មាន​វិធានការ​លើ​ កម្ពុជា​ ជា​អ្វី​ដែល​ហៅ​ថា​ កម្ពុជា​កំពុង​ដើរ​ដល់​ចំណុច​គ្រោះថ្នាក់​នៃ​លទ្ធិប្រជាធិបតេយ្យ​៕

Share

Image
Image
Image