en     km
en     km

បុរស​ម្នាក់​ស្លាប់​ និង​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​វៀតណាម​ករណី​ពុល​ស្រាថ្នាំ​

Share

​ភ្នំពេញ​ ៖​ ករណី​ពុល​ស្រាថ្នាំ​ បាន​កើតឡើង​មួយ​ករណី​ស្ថិត​ក្នុងស្រុក​ទឹកឈូ​ ខេត្ដកំពត​ កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ បុរស​ពីរ​នាក់​ ដែល​បាន​ផឹកស្រា​ថ្នាំ​នេះ​ មាន​ម្នាក់​បាន​ស្លាប់​ ខណៈ​កំពុង​បញ្ជូន​ទៅ​ព្យាបាល​ និង​ម្នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។​ សមត្ថកិច្ច​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ពុល​ ព្រោះតែ​ស្រាថ្នាំ​នោះ​ គឺ​បាន​ត្រាំ​គ្រាប់​ធញ្ញជាតិ​ ដែល​មាន​សារធាតុពុល​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

អ្នកលក់ថ្នាំខ្មែររូបនោះមានឈ្មោះថា អ៊ឹង ឈាន់ ហៅ កៅ ភេទប្រុសអាយុ ៥១ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយបុរសពីររូបនេះដែរ

បុរស​ពីរ​នាក់​នេះ​ រស់នៅ​ក្នុង​ឃុំ​កំពង់​គ្រែង​ ស្រុក​ទឹកឈូ​ ខេត្ដកំពត​ ម្នាក់​ឈ្មោះ​ សំ​ វ​ណ្ណា​ អាយុ​ ៥៩​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ហ៊ួ​ត​ អាយុ​ជិត​ ៥០​ឆ្នាំ​ បាន​ពុល​ស្រាថ្នាំ​ ផ្សំ​ពី​សំបកឈើ​ និង​គ្រាប់​ធញ្ញជាតិ​ ដែល​មាន​សារធាតុពុល​។​ បុរស​ទាំង​ពីរ​នាក់​នេះ​ ម្នាក់​ស្លាប់​ខណៈ​កំពុង​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​ខេត្ដកំពត​ ទៅ​កាន់​ប្រទេស​វៀតណាម​ និង​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ទាន់​ពេល​ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ប្រទេស​វៀតណាម​។​

​លោក​ ហេង​ យ៉ា​ន់​ ជំទប់​ទី​១​ ឃុំ​កំពង់​គ្រែង​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អ​ហេ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ នេះ​ថា​ លោក​មិន​ទាន់​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​នៅឡើយ​ទេ​ ប៉ុន្ដែ​តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ គឺ​បុរស​ទាំង​ពីរ​នាក់​នេះ​ បាន​ផឹកស្រា​ថ្នាំ​នោះ​ ហើយ​ពុល​ពិតមែន​។​ ក៏​ប៉ុន្ដែ​សម្រាប់​រូប​លោក​ផ្ទាល់​ មិន​ទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ​ ថា​ បុរស​ទាំង​ពីរ​នាក់​ខាងលើ​នោះ​ ពុល​ស្រាថ្នាំ​ ឬ​ក៏​ពុល​សាច់​ ឆ្កែ​។​

​ជុំវិញ​ករណី​នេះ​ លោក​អធិការរង​ស្រុក​ទឹកឈូ​ លោក​ សូ​ ប៊ុ​ន​ធឿ​ន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​ពីរ​រូប​ នេះ​ គឺ​ពុល​ស្រា​ ដែល​ដាក់​ត្រាំ​ជាមួយ​ថ្នាំ​ ផ្សំ​ឡើង​ដោយ​សំបក​ និង​គ្រាប់​ធញ្ញជាតិ​ចំនួន​ ០៥​មុខ​។​ លោក​បន្ដ​ថា​ បុរស​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ បាន​ទិញ​ស្រាថ្នាំ​ពី​គ្រូ​លក់​ថ្នាំខ្មែរ​ម្នាក់​យក​មក​ផឹក​ បរិភោគ​ជាមួយ​សាច់​ឆ្កែ​។​ ក្រោយ​ពី​បុរស​ទាំង​ពីរ​នាក់​នេះ​ បាន​ផឹកស្រា​ថ្នាំ​អស់​ប្រមាណ​ពីរ​ បី​ ពែង​ក្នុង​ម្នាក់ៗ​ ស្រាប់តែ​ពួក​គេ​មាន​អាកា​រៈ​ទន់​ដៃ​ ទន់​ជើង​ តែង​ម្ដង​។​ លោក​អធិការរង​ បន្ដ​ទៀត​ថា​ បើ​យោង​តាម​ការ​សាកសួរ​ គ្រូថ្នាំ​ខ្មែរ​ ថ្នាំ​ដែល​លក់​ឲ្យ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​ គឺ​មាន​សារធាតុពុល​។​ គ្រូថ្នាំ​ខ្មែរ​នោះ​ បាន​ប្រាប់​ទៅ​ជន​រង​គ្រោះ​ ឲ្យ​ត្រាំ​ថ្នាំ​នោះ​ក្នុង​ស្រា​រយៈពេល​មួយ​ ៧​ថ្ងៃ​ (​មួ​យស​ប្ដា​ហ៍​)​ ឬ​ ១០​ថ្ងៃ​ ជា​មុន​សិន​ ដើម្បី​បន្សាប​។​ ក៏​ប៉ុន្ដែ​បុរស​ពីរ​នាក់​ ខាងលើ​បាន​ត្រាំ​ស្រា​ត្រឹមតែ​ ១​ម៉ោង​ប៉ុណ្ណោះ​ ហើយ​ក៏​ផឹក​ ទើប​បណ្ដាល​ឲ្យ​ពួក​គេ​ពុល​ដូច្នេះ​។​

​លោក​ សូ​ ប៊ុ​ន​ធឿ​ន​ ៖«​គ្រូ​ផ្សំ​ថ្នាំ​ហ្នឹង​គាត់​បាន​យក​ថ្នាំ​មក​លក់​ឲ្យ​ជន​រង​គ្រោះ​ គាត់​បាន​ប្រាប់​ថា​ ថ្នាំ​ហ្នឹង​វា​មាន​ជាតិពុល​ បើ​ត្រាំ​អស់​រយៈពេល​មួយ​អាទិត្យ​ទៅ​ ១០​ថ្ងៃ​ ទើប​វា​កាត់​ជាតិពុល​ហ្នឹង​បាត់​ តែបើ​យើង​ហូប​ក្នុងអំឡុងពេល​ភ្លាមៗ​ហ្នឹង​វា​អាច​នឹង​ពុល​ ប៉ុន្ដែ​អ្នក​រង​គ្រោះ​ហ្នឹង​ គាត់​មិន​អនុវត្ដ​តាម​គ្រូ​ផ្សំ​ថ្នាំ​ហ្នឹង​»​។​

​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ អ្នកលក់​ថ្នាំខ្មែរ​រូប​នោះ​មានឈ្មោះ​ថា​ អ៊ឹ​ង​ ឈាន់​ ហៅ​ កៅ​ ភេទ​ប្រុស​អាយុ​ ៥១​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​ជាមួយ​បុរស​ពីរ​រូប​នេះ​ដែរ​។​ គាត់​កំពុង​ត្រូវ​បាន​អាជ្ញាធរ​បន្ដ​ការ​សាកសួរ​។​

​ជុំវិញ​បញ្ហា​នេះ​អ្នកស្រី​ គី​ម​ មួយ​ ភរិយា​លោក​ សំ​ វ​ណ្ណា​ ដែល​ជា​ជន​រង​គ្រោះ​បាន​ស្លាប់​ក្នុង​ករណី​ពុល​ស្រា​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ម្សិលមិញ​អ្នកស្រី​បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ ដោយ​ស្វាមី​ និង​កូនប្រុស​ពៅ​របស់​អ្នកស្រី​ នៅ​ចាំផ្ទះ​។​ អ្នកស្រី​បន្ដ​ថា​ ប្ដី​របស់​អ្នកស្រី​បាន​ទិញ​ ថ្នាំ​ហ៊ឺ​ត​ ពី​គ្រូខ្មែរ​ ដើម្បី​យក​មក​ត្រាំ​ស្រា​ទុក​ផឹក​ ពី​នាក់​មិត្ដភក្ដិ​របស់​គាត់​។​ ថ្នាំ​នោះ​ត្រូវ​បាន​ទិញ​ពី​ពេល​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ លុះ​ល្ងាច​ឡើង​ទើប​លោក​ សំ​ វ​ណ្ណា​ ប្ដី​អ្នកស្រី​បាន​យក​ស្រា​នោះ​មក​ផឹក​ ក្រោយ​ពី​ផឹក​បាន​ម្នាក់​ពីរ​ បី​ ពែង​ ស្រាបតែ​ប្ដី​របស់​អ្នកស្រី​ និង​មិត្ដ​របស់​គាត់​ មាន​អាការ​ទន់​ដៃ​ ទន់​ជើង​ និយាយ​សម្ដី​ស្ដាប់​មិន​បាន​តែ​ម្ដង​។​

​អ្នកស្រី​ គី​ម​ មួយ​ ៖«​ដោយសារ​តែ​ម្សិលមិញ​ខ្ញុំ​អត់​នៅ​ដែរ​ ខ្ញុំ​ទៅ​ភ្នំពេញ​ ខ្ញុំ​មក​អត់​ទាន់ដង្ហើម​គាត់​ផង​ ពេល​អ្នក​ហូប​ជាមួយ​គាត់​ និង​កូនៗ​នៅផ្ទះ​ឃើញ​ថា​ គាត់​ញាំ​ស្រា​ហ្នឹងហើយ​ស្រាប់តែ​ ទន់​យក​ហ្មង​ ញាំ​ហើយ​លើកដៃ​អត់​រួច​ទេ​ ញ័រ​ហ្មង​ ហើយ​និយាយ​សម្ដី​ (​ស្ដាប់​មិន​បាន​)»​។​

​ពាក់ព័ន្ធ​ ករណី​ពុល​ស្រា​នេះ​ដែរ​ ក្រសួងសុខាភិបាល​ ធ្លាប់​បាន​អំពាវនាវ​កាលពីដើម​ខែកុម្ភៈ​ កន្លង​ទៅ​នេះ​ សុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​បរិភោគ​ស្រា​ដែល​មិន​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​ ឬ​អាជ្ញាធរ​។​ តែបើ​ក្នុង​ករណី​ពលរដ្ឋ​មាន​តម្រូវការ​ស្រា​ សូម​ឲ្យ​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​ជា​មុន​សិន​។​

​គួរ​ជម្រាប​ថា​ បើ​យោង​តាម​ទិន្នន័យ​ របស់​ក្រសួងសុខាភិបាល​ ករណី​ពុល​ស្រា​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៥​ ករណី​ ពុល​ស្រា​ មាន​ចំនួន​ ២៨៤​ករណី​ ហើយ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣៣​នាក់​ ដែល​កើតឡើង​នៅ​ខេត្ដ​ចំនួន​០៣​ គឺ​ខេត្ដ​ត្បូងឃ្មុំ​ ក្រចេះ​ និង​ខេត្ដមណ្ឌលគិរី​។​ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៦​ ករណី​ ការ​ពុល​ស្រា​ បាន​កើតឡើង​ចំនួន​ ៩២​ករណី​ បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៥​នាក់​ ស្ថិត​នៅ​ក្នុង​ខេត្ដ​កំពង់​ឆ្នាំ​។​ ចំណែក​ឆ្នាំ​២០១៧​ ករណី​ ពុល​ស្រា​បាន​កើតឡើង​ចំនួន​ ១៣​ករណី​ ហើយ​បង្ក​មនុស្ស​ស្លាប់​ចំនួន​ ២​នាក់​ ស្ថិត​ក្នុង​ខេ​ត្ដម​ណ្ឌ​គិរី​៕​

Share

Image
Image
Image