en     km
en     km

បាតុករនៅជប៉ុនទាមទារឱ្យចិនទៅប្រទេសខ្លួនវិញ តែអ្នកវិភាគថាជារឿងមិនត្រឹមត្រូវ

Share

ភ្នំពេញ៖ បាតុកម្មនៅប្រទេសជប៉ុន ដោយបាតុករជាជនជាតិខ្មែរ ពួកគាត់បានទាមទារឱ្យជនជាតិចិន និងវៀតណាម ចេញពីប្រទេសកម្ពុជាវិញ និងបញ្ឈប់ការជ្រោមជ្រែងដល់រាជរដ្ឋាភិបាលកម្ពុជា ។ អ្នកវិភាគថា ខណៈដែលពិភពលោកវិវត្ដន៍បច្ចុប្បន្ននេះ ការបដិសេធន៍ជនជាតិចិន និងជនជាតិវៀតណាមទាំងអស់ មិនឱ្យនៅកម្ពុជា មិនមែនជារឿងត្រឹមត្រូវនោះទេ  ។

លោក សោម លាភ រាយការណ៍ពីព័ត៌មាននេះ ៖

នៅប្រទេសជប៉ុន ក្នុងបាតុកម្មដែលមានអ្នកចូលរួមជាច្រើនរយនាក់ បាតុករបានស្រែកឱ្យសម្ដេច ហ៊ុន សែន ចុះចេញពីដំណែងជានាយករដ្ឋមន្ត្រី ។

ក្រុមបាតុករបង្ហាញការមិនពេញចិត្តចំពោះសម្ដេច ហ៊ុន សែន ដែលដឹកនាំកម្ពុជាបង្កើនទំនាក់ទំនងទៅនឹងប្រទេសកុម្មុយនីស្តចិន និងវៀតណាម ។

ក្នុងបដា ដែលក្រុមបាតុករនាំគ្នាកាន់ និងដើរដង្ហែ មានសរសេរថា ចិន និងវៀតណាម ជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា ។

ជាក់ស្ដែង ពួកគេបានរំលឹកដោយសរសេរក្នុងបដាទាំងនោះក្នុងន័យថា«ប្រជាជនកម្ពុជាមិនតិចជាង៣លាននាក់នោះទេ ដែលត្រូវបានស្លាប់ក្នុងវាលពិឃាតនៃរបបខ្មែរក្រហម ក្រោមការជ្រោមជ្រែងពីប្រទេសចិន» ។  

បដាផ្សេងទៀតសរសេរជាភាសាអង់គ្លេងដែលមានអត្តន័យដើមថា«យើងប្រឆាំងទៅនឹងសំណង់របស់ចិន, វត្តមានរបស់កងទ័ពចិននៅខេត្តកោះកុង ដើម្បីជាជំនួយដល់សម្ដេច ហ៊ុន សែន ដូចជាចិនជួយដល់របបប៉ុលពត សម្លាប់ពលរដ្ឋកម្ពុជាជាង ៣លាននាក់» ។  

មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បញ្ជាក់ក្នុងបដានោះទៀតថា ចិន មិនត្រូវបង្កើតរបបវាលពិឃាតនៅកម្ពុជាម្ដងទៀតឡើយ ។

ជាងនេះទៅទៀត ពួកគេក៏ទាមទារឱ្យមានប្រទេសហត្ថលេខី នៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសឱ្យជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ។

ពួកគេបង្ហាញការមិនពេញចិត្តចំពោះវត្តមានជនជាតិចិន និងវៀតណាមនៅកម្ពុជា ពោលគឺពួកគេទទួចឱ្យប្រទេសទាំងពីរនេះបញ្ឈប់ការជួយជ្រោមជ្រែងដល់នាយករដ្ឋមន្ត្រីកម្ពុជា និងវិលត្រឡប់ទៅប្រទេសខ្លួនវិញ ។  

សារព័ត៌មានជប៉ុន Nikkei Asian Review ចុះផ្សាយកាលពីថ្ងៃទី៣០ កក្កដា ដោយព្រមានថា ប្រសិនបើកម្ពុជាមានកិច្ចព្រមព្រៀងយោធាសម្ងាត់ជាមួយចិនមែននោះ នឹងធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ទាំងមូល នឹងត្រូវប្រឈមនឹងបញ្ហាអស្ថិរភាព ។ សារព័ត៌មាននេះ រំលឹកថា ជប៉ុនជាប្រទេសម្ចាស់ជំនួយមួយសម្រាប់កម្ពុជា ។

នៅលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរថា ឯកអគ្គរាជទូតជប៉ុនដែលចប់បេសកកម្មការទូតនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍកម្ពុជា ។ 

ក្នុងនោះសម្ដេចហ៊ុន សែន សរសេរមានន័យថា ឯកអគ្គរដ្ឋទូតជប៉ុនគោរព និងកោតសរសើរដល់វីរភាពនៃការដឹកនាំរបស់សម្ដេចជាខ្លាំង ។

មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា អះអាងដោយកុំឱ្យសាធារណៈជនព្រួយបារម្ភចំពោះវត្តមានចិន  ដោយអះអាងម្ដងហើយម្ដងទៀតថា កម្ពុជាមិនមានឡើយនូវមូលដ្ឋានកងទ័ពចិន ហើយកម្ពុជាក៏មិនអាចធ្លាក់ចូលក្នុងអន្ទាក់បំណុលចិននោះទេ បើទោះបីជាអ្នកជំនាញបារម្ភពីករណីនេះក៏ដោយ ។

នាយករដ្ឋមន្ត្រីកន្លងមក ធ្លាប់បង្ហាញថា ចិន ជាប្រទេសជួយឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់តាមរយៈការវិនិយោគពីប្រទេសនេះ ។

ចំពោះវៀតណាម និងកម្ពុជាវិញ ប្រទេសប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ គឺប្រទេសសិង្ហបុរី តាមរយៈនាយករដ្ឋមន្ត្រីនៃប្រទេសនេះដែលថា វៀតណាមឈ្លានពានលើកម្ពុជា ដែលធ្វើឱ្យមន្ត្រីកម្ពុជា រួមទាំងសម្ដេច ហ៊ុន សែនផង បានចេញមុខថ្កោលទោសចំពោះការលើកឡើងបែបនេះ ។

ចំពោះចិនវិញ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាក៏បានអះអាងថា បាននៅពីក្រោយការសម្លាប់រង្គាលទៅលើប្រជាជនកម្ពុជាក្នុងរបបខ្មែរក្រហម ។

ដោយឡែក អ្នកវិភាគឯករាជ្យ គឺលោកបណ្ឌិតមាស នី មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ១៣ សីហាថា ក្រៅពីប្រទេសចិន គឺប្រទេសជប៉ុន ជាប្រទេសម្ចាស់ជំនួយសម្រាប់កម្ពុជាធំទីពីរ ។

លោកបណ្ឌិតបន្ថែមថា​ ការបាតុកម្មនៅប្រទេសជប៉ុនពីសំណាក់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គឺធ្វើទៅចំគោលដៅ ដើម្បីបង្ហាញពីស្ថានភាពនៅកម្ពុជាដល់ជប៉ុន ខណៈជប៉ុននមិនចង់ឱ្យកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់ចិន ។

លោកបណ្ឌិតថា ការទាមទារឱ្យចិនចេញពីប្រទេសកម្ពុជា មិនមែនជារឿងសមស្របនោះទេ សម្រាប់ការវិវត្តនាពេលបច្ចុប្បន្ន និងអនុលោមទៅតាមច្បាប់ ។

លោកថា កម្ពុជាគួរ បើកឱ្យមានការសិក្សាស្រាវជ្រាវឱ្យបានពេញលេញ ដើម្បីជាការបង្ហាញអ្នកភាគីពាក់ព័ន្ធទាំងអស់ អំពីមន្ទិលសង្ស័យទាំងឡាយ ៕

Share

Image
Image
Image