នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុស្ត្រីនៅថ្ងៃសៅរិ៍ទី១១ មីនា លោកមឿន តុលា នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស បានពន្យល់ជាច្រើន អំពីគោលបំណងនៃការបង្កើតមូលនិធីស្ម័គ្រចិត្តនេះ ដែលលោកថាមានសារៈសំខាន់។
លោក បកស្រាយថា សំខាន់ គឺជួយជាសាក្សី ជាអ្នកឃើញនឹងភ្នែកពីការបិទតារាងលទ្ធផលបោះឆ្នោតក៏ដូចជាការរាប់សន្លឹកឆ្នោត ហើយអ្នកសង្កេតការណ៍នឹងផ្ដិតយកលទ្ធផលបោះឆ្នោត ហើយធ្វើសេចក្ដីរាយការណ៍ ។
លោក មឿន តុលា ថា ក្រុមរបស់លោកត្រូវការអ្នកសង្កេតការណ័ ២២១៤៤នាក់ ដោយដាក់ពង្រាយគ្រប់ការិយាល័យបោះឆ្នោតទូទាំងប្រទេស។ លោកបានបញ្ជាក់ទៀតថា អ្នកសង្កេតការណ៍គឺជាយន្តការមួយដែរ ដើម្បីបន្ថយជំលោះនយោបាយ ក្រោយការបោះឆ្នោតដែលលោកថាជាទម្លាប់ទៅហើយសម្រាប់ប្រទេសកម្ពុជាចោទគ្នារឿងបន្លំសន្លឹកឆ្នោត។
អ្នកសង្កេតការណ៍នេះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧នេះ ។ តទៅនេះ សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា និង លោក មឿន តុលា ដូចតទៅ៖