en     km
en     km

បទ​យកការណ៍​ ​៖​ ​ភរិយា​​និង​​កូន​ស្រី​​មន្ត្រី​​សិទ្ធិ​​មនុស្ស​​អា​ដ​​ហុ​ក​ ​ខូចចិត្ត​ ​ព្រោះ​តែ​​ប្ដី​​និង​​ម្ដាយ​​ខំ​​ធ្វើ​​ល្អ​​បែរ​ជា​​មាន​ទោស

Share

ភ្នំពេញ ៖ បើ​ទោះបី​សង្គម​បាន​ឲ្យ​តម្លៃ​ស្ត្រី​និង​បុរស​មាន​សិទ្ធិ​ស្មើគ្នា​ក៏​ដោយ​ តែ​ជំហរ​រឹង​មាំ​នៅ​ក្នុងផ្ទះ​ គឺ​បុរស​ដែល​ជា​ប្តី​ឬ​ឪពុក​នៅ​តែ​បាន​ដើរតួរ​សំខាន់​នៅ​ក្នុង​គ្រួសារ​ជាង​ម្ដាយ​ប៉ុន្តែ​អាស្រ័យ​លើ​កាលៈទេសៈ​ ។​ ​ថ្មីៗ​នេះ​បុរស​៣​នាក់​និង​ស្រី្ត​ម្នាក់​ជា​មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ដែល​ពួក​គាត់​ជាស​រសរ​ទ្រូង​នៃ​គ្រួសារ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ឃុំខ្លួន​នៅ​ពន្ធ​ធានា​គារ​ព្រៃ​ស​ ករណី​របស់​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ ពួក​គាត់​មានឈ្មោះ​ នី​ សុខា​ លោក​ យី​ សុខសាន្ត​ លោក​ ណៃ​វង់​ ដា​ និង​ លោកស្រី​ លឹ​ម​ មុនី​ ។​

​អ្នក​រាយ​ការ​ណ័​ព័ត៌មាន​នៃ​ វិទ្យុ​ស្ត្រី​បាន​ចុះ​ទៅ​ជួប​ប្រពន្ធ​កូន​ពួក​គាត់​ ដើម្បី​ចង់​ដឹង​ផ្ទាល់​ពី​អារម្មណ៍​របស់​ពួក​គាត់​អំពី​ផល​លំបាក​ នៅ​ពេល​ស្វាមី​ឬ​ម្ដាយ​ ជាប់​ឃុំខ្លួន​និង​ចង់​ដឹង​ពី​ក្ដី​រំពឹង​របស់​ពួក​គាត់​ អំពី​យុត្តិធម៌​សម្រាប់​ ប្ដី​និង​ម្ដាយ​ ។​ ប៉ុន្តែ​អ្វី​ដែល​ចាប់អារម្មណ៍​ច្រើន​នោះ​គឺ​ពួក​គាត់​ម្នាក់ៗ​ជា​ប្រពន្ធ​និង​ជា​កួន​ កំពុង​រស់​ដោយ​បាក់ទឹកចិត្ត​ព្រោះ​ក្ដី​រំពឹង​ថា​មេ​គ្រួសារ​ ជា​អ្នក​កែ​មុខមាត់​សង្គម​ ជួយ​រក​យុត្តិធម៌​អោយ​អ្នក​ទន់ខ្សោយ​ដែល​ត្រូវ​គេ​ជិះជាន់​ បែរជា​រង​ការ​ចោទប្រកាន់​ទៅ​វិញ​ ។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដែល​បាន​ចុះ​ទៅ​ជួប​ពួក​គាត់​នៅ​គេហដ្ឋាន​ បាន​រៀបរៀង​បទ​យកការណ៍​នេះ​ មាន​សេចក្ដីរាយការណ៍​ដូច​តទៅ​៖

 

Men-Leankhena
​អ្នកស្រី​ ម៉ែ​ន​ ល​ក្ខិ​ណា ភរិយា របស់លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អា​ដ​ហុ​ក

​ស្ថិត​ក្នុង​សហគមន៍​ក្រីក្រ​មួយ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ទី​នេះ​គឺជា​លំនៅ​ដ្ឋា​ន​ តូច​មួយ​របស់​ លោក​ នី​ សុខា​ ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អា​ដ​ហុ​ក​ដែល​ មេ​គ្រួសារ​រូប​នេះ​ កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ករណី​របស់​ កញ្ញា​ ស្រី​មុំ​ ។​ ប្រពន្ធ​របស់​គាត់​គឺ​ អ្នកស្រី​ ម៉ែ​ន​ ល​ក្ខិ​ណា​ ។​ អ្នកស្រី​មាន​ទម្ងន់​ ៨​ខែ​ គឺ​នៅ​សល់​មួយ​ខែ​ទៀត​នឹង​ត្រូវ​ប្រ​សូត្រ​បុត្រ​ ។​

​និយាយ​ដោយ​ទឹកមុខ​ក្រៀមក្រំ​ រលីងរលោង​ទឹកភ្នែក​អ្នកស្រី​ ម៉ែ​ន​ ល​ក្ខិ​ណា​ ហើយ​ពោល​ពាក្យ​អួល​ដើម​ក​ ថា​ប្ដី​អ្នកស្រី​ជា​បុរស​មាន​ក្ដី​មេត្តា​ គាត់​តែងតែ​ជួយ​កិច្ចការ​ផ្ទះ​ ពេល​គាត់​ចេញពី​ការងារ​ ជា​ពិសេស​មិន​ឱ្យ​អ្នកស្រី​ធ្វើ​ការងារ​ធ្ងន់​ទេ​ ខ្លាច​ប៉ះពាល់​ កូន​ក្នុង​ពោះ​ និង​មាន​ជម្ងឺ​ ផ្សេងៗ​ ។​ អ្នកស្រី​បន្ត​ថា​ក្រោយ​ពី​លោក​ នី​ សុខា​ ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​ដោយសារ​ករណី​កញ្ញា​ ស្រី​មុំ​ គឺ​កិច្ចកា​ផ្ទះ​ទាំងឡាយ​ធ្លាក់​លើ​អ្នកស្រី​ ទាំង​ការ​ចំណាយ​ ការ​មើលថែ​ទាំ​កូនៗ​ និង​សន្តិសុខ​យប់​ព្រលប់​ «​ចប់​ម៉ោង​ការងារ​គាត់​មក​ដល់​ដឹង​តែ​ជួយ​ការងារ​ ដាំ​ស្ល​ក៏​គាត់​ធ្វើ​ដែរ​និយាយ​ទៅ​ការងារ​ខ្ញុំ​គាត់​សឹង​ធ្វើ​ទាំង​អស់ហើយ​ តាំងពី​ខ្ញុំ​ពោះធំ​និង​មក​ដល់​គាត់​ទៅ​អ​ញ្ចឹ​ង​ពោះ​ប៉ុន​កញ្ជើ​ ណា​ធ្វើ​សព្វ​ធ្វើ​គ្រប់​នៅ​ក្នុងផ្ទះ​ ។​ ការងារ​ស្រី​មិន​ដូច​ការងារ​ប្រុស​ឯណា​ តែ​គាត់​មក​ពី​ធ្វើការ​វិញ​ការងារ​សព្វគ្រប់​ក្នុងផ្ទះ​…»​ ។​

​ជីវិត​គ្រួសារ​ដែល​ធ្លាប់តែ​ជួបជុំ​រាល់ថ្ងៃ​ បែ​ជា​បាត់​មិនឃើញ​មនុស្ស​សំខាន់​ម្នាក់​ បើ​ចង់​ជួប​ទាល់តែ​ទៅ​ដល់​ពន្ធនាគា​ព្រៃ​ស​ ។​ អ្នកស្រី​មានកូន​បួន​នាក់​តូចៗ​ កំពុង​សិក្សា​ ។​ អ្នកស្រី​បន្ត​ថា​ នៅ​ពេល​បាត់​ស្វាមី​គឺ​ ជា​ការ​លំបាក​មួយ​សម្រាប់​ មនុស្ស​ស្រី​និង​កូនៗ​កំពុង​សិក្សា​ ។​ តែ​នៅ​ពេល​សួរ​ពី​ការងារ​របស់​ប្ដី​ ស្រាប់តែ​អ្នកស្រី​និយាយ​ថា​ គាត់​មិន​ចង់ឱ្យ​កូនៗ​ មានការ​ងារ​ដូច​ឪពុក​ ព្រោះតែ​ជួយ​គេ​បែរជា​មានទុក្ខ​ជាប់​ខ្លួន​ «​ខ្ញុំ​និយាយ​ត្រង់​ខ្ញុំ​អស់​គំនិត​ ឲ្យ​កូន​រៀន​ខ្ញុំ​ចង់​ឲ្យ​វា​រកស៊ី​វិញ​ ព្រោះ​ការងារ​ឥឡូវ​ធ្វើ​អ្វី​ក៏​ខុស​អ​ញ្ចឹ​ង​ ខ្ញុំ​គ្មាន​គំនិត​បណ្តុះ​កូន​ឲ្យ​ហួស​និង​ទេ​ …​ខ្ញុំ​ប្រាប់​ត្រង់​សឹងតែ​កូន​រត់​ម៉ូតូឌុប​ក៏​រត់​ទៅ​…»​ ។​

Un-Bonnary
​កញ្ញា​ អ៊ុ​ន​ បុ​ណ្ណា​រី​ កូនស្រី​របស់​លោកស្រី​ លឹ​ម​ មុនី​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ អា​ដ​ហុ​ក

​ទោះបី​លំនៅ​ដ្ឋា​ន​នៅ​ឆ្ងាយ​ពី​គ្នា​ក៏​ដោយ​ តែ​អារម្មណ៍​នៅ​តែ​នឹក​ទៅ​រក​អ្នក​មានគុណ​រហូត​ ។​ ​នេះ​គឺជា​កញ្ញា​ អ៊ុ​ន​ បុ​ណ្ណា​រី​ ជា​កូនស្រី​របស់​លោកស្រី​ លឹ​ម​ មុនី​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ អា​ដ​ហុ​ក​ ។​ នាង​មាន​បងប្រុស​ម្នាក់​ដែល​មាន​កំពុង​មាន​ជម្ងឺ​ ។​

​ពេល​នេះ​នាង​កំពុង​ប្រឈម​បញ្ហា​ ២​គឺ​ផ្លូវចិត្ត​ និង​សេដ្ឋកិច្ច​ ។​ កញ្ញា​បន្ត​ទាំង​ទឹកភ្នែក​ថា​នាង​គ្មាន​ចិត្ត​ធ្វើ​កិច្ចការ​អ្វី​សោះ​ក្រោយ​ពី​ម្ដាយ​ជាប់​ឃុំ​ «​ខ្ញុំ​គិត​ថា​ខ្ញុំ​ទៅ​រៀន​ឬ​ក៏​ធ្វើ​អ្វីមួយ​គឺ​ដើម្បី​គាត់​ស្ងប់ចិត្ត​អ​ញ្ចឹ​ង​ បើសិន​គាត់​មានទោស​ នៅ​ក្នុង​គុក​៥​ ទៅ​ ១០​ឆ្នាំ​អ​ញ្ចឹ​ង​ ដល់​ពេល​ខ្ញុំ​រៀន​ចប់​ ខ្ញុំ​មាន​បងប្អូន​តែ​២​នាក់​ …​ខ្ញុំ​ខំរៀន​ដូច​អត់​ន័យ​អ្វី​ មិនដឹង​ថា​ខ្ញុំ​ខំ​ដើម្បី​អ្វី​ រឿ​នេះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ផ្លូវចិត្ត​របស់ខ្ញុំ​…»​ ។​

​គ្រួសារ​ដែល​ពេញ​លក្ខណៈ​ គឺ​ត្រូវ​មាន​ឪពុក​ជា​អ្នករក​ប្រាក់​ទំនុកបម្រុង​គ្រួសារ​ទាំងមូល​ ឯ​ម្តាយ​មាន​តួរ​នាទី​មើលថែ​រក្សាទ្រព្យ​ក្នុង​គ្រួសារ​ដែល​ប្តី​បាន​និង​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ និង​មើលថែ​កូនៗ​ រីឯ​កូន​គឺជា​កំលាំងចិត្ត​មួយ​សម្រាប់​គ្រួសារ​ ហើយ​ក៏​ត្រូវការ​ថ្នាក់ថ្នម​ពី​ឪពុក​ម្តាយ​ផង​ដែរ​ ។​ ជា​ក្មេង​ស្រី​ម្នាក់​រស់នៅ​ជាមួយ​ម្តាយ​ដោយ​គ្មាន​ឪពុក​ថែរក្សា​ដូច​គេ​ឡើយ​ ។​

អ៊ុ​ន​ បុ​ណ្ណា​រី​ ថា​នាង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​ម្តាយ​នាង​ហើយ​ពេល​នេះ​នាង​ អស់សង្ឃឹម​ធ្វើ​អ្វី​លែង​កើត​ទៅ​ហើយ​ ។​ នាង​បន្ត​ទាំង​ទឹកភ្នែក​ថា​ម្ដាយ​នាង​ជា​អ្នក​ជួយ​ពង្រឹង​ យុត្តិធម៌​សង្គម​ ជួយ​សហគមន៍​ក្រីក្រ​ដែល​រង​អំពើ​អយុត្តិធម៌​ តែ​បែរជា​គាត់​មានឈ្មោះ​ថា​អ្នក​ប្រព្រឹត្ត​អំពើ​មិន​គួរ​ឱ្យ​កើត​មាន​នេះ​ទៅ​វិញ​ «​ខ្ញុំ​មិ​ង​ដឹង​ច្បាស់​ថា​ម៉ាក់​ខ្ញុំ​គាត់​ធ្វើ​អ្វី​ខុស​នោះ​ទេ​ ខ្ញុំ​គ្រាន់តែ​ដឹង​ថា​ម៉ាក់​ខ្ញុំ​ជា​មនុស្ស​ល្អ​ គាត់​ជួយ​សង្គម​ ហើយ​គាត់​អត់​ដែរ​ធ្វើ​ការងារ​អាក្រក់​នោះ​ទេ​ គាត់​ធ្វើការ​ជួយ​តែ​ស្ត្រី​និង​ កុមារ​ ជាង​២០​ឆ្នាំ​ខ្ញុំ​ឃើញ​តែ​ម៉ាក់​ខ្ញុំ​ធ្វើ​បែប​នឹង​តាំងពី​ខ្ញុំ​នៅ​តូចៗ​…»​ ។​

San-vatanakvotey
កញ្ញា​ សាន្ត​ វឌ្ឍនៈ​វ​ត្តី​ ​កូនស្រី​ពៅ​របស់​លោក​ យី​ សុខសាន្ត​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ សមាគម​អា​ដ​ហុ​ក

​ក្នុង​ជំនួប​មួយ​ជាមួយ​អ្នក​សារព័ត៌​មាននៅ​សមាគម​អា​ដ​ហុ​ក​ កញ្ញា​ សាន្ត​ វឌ្ឍនៈ​វ​ត្តី​ ដែល​កូនស្រី​ពៅ​របស់​លោក​ យី​ សុខសាន្ត​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ សមាគម​អា​ដ​ហុ​ក​និយាយ​ថា​ ម្តាយ​របស់​នាង​តែងតែ​សន្លប់​ កាលបើ​រំលឹក​ដល់​ឪពុក​នាង​ «​ម៉ាក់​គាត់​ឧស្សាហ៍​សន្លប់​នៅ​ពេល​ដែល​រំលឹក​ដល់​ប៉ា​ចាប់ផ្តើម​រន្ធត់​ចិត្ត​គឺ​គាត់​សន្លប់​ ។​ ថ្ងៃមុន​នឹង​ពេល​នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​គាត់​ឃើញ​គេ​ដាក់​ខ្នោះ​ប៉ា​ម៉ាក់​ភ័យ​ខ្លាំង​ពេក​គាត់​ក៏​សន្លប់​…»​ ។​

​កញ្ញា​ បន្ត​ថា​នាង​ក៏​មិន​ទាន់​រៀន​ចប់​ចំណែក​បងប្រុស​ទៀត​ក៏​កំពុង​រៀន​ ។​ នាង​ថា​មិន​បាន​ទៅ​រៀន​ទៀងទាត់​ទេ​ព្រោះ​ត្រូវ​ប្ដូរ​វេន​ជាមួយ​បងប្រុស​ ដើម្បី​នៅ​មើលថែ​ម្តាយ​ដែល​មាន​ជំងឺលើសឈាម​និង​ ខ្សោយបេះដូង​ ។​ កញ្ញា​ បន្ត​ទាំង​អួល​ដើម​កថា​គាត់​ជឿជាក់​ថា​ឪពុក​នាង​ជា​មនុស្ស​ល្អ​ ។​ នាង​ថា​ ទោះជា​ឪពុក​ជាប់​ពន្ធនាគារ​តែ​នាង​ មិន​មាន​អារ​ម្ម​ណ្ម៍​ខ្មាស់​គេ​នោះ​ទេ​ ព្រោះ​ឪពុក​នាង​ មិន​ប្រព្រឹត្ត​អំពើអាក្រក់​ តែ​នៅ​ពេល​នេះ​នាង​មានការ​បារម្ភ​ខ្លាំង​ទៅ​លើ​បញ្ហា​ សុខភាព​របស់​ឪពុក​តែ​ប៉ុណ្ណោះ​ «​មិត្ត​រួម​ថ្នាក់​គេ​អត់​មាន​ថា​អ្វី​គេ​មាន​តែ​លើកទឹកចិត្ត​និង​គាំទ្រ​ ពី​ដំបូង​មាន​អារម្មណ៍​ថា​ ខ្លាច​គេ​មើលងាយ​ខ្លាច​ខ្មាស់​គេ​ តែ​បែ​ជា​មាន​មិត្ត​គាំទ្រ​ គេ​លើកទឹកចិត្ត​គេ​ និង​មា​ហា​ជន​គាំទ្រ​…​ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​មាន​គាត់​ជា​ប៉ា​ខ្ញុំ​…»​ ។​

Pheav-Mey
អ្នកស្រី​ ភាវ​ ម៉ី​ ភរិយារបស់ លោក​ ណៃ​ វង់​ដា​

​រីឯ​ អ្នកស្រី​ ភាវ​ ម៉ី​ ជា​ស្ត្រី​មេផ្ទះ​ ដែល​ត្រូវ​មើលថែ​កូន​តូចៗ​២​នាក់​គឺ​ស្រី​ម្នាក់​ ប្រុស​ម្នាក់​ ។​ អ្នកស្រី​គឺជា​ប្រពន្ធ​របស់​លោក​ ណៃ​ វង់​ដា​ ក៏​ជា​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក​ដែរ​ ។​ លោកស្រី​ថា​ កូនស្រី​របស់​លោកស្រី​តែងតែ​សួ​រក​ឪពុក​គេ​ ហើយ​ជួនកាល​យំ​សុំ​ទៅ​ពន្ធនាគារ​ទាំង​យប់​ដើម្បី​បាន​ជួប​ឪពុក​ ព្រោះ​ពួក​គេ​មិនដឹង​ថា​ឪពុក​បាត់​ទៅ​ណា​ «​អា​ទី​ពី​កូនស្រី​មួយ​និង​ ប្តី​ខ្ញុំ​ស្រលាញ់​ខ្លាំង​ណាស់​ ហើយ​កូន​និង​ពុក​តែង​និយាយ​លេងសើច​ ក្រោយ​ពី​មក​ពី​ធ្វើការ​វិញ​អ​ញ្ចឹ​ង​កូន​ និង​តាម​ប៉ា​ខ្លាំ​ណាស់​»​ ។​

​អ្នកស្រី​លំបាក​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​កើតឡើង​ក្នុង​ពេល​តែ​មួយ​ ហើយ​ផ្ទះ​ដែល​ធ្លាប់​នៅ​ជុំ​គ្រួសារ​បែ​ជា​ស្ងាត់ឈឹង​ ព្រោះ​ចង់​សើច​ ក៏​សើច​លែង​ចេញ​ដែរ​ ។​ លោកស្រី​បាន​បន្ត​ថា​ លោកស្រី​ចង់​ឲ្យ​តុលាការ​ព​ន្លឿ​ន​និ​តិ​វិធី​ឲ្យ​បាន​ឆាប់​ ដើម្បី​ចង់​ដឹង​ថា​មានទោស​ ឬ​ក៏​អត់​ ។​ អ្នកស្រី​សង្ឃឹមថា​រដ្ឋាភិបាល​ នឹង​បានឃើញ​អំពើ​ល្អ​ដែល​សមាគម​អា​ដ​ហុ​ក​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ ហើយ​ និង​ទម្លាក់​បទ​ចោទ​លើ​ប្ដី​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ «​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ព្រោះ​ខ្ញុំ​គិត​ថា​ប្តី​ខ្ញុំ​គាត់​មិន​បាន​ធ្វើ​ខុស​អ្វី​នោះ​ទេ​ ហើយ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ក៏​ដឹង​ថា​គាត់​ធ្វើការ​តាម​គោល​ការ​អង្គការ​ ចង់​ឲ្យ​សម្តេច​គាត់​ពិ​ន្យ​មើល​ហើយ​ទម្លាក់​ការ​ចោទ​លើ​រូប​ប្តី​ខ្ញុំ​»​ ។​

​មន្ត្រីជាន់ខ្ពស់​ខ្ពស់​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ដែល​តុលាការ​បញ្ជា​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ មាន​ លោក​ នី​ សុខា​ លោក​ យី​ សុខសាន្ត​ លោក​ ណៃ​ វ៉ង់​ដា​ លោកស្រី​ លឹ​ម​ មុន្នី​ និង​អតីតមន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប​ទៀត​ ដែល​ទើប​ទទួល​តំណែង​ជា​អគ្គលេខាធិការ​រង​ គជ​ប​ គឺ​លោក​ នី​ ចរិយា​ ។​

​អ្នក​ទាំងនោះ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​ និង​សមគំនិត​ ឲ្យ​សាក្សី​ផ្តល់​ចម្លើយ​មិន​ពិត​ដល់​តុលាការ​ ទាក់ទិន​នឹង​សំនុំរឿង​ស្នេហា​ជា​លក្ខណ​ឯកជន​របស់​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​ចោទ​ថា​ មាន​ទំនាក់ទំនង​ជាមួយ​មេ​បក្ស​ប្រឆាំង​មួយ​រូប​គឺ​លោក​ កឹ​ម​ សុខា​ ។​

​កាលពី​ទី​៦​ឧសភា​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ង​នៅ​កម្ពុជា​បាន​រៀបចំ​ទទួលទាន​ អាហារ​ពេល​ល្ងាច​ជូន​ប្រពន្ធ​ និង​កូន​របស់​មន្ត្រី​ សមាគម​អា​ដ​ហុ​ក​ និង​មន្ត្រី​គជ​ប​ ដែល​គេ​ថា​ធ្វើ​ឡើង​ដើម្បី​ លើកទឹកចិត្ត​ប្រពន្ធ​កូន​ពួក​គាត់​ កុំឱ្យ​បាក់ទឹកចិត្ត​ ហើយ​ខិតខំ​តស៊ូ​ចិញ្ចឹម​ មើលថែ​កូន​ ដើម្បី​ អនាគត​ពួក​គេ​ទៅ​ថ្ងៃ​មុខ​ ។​ ក្រុម​អង្គការ​សង្គម​ជាតិ​ និង​អន្តរជាតិ​ សហភាព​អឺរ៉ុប​ និង​ គណបក្សប្រឆាំង​ ថ្កោលទោស​ការ​ចាប់ខ្លួន​មនុស្ស​ទាំង​៥​នាក់​នេះ​ ដោយ​ទទូច​ឱ្យ​ដោះ​លែង​ ពួក​គេ​មាន​សេរីភាព​វិញ​ ៕​

Share

Image
Image
Image