en     km
en     km

បទ​សម្ភាសន៍​៖ ​«ជំនាញទន់»​ ជា​ទុន​បន្ថែម​សម្រាប់​យុវជន​ក្នុង​ការ​ប្រកួត​ប្រជែង​ការងារ​ នៅ​ពេល​សមា​ហរណ​កម្ម​អាស៊ាន​

Share

អ្នកស្រី ប៉ែន បុប្ផា គ្រូបណ្ដុះបណ្តាលនៃអង្គការ អេច អ៊ី ឌី ស៊ី អន្តរជាតិ
អ្នកស្រី ប៉ែន បុប្ផា គ្រូបណ្ដុះបណ្តាលនៃអង្គការ អេច អ៊ី ឌី ស៊ី អន្តរជាតិ

ភ្នំពេញ​៖ ​សមា​ហរ​ណ​កម្ម​សេដ្ឋ​កិច្ច​អា​ស៊ាន​​​គ្រោង​​នឹង​​សម្រេច​​បាន​​នៅ​​ចុង​ឆ្នាំ​​២០១៥​ ខាង​មុខ​ ដូច​នេះ​​ពល​រដ្ឋ​​នៃ​​​បណ្តា​ប្រទេស​ជា​សមា​ជិក​អាស៊ាន​ទាំង​អស់ នឹងមាន​ឱកាស​បំពេញ​ការ​ងារ​ផ្សេងៗ​ទៅ​តាម​ជំនាញ​របស់​ខ្លួន​នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ណា​មួយ។ ទន្ទឹម​នឹង​ការ​មាន​​ឱកាស​ការ​ងារ​ទូលំ​ទូលាយ​សម្រាប់​​ប្រជា​ពល​រដ្ឋ​ ជា​ពិសេស​យុវជន​ក្នុង​ប្រទេសអាស៊ាន​ទាំង​១០ ការ​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ដណ្តើម​ការ​ងារ​របស់​យុវ​ជន​កម្ពុជា​ជា​មួយ​យុវ​ជន​ក្នុង​បណ្តា​ប្រទេស​នីមួយ​ៗ​ក្នុង​តំបន់​ ក៏​ជា​បញ្ហា​សំខាន់​ដែល​យុវជន​កម្ពុជា​មិន​ត្រូវ​មើល​រំលង​។ ដើ​ម្បី​ប្រកួត​ប្រជែង​ដណ្តើម​ការ​ងារ​ល្អ​បាន​ ក្រៅ​ពី​មាន​សមត្ថ​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ជំនាញ​វិជ្ជា​ជីវៈ​របស់​ខ្លួន យុវជន​កម្ពុជា​ត្រូវ​មាន​សមត្ថ​ភាព ​« ​ជំនាញ​ទន់​ » (Soft​ Skill )​ មួយ​បន្ថែម​ទៀត​ក្នុង​ការ​បំពេញ​ការ​ងារ ​។

​ដើម្បី​ជ្រាប​ឱ្យ​កាន់​តែ​ច្បាស់​ពី​​​ជំនាញ​ទន់ ​និងវិធីសាស្ត្រ​អភិវឌ្ឍ​​​ខ្លួន​ជា​មុន​ដើម្បី​ត្រៀម​ប្រកួតប្រជែងការងារ​ជា​មួយ​យុជន​បណ្តា​ប្រទេស​អាស៊ាន ក្នុងពេល​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​នោះ ​​ខាង​ក្រោម​នេះ ​ជា​បទ​សម្ភាសន៍​រវាង​លោក ​ម៉ៅ​ សំណាង​ អ្នក​​​យក​​​ព័ត៌​​មាន​​​របស់​​មណ្ឌល​​ព័ត៌​​មាន​​​ស្ត្រី​​កម្ពុជា ​និង ​លោកស្រី ​ប៉ែន​ បុប្ផា​ គ្រូ​បណ្តុះ​បណ្តាល​នៃ​អង្គ​ការ​ អេច​ អ៊ី​ ឌី​ ស៊ី​ អន្តរ​ជាតិ​ (​ HEDC​ International​) អំពី​យុទ្ធសាស្ត្រទំាងនេះ។

WMC​៖ ​តើ​អ្វី​ជា​បញ្ហា​ប្រឈម​របស់​យុវជន​កម្ពុជា​ក្នុង​ពេល​ធ្វើ​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន​?

អ្នក​ស្រី ប៉ែន​ បុប្ផា​៖ ​បញ្ហា​ប្រឈម​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ពេល​ធ្វើ​សមាហរ​ណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ គឺ​សមត្ថភាព​ ចំណេះដឹង​ និង​ជំនាញ​នៅ​ក្នុង​ការងារ​រ​បស់​យុវជន​នៅ​មាន​កម្រិត​។ ​យុវជន​កម្ពុជា ​មិន​ត្រូវ​មើល​បញ្ហា​គិត​ថា​ជា​ឧបសគ្គ​បំបាក់​ទឹក​ចិត្ត​ខ្លួន​ឯង​នោះ​ទេ​។ ​ឧបសគ្គ​ជា​រឿង​ពិត​សម្រាប់​យុវ​ជន​កម្ពុជា​ ប៉ុន្តែ​ឧបសគ្គ​មួយ​ចំនួន​គ្រាន់​តែ​ជាក្តី​ស្រមៃ​និង​ការ​គិត​របស់​យុវ​ជន​កម្ពុជា​តែ​ប៉ុណ្ណោះ ​ព្រោះ​យុវ​ជន​មួយ​ចំនួន​ចាប់​ផ្តើម​បាក់​ទឹក​ចិត្ត​ ខណៈ​យុវ​ជន​មួយ​ចំនួន​ទៀត​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​សមត្ថភាព​ គុណ​ភាព​ចំណេះ​ ជំនាញ​ពិត​ប្រាកដ​ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​យុវ​ជន​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។

WMC​៖ ​តើ​ជំនាញ​ទន់​ជា​អ្វី​?

អ្នក​ស្រី ប៉ែន បុប្ផា​៖ «​ ជំនាញទន់ ​»​ ប្រែ​ពាក្យ​ពី​ភាសា​អង់​គ្លេស​ថា​ « ​Soft​ Skill​ » ​ជា​ជំនាញ​មួយ​បន្ថែម​ទៀតក្នុង​ការ​បំពេញ​ការ​ងារ​ក្រៅ​ពី​ជំនាញ​បច្ចេក​ទេស​។ ​ជំនាញ​ទន់ ​ផ្តោត​សំខាន់​ទៅ​លើ​ជំនាញ​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង ​ជំនាញ​ភាព​ជា​អ្នក​ដឹង​នាំ ​ជំនាញ​ការ​គិត​ និង​របៀប​ការ​ធ្វើ​ការ​ងារ​ជា​ក្រុម​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន​។​ ស្រប​នឹង​ភាព​ប៉ិន​ប្រសប់​ក្នុង​ការងារ ​ជំនាញ​ទន់​អាច​​ធ្វើ​ឱ្យ​បុគ្គល​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​និង​​ចេះ​លើក​ទឹ​ក​ចិត្ត​ខ្លួន​ឯង​នៅ​ក្នុង​ពេល​បំពេញ​ការ​ងារ ​និង​មាន​ក្តី​ស្រមៃ​ចង់​ឱ្យ​ខ្លួន​មាន​សមត្ថ​ភាព​កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ការ​ងារ​។ ជា​រួម​មក ជំនាញ​ទន់ រាប់​បញ្ចូល​ទាំង​ឥរិយាបថ​នៃ​ការ​រស់ ឥរិយា​បថ​ក្នុង​ការ​បំពេញ​ការ​ងារ​ តាម​រយៈ​ការ​អភិវឌ្ឍន៍​សមត្ថ​ភាព​ក្នុង​ការ​​​គិត​របស់​បុគ្គល​។

WMC​​៖ ​តើ​យុវជន​កម្ពុជា​មាន​ការ​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការងារ​ក្នុង​ពេល​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន​ចុង​ឆ្នាំ ​២០១៥​ ខាងមុខ​?

​អ្នកស្រី ប៉ែន បុប្ផា៖ សមាហរណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន​ចុងឆ្នាំ​ ២០១៥​ ជា​ពេល​វេលា​ដែល​យុវជន​ត្រូវ​វាស់​ស្ទង់​សមត្ថ​ភាព​ផ្ទាល់​ខ្លួន ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ការងារ​ជា​មួយ​យុវ​ជន​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន​។ ​ឱកាស​ការ​ងារ​មាន​សម្រាប់​អ្នក​ដែល​មាន​ការ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ អ្នក​ខិត​ខំ​កសាង​សមត្ថ​ភាព​ជំនាញ​របស់​ខ្លួន​ទាំង​ការ​សិក្សា ​ទាំង​ ​ការ​ងារ ជា​មួយ​ស្ថា​ប័ន​ណា​មួយ​ដែល​ខ្លួន​កំពុង​ធ្វើ​ការ​។

ទន្ទឹម​នឹង​ចំណេះ​ដឹង​វិជ្ជាជីរៈ​របស់​យុវជន​នៅ​មាន​កម្រិត​ ពួកគេ​ច្រើន​តែង​គិត​ក្នុង​ន័យ​អវិជ្ជ​មាន​ចំពោះ​ខ្លួន​ឯង​​ និង​ខ្លាច​រអា​ជា​និច្ច​ចំពោះ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​យក​ឱកាស​ការងារ​។ ​យុវជន​យើង​តែង​គិត​ថា ​នៅ​ពេល​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន​ចូល​មក​ដល់ ​យុវ​ជន​ប្រទេស​ដទៃ​ទៀត​នឹង​មក​ដណ្ដើម​យក​ឱកាស​ការ​ងារ​ពី​គាត់​អស់​ ហើយ​បើ​ឱ្យ​គាត់​ទៅ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​គេ ​គាត់​តែង​គិត​ថា​គាត់​គ្មាន​ឱកាស​បាន​ធ្វើ​ការ​ងារ​នោះ​ទេ ​។ ជា​ការ​ពិត​នៅ​ពេ​ល​ខ្លះ​ជំនាញ​បច្ចេក​ទេស​ឬ​ជំនាញ​វិជ្ជា​ជីវៈ​របស់​យុវជន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ការងារ​ ប៉ុន្តែ​ជំនាញ​ទន់​ក្នុង​​ការ​ងារ​បែរ​ជា​ពុំ​មាន​ទៅ​វិញ​ នេះ​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​យុវជន​កម្ពុជា​មិន​អាច​ទទួល​បាន​ឱកាស​ការងារ​ស្រប​​ពេល​អាស៊ាន​ធ្វើ​សមា​ហរណ​កម្ម​សេដ្ឋកិច្ច។   ​

ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​ចំណេះ​ដឹង​និង​សមត្ថ​ភាព​របស់​យុវ​ជន​កម្ពុជា​មាន​គុណ​ភាព នោះ​យុវជន​នឹង​អាច​ប្រកួត​ប្រជែង​ជា​មួយ​យុវជន​ប្រទេស​ដទៃ​ទៀត​បាន​ជាក់​ជា​ពុំ​ខាន​។ ដើ​ម្បី​ប្រកួត​ប្រ​ជែងការ​ងារ​ជា​មួយ​យុវ​ជន​នៅ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ យុវ​ជន​កម្ពុជា​មាន​សមត្ថ​ភាព​ចំណេះ​ដឹង​ជំនាញ​ប​ច្ចេក​ទេស​តែ​មួយ​មុខ​ពុំ​គ្រប់​គា្រន់​នោះ​ទេ យុវ​ជន​ត្រូវ​មាន​ជំនាញ​ទន់ ​មួយបន្ថែម​ទៀត ​ទើប​មាន​ឱកាស​ចាប់​យក​ការ​ងារ​ល្អៗ​ ដែល​ខ្លួន​ចង់​ធ្វើ​ ​ និង​អាច​ប្រកួត​ប្រជែង​ការ​ងារ​ក្នុង​ពេល​សមាហ​រណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន​ចូល​មក​ដល់​​នៅ​ចុង​ឆ្នាំ ​២០១៥​ ។

WMC​៖ ​តើ​យុវ​ជន​ត្រូវ​ធ្វើ​ខ្លួន​ដូច​ម្តេច ដើ​ម្បី​អភិវឌ្ឍ​ជំនាញ​ទន់​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ និង​មាន​សក្តា​ពល​ក្នុង​ការ​បំពេញ​ការ​ងារ​?

​អ្នក​ស្រី ​ប៉ែន​ បុប្ផា​៖ ​ការ​អភិវ​ឌ្ឍន៍​សមត្ថ​ភាព​ជំនាញ​ទន់​ ងាយ​ស្រួល​ឬ​លំ​​បាក​គឺ​អាស្រ័យ​លើ​បុ​គ្គល​ម្នាក់ៗ​ ព្រោះ​ជំនាញ​ទន់​អាច​រៀ​ន​បាន​គ្រប់​ទី​កន្លែង​ បុគ្គល​មួយ​ចំនួន​អាច​មាន​ពី​ធម្ម​ជាតិ​ ប៉ុន្តែ​ការ​អភិ​វ​ឌ្ឍន៍​សមត្ថ​ភាព​ជំនាញ​ទន់​មិន​លំបាក​ដូច​ការ​អភិ​វ​ឌ្ឍន៍​សម​ត្ថ​ភាព​ជំនាញ​បច្ចេក​ទេស​នោះ​ទេ​​។ យុវ​ជន​ត្រូវ​ចាប់​ផ្តើម​រៀន​សង្កេត​ រៀន​ពិនិត្យ​ រៀន​ធ្វើ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន​ រៀន​ពី​មនុស្ស​ជុំវិញ​ខ្លួន​ឱ្យ​បាន​ច្រើន​ ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ទូលំ​ទូលាយ​​ ដើរ​ឱ្យ​ទាន់​សម័យ​បច្ចេក​វិទ្យា​។​

សម្រាប់​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន​ក្នុង​ពេល​ខាង​មុខ យុវជន​មិន​ត្រូវ​ភ័យ​ខ្លាច​ចំពោះ​ឧប​សគ្គ​ឬ​ការ​ប្រកួត​ប្រជែង​​ការ​ងារ​ជា​មួយ​នឹង​យុវ​ជន​ប្រទេស​ផ្សេង​ៗ​ទៀត​ឡើយ​។ ផ្ទុយ​ទៅ​វិញ​យុវ​ជន​ត្រូវ​ខិត​ខំ​ហ្វឹក​ហាត់​ខ្លួន កសាង​សមត្ថ​ភាព​ទាំង​ជំនាញ​វិជ្ជា​ជីវៈ ​ជំនាញ​ទន់​របស់​ខ្លួ​ន​ឱ្យ​មាន​គុ​ណ​ភាព​ ជា​ពិ​សេស​យុវ​ជន​រក្សា​​ឱ្យ​បាន​នូវ​​អត្ត​ចរឹត​ត្រឹម​ត្រូវថ្លៃ​ថ្នូរ​ មាន​ឆន្ទៈ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញ​ការ​ងារ​ ​នោះ​ឱកាស​ការ​ងារ​ល្អ​ៗ​នឹង​មាន​សម្រាប់​អ្នក​ដែល​បាន​ត្រៀម​ខ្លួន​ទុ​ក​​ជា​មុន​​ក្នុង​ពេល​ពេល​អា​ស៊ានធ្វើ​​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​នៅ​ចុ​ង​ឆ្នាំ ​២០១៥ ​។

WMC​៖ ​តើ​យុវ​ជន​កម្ពុជា​អាច​ទទួល​បាន​ឱកាស​អ្វីខ្លះ​ ខណៈ​អាស៊ាន​ធ្វើ​សមាហ​រណ​កម្ម​សេដ្ឋ​កិ​ច្ច​?

អ្នក​ស្រី ប៉ែន​ បុប្ផា​៖ ​យុវជន​នឹង​ទទួល​បាន​ឱកាស​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា ឱកាស​ក្នុង​ការ​សិក្សា ការ​ផ្លាស់​ប្តូរ​បទ​ពិ​សោ​ធន៍​ក្នុង​ការសិក្សា​និង​ការងារ​ ការ​កសាង​ទំនាក់​ទំនង ការ​ទទួល​បាន​ចំណេះ​ដឹង​ពី​វប្ប​ធម៌​របស់​ប្រទេស​នីមួយៗ​ ជា​ពិសេស​ឱកាស​សម្រាប់​យុវជន​មាន​បំណង​កា្លយ​ខ្លួន​ជា​សហ​គ្រិន​ អាច​ចាប់​ផ្តើម​ធ្វើ​អាជី​វ​កម្ម ​ឬ​ជំនួញ​ផ្សេង​ៗ​បាន​ តាម​រយៈ​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​ដោយ​បើក​ចំហរ​របស់​រដ្ឋា​ភិ​បាល​ប្រទេស​នីមួយ​ៗ​​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​សមា​គម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា ​អាស៊ាន ​(ASEAN)​ គឺ​ជា​អង្គ​ការ​នយោ​បាយ​និង​សេដ្ឋ​កិច្ច​មួយ​មាន​សមា​ជិក​ ១០​ប្រទេស​ និង​ត្រូវ​បាន​បង្កើត​ដំបូង​នៅ​ថ្ងៃ​ទី​៨ ​ខែ​សីហា​ ឆ្នាំ​១៩​៦៧​ ដោយ​ប្រទេស​ឥណ្ឌូ​ណេស៊ី​ ​ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ និងថៃ​។ ​បន្ទាប់​មក​មាន​សមា​ជិក​ ៥ប្រទេស​ទៀត​ចូល​ជា​បន្ត​​ ដូច​ជា​ប្រទេស​ព្រុយណេ ​មីយ៉ាន់ម៉ា​ ឡាវ​ វៀតណាម​ និង​ប្រទេសកម្ពុជា​​។ ​គោល​បំណង​នៃ​ការ​បង្កើត​អាស៊ាន​ គឺ​ការ​រួម​គ្នា​ពន្លឿន​កំណើន​សេដ្ឋ​កិច្ច​ក្នុង​តំបន់​ឱ្យ​មាន​ការ​រីក​ចម្រើន​ អភិវឌ្ឍ​ផ្នែក​វប្បធម៌​ក្នុង​ចំណោម​សមាជិក​របស់​ខ្លួន​ទាំង​អស់​ និង​ការពារ​សន្តិ​ភាព​ព្រម​ទំាង​ស្ថិរ​ភាព​ក្នុង​តំបន់​។ ​អាស៊ាន​ មាន​ប្រជា​ជន​សរុប​ប្រមាណ ​៦០០​ លាន​នាក់​ស្មើ​នឹង​ ៨.៨​ ភាគ​រយ​នៃ​ចំនួន​ប្រជា​ជន​ទាំង​អស់​នៅ​ក្នុង​លើ​ពិភព​លោក​៕​

Share

Image
Image
Image