en     km
en     km

បទវិភាគ ៖ តើប្រាក់រៀលមានសារៈសំខាន់យ៉ាងណាសម្រាប់កម្ពុជា?

Share

ភ្នំពេញ៖ មោទនភាពជាតិ គាំទ្រផលិតក្នុងស្រុក ឬស្រលាញ់បទអូរីជីណល់សង(original song)ជាអ្វីដែលមនុស្សជំនាន់ក្រោយកំពុងពេញនិយម និងខិតខំលើកស្ទួយ។ ក៏ប៉ុន្តែការចាយវាយ និងការដោះដូរប្រចាំថ្ងៃមិនថា អ្នកមានវ័យជំនាស់បន្តិច ឬយុវវ័យនោះទេ ពួកគេហាក់នៅតែនិយមខ្លាំងលើប្រាក់ដុល្លារអាមេរិកកាំងទៅវិញ។ យ៉ាងណាចាប់ពីពេលនេះតទៅ មិនថាមនុស្សជំនាន់ណានោះទេ គឺល្មមបញ្ឍប់វប្បធម៌សាចទឹកដាក់គ្នាទៅ ហើយងាកមកប្រើប្រាស់រូបិយវត្ថុជាតិខ្លួនឯង គឺប្រាក់រៀលខ្មែរ ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។ ហេតុប្រជាជនខ្មែរត្រូវចាយវាយប្រាក់រៀលខ្លួនឯងឱ្យបានច្រើនជាងរូបិយប័ណ្ណបរទេស? ដើម្បីជ្រាបកាន់តែច្បាស់ពីសារៈសំខាន់នៃការទូទាត់ ឬចាយវាយប្រាក់រៀលខ្មែរ តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទអត្ថាធិប្បាយរបស់លោក កែវ សុខា ដូចតទៅ!

 

ពាក្យពេចន៍ដែលពោលឡើងថា ខ្ញុំមានមោទភាពជាតិ យើងជាខ្មែរគាំទ្រផលិតផលខ្មែរ ជាអ្វីដែលយើងបានលឺ និងឃើញតាមការផ្សព្វផ្សាយពាណិជ្ជកម្មជាញឹកញាប់លើបណ្តេញផ្សព្វផ្សាយនានា។ វាជារឿងត្រឹមត្រូវបំផុតដែលអ្នកនិពន្ធបានតាក់តែងវាឡើង។ ប៉ុន្តែគេហាក់ភ្លេចខ្លួនថា ក្នុងហោប៉ាវ កាបូប ឬក្នុងគណនេយ្យធនាគាររបស់ពួកគេ ទំនងជាមានក្រដាសប្រាក់ដុល្លារដែលជារូបិយប័ណ្ណរបស់អាមេរិកទៅវិញ។ ការចាយវាយនិងទូទាត់ប្រាក់ដុល្លារ វាបានក្លាយជាទម្លាប់ទៅហើយសម្រាប់ប្រជាជនកម្ពុជា។ វាអាចថាដុល្លារងាយស្រួលទុកដាក់ព្រោះក្រដាសប្រាក់តូចល្មមសមរម្យនឹងទំហំកាបូប ឬអាចនិយាយបានថា ជាទម្លាប់តពីឳពុកម្តាយជីដូនជីតាមក។

យ៉ាងណាក្តីការលើកឡើងខាងលើនេះ មិនមែនមានចេតនាដាក់ការស្តីបន្ទោស ឬទម្លាក់កំហុសដល់នរណាម្នាក់នោះទេ គឺគ្រាន់តែចង់ពញ្ញាក់ស្មារតីដល់អ្នកចូលចិត្តចាយដុល្លារ ឱ្យងាកមកចាប់អារម្មណ៍ប្រាក់រៀលខ្មែររបស់ខ្លួនឱ្យបានច្រើនតែប៉ុណ្ណោះ។

ជាការពិតការចរាចរប្រាក់ដុល្លារមិនមែនជារឿងថ្មីនោះទេសម្រាប់សង្គមកម្ពុជា។ រាប់ចាប់តាំងពីការទូទាត់ទំនិញខ្នាតតូច រហូតដល់ការដោះដូរទំនិញលក្ខណៈអន្តរជាតិ ប្រាក់ដុល្លារត្រូវបានគេកំណត់ជាតម្លៃ ឬជាខ្នាតរង្វាស់រង្វាល់ទៅហើយ។ តែយ៉ាង ណាក្តីប្រាក់រៀលក៏ជាមធ្យោបាយមួយទៅជំនួសការទូទាត់នោះបានដែរ បើសិនជាងគ្មានដុល្លារ។

បើក្រឡេកទៅមើលអតីតកាលបន្តិចយើងពិតជាពិបាកដាក់ការស្តីបន្ទោសដល់ប្រជាពលរដ្ឋខ្មែរ ដែលតែងតែនិយមដុល្លារជាងប្រាក់ខ្លួននោះ។

                                                                                      ប្រាក់រៀលខ្មែរ។រូបភាពីហ្វេសប៊ុក

 

ប្រជាជនកម្ពុជាបានឆ្លងកាត់របបជាច្រើនក្នុងរយៈពេលដ៏ខ្លីមួយ គឺរបបសង្គមរាស្រ្តនិយមដឹកនាំដោយអតីតព្រះមហាក្សត្រអង្គសម្តេចតា របបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយពួកខ្មែរក្រហម នឹងមកដល់របបព្រះរាជាណាចក្រកម្ពុជាចុងក្រោយនេះ។

ជាអកុសលអ្នកដឹកនាំក្នុងរបបនីមួយៗពេលឡើងកាន់អំណាច ពួកគេមិនព្រមទទួលស្គាល់រូបិយវត្ថុរបស់របបមុនៗនោះទេ ជាហេតុនាំឱ្យអ្នកមានប្រាក់កាសនៃរបបមុន មិនអាចចាយវាយប្រាក់ខ្លួនឯងបាន ហើយពួកគេក៏ធ្លាក់ខ្លួនក្រមួយរំពេច។ រឹតតែអាក្រក់ខ្លាំង គឺក្នុងរបបខ្មែរក្រហមដឹកនាំដោយពួក ប៉ុល ពត តែម្តង បានកាត់ផ្តាច់ប្រព័ន្ធដោះដូរ និងទូទាត់ដោយសាច់ប្រាក់ ហើយបានទាំងកម្ទេចធនាគារជាតិចោលថែមទៀតផង។

នេះជាបច្ច័យមួយធ្វើឱ្យប្រជាជនបាត់បង់ជំនឿចិត្តលើក្រដាសប្រាក់របស់ខ្លួនឯង។ ស្របពេលប្រទេសកម្ពុជាទើបងើប ពី សង្គ្រាមថ្មីៗ បច្ច័យនេះនាំឱ្យរូបិយប័ណ្ណដុល្លារអាមេរិកមានឱកាសហូរចូល និងចរាចរក្នុងប្រទេសតាមរយៈអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់(UNTAC) នៅឆ្នាំ១៩៩០។ ដោយរក្សាបាននូវស្ថិរភាពនយោបាយ និងការបើកចំហនៃសេដ្ឋកិច្ច ប្រាក់ដុល្លារបានហូរចូលក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ពិសេសតាមរយៈកំណើនជាបន្តបន្ទាប់នូវសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍​ និងវិយោគបរទេស។ ជាបន្តបន្ទាប់មកប្រាក់ដុល្លារអាមេរិកទទួលបានការពេញនិយមកាន់តែច្រើន និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយស្ទើរគ្រប់សកម្មភាពជំនួញ និងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រតិបត្តិការដែលមានទំហំទឹកប្រាក់ច្រើន និងនៅតាមទីប្រជុំជន។បច្ចុប្បន្នប្រាក់ដុល្លារអាមេរិកបានដើរតួនាទីសំខាន់ស្ទើរជំនួសប្រាក់រៀលខ្មែរ គឺដុល្លារជាមធ្យោបាយទូ ទាត់ផង ជាឧបករណ៍កំណត់តម្លៃផង និងជាឧបករណ៍សន្សំផងរបស់ប្រជាពលរដ្ឋ។

តែយ៉ាងណា ដុល្លារូបនីយកម្មបានរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើនសកម្មភាពសេដ្ឋកិច្ចកម្ពុជាផងដែរ ដែលធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៨,៥%ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមឯកសាររបស់ធនាគារជាតិ។

                                                                                             ប្រាក់ដុល្លារអាមេរិក។

 

ទោះបីយ៉ាងណា ផ្អែកតាមការស្ទង់មតិមួយបង្ហាញថា ប្រាក់រៀលត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅតាមទីជនបទ និងនៅក្នុងប្រតិបត្តិការដែលមានទំហំទឹកប្រាក់តូច។ អ្វីជាការកត់សម្គាល់ផងដែរនោះ គឺតម្រូវការប្រាក់រៀលមានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីទស្សវត្ស៍ចុងក្រោយនេះ និងកំពុងបន្តកើនឡើងបន្ថែម។

បច្ចុប្បន្ន រូបិយវត្ថុជាតិគឺ«ប្រាក់រៀល» និងរូបិយប័ណ្ណបរទេសគឺ«ដុល្លារអាមេរិក» នៅតែឈរទន្ទឹមគ្នាសម្រាប់ជាមធ្យោបាយទូទាត់របស់ប្រជាជនកម្ពុជា។

ប៉ុន្តែដើម្បីបន្ថែមនូវអនុភាពប្រាក់រៀលខ្មែរ តទៅនេះយើងត្រូវស្វែងយល់ពីអត្ថប្រយោជន៍របស់ប្រាក់រៀលជាមុនសិន។

មោទនភាពជាតិ និងសាមគ្គីភាពជាតិ

ការចាយវាយ និងទូទាត់រូបិយវត្ថុជាតិគឺតំណាងឱ្យអធិបតេយ្យភាពផ្នែករូបិយវត្ថុ និងភាពរឹងមាំរបស់ជាតិ ។ កម្ពុជាចាំបាច់ត្រូវបង្កើនឯករាជ្យភាពពីការប្រើប្រាស់រូបិយប័ណ្ណបរទេស ដើម្បីមានលទ្ធភាពគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់។ កន្លងមករាជរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្រ្តជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀល លើការបង់ថ្លៃទៅកាន់សេវាកម្មសាធារណៈមួយចំនួនដូចជា ការបង់ថ្លៃទឹក អគ្គិសនី ដែលប្រការនេះបានរួមចំណែករក្សាបានតម្លៃប្រាក់រៀល ព្រោះជាមធ្យោបាយមួយធ្វើឱ្យអត្រាការប្រាក់មានស្ថិរភាព។

តាមរយៈការប្រើប្រាស់រូបិយវត្ថុជាតិ យើងអាចរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្រ្ត វប្បធម៌ និងអត្តសញ្ញាណជាតិដល់អ្នកជំនាន់ក្រោយ ហើយអាចពង្រឹងស្មារតីបង្រួបបង្រួមជាតិ ក្នុងនាមជាប្រជាជននៅក្នុងសង្គម និងជាតិតែមួយ។ ដូច្នេះវត្តមានរូបិយវត្ថុប្រាក់រៀលខ្មែរ គឺជាមោទនភាពសម្រាប់ប្រជាជនទាំងអស់នៅក្នុងប្រទេស។

កាត់បន្ថយចំណាយប្រតិបត្តិការ

                                                                               ប្រាក់ដុល្លារ។

 

ការទូទាត់ដោយប្រើរូបិយវត្ថុជាតិនឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការផងដែរ។ ដោយសារតែប្រាក់រៀល និងដុល្លារចរាចរទន្ទឹមគ្នា អ្នកទិញប្រឈមនឹងការខាតបង់អាស្រ័យលើក្រដាសប្រាក់ដែលគេកាន់។ ឧទារហណ៍ បើយើងទៅទិញកាតទូរស័ព្ទតម្លៃមួយដុល្លារ អ្នកលក់នឹងលក់ឱ្យយើងក្នុងតម្លៃ ៤២០០ ឬច្រើនជាងនេះបន្តិច ខណៈតម្លៃប្រាក់ដុល្លារក្នុងមួយដុល្លារស្មើនឹង ៤១៥០រៀល។ ដូច្នេះយើងនឹងខាត៥០រៀល ឬច្រើនជាងនេះ។ ចំណែកអ្នកលក់វិញខាតពេលវេលារកស៊ីផងដែរ ព្រោះរវល់ប្តូរប្រាក់ឬអាប់លុយេជាញឹកញាប់។

ទាំងអ្នកលក់ និងអ្នកទិញ ក៏នឹងប្រឈមហានិភ័យអត្រាប្តូរប្រាក់ផងដែរ នៅពេលតម្លៃរូបិយវត្ថុ ឬរូបិយប័ណ្ណប្រែប្រួល។ ដូច្នេះ ការប្រើប្រាស់រូបិយវត្ថុជាតិតែមួយចំពោះការទូទាត់គ្រប់ប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចជាតិនឹងអាចជួយកាត់បន្ថយចំណាយច្រើនសម្រាប់អ្នកលក់ និងអ្នកទិញ។ លើសពីនេះ ការប្រើប្រាស់រូបិយវត្ថុជាតិនឹងអាចជួយបង្កើនប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់ តែច្រើន ដោយសារភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពនៅពេលភាគីទាំងពីរមិនចាំបាច់ត្រូវខ្វល់ពីប្រភេទរូបិយវត្ថុ ឬរូបិយប័ណ្ណក្នុងការទូទាត់ ឬគម្លាតអត្រាប្តូរប្រាក់។

ជំរុញពាណិជ្ជកម្ម

អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលមួយទៀតនោះ គឺការជំរុញពាណិជ្ជកម្ម។ ប្រសិនបើកម្ពុជាប្រើប្រាស់តែប្រាក់រៀល ដូចនេះ ធនាគារជាតិនៃកម្ពុជាអាចជំរុញការនាំចេញបានកាន់តែច្រើន ព្រោះធ្វើឱ្យភាពប្រកួតប្រជែងថ្លៃកើនឡើងតាមរយៈការបន្ថយតម្លៃរូបិយវត្ថុ។ ឧទារហណ៍​ ដើម្បីផលិតខោមួយ ត្រូវចំណាយប្រាក់ ៤០០០រៀល។ ប្រសិនបើអត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិត ៤០០០រៀល ក្នុងមួយដុល្លារអាមេរិក នោះដៃគូពាណិជ្ជកម្មនឹងត្រូវការប្រាក់មួយដុល្លារដើម្បីទិញខោនោះ។ ប៉ុន្តែ ប្រសិនបើប្រាក់ រៀលធ្លាក់ថ្លៃដល់ ៤២០០រៀលក្នុងមួយដុល្លារ ដូចនេះ អ្នកទិញឬអ្នកនាំចេញនឹងត្រូវការប្រាក់តែត្រឹម ០,៨៨ដុល្លារប៉ុណ្ណោះដើម្បី ទិញខោនេះ ដែលមានន័យថា ខោនេះមានតម្លៃទាបជាងមុននៅលើទីផ្សារអន្តរជាតិ។ ដូច្នេះនៅពេលតម្លៃកាន់តែទាប អ្នកប្រើប្រាស់អាចទិញបានកាន់តែច្រើន ដែលនាំឱ្យតម្រូវការកើនឡើងចំណុចនេះជាការបង្កើតការងារកាន់តែច្រើនដល់ប្រជាជនកម្ពុជាផងដែរ។

លើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធ និងសុខុមាលភាពសង្គម

                                                                 មន្រ្តីធនាគារជាតិកំពុងពិនិត្យក្រដាសប្រាក់។

 

ជាការពិត បើការប្រើប្រាស់រូបិយវត្ថុជាតិកាន់តែច្រើន នោះអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលធ្វើការគ្រប់គ្រងកាន់តែប្រសើរ ដើម្បីបំពេញតម្រូវការវិនិយោគលើហេដ្ឋានរចនាសម្ព័ន្ធ និងសុខមាលភាពសង្គម ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលធ្វើការប្រមូលចំណូលជាប្រាក់រៀល ប៉ុន្តែការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតភាគច្រើនជាប្រាក់ដុល្លារទៅវិញ។ ហេតុផលនេះ ជាការដាក់កំហិតមួយដល់ការខ្ចីរបស់រាជរដ្ឋាភិបាលពីសាធារណជន ក្នុងការអភិវឌ្ឍនគម្រោងអាទិភាពនានា ដូចជា ការ សាងសង់ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និងកម្មវិធីកាត់បន្ថយភាពក្រីក្រជាដើម។ ក្នុងករណីនេះ ប្រសិនបើរាជរដ្ឋាភិបាលមានបំណងបង្កើនចំណាយសាធារណៈ នោះរាជរដ្ឋាភិបាលមិនអាចខ្ចីប្រាក់ជារូបិយប័ណ្ណពីទីផ្សារក្នុងស្រុកបានឡើយ នោះក៏ដោយសារតម្រូវការប្រាក់ដុល្លារអាមេរិកនឹងកើនឡើង ដែលនឹងរឹតតែបង្កើនកម្រិតដុល្លារូបនីយកម្មកាន់តែច្រើននៅកម្ពុជា។

ដូច្នេះការរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាផ្នែកមួយយ៉ាងសំខាន់ ធ្វើឱ្យថវិការដ្ឋមានភាពល្អប្រសើរ និងកាត់បន្ថយការដាក់កំហិតលើគោលនយោបាយសារពើពន្ធ។ បើនៅលើទីផ្សារមានការចរាចរប្រាក់រៀលកាន់តែច្រើន នោះរដ្ឋាភិបាលអាចពិចារណាចេញផ្សាយមូលបត្រចារឹកជាប្រាក់រៀល ដើម្បីគ្រប់គ្រងថវិកាក៏ដូចជាផ្តល់ហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍នានាបានច្រើនផងដែរ។ ប្រការនេះ នឹងអាចមានលទ្ធភាពគ្រប់គ្រងហិរញ្ញប្បទានក្នុងស្រុក អាចជួយឱ្យកម្ពុជាអាចកាត់បន្ថយការពឹងផ្អែកលើបំណុលបរទេស។

ចំណូលពីការបោះពុម្ភក្រដាសប្រាក់

ការចាយប្រាក់រៀលក៏ជួយបង្កើនចំណូលពីការបោះពុម្ភក្រដាសប្រាក់ផងដែរ។ ចំណូលពីការបោះពុម្ភក្រដាសប្រាក់គឺជាភាពខុសគ្នារវាងតម្លៃចារឹករបស់ក្រដាសប្រាក់និងចំណាយផលិតកម្ម។ ឧទារហណ៍ ក្រដាសប្រាក់ប្រភេទ ១០ ០០០រៀល(មួយម៉ឺនរៀល) ត្រូវការថ្លៃចំណាយបោះពុម្ភចំនួន ៣០០រៀល។ ដូចនេះនៅពេលដែលក្រដាសប្រាក់មួយម៉ឺនរៀលនេះ ត្រូវបានបោះពុម្ភ និងដាក់ឱ្យចរាចរដល់សាធារណជន ក្រដាសប្រាក់នេះអាចទិញទំនិញក្នុងតម្លៃមួយម៉ឺនរៀល។ ដូច្នេះរដ្ឋបានទទួលចំណូលពីការបោះពុម្ភនេះ៩៧០០រៀល។ ប្រការនេះបើមានតម្រូវការប្រាក់រៀលកាន់តែច្រើន នាំឱ្យការបោះពុម្ភក៏កើនឡើង ហើយកម្ពុជានឹងអាចទទួលបានចំណូលពីការបោះពុម្ភប្រាក់រៀលកាន់តែច្រើន។ ក្នុងករណីដូចគ្នានេះ បើប្រជាជនចាយវាយដុល្លារច្រើន នោះមាន ន័យថា ប្រជាជនខ្មែរកំពុងតែជួយដល់សេដ្ឋកិច្ចអាមេរិកកាន់តែច្រើន ហើយកម្ពុជាខ្លួនឯងខាតបង់ចំណូលពីការបោះពុម្ភនេះ។

បង្ការការក្លែងក្រដាសប្រាក់

                                                                                                          ប្រាក់ដុល្លារ។

 

ចំណុចវិជ្ជមានចុងក្រោយនៃការគាំទ្ររូបិយវត្ថុខ្លួនឯងនោះ គឺអាចបង្ការបានការក្លែងក្រដាសប្រាក់។ ដោយសារកម្ពុជាប្រើប្រាស់ក្រដាសប្រាក់ជាមូលដ្ឋាននៃការទូទាត់ ហើយភាគច្រើនប្រើប្រាស់ប្រាក់ដុល្លារអារិកទៀតនោះ ដូច្នេះប្រទេសកម្ពុជាអាចជាគោលដៅនៃការហូរចូលក្រដាសប្រាក់ដុល្លារក្លែងក្លាយ។ នៅកម្ពុជាធ្លាប់មានករណីការចរាចរប្រាក់ដុល្លារក្លែងក្លាយជាញឹកញាប់ នេះក៏ព្រោះតែសាធារណជនមិនសូវស្គាល់ច្បាស់ពីរូបិយប័ណ្ណបរទេស មិនទាន់អាចបែងចែករវាងក្រដាសប្រាក់ពិត ឬក្លែងក្លាយដូចជាតាមរយៈរូបភាព និងលក្ខណៈនៃក្រដាសប្រាក់រូបិយប័ណ្ណបរទេស។

ខាងលើនេះជាចំណុចវិជ្ជមានមួយចំនួន ដែលបានរៀបរាប់ បើសិនជាប្រជាជនងាកមកគាំទ្រប្រាក់រៀលឱ្យបានច្រើនវិញនោះ។ ​តែយ៉ាងណា រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាមិនទាន់អាចប្រើប្រាស់វិធានការរដ្ឋបាល ដើម្បីចាប់បង្ខំឱ្យសាធារណជនប្រើប្រាស់ប្រាក់រៀលនោះទេ ដោយហេតុថា វិធានការនេះអាចជំរុញឱ្យមានទីផ្សារងងឹតប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនិងលំហូរមូលធនចេញក្រៅប្រទេស។

រដ្ឋាភិបាល និងធនាការជាតិបានត្រឹមតែប្រើប្រាស់វិធីសាស្រ្តលើកទឹកចិត្តឱ្យប្រជាជនប្រើប្រាស់ប្រាក់រៀលជំនួសដុល្លារតែប៉ុណ្ណោះ។

ដូច្នេះ អំណឹះតទៅ ប្រជាជនខ្មែរត្រូវមានមោទនភាពលើរូបិយវត្ថុជាតិខ្លួនឯងឱ្យជាងដុល្លារអាមេរិក។ ក្នុងសកម្មភាពដោះដូរទំនិញ ការទូទាត់សាច់ប្រាក់ ការកំណត់ម្លៃលើទំនិញ ឬសេវាកម្ម និងការផ្ញើប្រាក់នៅធនាគារក្តី ប្រជាជនខ្មែរគម្បីត្រូវកំណត់ជាប្រាក់រៀលខ្មែរ៕

Share

Image
Image
Image