en     km
en     km

បទវិភាគ៖ បើកម្ពុជា-អាមេរិកធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅគឺអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជួបវិបត្តិ

Share

ភ្នំពេញ៖ នៅរយៈពេលចុងក្រោយនេះកម្តៅនយោបាយការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ជួបភាពសៅហ្មង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានវាយប្រហារលើសហរដ្ឋអាមេរិកថា​ ជាអ្នកឃុបឃិតជាមួយគណបក្សប្រឆាំងរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។

សហរដ្ឋអាមេរិកតាមរយៈមន្រ្តីការទូតរបស់ខ្លួន បានសម្តែងការសោកស្តាយចំពោះការប្រមាថមួយនេះ។ អាមេរិកក៏បានសម្រេចផ្អាកទិដ្ឋាការមន្រ្តីទូតកម្ពុជាមិនឱ្យចូលទឹកដីអាមេរិកឡើយ។ នាយករដ្ឋមន្រ្តី សម្ដេចហ៊ុន សែន បានប្រតិកម្មតបវិញ ដោយសម្រេចផ្អាកមិនឱ្យអាមេរិករុករកអដ្ឋិធាតុទាហានរបស់ខ្លួនដែលស្លាប់ក្នុងប្រទេសកម្ពុជា។

ប្រសិនបើសង្គ្រាមពាក្យសំដីរវាងទីក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីនតោនចេះតែបន្ត ហើយបើអាមេរិកសម្រេចផ្អាក ឬយកពន្ធនាំចូលសំលៀកបំពាក់ពីកម្ពុជា តើកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចយ៉ាងណា?​

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបចំដោយលោក កែវ សុខា ដូតទៅ!

                               លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា(ស្តាំ)។

មហាអំណាចពិភពលោកសហរដ្ឋអាមេរិក ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជា មួយនិងប្រទេសមហាអំណាចមួយចំនួនផ្សេងទៀត រួមមាន បារាំង ចិន រុស្ស៊ី អង់គ្លេស និងជប៉ុនជាដើម ។ ក្រោមកម្មវត្ថុនៃកិច្ចព្រមព្រៀង ប្រទេសមហាអំណាចទាំងនេះ មានតួនាទីជួយពង្រឹង ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។

ជាការពិត ក្នុងនាមជាប្រទេសមហាអំណាចពិភពលោកមួយ សហរដ្ឋអាមេរិកពិតមិនលេបពាក្យសម្តីខ្លួនឡើយ ពោលគឺក្រោយកម្ពុជាបានសមាហរណកម្មកងទ័ពខ្មែរក្រហមឆ្នាំ ១៩៩៨ អាមេរិកបានបើកទ្វារអនុញ្ញាតឱ្យអ្នកវិនិយោគទុនរបស់ខ្លួនបោះទុនរកស៊ីនៅកម្ពុជា។

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ឆ្នាំ១៩៩៦ អាមេរិកបានជួយរដ្ឋាភិបាលកម្ពុជាក្នុងការកសាងឧស្សាហកម្មកាត់ដេរសំលៀកបំពាក់និងស្បែងជើង ចាប់តាំងពីពេលនោះមក។

គេនៅចាំបានថា ប្រាក់ខែកម្មករកាត់ដេរនៅគ្រាទើបបង្កើតរោងចក្រដំបូងៗនោះ កម្មករទទួលបានប្រាក់ខែត្រឹមតែ ៤០ ដុល្លារអាមេរិកតែប៉ុណ្ណោះក្នុងមួយខែ។ ត្បិតប្រាក់ឈ្មួលកម្មករ-កម្មការិនីក្នុងឧស្សាហកម្មកាត់ដេរ​គ្រានោះ​ ហាក់មានភាពតិចតួចស្តូចស្តើងក្តី តែកម្មករ-កម្មការិនី អាចដោះស្រាយជីវភាពក្នុងគ្រួសារបានល្អប្រសើរ និងអាចផ្គត់ផ្គង់លទ្ធភាពឱ្យសមាជិកគ្រួសារ ពិសេសកូនៗ និងប្អូនបានបន្តការសិក្សា។

                                         សម្លៀកបំពាក់ និងស្បែងជើងកម្ពុជា បាននាំទៅទីផ្សារអាមេរិកជាច្រើន។

តាមរបាយការណ៍ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យវាយនភ័ណ្ឌពីឆ្នាំ១៩៩៧ រហូតមកទល់បច្ចុប្បន្ន អាមេរិកបាននាំចូលសំលៀកបំពាក់ និងស្បែងជើងក្នុងទំហំទឹកប្រាក់ ៣៦ពាន់លានដុល្លារអាមេរិក។ ចំណែករបាយការណ៍ ៧ ខែចុងក្រោយក្នុងឆ្នាំ ២០១៧នេះ ផលិតផលដែលកម្ពុជានាំចេញទៅអាមេរិកមានចំនួនទឹក​ប្រាក់ ១៦៦៤លានដុល្លារ។ រីឯឆ្នាំ២០១៦ មានទំហំទឹកប្រាក់ ១៦០៦លានដុល្លារ ពោលគឺមានការកើនឡើង។

មួយវិញទៀត សហរដ្ឋអាមរិកក៏ជាទីផ្សារទី ២ ធំជាងគេផងដែរ ក្នុងការនាំចូលផលិតផលវាយនភ័ណ្ឌសម្លៀកបំពាក់និងស្បែកជើងពីកម្ពុជា​ បន្ទាប់ពីសហគមអឺរ៉ុប។

ជាការពិត ក្រោយពីរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ បានរំលំរលាយទៅ មេដឹកនាំក្រោយៗមកទៀត ហាក់មិនសូវមានចំណងមិត្តភាពល្អូកល្អិនជាមួយអាមេរិកប៉ុន្មាននោះទេ ពោលគឺផ្ទុយពីមហាមិត្តចិនទាំងស្រុង។ គេអាចនិយាយបានថា មេដឹកនាំកម្ពុជាក្រោយរបបលោកសេនាប្រមុខ លន់ នល់ គឺបានហក់ចាប់ចិនជាខ្នងបង្អែកយ៉ាងរឹងមាំ បើទោះបីជាប្រទេសចិនត្រូវបានគេដឹងថា ប្រកាន់យករបបកុម្មយនីយយ៉ាងណាក្តី។

តាមរយៈដំណើរទស្សនកិច្ចចុងក្រោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសចិននាប៉ុន្មានថ្ងៃមុននេះ អាចឆ្លុះបញ្ចាំងឱ្យឃើញថា ចំណងមិត្តភាពកម្ពុជា-ចិន គឺកាន់តែល្អិតរមួតឡើងៗ បន្ទាប់ពីមេដឹកនាំចិនបានប្រកាសជំហរថា ចិននឹងនៅពីក្រោយជួយកម្ពុជាគ្រប់កាលៈទេសៈ ទោះបីមានឧបសគ្គធំយ៉ាងណាក៏ដោយ។

ត្រលប់ចំណងមិត្តភាពកម្ពុជា-អាមេរិកវិញ ជាការពិតប្រទេសទាំងពីរនេះ មិនសូវជាមានគ្រាណាផ្អែមល្ហែមនឹងគ្នានោះទេ បើទោះបីរដ្ឋាភិបាលកម្ពុជាតែងតែប្រកាសថា ខ្លួនជាប្រទេសមានភាពអព្យាក្រឹត្យ មិនចាប់យកមហាអំណាចមួយណា រួចបោះចោលមហាអំណាចណាមួយក៏ដោយចុះ។

រឹតតែឃើញច្បាស់ថែមទៀត បន្ទាប់ពីសង្គ្រាមពាក្យសម្តីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងមន្រ្តីស្ថានទូតអាមេរិកបានផ្ទុះឡើង ក្រោយការចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា ការបណ្តេញអង្គការរបស់អាមរិកមួយហៅថា NDI ការបិទកាសែត ខេម បូឌាដេលី និងការបិទការផ្សាយបន្តរបស់វិទ្យុធំៗមួយចំនួនដែលទទួលប្រាក់ឧបត្ថម្ភពីសហរដ្ឋអាមេរិកក្នុងសកម្មភាពការងារ។

នាប៉ុន្មានថ្ងៃនេះ នាយករដ្ឋមន្រ្តី បានព្រលះដោយសម្តីខ្លាំងៗដាក់ទីក្រុងវ៉ាស៊ីតោនថា អាមេរិកជាអ្នកឃិបឃិតជាមួយបក្សប្រឆាំងរៀបចំឱ្យមានផែនការផ្តួលរំលំរដ្ឋាភិបាល ក្រោមចលនាបដិវត្តន៍ពណ៌។

                        លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណរដ្ឋមន្រ្តី(ឆ្វេង) លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា(ស្តាំ)។

ក្នុងនាមជាប្រទេសមហាអំណាចពិភពលោក ទាំងសេដ្ឋកិច្ច និងនុយក្លែរអ៊ែរផង សហរដ្ឋអាមេរិកបានចេញប្រតិកម្មតបយ៉ាងកម្រមួយវិញ តាមរយៈលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដោយលើកឡើងថា អាមេរិកខកចិត្តយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំកម្ពុជា បានប្រមាថដល់សហរដ្ឋអាមេរិក ក៏ដូចជាប្រជាពលរដ្ឋអាមេរិក។

មន្រ្តីស្ថានទូតរូបនេះក៏ព្រមាន ដកសហប្រត្តិបត្តិការវិស័យពាណិជ្ជកម្មធុរកិច្ចជាជំហ៊ានៗ ប្រសិនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះបែបនេះ ហើយរឹតតែធ្ងន់ធ្ងរជាងនេះ សហរដ្ឋអាមេរិកក៏បានសម្រេចបិទទិដ្ឋាចូលអាមេរិកលើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ ដោយចោទថា កម្ពុជាមិនបានគោរពកិច្ចព្រមព្រៀងនៃការទទួលយកជនធ្លាប់ប្រព្រឹត្តបទល្មើសជាជនជាតិខ្មែរលើទឹកដីអាមេរិក។

កម្តៅនយោបាយការទូតរវាងទីក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីតោន ទំនងមិនទាន់អាចស្ងប់ស្ងាត់ទៅវិញភ្លាមៗនោះទេ ហើយរងើកភ្លើងមួយនេះ កាន់តែឆេះរោលឡើងថែមទៀត ដោយនៅថ្ងៃនេះនាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានអាមេរិក ដោយសម្រេចផ្អាកការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបានស្លាប់ក្នុងសម័យសង្រ្គាមក្រោមរបបសេនាប្រមុខ លន់ នល់។

តើនៅចំពោះមុខស្ថានភាពតានតឹងនៃកំដៅនយោបាយការទូតនេះ ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្រោមរដ្ឋបាលសម្តេច ហ៊ុន សែន អាចនឹងទទួលគ្រោះភ័យអ្វីខ្លះប្រសិនបើអាមរិក ឈានមួយជំហានទៀត ដោយផ្អាកការនាំទំនិញចូល ឬសម្រេចយកពន្ធនាំចូលពីកម្ពុជានោះ?

កម្ពុជាបានបោះមួយជំហានទៅមុខ ដោយបានរំដោះខ្លួនចេញពីប្រទេសមានជីវភាពក្រីក្រ ក្លាយជាប្រ ទេសមានការអភិវឌ្ឍតិចតួចកម្រិតមធ្យម។ កំណើនសេដ្ឋកិច្ចកម្ពុជាបានរក្សាក្នុងកម្រិតមួយថេរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺក្នុងរង្វង់៧%។ វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាវិស័យសក្តានុពលស្នូរមួយ ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចមានការរីកលូតលាស់។ កម្មករ-កម្មការិនី ដែលកំពុងបំរើការងារក្នុងវិស័យមួយនេះមានប្រមាណជាង ៧០ម៉ឺននាក់។ សហរដ្ឋអាមេរិកជាទីផ្សារធំជាងគេទី២ បន្ទាប់ពីសហគមអឺរ៉ុបដែលនាំចូលសម្លៀកបំពាក់ពីកម្ពុជា។

                                                                ទំនិញនៅកំពុងផែក្រុងព្រះស៊ីហនុ។

បើយើងងាកមកមើលទិដ្ឋភាពពាណិជ្ជកម្មនេះ កម្ពុជាហាក់មានភាពផុយស្រួយផ្នែកសេដ្ឋកិច្ចមែនទែន ប្រសិនមហាអំណាចពិភពលោកមួយនេះ ពិតជាផ្អាក ឬយកពន្ធនាំចូលទំនិញពីកម្ពុជាមែននោះ ពោលគឺប្រៀបបានដូចកូនមាន់ក្នុងដៃចចក អញ្ចឹងដែរ ។

ពិតណាស់ប្រសិនបើសហរដ្ឋអាមរិកពិតជាផ្អាកកូតានាំចូល ឬបិទច្រកសេដ្ឋកិច្ចមែន កម្ពុជាអាចនឹងស្គាល់វិបត្តិសេដ្ឋកិច្ចជាក់ជាពុំខាន។ បញ្ហាសង្គមកើតចេញពីវិបត្តិសេដ្ឋកិច្ចនឹងកើតមានច្រើនឥតគណនាបាន។ កំណើនពលរដ្ឋអត់ការងារធ្វើកាន់តែច្រើន ពលរដ្ឋបង្ខំចិត្តផ្សងគ្រោះថ្នាក់ចំណាក់ស្រុកទៅរកការ ងារធ្វើក្រៅប្រទេសទាំងប្រថុយប្រថាន គឺពេលនោះហើយអស្ថិរភាពនយោបាយនឹងកើតមានកាន់តែខ្លាំងឡើងៗដែលរដ្ឋភិបាលអាចនឹងពិបាកគ្រប់គ្រង។

កម្ពុជាអាចសំអាងចិន ជាទីពឹង ជាខ្នងបង្អែកពេលបោះបង់សហរដ្ឋអាមរិកចោល តែក្នុងស្ថានភាពប្រទេសកំពុងមានការអភិវឌ្ឍតិចតួចនេះ កម្ពុជានៅត្រូវការដៃគូអភិវឌ្ឍន៍ពីសហគមន៍អន្តរជាតិ ពិសេសមហាអំណាចអាមេរិកបន្តទៀត ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឱ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិបន្ថែមទៀត ។

សរុបជារួម ទាំងកម្ពុជា និងអាមេរិក គួរតែស្វែងរកការស្ថាបនា នូវចំណងមិត្តភាព សុខដុមរមនា ជាមួយគ្នាឡើងវិញ ទើប ប្រទេសទាំងពីរនេះ មានជញ្ជីងតុល្យភាព នឹងគ្នា តែ បើនិយាយការលំហូរពាណិជ្ជកម្ម វិញ គឺកម្ពុជាពិតជាត្រូវការ អាមេរិកធំជាងអាមេរិក ត្រូវការកម្ពុជា៕

Share

Image
Image
Image