en     km
en     km

បទវិភាគ៖ជ័យជម្នះរបស់បក្សកាន់អំណាចBJPនៅឥណ្ឌាអាចមកពីរបៀបវារៈជាតិនិយមទប់ស្កាត់ឥទិ្ធពលចិន

Share

កំដៅនយោបាយនៅឥណ្ឌាបានបិទបញ្ចប់ហើយ តាមរយៈលទ្ធផលបោះឆ្នោតសភាដែល​ជ័យជម្នះ បានទៅលើគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីជាតិនិយម ណារិន្រឌ្រាម៉ូឌី​(Narendra Modi )នៃគណបក្ស Bharatiya Janata Party -BJP។ការបោះឆ្នោតរបស់ប្រទេសដ៏ធំមួយនៅអាស៊ីនេះ ត្រូវបានគេហៅថា ជាការវាស់ស្ទង់ប្រជាធិបតេយ្យជាសាកលម្ដងទៀតក្នុងរយៈពេលប្រាំឆ្នាំម្ដង។ ជាការកត់សម្គាល់គឺជ័យជម្នះភ្លូកទឹកភ្លូកដីរបស់បក្សBJP អាច​បាន​មកពី បញ្ហាជាតិធំៗក្នុងនោះរបៀបវារៈលិចធ្លោជាងគេគឺទស្សនៈជាតិនិយមរបស់នាយករដ្ឋមន្ត្រីណារិន្រឌ្រាម៉ូឌី ប្រឆាំងនឹងឥទិ្ធពលចិននៅក្នុងតំបន់អាស៊ីខាងត្បូង។

សូមស្ដាប់សេចក្ដីប្រែសម្រួលរបស់លោក នួន បូរិន ដូចតទៅ៖

 

ប្រទេសឥណ្ឌាធ្វើការបោះឆ្នោតពីរដ្ឋមួយទៅរដ្ឋមួយដោយប្រើពេល៦សប្ដាហ៍។ ការ​បោះឆ្នោត​មានទាំងសម្រាប់សមាជិកសភាជាតិ និងសភាប្រចាំរដ្ឋ។ប៉ុន្តែការឈ្នះឬចាញ់ដែល​នាំអោយ​បក្ស​​មួយមានឱកាសដឹកនាំរដ្ឋាភិបាល គឺត្រូវផ្ទៀងផ្ទាត់​នឹង​លទ្ធផលបោះឆ្នោតសភាជាតិ។ សភាជាតិ​របស់​ប្រទេស​ធំនេះ ភាសាឥណ្ឌាហៅថាLok Sabha មាន៥៤៣អាសនៈ ។បក្សណាដណ្ដើមបាន ពី២៧២​អាសនៈឡើង​ទៅគឺជាអ្នក​ឈ្នះ​នៅក្នុងការបោះឆ្នោតនេះ។ សម្រាប់បក្សBJP របស់នាយករដ្ឋមន្ត្រីណារិន្រឌ្រាម៉ូឌី បានដណ្ដើមអាសនៈសភាជាតិដល់ទៅ ៣០៣ដែលគេហៅថាឈ្នះ​ឆ្នោតភ្លូក​ទឹកភ្លូក​ដី​ជាលើកទី២របស់បក្សជាតិនិយមហិនឌូមួយនេះ។ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ បក្សនេះ បានឈ្នះ ២៨២ អាសនៈ ។ប្រទេសមហាយក្សធំទីពីរនេះ មានប្រជាជន​១៣៦៧​លាននាក់។ នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិថ្មីនេះ គឺពលរដ្ឋមានសិទ្ធិបោះ​ឆ្នោត​៩០០​លាននាក់។ តាមរបាយការរបស់គណៈកម្មការបោះឆ្នោត របស់ប្រទេសនេះ ពលរដ្ឋចេញទៅ​បោះឆ្នោត​មានជាង៦៧ភាគរយ។

ជ័យជម្នះរបស់BJP កើតចេញពីទស្សនៈជាតិនិយម

 

តាមការវិភាគរបស់សាស្តាចារ្យ Sreeram Chaulia  នៃវិទ្យាស្ថានកិច្ចការអន្តរជាតិ Jindal គឺមហាជោគជ័យរបស់គណបក្សកាន់អំណាចBJP អាចបានមកពីទស្សនៈជាតិនិយមរបស់​អ្នកនយោ​បាយបក្សនេះជាពិសេសគឺឧត្តមគិតិជាតិរបស់លោកណារិន្រឌ្រាម៉ូឌី​ដែលកន្លងមកបានធ្វើ​បាន​សេចក្ដីត្រូ​វ​គឺត្រូវ​នឹងឆន្ទៈរបស់ប្រជាជនឥណ្ឌា​និយមអោយតម្លៃ​ជាតិខ្លួនឯងហើយ​ហ៊ាន​ប្រឈម​នឹង​ឥទ្ធិពលប្រទេសក្រៅ ជាពិសេស គឺប្រទេសចិន។

នៅក្នុងការឃោសនា បោះឆ្នោតដែលធ្វើឡើងពីរដ្ឋមួយទៅរដ្ឋមួយ បក្សBJP បានទាក់ទាញ អ្នកគាំទ្រភ្លូកទឹកភ្លូកដី គឺរៀបវារៈជាតិនិយមដូចជា ការជួយពលរដ្ឋក្រីក្រ ការប្រឆាំង​អំពើ​ពុក​រលួយ ការលើកដំកើងវប្បធម៌ជាតិ និងសាសនាសាសនាហិនឌូ។

ការឃោសនា ដែល​លាន់​​លឺជាងគេគឺនយោបាយការពារជាតិនិងនយោបាយការបរទេស។ នយោបាយ​ការពារ​ជាតិនៃរជ្ជការរបស់នាយករដ្ឋមន្ត្រីណារិន្រឌ្រាម៉ូឌី​ បានបញ្ជូនកងទ័ព​ទៅ​ព្រំដែន​ដើម្បី​ប្រឆាំងនឹងកងទ័ពចិននៅតំបន់ព្រំដែន Doklam  កាលពីឆ្នាំ២០១៧និងនៅតំបន់ Wuhan​កាល​ពីឆ្នាំ២០១៨ បានធ្វើអោយចិនមហាយក្សទី១ដកថយការប្រឈមចង់​ឈ្លានពាន​ព្រំដែន​ឥណ្ឌា។នេះគឺជាតឹងតាងប្រវត្តិសាស្ត្រជាថ្មីម្ដងទៀតនៃតំលៃជាតិរបស់ឥណ្ឌាស្ដែងចេញពីឆន្ទៈរបស់អ្នកជាតិនិយមណារិន្រឌ្រាម៉ូឌី​។

លើសពីនេះទៀត គេថាលោកណារិន្រឌ្រាម៉ូឌីសម្រេចចិត្តត្រូវ ដែល​បានបដិសេធមិនទៅចូលរួមវេទិកាអន្តរជាតិស្ដីពីយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់មួយផ្លូវមួយ»របស់ប្រធានាធិបតីចិនស៊ីជីនភីងកាលពីថ្មីៗនេះ។ នាយករដ្ឋមន្ត្រីវ័យ៦៨ឆ្នាំរូបនេះ មិនបានចាត់ទុក​វេទិកា​នោះថាមានតម្លៃដល់ប្រទេសជាតិឥណ្ឌានោះទេ។ នៅក្នុងការឃោសនា ដ៏ពេញ​និយម​ទៀតនោះ បក្សBJP បានលើកឡើងអំពីការជួយជាបន្ទាន់នូវប្រាក់កម្ចី​១៥០០លាន​ដុល្លារ​ទៅ​អោយ រដ្ឋាភិបាលថ្មីនៃដែនដីកោះម៉ាល់ឌីវ ដើម្បីបង់សងទៅឱ្យប្រទេស ចិនវិញ ដែល​ប្រទេស​កោះ​​តូចមួយនេះ សឹងតែលក់ប្រទេសរបស់ខ្លួនទៅអោយចិនទៅហើយនោះ។​

 

ស្ដីអំពីគោល​នយោ​បាយការបរទេសនេះទៀត បក្សBJP មានគោលការណ៍ច្បាស់លាស់ណាស់ ប្រឆាំង​អំពើភេរ​វកម្មដែលចេញពីប្រទេសប៉ាគីស្ថានគឺដូចកាលពីពេលថ្មីៗនេះ លោកណារិន្រឌ្រាម៉ូឌីបាន​សម្រេចលើកទ័ពមួយកងពលធំនិងយន្តហោះចម្បាំងជាច្រើនគ្រឿងវាយប្រហារ ពួកសកម្ម​ប្រយុទ្ធមកពីប្រទេសប៉ាគីស្ថាន ដែលបានបង្កភេរវកម្មនៅតំបន់បែកចែកជាពីរនៃ​ដែន​ដីកា​ស្មៀ។មិនតែប៉ុណ្ណោះ គោលនយោបាយពាណិជកម្មជាមួយសហរដ្ឋអាមេរិក ក៏ឥណ្ឌា ទទួល​បាន​តុល្យភាពផងដែរ។ស្របពេលគ្នានេះ ឥណ្ឌា ក្រោមការដឹកនាំរបស់បក្សBJP កំពុង​ធ្វើ​គោល​នយោបាយយុទ្ធសាស្ត្រសេដ្ឋកិច្ច ឥណ្ឌា-ជប៉ុនអាស៊ីប៉ាស៊ីហ្វិចដោយរុញការ​បោះ​ទុនវិនិយោគជួយស្ដារប្រាក់កម្ចី​ប្រទេសមួយចំនួន ដែលកំពុងជាប់អន្ទាក់ បំណុលរបស់ចិនរាប់​ពាន់​លាន​​ដុល្លារនៅក្រោម ​យុទ្ធសាស្ត្រ«ខ្សែក្រវ៉ាត់មួយផ្លូវមួយ»

ជាក់ស្ដែង ទាំងជប៉ុននិងឥណ្ឌាកំពុង​ដាក់ទុនវិនិយោគរួមគ្នា ជួយស្ដារប្រាក់កម្ចីប្រទេសស្រីលង្កាអោយចាកផុតពីបំណុលរបស់ចិន ដែលស្រីលង្កាបានខ្ចីចិន ច្រើនពាន់លានដុល្លារមកធ្វើការអភិវឌ្ឍសំណង់ កំពង់ផែទី២នៅក្រុង​កូឡំបូសនិងសំណងផ្ទះល្វែងជាង២០០០០។ ជាការពិតកំពង់ផែ នៅ Hambantota បានធ្លាក់​ទៅ​ក្នុងភាគហ៊ុនចិនផ្ដាច់មុខទៅហើយ គឺរយៈពេល៩៩ឆ្នាំព្រោះតែស្រីលង្កា​ពុំមាន​លទ្ធភាព​បង់​សង​និងបងការប្រាក់ត្រឡប់អោយចិនវិញ។

នយោបាយជាតិនិយម នេះហើយមើលទៅ ដែលធ្វើអោយបក្សប្រឆាំងធំជាងគេ គឺ​បក្ស​ស​មាជ​ជាតិ របស់លោកRahul Gandhi បានចាញ់ឆ្នោយយ៉ាងអាម៉ាស់ដែលពី​មុនបក្ស​គ្រួសា​រ​​និយម​មួយនេះធ្លាប់ដឹកនាំរដ្ឋាភិបាលច្រើនជំនាន់មកហើយ។ បក្សប្រឆាំងធំពីរ បាន ៥២ និង​23​អាសនៈប៉ុណ្ណោះ។ ការធ្លាក់សន្លឹកឆ្នោតរបស់បក្សប្រឆាំង បាននាំអោយបេក្ខជន ខ្លះបានលាលែង​ពី​នយោបាយ។

អ្នកគាំទ្របក្សBJPរាំច្រៀងអបអរសាទរជ័យជម្នះរបស់ខ្លួន

 

ទាំងនៅរដ្ឋធានី ញូដែលី និងទីក្រុងប៊ុបបៃ រួមទាំងនៅបណ្ដារដ្ឋជាច្រើន ប្រជាជនប្រុសស្រី ភាគច្រើនមកពីវណ្ណៈទាប ជាជនក្រីក្រ បាននាំគ្នាចេញតាមដងផ្លូវរាំច្រៀងចម្រៀងជាតិ និង​ចម្រៀងរបស់បក្សក្នុងរូបភាពសាទរជ័យជម្នះរបស់ពួកគេ ក្នុងការប្រើសិទ្ធិបោះឆ្នោត​នៃ​ប្រទេស​​​ប្រជាធិបតេយ្យជឿនលឿនដ៏ធំមួយនៅអាស៊ី។ ប៉ុន្តែអ្វីដែលពួកគេបង្ហាញការសប្បាយ គឺមោទនភាពដែលលោកណារិន្រឌ្រាម៉ូឌីបានវិលមកដឹកនាំរដ្ឋាភិបាលមួយអាណត្តិទៀតមានរយៈពេលប្រាំឆ្នាំ។ ពួកគេបានអោយតម្លៃលោកណារិន្រឌ្រាម៉ូឌី ខ្ពស់ណាស់សម្រាប់ជាតិឥណ្ឌា​​​ព្រោះ​មេដឹកនាំរូបនេះ បានធ្វើសេចក្ដីសម្រេចណាមួយគឺដើម្បីជាតិឥណ្ឌាទាំងមូល ហើយ​មេដឹកនាំ​ដ៏​​ជា​ទីស្រឡាញ់នេះមានឧត្តមគិតិជាតិពិតៗមិនក្លែងក្លាយឡើយ។ ពួកគេថា​សន្លឹក​ឆ្នោតរបស់ពួកគេមួយសន្លឹកពិតជាមានតម្លៃដល់ជាតិ ដល់សហគមន៍ គ្រួសារ​និង​ខ្លួនគេ​ផ្ទាល់។  ចំណែកឯលោកណារិន្រឌ្រាម៉ូឌី ក៏សប្បាយរីករាយដែរ។ បុរសសក់សនេះ មើលទៅ មានអារម្មណ៍ថាខ្លួនមានមោទនភាព​ណាស់ដែល​បានបម្រើជាតិម្ដង​ទៀតក្នុងឋានៈ​ជា​នាយ​ក​រដ្ឋមន្ត្រីនៃសាធារណៈរដ្ឋឥណ្ឌាដែលជាអ្នកដឹកនាំអង្គនិតិប្រតិបត្តិ មានប្រមុខរដ្ឋ​ជា​ឥស្ស​រជនកិត្តិយសរបស់ជាតិ។

សាររបស់លោកណារិន្រឌ្រាម៉ូឌីបានជូនទៅកាន់ជនរួមជាតិឥណ្ឌា មានខ្លឹមសារដូចនេះ​ថា៖«សូមអរគុណជនរួមជាតិ​ដ៏ជាស្រឡាញ់។ ការពិតនៃភាពស្មោះត្រង់បានស្ដែងចេញពី ការ​សាមគ្គីគ្នា ជាសម្ព័ន្ធភាពបានផ្ដល់មកអោយយើងនូវកម្លាំងមួយដើម្បីធ្វើការងាររួមគ្នា ទោះ​ជាលំបាកក្ដី គឺដើម្បីជាតិប្រជាជនយើង។ ខ្ញុំសូមអរគុណដល់អ្នកស្រឡាញBJP ដែលបាន​បង្ហាញ​ការ​ប្ដេជ្ញាចិត្តរួមគ្នាដោយបានពុះពារការលំបាក រហូតបានជោគជ័យ។សូមសកម្មជន និងអ្នកគាំទ្រBJP ត្រឡប់ទៅផ្ទះវិញ គឺសូមបន្តសហការគ្នាទៀត ដើម្បីអភិវឌ្ឍន៍ជាតិ​សាសន៍​របស់យើង»៕
 

Share

Image
Image
Image