en     km
en     km

បទវិភាគ៖ចិនស្ងប់ស្ងាត់នៅពេលទឹកហូរចូលច្រមុះកូនបំណុលនៃរបបម៉ាឌូរ៉ូនៅវេណេហ្សូ​អេឡា

Share

ចិនគឺជាម្ចាស់បំណុលធំតែមួយគត់នៃរបបខុសច្បាប់នៃប្រទេសវេណេហ្សូអេឡាដែលកំពុងផ្ទុះហិង្សានយោបាយដើម្បីបណ្ដេញប្រធានាធិបតីម៉ាឌូរ៉ូចេញពីអំណាច។អំពើហិង្សាកំពុងតែផ្ទុះឡើងនៅពាសពេញជាពិសេសនៅរដ្ឋធានីរបស់ប្រទេសនេះ។ ហិង្សានយោបាយដ៏ខ្លាំងនេះត្រូវបានគេមើលឃើញថាគឺជាការទាញទម្លាក់របបផ្ដាច់ការមួយក្រោមការគ្រប់គ្រងរបស់បុរសខ្លាំងម៉ាឌូរ៉ូ។

រុស្ស៊ីបានបញ្ចេញប្រតិកម្មយ៉ាងច្រើនដែលប្រតិកម្មរបស់ក្រុងមូស្គូគ្មានអ្វីក្រៅពីបង្ខំឱ្យម៉ាឌូរ៉ូក្រាញអំណាចបន្ដទៀត ហើយថ្កោលទោសសហរដ្ឋអាមេរិក។ ដោយឡែកប្រទេសចិនជាម្ចាស់បំណុលធំបំផុតនៃរបបម៉ាឌូរ៉ូដែលពីមុនតែងតែបញ្ចេញប្រតិកម្មដូចនឹងប្រទេសរុស្សីតែឥឡូវនេះស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ ។

ភាពស្ងប់ស្ងាត់របស់ចិនគឺចំពេលដែលទឹកកំពុងតែហូរចូលច្រមុះកូនបំណុល។បើរបបម៉ាឌូរ៉ូលង់ទឹកស្លាប់ថាតើប្រាក់កម្ចីរបស់ចិនច្រើនពាន់លានដុល្លារ ត្រូវទូទាត់ដោយរបៀបណា។

សូមស្ដាប់ការអធិប្បាយពីលោក សោម លាភ ដូចតទៅ៖ 

 

ហិង្សានយោបាយដ៏ធ្ងន់ធ្ងរ និងអាក្រក់បំផុតពុំធ្លាប់មាន កំពុងបន្ដផ្ទុះឡើងទៀតហើយនៅពាសពេញរដ្ឋធានីការាកាសនៃប្រទេសវេណេហ្សូអេឡា។

នេះជាសញ្ញាណដែលបញ្ជាក់ថា របបសង្គមនិយមនៃប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូត្រូវបានប្រជាជនអូសទាញមកដល់មកច្រាំងមរណៈហើយ។ ហិង្សានយោបាយគឺជាអំពើកុប្បកម្មដ៏អាក្រក់ផ្ទុះឡើងបន្ទាប់ពីកងសន្ដិសុខបានបាញ់រះហើយបើករថយន្ដកិនបាតុករ​របួសជាច្រើននាក់។

មេដឹកនាំបក្សប្រឆាំងលោកជួនហ្គៃដូនៅថ្ងៃទី២ឧសភានេះនៅតែបន្ដអំពាវនាវឱ្យប្រជាជន ត្រូវចុះដើរតាមដងផ្លូវគ្រប់ទីកន្លែងទាំងអស់ដើម្បីទាញទម្លាក់របបម៉ាឌូរ៉ូគឹឱ្យបានឆាប់បំផុត។

​ស្របពេលនេះសហរដ្ឋអាមេរិកបានប្រកាសយ៉ាងខ្លាំងក្លាដែលថាអាមេរិកនៅជាមួយប្រជាជននិងកៀកស្មាជាមួយលោកជួនហ្គៃដូ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវបានគេមើលឃើញថាឈានមុខគេខ្លាំងបំផុតក្នុងចំណោមសហគមន៍អន្តរជាតិជាច្រើនទៀតដែលចង់ឱ្យមានការផ្លាស់ប្ដការដឹកនាំនៅវេណេហ្សូអេឡា។

ទាំងអនុប្រធានាធិបតី  ទាំងរដ្ឋមន្រ្ដីការបរទេស និងទីប្រឹក្សាសន្ដិសុខជាតិនៃសេតវិមានសុទ្ធតែបានបង្ហើបព័ត៌មានថា រដ្ឋប្រហារកំពុងតែចាប់ផ្ដើមហើយដើម្បីបញ្ចប់របបលោកម៉ាឌូរ៉ូទោះជាក្រុងវ៉ាស៊ីនតោនសារពភាពថា ពួកយោធាភាគច្រើននៅតែគាំទ្រលោកម៉ាឌូរ៉ូក៏ដោយនោះ។

អនុប្រធានាធិ​បតី Miike Pence បានប្រាប់បណ្ដាញផ្សាយព័ត៌មាន Business News ថាពេលវេលាដែលសហរដ្ឋអាមេរិកត្រូវប្រើមធ្យោបាយកងទ័ពបានមកដល់ហើយ។ លោកថា ហិង្សានយោបាយផ្ទុះឡើងកាលពីថ្ងៃទី១ឧសភាបញ្ជាក់ថា ម៉ាឌូរ៉ូបានយកអាយុជីវិតជនស៊ីវិលដើម្បីកំដរអំណាចរបស់ខ្លួន ទៅមុខទៀត។

ចំណែកឯរដ្ឋមន្រ្ដីការបរទេស Mike Pompeo បាននិយាយថា អន្ដរគមន៍កងទ័ពចាំបាច់បំផុតនៅពេលនេះ។ លោកជន ប៊ូលតុន ទីប្រឹក្សាកំពូលផ្នែកសន្ដិសុខជាតិ របស់ប្រធានាធិ​បតីលោកត្រាំ បានប្រាប់ CNN ថា គេមិនត្រូវទុកឱ្យម៉ាឌូរ៉ូកាន់អំណាចបន្ដទៀតទេ ហើយពេលនេះគឺជាជម្រើសរបស់កងទ័ពអាមេរិក។

លោក ចនប៊ូលតុង រួមនឹងអគ្គមេបញ្ជាការកងទ័ពរបស់ខ្លួនម្នាក់ គឺលោក Joseph Dunford បានទៅឆ្លើយបំភ្លឺនៅចំពោះគណៈកម្មការរដ្ឋសភាផ្នែកសន្ដិសុខជាតិថា កងទ័ពរៀបចំខ្លួនរួចស្រេចហើយដើម្បីចូលរំដោះប្រ​​ជាជនពីរបបម៉ាឌូរ៉ូ។

លោកបញ្ជាក់ថា នៅតែរង់ចាំការបញ្ចារបស់លោកត្រាំតែប៉ុណ្ណោះ។គិតមកដល់ពេលនេះអំពើចលចលនៅវេណេហ្សូអេឡាកាន់តែផ្ទុះឡើង នៅពេលដែលមេដឹកនាំបក្សប្រឆាំងជួន​ហ្គៃដូ បានប្រកាសថាចាប់ពី ថ្ងៃទី១ ឧសភា គឺជាការចាប់ផ្ដើមប្រមូលកម្លាំងកងទ័ពឱ្យផ្ដាច់ខ្លួនចេញពីលោក ម៉ាឌូរ៉ូ។

លោកថា នៅពេលដែលកងទ័ពយល់ដឹងអំពីតម្លៃនិង សេរីភាពរបស់ខ្លួនគឺពួកគេអាចជួយបញ្ចប់របបម៉ាឌូរ៉ូបានយ៉ាងងាយ។ យ៉ាងណាក៏ដោយលោកជួនហ្គៃដូ នៅតែមិនទាន់ទុកចិត្តថា កងទ័ពភាគច្រើនមកនៅជាមួយលោកនោះទេ។ លោកថា បើពុំនោះទេ គឺក្នុងនាមលោកជាប្រមុខរដ្ឋស្ដីទីអាចស្នើអន្ដរាគមន៍ពីសហរដ្ឋអាមេរិក។

មកដល់ពេលនេះរុស្ស៊ីដែលជាម្ចាស់បំណុលធំទី២បន្ទាប់ពីចិនដែលមានភាគហ៊ុនក្នុងការរុករកប្រេងជាមួយនឹងក្រុមហ៊ុននៃរបបលោកម៉ាឌូរ៉ូកំពុងតែជួយអន្ដរាគមន៍ដើម្បីទប់ស្ថានភាពនៃរបបលោកម៉ាឌូរ៉ូ។

រដ្ឋមន្រ្ដីការបរទេសរុស្ស៊ី ហ្សេហ្គេឡារ៉ូវ នៅថ្ងៃនេះ ត្រូវគេរំពឹងថា នឹងភ្ជាប់ទូរស័ព្ទជាមួយសមភាគី អាមេរិក Mike Pompeo ដើម្បីរកដំណោះស្រាយជាបន្ទាន់បន្ថយហិង្សាប្រឆាំងលោកម៉ាឌូរ៉ូ។

ក្រុងម៉ូស្គូ បានប្រកាសថ្កោលទោសហិង្សាដែលបានផ្ទុះឡើងប្រឆាំងនឹងរបបម៉ាឌូរ៉ូហើយបានចោទថាទីក្រុងវ៉ាស៊ីនតោន បញ្ឆេះហិង្សាដើម្បីធ្វើអន្ដរាគមន៍ផ្នែកកងទ័ព។ យ៉ាងណាក៏ដោយ លោកប្រធានាធិបតីត្រាំបានប្រាប់សមភាគីរុស្ស៊ីVladimir Putin ឱ្យបញ្ឈប់ការគាំទ្ររបបលោកម៉ាឌូរ៉ូ។

ហើយត្រូវតែរៀបចំឱ្យលោកម៉ាឌូរ៉ូទៅនៅប្រទេសគុយបា។ ជាការកត់សម្គាល់ រុស្ស៊ីខ្នះខ្នែងយ៉ាងខ្លាំងជួយទប់របបលោកម៉ាឌូរ៉ូ ប៉ុន្ដែការកត់សម្គាល់ពិសេសនោះគឺចិនប្រជាមានិត ដែលជាម្ចាស់បំណុលធំជាងគេ នៃរបបម៉ាឌូរ៉ូហាក់ដូចជាស្ងប់ស្ងាត់។

ទីក្រុងប៉េកាំងត្រូវបានរាយការណ៍មកថា ធ្លាប់បញ្ចូនអ្នកការទូតរបស់ខ្លួនទៅលួចចរចាជាមួយជំនួយការមេបក្សប្រឆាំងជួនហ្គៃដូ នៅទីក្រុងវ៉ាស៊ីនតោន។ 

តែក្រោយមក​ ក្រុងប៉េកាំង​បានប្រកាសបន្តគាំទ្រ​របបលោកម៉ាឌូរូ​ បន្ទាប់ពីក្រុងម៉ូស្គូ​សន្យាមិនឱ្យរបបលោកម៉ាឌូរ៉ូដួលរលំឡើយ។ បន្ទាប់ពីនោះភ្លាមប្រទេសចិនបានបញ្ចូនស្បៀន និង ថ្នាំពេទ្យ ៦៥តោនទៅឱ្យរបបលោកម៉ាឌូរ៉ូហើយរុស្ស៊ីបញ្ចូនស្បៀង និង ថ្នាំពេទ្យ៣០សិបតោនទៅឱ្យរបបនេះផងដែរ។​

តែអ្វីជាការកត់សម្គាល់នៅថ្ងៃផ្ទុះបាតុកម្មគគ្រឹកគគ្រង គឺក្រុងប៉េកាំងបែរជាស្ងប់ស្ងាត់គឺសូម្បីតែចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងស្ថានការណ៍នៃរបបកូនបំណុលខ្លួនក៏មិនបានធ្វើដែរ។ នេះជាចម្ងល់មួយត្រូវបានលើកឡើងដើម្បីធ្វើការវិភាគថាតើក្រុងប៉េកាំងនៅបន្ដគាំទ្រម៉ាឌូរ៉ូទៀតឬយ៉ាងណាឬសម្រេចបោះបង់ចោលរបបនេះដើម្បីការពារប្រាក់បំណុលរាប់ពាន់លានដុល្លាររបស់ខ្លួន។

កាលពីខែមិនា សារព័ត៌មានបរទេសមួយបានធ្វើអត្ថាធិប្បាយថា ចិន និង រុស្ស៊ីអាចនឹងជ្រុះបាត់លុយពាន់លានដុល្លារក្នុងសមុទ្រវេណេហ្សូអេឡានៅពេលដែលរបបម៉ាឌូរ៉ូត្រូវបានផ្ដួលរំលំ។ទំនងក្នុងន័យនេះហើយ ដែលទីក្រុងប៉េកាំងស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់៕

អត្ថបទ ដោយ នួន បូរិន

Share

Image
Image
Image