បើទោះបីភាសាជប៉ុនពីមុនមកពុំសូវមានការចាប់អារម្មណ៍ពីអ្នកសិក្សាខ្មែរក៏ដោយ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះភាសាជប៉ុនត្រូវបានសិស្ស និស្សិត ឬអ្នកសិក្សា ខ្មែរមួយចំនួន យកចិត្តទុកដាក់គាំទ្រ និងបាននាំគ្នាសិក្សាភាសានេះច្រើនគួរសម ដូចជាភាសាផ្សេងៗ មានភាសាអង់គ្លេស បារាំងជាដើម។ មូលហេតុដែល ជំរុញឱ្យអ្នកសិក្សាខ្មែររៀនភាសាជប៉ុន ព្រោះអ្នកទាំងនោះបានអះអាងថា ចេះភាសាជប៉ុនងាយស្រួលស្វែងរកការងារធ្វើ និងបានសិក្សាស្វែងយល់បាន ច្រើនពីវប្បធម៌របស់ជប៉ុន។
ប្រសិនបើយើងធ្វើដំណើរទៅដល់វិទ្យាស្ថានភាសាបរទេសដែលហៅជាភាសាអង់គ្លេសថា IFL លោកអ្នកគ្រាន់តែចោលក្រសែភ្នែកទៅផ្នែកខាងស្តាំដៃបន្តិចនោះលោកអ្នកនឹងឃើញអគារមួយមានឈ្មោះថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ទីនោះហើយដែលជាកន្លែងបណ្តុះបណ្តាលភាសាជប៉ុនធំជាងគេនៅក្រុងភ្នំពេញ ក្រៅពីការបង្រៀនថ្នាក់បរិញ្ញាបត្រភាសាជប៉ុនរបស់វិទ្យាស្ថានភាសាបរទេស។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មិនត្រឹមតែជាកន្លែងផ្ទេរចំណេះដឹងភាសាជប៉ុនដល់សិស្ស និស្សិតកម្ពុជានោះទេ មជ្ឈមណ្ឌលដែលសង់ឡើងតាម រចនាបទបែបសិល្បៈវប្បធម៌ជប៉ុនមួយនេះ ក៏ជាកន្លែងផ្សាភ្ជាប់ទំនាក់ទំនងរវាងវប្បធម៌ខ្មែរ និង វប្បធម៌ជប៉ុនផងដែរ។
ក្នុងដំណើរបោះជំហ៊ានមួយៗ ទើបតែដើរចេញពីកន្លែងសួរព័ត៌មានរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ស្ថិតនៅក្នុងឯកសណ្ឋានជានិស្សិតស្រស់ស្អាតម្នាក់ ពាក់អាវស សំពត់ខ្លីស្ទើរត្រឹមក្បាល់ជង្គង់ កញ្ញា ស៊ុន សៀវនី ជានិស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ងភាសាជប៉ុន។ កញ្ញា ស៊ុន សៀវនី បាននិយាយ រៀបរាប់ពីមូលហេតុនាំឱ្យកញ្ញារៀនភាសាជប៉ុនដោយទឹកមុខញញឹមថា ដំបូងឡើយកញ្ញាមិនសូវជាចូលចិត្តរៀនឬចាប់អារម្មណ៍ចំពោះភាសាជប៉ុនប៉ុន្មាននោះទេ ប៉ុន្តែដោយសារការនិយមចូលចិត្តស្តាប់ពីរបៀបនិយាយក្នុងភាសាជប៉ុនរបស់ជនជាតិជប៉ុន និងចូលចិត្តចង់ដឹងវប្បធម៌ជប៉ុន ទើបជំរុញចិត្តឱ្យ សៀវនី ចាប់យកភាសាជប៉ុនជាមុខវិជ្ជាសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ។
ដំបូងមិនស្រឡាញ់ភាសាជប៉ុននេះប៉ុន្មាននោះទេ ប៉ុន្តែពេលដែលបានសិក្សាពីភាសានេះមានអារម្មណ៍ថា ភាសាជប៉ុនមានភាពងាយស្រួលទៅវិញនេះជាការលើកឡើងរបស់ កញ្ញា ស៊ុន សៀវនី។ ពីមនុស្សម្នាក់ដែលមិនស្រឡាញ់ភាសាជប៉ុន មានចំណង់ចំណូលចិត្តតិចតួចពីភាសាជប៉ុន ប្រែក្លាយជាស្រឡាញ់ ពេញចិត្តភាសាជប៉ុនទៅវិញ។ កញ្ញា បានបញ្ជាក់ថា នៅពេលដែលបានស្តាប់គ្រូពន្យល់ បានសិក្សាភាសាដែលមនុស្សទូទៅធ្លាប់គិតថាពិបាកមួយនេះទៅ ភាសាជប៉ុនមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រើប្រាស់នៅក្នុងការសិក្សា វិស័យការងារ និងទំនាក់ទំនងនៅក្នុងសង្គមជាមួយជនជាតិជប៉ុន។
ផ្តើមស្រឡាញ់ភាសាជប៉ុនបានធ្វើឱ្យកញ្ញា សៀវនី មានក្តីសង្ឃឹមយ៉ាងមុតមាំថា ការសិក្សាភាសាជប៉ុនរបស់គេនឹងបានកាន់តែល្អប្រសើរឡើង តាមរយៈការខិតខំប្រឹងប្រែងរបស់គេ។ សៀវនី បានសម្លឹងមើលឃើញពីគោលដៅការងារជាច្រើន ដែលកំពុងរង់ចាំបន្ទាប់ពីរៀនចប់ថ្នាក់បរិញ្ញាបត្រភាសាជប៉ុន។ សៀវនី មានសង្ឃឹមមួយទៀតថា គេនឹងអាចស្វែងរកអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុនឱ្យបាន ដើម្បីយកចំណេះដឹង បទពិសោធន៍មកប្រើប្រាស់ ដើម្បីចិញ្ចឹមជីវិត និងកសាងសង្គមជាតិឱ្យនាថ្ងៃអនាគត។
ទន្ទឹមនឹងការរៀបរាប់របស់និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រភាសាជប៉ុនខាងលើ លោក នី ធន់ មិនមែនជាអ្នករៀនបរិញ្ញាបត្រភាសាជប៉ុននោះទេ ប៉ុន្តែលោក នី ធន់ គ្រាន់តែជាអ្នករៀនឈ្នួលក្រៅម៉ោងពីភាសាជប៉ុននៅសាលាឯកជនមួយកន្លែង បាននិយាយថា លោកបានសម្លឹងមើលឃើញពីសារៈសំខាន់របស់ភាសា ជប៉ុនយ៉ាងច្រើននៅក្នុងពេលបច្ចុប្បន្ន ទើបជំរុញឱ្យលោករៀនភាសាជប៉ុន។ ចេះភាសាជប៉ុន ងាយស្រួលរកការងារធ្វើនៅពេលរៀនចប់ពីមហាវិទ្យាល័យ។
លោក នី ធន់ បានរៀបរាប់ថា លោកបានសិក្សាភាសាជប៉ុននេះទើបបានរយៈពេលជាង ៨ខែប៉ុណ្ណោះ។ មកទល់ពេលនេះ លោកអាចសន្ទនាភាសាជប៉ុន បានគ្រាន់តែពាក្យឬឃ្លាសាមញ្ញាៗធម្មតាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែវាហាក់ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការហ្វឹកហាត់សិក្សា ជាពិសេសឆ្លៀតពេល ទំនេរពីការសិក្សាមុខវិជ្ជាផ្សេងៗរបស់សាកលវិទ្យាល័យមកសិក្សាភាសាជប៉ុន។ ទន្ទឹមនឹងការមើលឃើញពីសារៈសំខាន់នៃភាសាជប៉ុនដែលខ្លួនចង់ចេះនេះ អ្នកសិក្សារូបនេះបានបន្តទៀតថា ភាសាជប៉ុនមិនមែនជាភាសាងាយស្រួលនៅក្នុងការសិក្សានោះទេ វាទាមទារការតស៊ូព្យាយាម និងមានឆន្ទៈខ្ពស់នៅក្នុង ការសិក្សា។ រៀនភាសាជប៉ុនធ្វើឱ្យដឹងពីរបៀបធ្វើការរបស់ជនជាតិជប៉ុន លោកថា លោកក៏មានបំណងទៅបន្តការសិក្សារបស់ខ្លួននៅប្រទេសជប៉ុនផងដែរ។
ជាគ្រូបណ្ដុះបណ្តាលភាសាជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន លោកស្រី វ៉យ សំនៀង បានលើកឡើងថា បច្ចុប្បន្ននេះ អ្នកសិក្សាភាសា ជប៉ុនមានការកើនឡើងជារៀងរាល់ថ្ងៃ។ អ្នកគ្រូប្រាប់ថា អ្នកគ្រូមិនមានទន្និន័យចំនួនសិស្សបញ្ជាក់ជាក់លាក់ពីអ្នករៀនភាសាជប៉ុននោះទេ តាមបទពិសោធន៍នៃការបង្រៀនភាសាជប៉ុនរបស់អ្នកគ្រូ ឃើញថាភាសាជប៉ុនមានការចាប់អារម្មណ៍ច្រើនពីសិស្សនិស្សិតកម្ពុជា។
អ្នកគ្រូ បានលើកឡើងថាមូលហេតុនាំឱ្យមានការចាប់អារម្មណ៍រៀនភាសាជប៉ុនពីសិស្សនិស្សិតអ្នកសិក្សាកម្ពុជា ក៏ព្រោះតែពួកគេ គិតថាភាសាជប៉ុនមាន សារៈសំខាន់នៅក្នុងវិស័យការងារ។ អ្នកគ្រូបានបញ្ជាក់ថា អ្នកចេះភាសាជប៉ុនតែងទទួលបានការងារល្អ ងាយស្រួលរកការងារធ្វើ ជាពិសេសការមានប្រាក់ខែ ខ្ពស់ក្នុងការងាររបស់ខ្លួន។
ទន្ទឹមគ្នានេះដែរ អ្នកបណ្ដុះបណ្តាលភាសាជប៉ុនរូបនេះក៏បាននិយាយអមដោយកាយវិការពន្យល់ទៀតថាមូលហេតុសំខាន់មួយទៀតដែលភាសាជប៉ុនមានប្រជាប្រិយភាពសម្រាប់សិស្សានុសិស្ស និស្សិតខ្មែរ ដោយសារសិស្ស និស្សិតបច្ចុប្បន្នមួយចំនួនមានបំណងចង់ទៅបន្តការសិក្សានៅប្រទេសជប៉ុនទើបជំរុញ ឱ្យពួកគេរៀនភាសាជប៉ុន។ លើសពីនេះទៅទៀតអ្នករៀនភាសាជប៉ុនកើនឡើងច្រើន ដោយសារតែអ្នកនោះឯង ចង់ចេះ ចង់ដឹង ចង់សិក្សាស្វែងយល់ពីវប្បធម៌របស់ជនជាតិជប៉ុន។
អ្នកគ្រូ វ៉យ សំនៀង បានបញ្ជាក់ទៀតថា ភាសាជប៉ុនមិនមែនជាការងាយនោះទេ ប៉ុន្តែក៏មិនពិបាកដែលសម្រាប់អ្នកដែលចង់ចេះភាសាជប៉ុន។ ជាទូទៅដើម្បីចេះភាសាជប៉ុន អ្នកគ្រូបានសង្កត់ធ្ងន់ថា សិស្សត្រូវចេះត្រូវតែព្យាយាម យកចិត្តទុកដាក់សិក្សាឱ្យបានច្រើនពីភាសានេះ។
ភាសាជប៉ុន គឺជាភាសាមួយដែលមានមនុស្សប្រហែល ១៣០លាននាក់ប្រើប្រាស់ក្នុងប្រទេសជប៉ុន។ ភាសាជប៉ុន ត្រូវបានបង្កើតឡើង ដោយការរួមផ្សំ អក្សរបីប្រភេទសំខាន់ផ្សេងៗគ្នា គឺអក្សរចិន ហៅថា ខាន់ជិ និងពីរប្រភេទទៀតកើតឡើងដោយការកែសំរួលពីអក្សរចិនគឺ ហ៊ីរ៉ាហ្កាណា និង កាតាកាណា។ បច្ចុប្បន្នភាពភាសាជប៉ុនត្រូវបានប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយជប៉ុន ដូចជានៅបណ្តារប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍មានកម្ពុជាជាដើម ទទួលឥទ្ធិពលសិក្សាភាសានេះ។
គួររម្លឹកដែរថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន ប្រទេសជប៉ុនបានផ្តល់អាហារូបករណ៍ជាច្រើនកន្លែង សម្រាប់ទទួលស្វាគមន៍សិស្ស និស្សិត កម្ពុជាទៅសិក្សានៅប្រទេសជប៉ុន។ នៅឆ្នាំ២០១២ កន្លងទៅអ្នករៀនភាសាជប៉ុននៅកម្ពុជាមានចំនួនប្រមាណជិត ៤ពាន់នាក់។ ក្នុងឆ្នាំ២០១៤ កន្លងទៅនេះ សិស្ស និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសជប៉ុនប្រមាណជាង៩០០នាក់៕