en     km
en     km

បទយកការណ៍៖ពលរដ្ឋប្រែជីវភាពថ្មីលើដីសម្បទានក្នុងស្រុកសាមគ្គីមានជ័យ

Share

ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្រីក្រ គ្រួសារយោធិន និងគ្រួសារកងកម្លាំងប្រដាប់អាវុធចំនួន ៩០៦ គ្រួសារបានទទួលបវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជាសម្បទានិក លើដីសម្បទានសង្គមកិច្ចដែលពួកគេបានរស់នៅ និងអាស្រ័យផលតាំងពីឆ្នាំ ២០១២មក។ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិបានសម្តែងក្តីរំភើបពេកក្រៃងដែលខ្លួនបានក្លាយជាម្ចាស់ពេញច្បាប់លើដីសម្បទាននោះ។ ប្រជាពលរដ្ឋលើកឡើងប្រហាក់ប្រហែលគ្នាថា ជីវភាពរបស់ពួកគេមានភាពល្អប្រសើរជាងមុន ហើយការរស់នៅក៏ងាយស្រួលបន្ទាប់ពីមករស់នៅលើដីថ្មី ដីសម្បទានដែលអាជ្ញាធររដ្ឋផ្តល់ជូននេះ។

ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ។

ព្រឹកព្រលឹមស្រាងៗប្រជាពលរដ្ឋម្នីម្នាមកជួបជុំគ្នា ខ្លះជិះម៉ូតូ ខ្លះជិះរថយន្តឈ្នួល និងខ្លះទៀតជិះគោយន្ត ពួកគេមកអង្គុយជួបជុំក្នុងរោងពិធីមួយក្បែរជើងភ្នំជម្រាយស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីចាំទទួលគណៈធិបតី ដែលមកចែកប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ជាអ្វីដែលពួកគេបានទន្ទឹងរង់ចាំជិត ៨ ឆ្នាំមកហើយ។

ប្រជាពលរដ្ឋមកជួបជុំគ្នាទទួលប័ណ្ណកម្មសិទ្ធិលើដីសម្បទានសង្កមកិច្ចដែលរដ្ឋាភិបាលផ្តល់ឱ្យស្ថិតក្នុង ភូមិសុខសែនជ័យ ឃុំពាម ភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង និងភូមិខ្សាច់ស និងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

បើទោះបីជាអាកាសធាតុចុះត្រជាត់បន្តិច ប៉ុន្តែប្រជាពលរដ្ឋហាក់មិនខ្វល់ឡើយ ខណៈពួកគេសប្បាយចិត្តព្រោះបានក្លាយជាម្ចាស់ស្របច្បាប់លើដីលំនៅឋានទំហំ ៣០ ម៉ែត្រគុណ ៤០ម៉ែត្រ និងដីកសិកម្មទំហំមួយហិកតា ដែលពួកគេបានមករស់នៅនិងដាំដុះដំណាំតាំងពីឆ្នាំ ២០១២ នោះ។

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចែកប័ណ្ណកម្មសិទ្ធិជូនសម្បទានិកដែលមានសរុប៩០៦គ្រួសារ។

លោក សុខ វិបុល អតីតយោធិនខេត្តកំពង់ឆ្នាំងមួយរូបដែលទទួលបានប័ណ្ណកម្មសិទ្ធិលើដីសម្បទាននេះរំលឹកឡើងថា ទីតាំងនេះកាលពីមុនជាដីព្រៃគ្មានហេដ្ឋានរចនាសម្ព័ន្ធត្រឹមត្រូវឡើយ ដោយប្រជាពលរដ្ឋអាជ្ញាធរ និងអង្គការសង្គមស៊ីវិលបានកាប់ឆ្ការព្រៃដើម្បីយកដីជូនប្រជាពលរដ្ឋសង់លំនៅឋាន និងដាំដំណាំ។  លោកបន្ថែមទៀតថា ការមករស់នៅលើទីតាំងថ្មីនេះ បានធ្វើឱ្យជីវភាពរបស់លោកមានភាពល្អប្រសើរជាងមុន ព្រោះលោកអាចដាំដំណាំ និងចិញ្ចឹមសត្វ ហើយហេដ្ឋារចនាសម្ព័ន្ធក៏មានសព្វគ្រប់។ «បានល្អប្រសើរណាស់ព្រោះខ្ញុំបានរីកមុខរីកមាត់ យើងមានផ្លូវថ្នល់ យើងមានផ្លែឈើដែលដាំដុះបានហើយបានយកទៅលក់ ដូចជា ខ្នុរ ស្វាយ ហើយមានចិញ្ចឹមជាគោ មាន់ លក់បានខ្លះៗចឹងដែលគួបផ្សំជាមួយប្រាក់ខែបានមកខ្លះៗ ប៉ុណ្ណេះ ខ្ញុំមានការរីកចម្រើន មានក្តីសប្បាយខ្ញុំមានមុខមានមាត់រស់នៅហ្នឹងគេហ្នឹងឯងបានតទៅអនាគតខាងមុខទៀត»។

លោក សុខ វិបុល អតីតយោធិនខេត្តកំពង់ឆ្នាំង ដែលមានពិការភាពហើយបច្ចុប្បន្នបានចូលនិវត្តរ៍។

ក្រៅផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ គ្រួសារយោធិន និងកងកម្លាំងប្រដាប់អាវុធ អ្នកពាក់ព័ន្ធក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ក៏បានគិតគូរពីហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន បន្ទប់ស្នាក់នៅរបស់គ្រូ មន្ទីរពេទ្យ ផ្សារសហគមន៍ សាលប្រជុំ និងផ្តល់មន្ត្រីបច្ចេកទេសបណ្តុះបណ្តាលជំនាញផ្សេងៗជូនប្រជាពលរដ្ឋជាសម្បទានិកផងដែរ។

ក្មេងសិស្សសាលាបឋមសិក្សាតូចៗបានមកចូលរួមពិធីចែកប័ណ្ណកម្មសិទ្ធិនេះដែរ។ ពួកគេបានសិក្សានៅក្នុងសាលារៀនមួយខ្នងមាន ៥ បន្ទប់។

លោកស្រី សុខ សុផល ប្រធានការិយាល័យកិច្ចការនារីស្រុកសាមគ្គីមានជ័យ និងជាគ្រូបណ្តុះបណ្តាលផ្នែកកែច្នៃចំណីអាហារដែលបានមកបង្រៀនក្នុងសហគមន៍នេះរយៈជាង ២ ឆ្នាំមានឱ្យដឹងថា អ្នកស្រីបានចុះបង្រៀនដល់ប្រជាសហគមន៍ពីរបៀបកែច្នៃអាហារ ដូចជា ការធ្វើចេកឆាប ដំឡូងឆាប ដំណាប់ផ្លែឈើផ្សេងៗ ទឹកសណ្តែក ទឹកល្ពៅ ធ្វើឆៃប៉ូវផ្អែមជាដើម ដែលវត្ថុធាតុដើមទាំងនោះជាកសិផលដែលប្រជាពលរដ្ឋដាំបាន។  គ្រូបង្រៀនផ្នែកកែច្នៃចំណីអាហាររូបនេះបន្ថែមថា ចំណីអាហារដែលបានច្នៃរួចត្រូវបានវ៉ិចខ្ចប់ត្រឹមត្រូវហើយយកទៅលក់នៅផ្សារសហគមន៍ និងរមណីយដ្ឋានភ្នំព្រះធាតុក្បែរសហគមន៍នេះ។ លោកស្រីសប្បាយចិត្តព្រោះការបង្ហាត់បង្រៀនរបស់លោកស្រី បានអាចរួមចំណែកកាត់បន្ថយការចំណាក់ស្រុករបស់ប្រជាពលរដ្ឋបានផងដែរ។«និយាយរួមទៅយើងចង់បង្រៀនគាត់ឱ្យចេះ​ ដើម្បីកុំឱ្យគាត់ចំណាក់ស្រុក យើងឃើញហើយឥឡូវប្រជាពលរដ្ឋភាគច្រើនធ្វើការចំណាក់ស្រុកពិសេសទៅថៃ។ចឹងយើងបង្កើតមុខប្រមុខហ្នឹងឱ្យគាត់ទៅដើម្បីកាត់បន្ថយការចំណាក់ស្រុកឱ្យគាត់មានរបរតាមសហគមន៍ ចឹងគាត់មានរបរគាត់អាចរកប្រាក់ចំណូលចិញ្ចឹមខ្លួន ចិញ្ចឹមគ្រួសារគាត់មិនចំបាច់ចំណាក់ស្រុកទេ»។

លោកស្រី សុខ សុផល បានចុះទៅបង្រៀនប្រជាសហគមន៍ពីរបៀបកែច្នៃអាហារសម្ងួតពីផ្លែឈើដែលប្រជាពលរដ្ឋដាំបាន។

អ្នកស្រី ផូ សុខន សម្បទានិកមួយរូបដែលទទួលបានចំណេះដាំដុះនិងច្នៃអាហារពីគ្រូក្នុងសហគមន៍លើកឡើងថា​ ការទទួលបានលំនៅដ្ឋាន ដីកសិកម្ម និងជំនាញច្នៃកសិផលនេះ បានកែប្រែជីវភាពអ្នកស្រីដោយមិនចាំបាច់ទៅធ្វើការឆ្ងាយពីស្រុកភូមិ។ អ្នកស្រីបន្ថែមថា ក្រៅពីចេះធ្វើអាហារកែច្នៃ អ្នកស្រីក៏ចេះធ្វើបង្អែមលក់ក្នុងសហគមន៍ ដោយអាចរកប្រាក់ចំណូលទ្រទ្រង់គ្រួសារនិងអាចផ្តល់ឱ្យកូនបានទៅរៀនផងដែរ។«និយាយរួមគេជួយគ្រប់ផ្នែកទាំងអស់ តាំងពីបច្ចេកទេសចំណីអាហារ ការចិញ្ចឹមមាន់ កសិកម្មដាំបន្លែ គេជួយមកទាំងអស់។ យល់ថាល្អណាស់អរគុណគាត់ច្រើន គាត់ចុះមកបង្រៀនយើងមិនឱ្យយើងចំណាយលុយហើយ យើងមានចំណេះទៀត ថាពេលហ្នឹងអត់មានថវិកាអីបើកជំនាញឱ្យធំ តែក៏អាចចិញ្ចឹមជីវិតទៅមុខបាន»។

អ្នកស្រី ផូ សុខន បានទទួលចំណេះដឹងផ្នែកច្នៃអាហារ ចេះធ្វើបង្អែម និងនំផ្សេងៗ ចេះបច្ចេកទេសកសិកម្មពីគ្រូដែលបានមកបង្រៀនក្នុងសហគមន៍ ស្ថិតលើដីសម្បទាននេះ។

ជាការសង្កេតលើដីលំនៅឋានដែលប្រជាពលរដ្ឋរស់នៅមានដាំដំណាំរួមផ្សំនានា ដូចជា ស្ពៃ ស្លឹកគ្រៃ ជី ដំណាំហូបផ្លែ និងសត្វចិញ្ចឹមផងដែរ។ ចំណែកដីកសិកម្មរបស់ពលរដ្ឋវិញ មានការដាំដុះដំណាំហូបផ្លែយ៉ាងសម្បូរបែបដូចជា ខ្នុរ ចេក ដូង ផ្លែឈើផ្សេងៗ ពិសេសគឺស្វាយចន្ទីជាដើម។

សួនបន្លែរបស់សម្បទានិកក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក គ្រុត សាង អាយុ ៦៦ឆ្នាំ ជាពលរដ្ឋទទួលបានដីសម្បទានមួយរូបដែរនោះនិយាយថា លោកទទួលបានការបណ្តុះបណ្តាលផ្នែកសិកម្មលើការដាំដុះដំណាំផ្សេងៗនិងការចិញ្ចឹមសត្វពីគ្រូបច្ចេកទេស ហើយអនុវត្តបានជោគជ័យ។ ចំណែកកសិផលវិញលោកឱ្យដឹងថា មិនបារម្ភពីទីផ្សារនោះឡើយព្រោះមានខាងសហគមន៍ប្រមូលយកទៅលក់។«ល្អត្រង់ថាយើងចេះជាទម្លាប់ មានមន្រ្តីផ្នែកបច្ចេកមកពន្យល់ណែនាំ យើងធ្វើតាមវាបានផលល្អ។ ជួនកាលយកទៅលក់ខ្លួនឯងទៅ ដូចឥឡឹកឱ្យថាយើងមានគេមកដឹកដល់កន្លែងហ្មង។ តែឥឡូវគេរៀបចំមានសហគមន៍មកធានាទិញឡើងទៅទីផ្សា»។

លោក គ្រុត សាង ចេះជំនាញបច្ចេកទេសចិញ្ចឹមសត្វ និងដាំដំណាំពីគ្រូមកពីស្ថាប័នរដ្ឋ និងអង្គការផង។

ដីសម្បទានសង្គមកិច្ចដែលពលរដ្ឋ ៩០៦គ្រួសារទទួលបានក្នុងមួយគ្រួសារទំហំ ៣០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ និងដីដាំដំណាំចំនួនមួយហិកតានេះ ស្ថិតក្នុងភូមិចំនួន ៤ ឃុំចំនួន ៣ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយស្ថិតក្នុងគម្រោង LASED ជំហាន២ របស់រដ្ឋាភិបាល។

នេះជាផ្ទះរបស់ពលរដ្ឋស្ថិតក្បែរជើងភ្នំជម្រាយឃុំពាមស្រុកសាមគ្គីមានជ័យ។ពួកគេបានដំណាំដាំរួមផ្សំនានា ដូចជា ស្លឹកគ្រៃ ស្ពៃ ដើមឈើហូបផ្លែ និងចិញ្ចឹមមាន់ទា ផងដែរ។

គម្រោង LASED ជំហាន២ នេះ មានស្ថាប័នទទួលខុសត្រូវអនុវត្តន៍ចំនួន០៣ រួមមាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី និងអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម។

ពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិជាសម្បទានិកលើដីទំហំ ៣០ម៉ែត្រ គុណ ៤០ម៉ែត្រ និងដីដាំដំណាំមួយហិកតា។

ថវិកាគាំទ្រគម្រោងគឺ ក្រោមកម្ចីរហិរញ្ញប្បទានពីធនាគារពិភពលោកនូវទឹកប្រាក់ចំនួន ២៥លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលបន្ថែមចំនួន ១,៨៦ លានដុល្លារអាមេរិក អនុវត្តរយៈពេល ៥ឆ្នាំ ពីខែសីហា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០២១។ ខេត្តគោលដៅចំនួន០៥ រួមមាន៖ ខេត្តកំពង់ស្ពឺ  កំពង់ឆ្នាំង  កំពង់ធំ ត្បូងឃ្មុំ និងខេត្តក្រចេះ និងក្នុងស្រុកគោលដៅសរុបចំនួន ៧ ឃុំគោលដៅសរុបចំនួន ១២។ ចំណែកទីតាំងដីសម្បទានសង្គមកិច្ចសរុប ១៤ កន្លែង លើផ្ទៃដីគ្រោងសរុបប្រមាណ១៧.០៤២,៨០ ហិកតា និងមានអ្នកទទួលផលសរុបប្រមាណ ៥.១៤១ គ្រួសារ។

ក្រោយទទួលប័ណ្ណកម្មសិទ្ធិពលរដ្ឋខ្លះជិតគោយន្តសំដៅទៅផ្ទះវិញ។

លោក ឃួន ឃុំ អាយុ ៧៤ ឆ្នាំជាសម្បទានិកមួយរូបបានសម្តែងការយល់ឃើញនៅគ្រាវ័យកាន់តែជរា ដែលខ្លួនទើបបានទទួលប័ណ្ណលើដីជាកម្មសិទ្ធិយ៉ាងដូច្នេះថា«»។

លោក ឃួន ឃុំ អាយុ ៧៤ ឆ្នាំ ទើបទទួលបានប័ណ្ណកម្មសិទ្ធិរស់នៅលើដីនិងផ្ទះបានសមរម្យក្នុងគ្រាដែលវ័យកាន់តែចាស់ទៅហើយ។

Share

Image
Image
Image