en     km
en     km

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​នឹង​រៀបចំ​វេទិកា​ «​ការពារ​ព្រៃ​ឡង់​តាម​រយៈ​កាន់​ថង់យាម​ និង​ពាក់​អាវយឺត​»

Share

ភ្នំពេញ​៖​ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​ ប្រជាពលរដ្ឋ​ សិស្ស​ និស្សិត​ ដែល​រស់នៅ​រាជធានី​ទាំងអស់​ឲ្យ​ចូលរួម​ក្នុង​វេទិការ​មួយ​ស្ដី​អំពី​«​ការពារ​ព្រៃ​ឡង់​តាម​រយៈ​កាន់​ថង់យាម​ និង​ពាក់​អាវយឺត​»​ នៅ​ថ្ងៃ​ចន្ទ​ទី​ ២៧​ ខែមិថុនា​ ដើម្បី​រួមចំណែក​ការពារ​ព្រៃ​ឡង់​ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​ជនខិលខូច​មួយ​ចំនួន​ ។​

​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​ទិញ​ ដែល​ជា​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ មាន​សង្ឃដីកា​ជាមួយ​វិទ្យុ​ស្ដ្រី​ FM១០២​ នៅ​ថ្ងៃអាទិត្យ​ ទី​ ២៦​ ខែមិថុនា​នេះ​ថា​ គម្រោង​រៀបចំ​ជា​វេទិការ​ស្ដី​ពី​ព្រៃ​ឡង់​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ គឺ​ព្រះ​អង្គ​មាន​បំណង​ចង់​សាកល្បង​ និង​ចង់​ដឹង​ពី​ទឹកចិត្ដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ តើ​មានការ​ខ្វាយខ្វល់​ពី​ការ​បាត់បង់​ព្រៃឈើ​កម្ពុជា​ដល់​កម្រិត​ណា​ប៉ុណ្ណោះ​ ។​

​ព្រះ​អង្គ​មិន​រំពឹង​ថា​នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​បាន​ច្រើន​នោះ​ទេ​ ព្រោះ​រយៈពេល​នៃ​ការ​ផ្សព្វផ្សាយ​ខ្លី​ពេក​ប៉ុន្តែ​ព្រះ​អង្គ​ក៏​បញ្ជា​ក់​​ដែរ​ថា​ នៅ​ថ្ងៃ​ទី​ ២៧​ មិថុនា​ខាង​មុខ​ បើ​ទោះបីជា​ មាន​អ្នកចូលរួម​ត្រឹមតែ​ ២​ ឬ​ ៣​ នាក់​ក៏​កម្មវិធី​នេះ​នៅ​តែ​បន្ត​ដំណើរ​ការ​ដ​ដែ​ល​ ។​

​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​ទិញ​ មាន​សង្ឃដីកា​បញ្ជាក់​ទៀត​ថា​ គម្រោង​នៃ​ការ​រៀបចំ​ជា​វេទិការ​នេះ​ ព្រះ​អង្គ​មិន​ទាន់​បាន​ជួន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ​ ដោយសារ​ថ្ងៃនេះ​ថ្ងៃអាទិត្យ​ដែល​ស្ថាប័នរដ្ឋ​ឈប់​សម្រាក​ ។​ ទោះជា​យ៉ាងណា​ ព្រះ​អង្គ​ជឿជាក់​ថា​ សាលា​រាជធានី​ភ្នំពេញ​នឹង​មិន​រារាំង​ដល់​គម្រោង​របស់​ព្រះ​អង្គ​ឡើយ​ ព្រោះ​សកម្មភាព​នេះ​ គឺ​ធ្វើ​ស្រប​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ដ្រី​ដែល​ធ្លាប់​ប្រកាស​ស្ដី​ពី​ការ​ការពារ​ព្រៃឈើ​កន្លង​មក​ ។​

​វិទ្យុ​ស្ដ្រី​ពុំ​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ជុំវិញ​ការ​ដាក់​លិខិតស្នើ​សុំ​រៀបចំ​វេទិកា​របស់​បណ្តាញ​ព្រះសង្ឃ​ខាងលើ​នេះ​ តើ​សាលាក្រុង​អនុញ្ញាត​ឬ​យ៉ាងណា​នោះ​ទេ​ នៅ​ថ្ងៃនេះ​។​

​សូម​ជម្រាប​ថា​ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​បាន​បោះពុម្ព​អាវយឺត​ចំនួន​មួយ​ពាន់​អាវ​ ដើម្បី​ចែក​ជួន​ពលរដ្ឋ​ដែល​មក​ចូលរួម​ក្នុង​កម្មវិធី​ «​ការពារ​ព្រៃ​ឡង់​តាម​រយៈ​កាន់​ថង់យាម​ និង​ពាក់​អាវយឺត​»​ នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ មិថុនា​ រួច​ហើយ​ ។​  «​អាត្មា​បាន​បោះ​ពុ​ម្ភ​ថងយាម​ចំនួន​បី​រយ​ អាវយឺត​ចំនួន​មួយ​ពាន់​ដើម្បី​ចែក​ជូន​ដោយ​មិន​គិតលុយ​។​ សូម​និមន្ត​ និង​អញ្ជើញ​ទៅ​ទទួល​នៅ​ថ្ងៃស្អែក​វេលា​ម៉ោង​ ៧​ និង​៣០​ នាទី​ព្រឹក​…»។​

​កម្មវិធី​នេះ​នឹង​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​ ៧:​ ៣០​ព្រឹក​ នៅ​ខាង​មុខ​សួនច្បារ​អភិវឌ្ឍន៍​កម្ពុជា​ CDC​ នៅ​ក្បែរ​វត្ដ​ភ្នំ​ជិត​មាត់ទន្លេ​៕


Share

Image
Image
Image